ប្រទេសបុតស្វាណា នឹងផ្តល់អាជ្ញាបណ្ណបាញ់សត្វដំរីជិត ៣០០ ក្បាល ក្នុងខែមេសា សម្រាប់រដូវកាលបរបាញ់សត្វពេញលេញឡើងវិញជាលើកដំបូង ចាប់តាំងបម្រាមបរបាញ់សត្វដំរីត្រូវបានដកចេញក្នុងឆ្នាំ ២០១៩ នោះ។
ការដាក់បម្រាមក្នុងការធ្វើដំណើរដោយសារវីរុសកូរ៉ូណាបានប៉ះពាល់ដល់រដូវកាលនៃការបរបាញ់សត្វដំរី កាលពីឆ្នាំ ២០២០ នៅបុតស្វាណា ជាប្រទេសដែលមានហ្វូងសត្វដំរីច្រើនបំផុតនៅក្នុងពិភពលោកនោះ។ ទោះជាយ៉ាងណាក៏ដោយ អ្នកអភិរក្សសត្វដំរីបានចោទជាសំណួរពីការលើកឡើងរបស់អាជ្ញាធរ ដែលថា ការបរបាញ់សត្វនឹងកាត់បន្ថយនូវជម្លោះរវាងមនុស្សនឹងសត្វនោះ។
នាយកដ្ឋានសត្វព្រៃនិងឧទ្យានជាតិនៃប្រទេសបុតស្វាណា នឹងចេញលក់អាជ្ញាបណ្ណចំនួន ១០០ សម្រាប់ការបរបាញ់សត្វដំរីក្នុងឆ្នាំនេះ នៅក្នុងប្រទេសបុតស្វាណា។
អាជ្ញាបណ្ណបន្ថែមចំនួន ១៨៧ ផ្សេងទៀតដែលមិនបានប្រើកាលពីឆ្នាំមុន នឹងត្រូវរួមបញ្ជូលសម្រាប់ឆ្នាំនេះ ខណៈពេលដែលអ្នកបរបាញ់សត្វអន្តរជាតិមិនបានមកប្រទេសនេះ កាលពីឆ្នាំទៅ ដោយសារការរាតត្បាតនៃជំងឺកូវីដ១៩ នោះ។
រដូវកាលបរបាញ់សត្វឆ្នាំ ២០២១ នេះ ដែលរួមបញ្ជូលផងដែរប្រភេទសត្វមួយចំនួន នឹងត្រូវចាប់ផ្តើមនៅថ្ងៃទី ៦ ខែមេសា រហូតដល់ខែកញ្ញា។
អាជ្ញាធរសត្វព្រៃបានអញ្ជើញអ្នកបរបាញ់សត្វដែលមានចំណាប់អារម្មណ៍ ឲ្យបញ្ជាក់ពីប្រភេទសត្វព្រៃ ដែលពួកគេចង់ធ្វើការបរបាញ់និងតំបន់ដែលត្រូវបរបាញ់នោះជាដើម។
អ្នកស្រី Debbie Peake អ្នកនាំពាក្យសមាគមន៍សត្វព្រៃក្នុងប្រទេសបុតស្វាណា បានលើកឡើងថា ពួកគេសង្ឃឹមថា អ្នកបរបាញ់សត្វអន្តរជាតិនឹងអាចធ្វើដំណើរមកកាន់ប្រទេសអាហ្រ្វិកភាគខាងត្បូងមួយនេះបាន។
អ្នកស្រី Peake បន្តទៀតថា៖ «ជំងឺកូវីដ១៩ បង្កើតឲ្យមានការលំបាកជាច្រើនប្រភេទ តែយើងនៅមានភាពវិជ្ជមាន ហើយយើងនឹងពិនិត្យមើលនាយកដ្ឋានសត្វព្រៃនិងឧទ្យានជាតិ ក៏ដូចជាក្រសួងរបស់យើងផងដែរ នៅក្នុងការគាំទ្រឲ្យបានទទួលជោគជ័យនៅក្នុងឆ្នាំ ២០២១ នេះ ដែលយើងទាំងអស់គ្នាត្រូវការជាចាំបាច់នោះ»។
អ្នកស្រី Peake បញ្ជាក់ថា ការបរបាញ់សត្វមានសារៈសំខាន់ដល់ការរស់រានរបស់សហគមន៍ ដែលបានដកហូតប្រាក់ចំណូលពីសកម្មភាពប្រមាញ់សត្វដោយវិជ្ជាជីវៈនេះ ចាប់តាំងពីឆ្នាំ ២០១៤ មកម៉្លេះ។
