ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​របស់​ប្រេស៊ីល​នា​ពេល​បច្ចុប្បន្ន​


សៅប៉ៅឡូ ប្រេស៊ីល៖ មិន​ដូច​ជា​ប្រទេស​ដទៃ​ទៀត ដែល​មើល​ឃើញ​សេដ្ឋកិច្ច​របស់​ខ្លួនចុះដុន​ដាប​ ក្នុង​អំឡុង​វិបត្តិ​សេដ្ឋកិច្ច​សកលនោះទេ ប្រទេស​ប្រេស៊ីល​បាន​ងើប​ឡើង​ ដោយ​គ្មាន​ផលប៉ះ​ពាល់។ បើ​យោង​តាម​តួ​លេខ​របស់​រដ្ឋាភិបាលនៅ​ទី​នោះ​ ​ប្រេស៊ីលនឹង​មាន​ការ​កើន​ឡើង​ចំនួន​៧​ភាគរយក្នុង​ឆ្នាំ​នេះ។ អ្នក​វិភាគ​មួយ​ចំនួននិយាយ​ថា​ ការរីក​លូត​លាស់នេះបាន​មក​ពី​ការ​បង្កើនការ​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ចិន ដែល​ជាដៃ​គូរ​ពាណិជ្ជកម្ម​ធំ​បំផុត​របស់ប្រេស៊ីល នាពេល​នេះ។​ ប៉ុន្តែ​អ្នក​សង្កេតផ្សេងទៀត​និយាយ​ថា ការ​នាំ​ចេញបច្ចុប្បន្ន​នេះ​នឹង​មិន​ធ្វើឲ្យប្រេស៊ីលខ្លាំង​ក្នុង​រយៈពេលវែងឡើយ។

លោក​ស៊ើជីអូ អាម៉ារ៉ាល (Sergio Amaral) មន្ត្រីជើង​ចាស់​ម្នាក់នៅ​ក្នុងក្រសួងការបរទេសប្រេស៊ីល មាន​ប្រសាសន៍​ថា ប្រេស៊ីល​បាន​ឆ្លង​កាត់​វិបត្តិ​សេដ្ឋកិច្ច​សកល ដោយ​គ្មាន​ផល​ប៉ះពាល់​ ដោយ​សារ​តែ​ហេតុ​ផល​ពីរ​យ៉ាង។​ លោកបាន​ឲ្យ​ដឹង​ថា ហេតុផល​ទី​មួយ​នោះ​គឺ​ដោយ​សារ​ប្រាក់​កម្ចី​របស់​រដ្ឋាភិបាល​ ដែលធ្វើឲ្យផលិត​ផលក្នុងស្រុក​ស្ថិត​ក្នុង​កម្រិត​ខ្ពស់​ដដែល។

«ចំណុច​ទី​ពីរ​គឺ ខ្ញុំ​គិត​ថា ​ចិន​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់ ដោយ​សារតែ​ឥឡូវ​នេះចិនជា​ដៃ​គូរ​ពាណិជ្ជកម្ម​ទី​មួយ​របស់​យើង ហើយចិនបាន​និង​កំពុង​ពង្រីក​ការនាំ​ចូល​របស់​ខ្លួន​ពី​ប្រេស៊ីល»។

កាល​ពី​ឆ្នាំ​២០០៩ ​ចិន​បាន​ជំនួសសហរដ្ឋ​អាមេរិក ក្នុង​នាម​ជា​ដៃ​គូរ​ពាណិជ្ជកម្មកំពូលរបស់​ប្រេស៊ីល។ ប៉ុន្តែ លោក​អាម៉ារ៉ាល ដែល​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ជំនួញ​ប្រេស៊ីល ចិន​ និយាយ​ថា ចិន​បាន​ឡើងដល់កម្រិត​ខ្ពស់​នោះ ក៏​ដោយសារ​តែ​ផល​ប៉ះពាល់ ​ដែល​បង្កឡើងដោយ​ការ​ធ្លាក់​ចុះ​ជាសកល​ ទៅ​លើ​សេដ្ឋកិច្ច​របស់​អាមេរិក។ លោក​បន្តថា៖

