ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកភូមិ​បឹងកក់​ជួបជុំគ្នា​នៅ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​លើក​ទី​៦៣


ប្រជាពលរដ្ឋ​នៅ​តំបន់​បឹងកក់​បាន​និយាយ​ថា​ ប្រជាពលរដ្ឋ​បឹងកក់​ចង់​ឲ្យ​រដ្ឋាភិបាល​បញ្ឈប់​ការ​បណ្តេញ​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​តំបន់​បឹងកក់​ចេញ​ដោយ​បង្ខំ​ និង​ប្រគល់​ប្លង់​ម្ចាស់​កម្មសិទ្ធិ​ដី​ធ្លី​ដល់​ប្រជាពលរដ្ឋ​ដែល​នៅ​សេសសល់​ក្រោយ​ពី​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុ
ប្រជាពលរដ្ឋ​នៅ​តំបន់​បឹងកក់​បាន​និយាយ​ថា​ ប្រជាពលរដ្ឋ​បឹងកក់​ចង់​ឲ្យ​រដ្ឋាភិបាល​បញ្ឈប់​ការ​បណ្តេញ​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​តំបន់​បឹងកក់​ចេញ​ដោយ​បង្ខំ​ និង​ប្រគល់​ប្លង់​ម្ចាស់​កម្មសិទ្ធិ​ដី​ធ្លី​ដល់​ប្រជាពលរដ្ឋ​ដែល​នៅ​សេសសល់​ក្រោយ​ពី​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុ

នៅ​ថ្ងៃ​សៅរ៍​នេះ អ្នក​ភូមិ​បឹងកក់​បាន​ប្រមូល​ផ្តុំ​គ្នា​ដើម្បី​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​ស្រប​ពេល​ដែល​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ព្រមទាំង​លោក​សូរិយា ប្រាសាត​ស៊ូបេឌី អ្នក​រាយការណ៍​ពិសេស​ផ្នែក​សិទ្ធិ​មនុស្ស​ទទួល​បន្ទុក​កម្ពុជា​បាន​ចូល​រួម​ដើរ​ក្បួន​ដោយ​សន្តិ​វិធី​ចេញ​ពី​អាគារ​រដ្ឋសភា​ទៅ​ទីលាន​ប្រជាធិបតេយ្យ​ដើម្បី​រៀបចំ​ទិវា​សទ្ធិ​មនុស្ស​អន្តរជាតិ​លើក​ទី​៦៣។

ពិធីនេះ ​មាន​ការ​ចូលរួម​ពី​អង្គការ​សង្គម​ស៊ីវិល ​តំណាង​ស្ថានទូត​ តំណាង​ព្រះមហាក្សត្រ ​រដ្ឋាភិបាល​ និង​មន្ត្រី​គណបក្ស​នយោបាយ​រាប់ពាន់​នាក់។ ក្រុម​អ្នក​ចូលរួម​បាន​ស្លៀកពាក់​ពណ៌​ខ្មៅ ​នឹង​មាន​ផ្កា​ពណ៌​ក្រហម​ចង​នៅ​លើ​សក់​ដើម្បី​កាន់​ទុក្ខ​អ្នកស្រី​ជា ​តារា ​ដែល​បាន​ស្លាប់​បាត់បង់​ជីវិត​ ដោយសារ​តែ​ការ​ធ្វើ​អត្តឃាត​លោត​ពី​លើ​ស្ពាន​ជ្រោយចង្វា ​កាល​ពី​ចុង​ខែ​វិច្ឆិកា ​កន្លង​ទៅ​នេះ។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​អ្នកភូមិ​បឹងកក់។

