សេចក្តីសម្រេចរបស់លោក Kim Darroch ក្នុងការលាលែងចេញពីតំណែងឯកអគ្គរាជទូតរបស់អង់គ្លេសប្រចាំស.រ.អាបានធ្វើឱ្យពួកសមាជិកសភាអង់គ្លេសមានការស្រងាកចិត្តនៅទូទាំងវិសាលគមនយោបាយ ដោយមានពួកគេច្រើននាក់មានអារម្មណ៍ថា រដ្ឋបាលលោកត្រាំបានសម្លុតឱ្យលោកចាកចេញពីស្ថានទូត។
លោក Tom Tugendhat នៃគណបក្សអភិរក្សនិយមដែលជាប្រធាននៃគណៈកម្មាធិការកិច្ចការបរទេសរបស់រដ្ឋសភាបានសាកសួរថា «តើអធិបតេយ្យភាពមានន័យបែបណាប្រសិនបើលោកអ្នកមិនអាចជ្រើសរើសនរណាម្នាក់ឱ្យតំណាងលោកអ្នកផងនោះ? ខ្ញុំស្រងាកចិត្តខ្លាំងណាស់នឹងការណ៍នេះ»។
លោក Darroch ដែលប្រឈមនឹងការរិះគន់យ៉ាងខ្លាំងពីប្រធានាធិបតីត្រាំនៅក្រោយការលេចធ្លាយទូរលេខសម្ងាត់ដែលនិយាយមិនល្អអំពីប្រធានាធិបតីស.រ.អារូបនេះ បានមានប្រសាសន៍កាលពីថ្ងៃពុធថា លោកបានលាលែងចេញពីតំណែងពីព្រោះ «ស្ថានការណ៍បច្ចុប្បន្នមិនអាចធ្វើឱ្យលោកបំពេញមុខនាទីខ្ញុំបានទេ»។
បើតាមលោក Tugendhat ថា «វាហាក់ដូចជាប្រេសិតអង់គ្លេសរូបនេះបានត្រូវដកចេញពីតំណែងដោយសារមានការប៉ងប្រាថ្នាដូច្នេះរបស់អ្នកគ្រប់គ្រងបរទេសម្នាក់»។
កាលពីពេលមុននោះនៅក្នុងរដ្ឋសភា លោកស្រីនាយករដ្ឋមន្ត្រីអង់គ្លេស Theresa May ដែលជិតចាកចេញពីតំណែង បានសម្តែងការស្រងាកចិត្តរបស់លោកស្រីដល់ការលាលេងចេញពីតំណែងរបស់លោក Darroch ដោយលោកស្រីបានមានប្រសាសន៍ថាវាជា «ការសោកស្តាយធំមួយ»។លោកស្រីបាននិយាយថា «រដ្ឋាភិបាលល្អ» ពឹងពាក់លើពួកអ្នករដ្ឋការផ្តល់ «យោបល់ពេញលេញនិងដោយស្មោះត្រង់»៕