ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តួនាទី​ប្រតិបត្តិការ​​របស់​ប៊ិនឡាដិន​ត្រូវ​បាន​ពិភាក្សា


រូបអូសាម៉ា ប៊ិនឡាដិន​នេះ​ដកស្រង់​ពី​ខ្សែ​អាត់​វីដេអូរបស់​មន្ទីរ​ប៉ង់តាហ្គោន​ដែល​បានចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​៧​ខែ​ឧសភា ឆ្នាំ​២០១១។
រូបអូសាម៉ា ប៊ិនឡាដិន​នេះ​ដកស្រង់​ពី​ខ្សែ​អាត់​វីដេអូរបស់​មន្ទីរ​ប៉ង់តាហ្គោន​ដែល​បានចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​៧​ខែ​ឧសភា ឆ្នាំ​២០១១។

នៅ​ពេល​ដែលកងកម្លាំង​ពិសេស​របស់​សហរដ្ឋ​អាមេរិក​ បាន​សំរុក​ចូល​ទៅ​ក្នុង​ទីធ្លា​លំនៅដ្ឋានមួយ​កន្លែង នៅ​ប្រទេស​ប៉ាគីស្ថាន ​ដើម្បី​សម្លាប់ ​អូសាម៉ា​ ប៊ិនឡាដិន ​ពួកគេ​បាន​រក​ឃើញ​ឯកសារ​ជា​ច្រើន ព្រម​ទាំង​ឧបករណ៍​ផ្ទុក​ទិន្នន័យ​របស់​កំព្យូទ័រ។ សម្ភារៈ ​ដែល​រឹប​អូស​បាន​នៅ​ក្នុង​ពេល​វាយ​ប្រហារ​នោះ បាន​បង្ក​ឲ្យ​មាន​ការពិភាក្សា​លើ​បញ្ហា ​ថា​តើ​ទីភ្នាក់ងារស៊ើបការណ៍​សម្ងាត់ បាន​បក​ស្រាយ​តួនាទីរបស់​ ប៊ិនឡាដិន ​និង​ក្រុម​អាល់កៃដា ​ត្រឹមត្រូវ​ដែរ​ឬទេ។

មាន​ការយល់​ស្រប​គ្នា​យ៉ាង​ទូលំ​ទូលាយ​ថា ផែនការ​វាយប្រហារ​ដោយ​ភេរវកម្ម​ទៅ​លើ​សហរដ្ឋ​អាមេរិក ​កាលពី​ថ្ងៃទី​១១ ខែ​កញ្ញា ឆ្នាំ​២០០១ ​បានផុស​ចេញ​ពីចិត្ត​គំនិត​របស់ ​អូសាម៉ា ​ប៊ិនឡាដិន។ ប៉ុន្តែ តួនាទី​របស់​គាត់ ក្រោយ​ពី​កងកម្លាំង​របស់​សហរដ្ឋ​អាមេរិក ​បណ្តេញ ​ប៊ិនឡាដិន ​និង​អ្នកដើរ​តាម​គាត់ ចេញ​ពី​ជម្រក​សុវត្ថិភាព​នៅ​ក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន នៅ​ចុង​ឆ្នាំ​ដដែល​នោះ មាន​មិន​សូវ​ច្បាស់​លាស់​ប៉ុន្មាន​ទេ។ ក្នុង​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​នៃ​ការធ្វើ​អន្តរាគមន៍ចាប់​តាំង​ពី​ថ្ងៃ​ទី​១១ ខែ​កញ្ញា​មក ទីភ្នាក់ងារស៊ើបការណ៍​សម្ងាត់​របស់​សហរដ្ឋ​អាមេរិក​ និង​លោក​ខាង​លិច បាន​ប្រកាន់​យក​ទស្សនៈ​ដែល​ថា ក្រុមអាល់កៃដា​នៅ​ទូទាំង​ពិភពលោក មិន​សូវ​មាន​លក្ខណៈ​មជ្ឈការ(ប្រមូលផ្តុំ)​ទេ​ ហើយច្រើន​តែ​ជាប្រតិបត្តិការដោយ​ក្រុមសាខាដាច់​ពី​គ្នា។ ក្នុង​ន័យ​នេះ ប៊ិនឡាដិន គឺ​ជា​បុគ្គលដែល​ជំរុញ​ទឹកចិត្ត ជា​ជាង​ជន​ដែល​ដឹក​នាំ​ប្រតិបត្តិការ​ផ្ទាល់ៗតែ​ម្តង។

