អ៊ុយក្រែនបានអះអាងទទួលខុសត្រូវកាលពីថ្ងៃអង្គារចំពោះការធ្វើឃាតឧត្តមសេនីយ៍ជាន់ខ្ពស់រុស្ស៊ីម្នាក់នៅតាមដងផ្លូវក្នុងទីក្រុងមូស្គូដោយប្រើគ្រាប់បែកចុចបំផ្ទុះពីចម្ងាយដែលត្រូវបានលាក់នៅក្នុង Scooter នៅខាងក្រៅអគារ Apartment របស់លោក។
លោកឧត្តមសេនីយ៍ទោ Igor Kirillov ប្រធានកងកម្លាំងការពារនុយក្លែអ៊េរ ជីវសាស្ត្រនិងគីមីរបស់យោធាបានត្រូវសម្លាប់នៅពេលដែលលោកចាកចេញពីការិយាល័យរបស់លោក ហើយអ្នកជំនួយការម្នាក់របស់លោក Kirillov ក៏ត្រូវបានសម្លាប់ផងដែរ។
ប្រទេសជាច្រើន រួមមានចក្រភពអង់គ្លេសនិងកាណាដាបានដាក់ទណ្ឌកម្មលោក Kirillov អាយុ៥៤ឆ្នាំចំពោះសកម្មភាពរបស់លោកនៅក្នុងសង្គ្រាមជិត៣ឆ្នាំរបស់រដ្ឋាភិបាលក្រុងមូស្គូនៅក្នុងប្រទេសអ៊ុយក្រែន។ កាលពីថ្ងៃចន្ទ សេវាកម្មសន្តិសុខរបស់អ៊ុយ ក្រែនបានបើកការស៊ើបអង្កេតព្រហ្មទណ្ឌប្រឆាំងនឹងលោក ដោយបានចោទប្រកាន់លោកពីការបញ្ជាឱ្យប្រើប្រាស់អាវុធគីមីដែលបានហាមឃាត់។
មន្ត្រីសន្តិសុខម្នាក់ដែលបានថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ពីព្រោះពួកគេមិនត្រូវបានអនុញ្ញាតឱ្យបញ្ចេញព័ត៌មានបាននិយាយថាសេវាកម្មសន្តិសុខអ៊ុយក្រែនបានស្ថិតពីក្រោយនៃការវាយប្រហារនេះ។
មន្ត្រីរូបនោះបានពណ៌នាលោក Kirillov ជា«ឧក្រិដ្ឋជនសង្គ្រាមនិងជាទីដៅស្របច្បាប់ទាំងស្រុង»។
សេវាកម្មសន្តិសុខអ៊ុយក្រែនបាននិយាយថាខ្លួនបានកត់ត្រាការប្រើប្រាស់ជាង៤.៨០០ លើកនៅពេលដែលរុស្ស៊ីបានប្រើប្រាស់អាវុធគីមីនៅលើសមរភូមិចាប់តាំងការឈ្លានពានទ្រង់ទ្រាយធំរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែនដែលបានចាប់ផ្តើមនៅខែកុម្ភៈ ឆ្នាំ២០២២។ កាលពីខែឧសភា ក្រសួងការបរទេសសហរដ្ឋអាមេរិកបានបញ្ជាក់ថាខ្លួនបានកត់ត្រាការប្រើប្រាស់ chloropicrin ដែលជាឧស្ម័នពុលដែលត្រូវបានប្រើប្រាស់លើកដំបូងក្នុងសង្គ្រាមលោកលើកទី១ប្រឆាំងនឹងកងទ័ពអ៊ុយក្រែន។
រុស្ស៊ីបានច្រានចោលការប្រើប្រាស់អាវុធគីមីណាមួយក្នុងប្រទេសអ៊ុយក្រែន ផ្ទុយទៅវិញបានចោទប្រកាន់រដ្ឋាភិបាលក្រុងកៀវពីការប្រើប្រាស់ភ្នាក់ងារពុលក្នុងសង្គ្រាម។
ក្នុងការងាររបស់លោកនៅពេលបច្ចុប្បន្នចាប់តាំងពីឆ្នាំ២០១៧មក លោក Kirillov ជាឥស្សរជនជាន់ខ្ពស់បំផុតម្នាក់ដែលបានចោទប្រកាន់ប្រឆាំងរដ្ឋាភិបាលក្រុងកៀវ។ លោកបានធ្វើសន្និសីទកាសែតជាច្រើនដែលចោទប្រកាន់យោធាអ៊ុយក្រែនពីការប្រើប្រាស់ភ្នាក់ងារពុលហើយនឹងរៀបចំផែនការដើម្បីចាប់ផ្តើមវាយប្រហារដោយប្រើសារធាតុវិទ្យុសកម្ម ជាការអះអាងដែលអ៊ុយក្រែននិងសម្ពន្ធមិត្តលោកខាងលិចរបស់អ៊ុយក្រែនបានច្រានចោលថាជាការឃោសនា៕