«ការ​នាំ​ចេញ​ទៅ​អាមេរិកបាន​ធ្លាក់​ចុះ មិន​មែន​ដោយ​សារចិន​ទេ ប៉ុន្តែដោយ​សារ​ការ​ធ្លាក់​ចុះនៃ​តម្រូវការពី​អាមេរិក។ ខ្ញុំ​គិត​ថា​ នៅ​ពេល​ណា​ដែល​សេដ្ឋកិច្ចអាមេរិកងើប​ឡើង​វិញ​ យើងក៏​នឹង​បង្កើន​ការ​នាំ​ចេញ​ទៅ​អាមេរិកដែរ។ ដោយសារ​ផលិតផល​ទាំង​អស់​នេះ​ខុស​គ្នា យើង​អាច​លក់​ទៅ​ឲ្យទាំងអាមេរិក និង​ចិន»។

លោក​អាម៉ារ៉ាល​បាន​ពន្យល់​ថា ទីផ្សារ​នៅ​អាមេរិក​ខាង​ជើង​ និង​ទី្វប​អឺរ៉ុប នាំ​ចូល​ទំនិញ​ឧស្សាហកម្ម​ ដែល​មាន​តម្លៃ​ថ្លៃ​ ដោយ​រាប់​បញ្ចូល​ទាំង​ដែក​ថែប​ និងគ្រឿងបន្លាស់​យន្ត​ហោះ​ជា​ដើម ខណៈដែល​ការ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយចិនបាន​វិវត្តជា​ចំបង​ជុំ​វិញការ​នាំ​ចេញ​វត្ថុ​ធាតុ​ដើម មាន​ដូច​ជា​រ៉ែ​ដែក និងផលិត​ផល​កសិកម្ម ដូច​ជា​សណ្តែក​សៀង។

ប៉ុន្តែ អ្នក​វិភាគ​មួយ​ចំនួន​និយាយ​ថា ដោយសារ​ការ​ពឹងផ្អែក​លើ​ការ​នាំចេញ​វត្ថុ​ធាតុដើមទាំងនេះ​ទៅ​កាន់​ប្រទេស​ចិនបានជំរុញ​ឲ្យ​មាន​កំណើនសេដ្ឋកិច្ច​របស់​ប្រេស៊ីល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ ការ​ពឹង​ផ្អែក​នេះនឹង​មិន​ធ្វើ​ឲ្យ​ការ​រីក​ចម្រើន​មាន​និរន្តរ​ភាព​ទេ​ក្នុង​រយៈ​ពេលយូរ។

លោក ហ្គីលម៉ា ម៉ាស៊ើរ៉ូ (Gilmar Masiero) បង្រៀន​មុខ​វិជ្ជា​សេដ្ឋកិច្ច​ នៅ​ឯ​សាកល​វិទ្យាល័យសៅប៉ូឡូ (University of Sao Paulo)។​ លោក​មាន​ប្រសាសន៍ថា ការ​នាំ​ចេញ​សណ្តែក​សៀង​ និង​រ៉ែ​ដែកមិន​បាន​បង្កើត​ការ​ងារ​គ្រប់​គ្រាន់​ ដើម្បី​មាន​ឥទ្ធិពល​ទៅ​លើ​សេដ្ឋកិច្ចប្រេស៊ីល​ឡើយ។ លោកម៉ាស៊ើរ៉ូ បន្ត​ថា ប្រសិន​បើ​ការ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ចិន​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ប្រេស៊ីលរីក​ចម្រើន​បន្ត​ទៀត​ ព្រមទាំងបង្កើតការងារឲ្យ​ពលរដ្ឋ​ប្រេស៊ីលនោះ ​ពាណិជ្ជកម្ម​នេះ​ត្រូវ​តែពង្រីក​ឲ្យ​លើស​ពី​មុខ​ទំនិញទាំង​នេះ។ លោក​ថ្លែង​ថា៖