អ្នកស្រីបន្ថែមទៀតថា៖ «អ្នកប្រតិបត្តិការបរបាញ់សត្វក្នុងប្រទេសបុតស្វាណា មានបំណងស្តារឡើងវិញនូវកម្មវិធីបរបាញ់សត្វដែលមានការត្រួតពិនិត្យក្នុងឆ្នាំ ២០២១ នេះ ដើម្បីធានាថា សហគមន៍ជាច្រើនអាចក្លាយជាអ្នកទទួលបានចំណែកក្នុងសេដ្ឋកិច្ចបរបាញ់សត្វព្រៃនេះ ដោយមិនគ្រាន់តែចូលរួមក្នុងនាមជាអ្នកពាក់ព័ន្ធតែប៉ុណ្ណោះនោះទេ»។
រដ្ឋាភិបាលបានដាក់ដេញថ្លៃលក់អាជ្ញាបណ្ណបាញ់សត្វដំរី កាលពីខែកុម្ភៈ ឆ្នាំ ២០២១ កន្លងទៅ ដែលតម្លៃសត្វដំរីនីមួយៗអាចមានតម្លៃរហូតដល់ ៤៣.០០០ ដុល្លារ ក្នុងមួយក្បាល។
ក្រុមប្រតិបត្តិករបាញ់សត្វបានទិញអាជ្ញាបណ្ណទាំងនេះ ហើយលក់បន្តដើម្បីយកចំណេញទៅឲ្យអ្នកដែលចូលចិត្តបរបាញ់សត្វនៅក្រៅប្រទេសជាច្រើន ដែលភាគច្រើននៃពួកគេទាំងនោះមកពីសហរដ្ឋអាមេរិក។
រដ្ឋាភិបាលរបស់ប្រធានាធិបតីលោក Mokgweetsi Masisi បានលុបចោលបម្រាមអ្នកប្រមាញ់សត្វក្នុងឆ្នាំ ២០១៩ ដើម្បីឆ្លើយតបទៅនឹងជម្លោះ ដែលកើនឡើងរវាងមនុស្សនិងសត្វ ដូចជាសត្វដំរីចូលមកលុកលុយជាន់ផលដំណាំអ្នកស្រុកជាដើម ហើយក្នុងករណីមួយចំនួនបានសម្លាប់អ្នកភូមិក៏មានដែរ។
ទោះជាយ៉ាងណាក្តី អ្នកជំនាញសត្វព្រៃនិងអ្នកអភិរក្សសត្វលោក Keith Lindsay បានលើកឡើងថា ការបើកឡើងវិញនូវកម្មវិធីបរបាញ់សត្វដំរីនោះ នឹងមិនជួយកាត់បន្ថយជម្លោះរវាងមនុស្សនិងសត្វនោះទេ។
លោកបានថ្លែងថា៖ «មិនមានភាពចាំបាច់ណាមួយក្នុងការកាត់បន្ថយចំនួនសត្វដំរី តាមរយៈការសម្លាប់ពួកវានោះទេ។ រដ្ឋាភិបាលបានព្យាយាមរួចហើយ ក្នុងការបង្កើតផ្លូវរបៀងធម្មជាតិសម្រាប់សត្វទាំងនោះ ដែលក្នុងនោះរួមមានផ្លូវឆ្លងកាត់ប្រទេសក្បែរខាង ដូចជាប្រទេសអង់ហ្គោឡា ហ្សំប៊ីនិងប្រទេសណាំមីប៊ីជាដើម។
ការបាញ់សម្លាប់សត្វដំរីពុំជាប់ពាក់ព័ន្ធនឹងការកាត់បន្ថយហេតុការណ៍នានា ដែលសត្វដំរីបានចូលទៅបំផ្លាញដំណាំអ្នកភូមិនោះឡើយ ដោយព្រឹត្តិការណ៍មួយចំនួនបានកើតមានឡើងក្រៅតំបន់ដែលបើកឲ្យមានការបាញ់សត្វដំរីទាំងនោះ។
ប្រទេសបុតស្វាណា ជាទីកន្លែងចុងក្រោយបំផុតមួយនៅលើផែនដីដែលចំនួនសត្វដំរីកំពុងមានការកើនឡើង។ សត្វដំរីនៅក្នុងប្រទេសនេះ មានចំនួនសរុបជាង ១ សែន ៣ ម៉ឺនក្បាល ដែលជាចំនួនច្រើនជាងការប៉ាន់ស្មានដែលថា មានតែ ៥ ម៉ឺន ៥ ពាន់ក្បាលតែប៉ុណ្ណោះ៕
ប្រែសម្រួលដោយលោកជ្រា វណ្ណារិទ្ធ