កាលពីថ្ងៃចន្ទ អាជ្ញាធរប្រេស៊ីលបានសន្យាការពារលទ្ធិប្រជាធិបតេយ្យ និងបានថ្កោលទោស«សកម្មភាពភេរវកម្ម» ក្នុងពេលមួយថ្ងៃក្រោយមកបន្ទាប់ពីអ្នកគាំទ្ររាប់ពាន់នាក់របស់អតីតប្រធានាធិបតីប្រេស៊ីលលោក Jair Bolsonaro បានសម្រុកចូលនិងបំផ្លិចបំផ្លាញអគារសភា តុលាការកំពូល និងវិមានប្រធានាធិបតីនៅក្នុងរដ្ឋធានីប្រាស៊ីលីយ៉ា។
ប្រធានាធិបតីប្រេស៊ីលលោក Luiz Inácio Lula da Silva ថ្នាក់ដឹកនាំសភា និងប្រធានតុលាការកំពូលបានចេញសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទដោយបញ្ជាក់ថា «អ្នកការពារលទ្ធិប្រជាធិបតេយ្យ» នៅក្នុងប្រទេសប្រេស៊ីល «ទាត់ចោលនូវសកម្មភាពភេរវកម្ម ការបំផ្លិចបំផ្លាញ ឧក្រិដ្ឋកម្ម និងការប៉ុនប៉ងធ្វើរដ្ឋប្រហារ» ហើយ«រួមគ្នាជាធ្លុងមួយនៅក្នុងការចាត់វិធានការបែបស្ថាប័នស្របទៅតាមច្បាប់របស់ប្រទេសប្រេស៊ីល»។
លោក Lula បានទៅពិនិត្យមើលអគាររដ្ឋាភិបាលដែលរងការខូចខាតធ្ងន់ធ្ងរទាំងនោះកាលពីល្ងាចថ្ងៃអាទិត្យ និងបានចេញបញ្ជាឱ្យមានការអន្តរាគមន៍ផ្នែកសន្តិសុខពីរដ្ឋាភិបាលសហព័ន្ធនៅក្នុងសង្កាត់សហព័ន្ធរបស់ទីក្រុងប្រាស៊ីលីយ៉ា។ បទបញ្ជានេះផ្ដល់អំណាចពិសេសដល់រដ្ឋាភិបាលនៅក្នុងការស្ដារច្បាប់និងរបៀបរៀបរយឡើងវិញនៅក្នុងរដ្ឋធានីនិងមានសុពលភាពរហូតដល់ថ្ងៃទី ៣១ ខែមករាខាងមុខ។
អាជ្ញាធរប្រេស៊ីលបាននិយាយថា ពួកគេបានឃុំខ្លួនអ្នកគាំទ្រលោក Bolsonaro ជាង ១.២០០ នាក់។ លោក Bolsonaro គឺជាអតីតមេដឹកនាំប្រេស៊ីលប្រកាន់ទស្សនៈស្ដាំនិយមជ្រុល ដែលបានចាញ់លោក Lula ដែលជាអ្នកប្រកាន់ទស្សនៈឆ្វេងនិយម យ៉ាងប្រផិតប្រផើយនៅក្នុងការបោះឆ្នោតកាលពីខែតុលាឆ្នាំមុន។
នាពេលបច្ចុប្បន្ននេះ លោក Bolsonaro កំពុងស្នាក់នៅក្នុងទីក្រុង Orlando រដ្ឋ Florida សហរដ្ឋអាមេរិក។
សមាជិកសភាសហរដ្ឋអាមេរិកមួយចំនួនខាងគណបក្សប្រជាធិបតេយ្យបានអំពាវនាវឱ្យសហរដ្ឋអាមេរិកបញ្ជូនលោក Bolsonaro ត្រឡប់ទៅប្រទេសប្រេស៊ីលវិញ។
សមាជិករដ្ឋសភាខាងគណបក្សប្រជាធិបតេយ្យតំណាងរដ្ឋ Texas លោក Joaquin Castro បានប្រាប់បណ្ដាញព័ត៌មាន CNN ថា៖ «សហរដ្ឋអាមេរិកមិនគួរជាទីជ្រកពួនសម្រាប់ជនផ្ដាច់ការនេះទេ ដែលជននេះបានជំរុលទឹកចិត្តឱ្យមានអំពើភេវកម្មក្នុងស្រុកកើតឡើងនៅក្នុងប្រទេសប្រេស៊ីល»។
សេតវិមានប្រធានាធិបតីអាមេរិកបានបញ្ជាក់កាលពីថ្ងៃចន្ទថា ខ្លួនមិនទាន់ទទួលបានសំណើណាមួយពីរដ្ឋាភិបាលប្រេស៊ីលទាក់ទិននឹងរឿងលោក Bolsonaro នេះនៅឡើយទេ៕