«ប្រសិន​បើ​យើង​កសាង​ដៃ​គូ​បច្ចេក​វិជ្ជា​កាន់​តែ​ច្រើន​ជាមួយ​ប្រទេស ដែល​ស្ទើរ​តែស្ថិត​ក្នុង​កម្រិត​អភិវឌ្ឍ​ដូច​យើង​ដែរ យើង​អាច​រីក​លូត​លាស់​ទាំង​អស់​គ្នា ហើយ​យើងកាន់តែ​មាន​ភាព​ប្រកួត​ប្រជែងក្នុង​វិស័យ​ជាក់​លាក់ ដែល​ជា​វិស័យ​បច្ចេក​វិជ្ជា ដែល​ទើប​លេច​ឡើង​ថ្មីៗ​ ហើយ​មិន​ត្រូវ​ដាក់​កិច្ច​ប្រឹង​ប្រែង​របស់​យើងទៅ​លើវិស័យ​ឧស្សាហកម្ម​ចាស់ៗ​នោះទេ»។

លោក​ស៊ើជីអូ អាម៉ារ៉ាល នៃ​ក្រុម​ប្រឹក្សា​ពាណិជ្ជកម្ម​ចិនប្រេស៊ីល បាន​យល់​ស្រប​ថា​ ប្រភេទ​នៃ​ការ​នាំ​ចេញ​ត្រូវ​តែ​ផ្លាស់​ប្តូរ។ ប៉ុន្តែ លោក​និយាយ​ថា លោក​បាន​មើល​ឃើញ​ពី​ការផ្លាស់​ប្តូរ​ក្នុង​ទំនាក់​ទំនង​ចិន ​និង​ប្រេស៊ីលកើត​មាន​រួច​ហើយ។ លោក​បន្តថា៖

«ខ្ញុំ​គិត​ថា កាល​ពី​ពេល​ថ្មីៗ​នេះ មាន​ការ​វិវត្ត​ទៅ​មុខ។ ខ្ញុំគិត​ថា ក្នុង​ឆ្នាំ​នេះ ​ចំណុចលេច​ធ្លោគឺ​មិន​មែន​ខាងពាណិជ្ជកម្ម​ទេ តែ​ជា​ការ​វិនិយោគ។ ក្រុម​ហ៊ុន​ចិន​ត្រូវ​បាន​រំពឹង​ថា​នឹង​វិនិយោគក្នុង​ទឹក​ប្រាក់​ចំនួន​១០​ពាន់​លាន​ដុល្លារ​ នៅប្រេស៊ីលក្នុង​ឆ្នាំ​នេះ ​ហើយ​ឆ្នាំ​នេះ ចិន​នឹង​ក្លាយ​ជា​អ្នក​វិនិយោគ​ធំ​ជាង​គេ​បង្អស់នៅ​ប្រេស៊ីល»។

លោក​អាម៉ារ៉ាល់​ បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​ចិន​នឹង​វិនិយោគ​លើ​គម្រោង​ទូរគមនាគមន៍​ និង​ហេដ្ឋា​រចនា​សម្ព័ន្ធ។ ហើយ​ការ​វិនិយោគ​នោះ​ក៏​រាប់​បញ្ចូលទាំង​ការ​ដេញថ្លៃ​សាង​សង់​ខ្សែ​រថ​ភ្លើងល្បឿន​លឿន ដែល​ភ្ជាប់​ទីក្រុង​សៅ​ប៉ូឡូ និង​រីយ៉ូឌឺជេណេរ៉ូ (Rio de Janeiro) មុន​ពេល​ប្រេស៊ីលធ្វើជាម្ចាស់​ផ្ទះ​កីឡា​បាល់​ទាត់ពាន​រង្វាន់​ពិភព​លោក​ឆ្នាំ​២០១៤ខាង​មុខ៕

ប្រែ​សម្រួល​ដោយ លី សុខឃាង

XS
SM
MD
LG