ដ្យូហានណឺសប៊ឺរហ្គ៖ នៅពេលដែលសាលារៀននៅប្រទេស ហ្ស៊ឹមបាបវេ (Zimbabwe) បើកទ្វារឡើងវិញ នៅថ្ងៃអង្គារ កូនសិស្សវ័យក្មេងៗ នឹងឃើញថា ពួកគេមានសៀវភៅសិក្សាថ្មី ជាលើកទីមួយ ក្នុងរយ:ពេលជាច្រើនឆ្នាំកន្លងមកនេះ។ សៀវភៅចំនួន១លាន៣សែនក្បាល ដែលមិនធ្លាប់មានពីមុនមក ត្រូវបានគេយកទៅចែកចាយនៅសាលាបឋមសិក្សានានានៅប្រទេសហ្ស៊ឹមបាបវេ ។
លោក ដេវិដ កុលតារត៍ (David Coltart) រដ្ឋមន្ដ្រីក្រសួងអប់រំ មានប្រសាសន៍ថា ការបញ្ជាទិញសៀវភៅសិក្សាយ៉ាងច្រើនលើសលប់នេះ ដែលជាចំនួនមិនធ្លាប់មានពីមុនមក សម្រាប់ប្រទេស ហ្ស៊ឹមបាបវេ អាចធ្វើទៅបាន ដោយសារតែអំណោយទាន ជាពិសេស មកពីប្រទេសនៅក្នុងតំបន់ស្កង់ឌីណាវ (Scandinave) និងប្រទេសអាល្លីម៉ង់។ កិច្ចសន្យាទទួលបោះពុម្ពផ្សាយសៀវភៅទាំងនោះត្រូវបានធ្វើឡើងនៅប្រទេស ហ្ស៊ឹមបាបវេ និង អាហ្វ្រិកខាងត្បូង។
លោក កុលតារត៍ មានប្រសាសន៍ថា នៅឆ្នាំ ២០១១នេះ លោកនឹងអញ្ជើញ ក្រុមអ្នកដេញថ្លៃដើម្បីបោះពុម្ពផ្សាយសៀវភៅសិក្សា មានមុខវិជ្ជាសិក្សាសំខាន់ៗប្រាំ នៅសាលាមធ្យមសិក្សា ។ លោក មានប្រសាសន៍ទៀតថា សៀវភៅទាំងនោះនឹងត្រូវយកទៅចែកចាយនៅក្នុងឆ្នាំ២០១២។
នៅហ្ស៊ឹមបាបវេ មានសាលារៀនជាង៧,០០០ ហើយលោក កុលតារត៍ មានប្រសាសន៍ថា សាលារៀនជាច្រើន មានហេដ្ឋារចនាសម្ព័ន្ធទ្រុឌទ្រោម។ លោកកោតសរសើរដល់លោក ថិនដាយប៊ីទី រដ្ឋមន្ដ្រីក្រសួងហិរញ្ញវត្ថុ ដែលថ្មីៗនេះ បានផ្ដល់ប្រាក់៣៤ភាគរយ នៃថវិកាជាតិ ទៅឲ្យវិស័យអប់រំ ដែលជាចំនួនភាគរយខ្ពស់បំផុត។
ចាប់តាំងពីរដ្ឋាភិបាលចម្រុះ ឡើងកាន់តំណែងជិតពីរឆ្នាំកន្លងទៅនេះ លោក កុលតារត៍ មានប្រសាសន៍ថា ក្រសួងអប់រំ បានជួលគ្រូបង្រៀនឡើងវិញចំនួន ១៧.០០០នាក់។
ប្រទេស ហ្ស៊ីមបាបវេ ធ្លាប់ មានវិស័យអប់រំល្អជាងគេមួយ នៅក្នុង ទ្វីបអាហ្វ្រិក ។ កាលពីឆ្នាំទៅ អង្គការសហប្រជាជាតិឲ្យដឹងថា ហ្ស៊ីមបាបវេ មានអត្រាអក្ខរកម្ម៩៦ភាគរយ ដែលជាស្ថិតិដែលលោក កុលតារត៍ មិនយល់ស្រប។ លោកស្រី ហ្វេយ៍ឈុង (Fay Chung) អតីតរដ្ឋមន្ដ្រីក្រសួងអប់រំយ៉ាងល្បីឈ្មោះម្នាក់ នៃប្រទេស ហ្ស៊ីមបាបវេ មានប្រសាសន៍ថា អត្រាអក្ខរកម្ម នឹងអាចត្រូវបានវាយតម្លៃ ដោយត្រឹមត្រូវ នៅក្នុងរយ:ពេលប៉ុន្មានឆ្នាំខាងមុខប៉ុណ្ណោះ និងឆ្លុះបញ្ចាំងឲ្យឃើញនូវការធ្លាក់ចុះនៃការអប់រំនៅក្នុងទសវត្សរ៍កន្លងទៅនេះ។ លោកស្រីបន្តថា៖
«អក្ខរកម្មជាអ្វីដែលវាយតម្លៃ អតីតកាល ពីព្រោះលោកអ្នកមើលទៅមនុស្សដែលឈប់រៀនបួនប្រាំឆ្នាំកន្លងទៅនេះ។ អក្ខរកម្មមិនអាចវាយតម្លៃ បច្ចុប្បន្នកាលពិតប្រាកដទេ»។
លោក កុលតារត៍ កំពុងតែស្ថិតនៅក្នុងប្រទេស អង់គ្លេសដើម្បីជួបជាមួយក្រុមមន្ដ្រី អង់គ្លេសសំខាន់ៗ។ លោកមានប្រសាសន៍ថា អង់គ្លេស ចង់ជួយកុមារ ហ្ស៊ីមបាបវេ ក៏ប៉ុន្ដែត្រូវការឲ្យមានការធានារ៉ាប់រង ថាមូលធន ដែលជាអំណោយទៅឲ្យវិស័យអប់រំ នឹងមិនត្រូវបង្វែរ ទៅឲ្យកងយុវជីវពល ឬក៏អង្គការដទៃៗទៀត ដែលលើកស្ទួយលទ្ធិផ្ដាច់ការនោះទេ៕
ប្រែសម្រួលដោយ កង ស៊ីវន