អ្នកស្រី ​ណុន ​សុខេង​ ប្រជាពលរដ្ឋ​នៅ​តំបន់​បឹងកក់​បាន​និយាយ​ថា​ ប្រជាពលរដ្ឋ​បឹងកក់​ចង់​ឲ្យ​រដ្ឋាភិបាល​បញ្ឈប់​ការ​បណ្តេញ​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​តំបន់​បឹងកក់​ចេញ​ដោយ​បង្ខំ​ និង​ប្រគល់​ប្លង់​ម្ចាស់​កម្មសិទ្ធិ​ដី​ធ្លី​ដល់​ប្រជាពលរដ្ឋ​ដែល​នៅ​សេសសល់​ក្រោយ​ពី​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន ​សែន ​បាន​ធ្វើ​ប្រទានកម្ម​ដី​ទំហំ​ជាង​១២​ហិកតា​ដល់​ប្រជាពលរដ្ឋ។

«ប្រជាពលរដ្ឋ​បឹងកក់ គាត់​ធ្វើ​ទិវា​សិទ្ធិ​មនុស្ស​លើក​ទី​៦៣​ហ្នឹង​ ព្រោះ​អី​គាត់​ចង់​រំលឹក​ការ​រំលោភ​សិទ្ធិ​ ប្រជាពលរដ្ឋ​នៅ​តំបន់​បឹងកក់​ហ្នឹង។ មាន​ជា​សិទ្ធិ​លំនៅស្ថាន​ សិទ្ធិ​អី​ហ្នឹង។ ការ​វាយ​ទៅ​លើ​ស្ត្រី ​ទៅ​លើ​កុមារ​អី។ ​ខុស​ច្បាប់​រដ្ឋធម្មនុញ្ញ»។

អ្នកស្រី ​គង់​ ចាន់ថា ​រស់​នៅ​ភូមិ​២៤​ ដែល​បាន​ជាប់​ចោទ​ក្នុង​បណ្តឹង​របស់​តុលាការ​បាន​ទទួច​ឲ្យ​តុលាការ​លើកលែង​ការ​ចោទ​ប្រកាន់​ប្រជាពលរដ្ឋ​នៅ​តំបន់​បឹងកក់។

«មាន​តែ​តុលាការ​ទេ​ដែល​រក​យុត្តិធម៌​ឲ្យ​ពួក​ខ្ញុំ។ គាត់​មុន​ឃាត់​ខ្លួន​ពួក​ខ្ញុំ ​គាត់​នឹង​ត្រូវ​ផ្ទៀងផ្ទាត់​មើល​ តើ​នឹង​ត្រូវ​ចូល​នៅ​ក្នុង​ពន្ធនាគារ​ដែរ​ ឬ​អត់។ ខ្ញុំ​មាន​តែ​តុលាការ​ទេ ​ដែល​រក​យុត្តិធម៌​ឲ្យ​ពួក​ខ្ញុំ។​ ខ្ញុំ​នឹង​ជឿ​ចិត្ត ​ហើយ​នឹង​ពួក​ខ្ញុំ​លឺ​សូរ​គេ​និយាយ​ប្រព័ន្ធ​តុលាការ​នេះ ​នៅ​ស្រុក​ខ្មែរ​នេះ​ គ្មាន​យុត្តធម៌​ទេ​ សម្រាប់​ប្រជាពលរដ្ឋ​ដែល​គ្មាន​អំណាច ​ហើយ​គ្មាន​ទឹក​លុយ​នោះ»។

ក្នុង​ខណៈពេល​ដែល​អង្គការ​សង្គមស៊ីវិល​មួយ​ចំនួន​ កំពុង​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​ សាលាក្រុង​ភ្នំពេញ​បាន​យក​ពេលវេលា​នេះ​ទៅ​ធ្វើ​ពិធី​ប្រគល់​វិញ្ញា​បនបត្រ​សម្គាល់​អចលនវត្ថុ ​ដល់​ប្រជាពលរដ្ឋ​ជំហាន​ទី​១ ចំនួន​ជាង​២០០​គ្រួសារ​ទៅ​វិញ។ ប្រជាពលរដ្ឋ​ដែល​មក​ទទួល​វិញ្ញាបនបត្រ​នេះ ​មាន​ចំនួន​បី​ភូមិ​គឺ​ភូមិ​២៣ ​២៤ ​និង​ភូមិ​ទី​៦។ ​ក្រុម​ប្រជាពលរដ្ឋ​នៅ​តំបន់​បឹងកក់​ បាន​ចោទ​ប្រកាន់​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ថា ​ការ​រៀបចំ​ពិធី​ប្រគល់​អចលនវត្ថុ​នេះ ​ដើម្បី​បំបែក​កម្លាំង​ប្រជាពលរដ្ឋ​មិន​ឲ្យ​ជួប​ប្រជុំ​ធ្វើ​ពិធី​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ។

លោក ​កែប​ ជុតិមា ​អភិបាល​ក្រុង​ភ្នំពេញ​បាន​និយាយ​យ៉ាង​ខ្លី​ថា​មូលហេតុ​ដែល​សាលាក្រុង​ភ្នំពេញ​ធ្វើ​ពិធី​នៅ​ថ្ងៃ​សៅរ៍​នេះ ​ដោយសារ​តែ​ថ្ងៃ​នេះ ​ប្រជាពលរដ្ឋ​នៅ​តំបន់​បឹងកក់ ​ភាគ​ច្រើន​ជា​មន្ត្រី​រាជការ​ ដែល​បាន​ឈប់​សម្រាក​ពី​ការងារ។ លោក​បាន​មាន​ប្រសាសន៍​ថា​ សម្រាប់​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​តាម​មាត់​បឹង​នឹង​មិន​មាន​ចំណែក​ដី​នៅ​ក្នុង​ដី​ទំហំ​ជាង​១២​ហិកតា​នោះ​ទេ។ ប្រជាពលរដ្ឋ​នៅ​តំបន់​បឹងកក់​ ប្រមាណ​បួន​នាក់​ កំពុង​ជាប់​បណ្តឹង​ក្តីក្តាំង​នៅ​ក្នុង​ផ្លូវ​តុលាការ​ដោយសារ​តែ​ការ​ទាមទារ​សិទ្ធិ​រស់​នៅ​ពី​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ​នេះ។

លោក​សូរិយា ​ប្រាសាត​ស៊ូបេឌី ​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ បាន​មាន​ប្រសាសន៍​នៅ​ទីលាន​ប្រជាធិបតេយ្យ​ថា កម្ពុជា​ត្រូវ​គេ​មើល​ឃើញ​ថា​មាន​ការ​អភិវឌ្ឍ​រីក​ចម្រើន​ ក៏ប៉ុន្តែ​ការអភិវឌ្ឍ​នេះ​ត្រូវ​តែ​មាន​ការគោរព​សិទ្ធិ​មនុស្ស។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​នៅ​ថ្ងៃ​សៅរ៍​នេះ​ថា កម្ពុជា​ មាន​ចំណុច​ព្រួយបារម្ភ​ជា​ច្រើន​ដែល​ពាក់ព័ន្ធ​ទៅ​នឹង​ការ​គោរព​សិទ្ធិ​មនុស្ស​រួមមាន​ភាព​យឺតយ៉ាវ​ក្នុង​ការ​កែទម្រង់​ប្រព័ន្ធ​តុលាការ​ឲ្យ​ឯករាជ្យ ​មាន​ការ​កើន​ឡើង​នៅ​ការ​រំលោភ​ដី​ធ្លី​ និង​ការ​បណ្តេញ​ប្រជាពលរដ្ឋ​ដោយ​បង្ខំ​ចេញ​ពី​លំនៅស្ថាន ​ការ​គំរាមគំហែង​ និង​ការរើសអើង​ប្រឆាំង​នឹង​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស ​និង​អ្នក​សម្តែង​មតិ​ខុស​គ្នាៗ​ចំពោះ​រដ្ឋាភិបាល​តាមរយៈ​ការប្រើប្រាស់​យន្តការ​តុលាការ ​និង​ការ​ពង្រួញ​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​ ហើយ​នឹង​ការ​បញ្ចេញ​មតិ​សាធរណៈ​ជា​ដើម៕

XS
SM
MD
LG