ប៉ុន្តែ យ៉ាង​ហោច​ណាស់ ពេល​ពិនិត្យ​មើល​ដំបូង សម្ភារៈ​មួយ​ចំនួន ដែល​ប្រមូល​បាន​ពី​ការវាយ​ប្រហារ​នៅ​ក្នុង​ទី​ធ្លា​ផ្ទះរបស់ ប៊ិនឡាដិន នៅ​ទី​ក្រុង​អាប់ប៊ូតាបាដ នៃ​ប្រទេស​ប៉ាគីស្ថាន ហាក់​បាន​ចោទ​សួរ​ទៅ​លើ​ទស្សនៈបែប​នោះ។ របាយ​ការណ៍ បាន​លេច​ចេញផែន​ការបំផ្ទុះ​ផ្លូវ​រថភ្លើង និង​ការដាស់​តឿនរបស់ ប៊ិនឡាដិន ទៅ​ដល់ក្រុម​អ្នក​ប្រតិបត្តិ​តាមគាត់ ឲ្យ​បើក​ការវាយ​ប្រហារយ៉ាង​ខ្លាំងក្លា​ទៅ​លើ​មុខ​សញ្ញា​អាមេរិក។ មន្ត្រី​អាមេរិក​មួយ​ចំនួន ​ត្រូវ​បាន​ដក​ស្រង់​សម្តី ដោយ​ពិពណ៌នា​ផ្ទះនោះ​ថា​ជា «មជ្ឈមណ្ឌល​បញ្ជា និង​គ្រប់គ្រង»។

លោក ស៊ូន ហ្គ្រេហ្គ័ររី (Shaun Gregory) នាយក​ផ្នែក​ស្រាវ​ជ្រាវ​ផ្នែក​សន្តិសុខ​របស់​ប៉ាគីស្ថាន (Pakistan Security Research Unit) នៅ​ឯសាកល​វិទ្យាល័យ​ប្រេដហ្វដ (University of Bradford) នៃប្រទេស​អង់គ្លេស មាន​ប្រសាសន៍​ថា មាន​ការវាយ​តម្លៃ​ឡើង​វិញ ដែល​កំពុងកើត​ឡើង​នៅ​ទីភ្នាក់ងារ​ស៊ើប​ការណ៍​សម្ងាត់របស់​លោក​ខាង​លិច ចំពោះ​អ្វី​ដែល​ពួក​គេដឹង​ឮ ឬបាន​គិត​ថា ពួក​គេបាន​ដឹង​អំពី ប៊ិនឡាដិន និងក្រុម​អាល់កៃដា។

«អ្វី​ដែលខ្ញុំបាន​ឮ​ដែលស៊ី​សង្វាក់​គ្នា​មួយ​ពី​សហការីនៅ​ឯ​ផ្នែកទាំង​សងខាង​នៃ​មហាសមុទ្រ​អាត្លង់ទិក នោះ​គឺ​ភស្តុតាងបន្តិច​ម្តងៗ​ដែល​បញ្ជាក់​ថា​គាត់​បាន​ដឹង​រឿង​ច្រើន​ជាង​អ្វី​ ដែល​គេ​បាន​សង្ស័យ​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ»។

ប៉ុន្តែ លោក​បាន​ឲ្យ​ដឹង​បន្ថែម​ថា ទស្សនៈ​ពីខាង​ដើម ដែលថា​ប៊ិនឡាដិន មិន​បាន​គ្រប់គ្រង​ប្រតិបត្តិការ​ភេរវកម្ម​ដោយ​ផ្ទាល់​ទេ ហាក់​ដូច​ជា​ត្រូវ​បាន​ពង្រឹង​ឡើង។

«ប៉ុន្តែ ឥឡូវ​នេះ ខ្ញុំបាន​ស្តាប់​ឮការនិយាយ​ នា​ពេល​សព្វ​ថ្ងៃនេះ ដែល​ថា គាត់ប្រហែល​ជាមាន​ទំនាក់​ទំនង​ធំ​ធេង​ជាង​មុន ​ជាមួយមនុស្ស​ទាំងឡាយ ​ប៉ុន្តែគាត់​មិនមែន​ជា​មេគំនិត​ជា​យុទ្ធសាស្ត្រទេ។ តាម​ទស្សនៈ​ខាង​លើ​នោះ​គឺ​ថា គាត់​មិន​មែន​ជា​អ្នក​រៀប​ចំ​គម្រោងការ​ខាង​យោធា ហើយប្រហែល​ជា​ថា តួ​នាទី​របស់​គាត់​ស្ទើរ​តែ​ដូច​ទៅ​នឹង​ ​តួនាទី​របស់​លោក មូឡា អូម៉ា (Mullah Omar) នៃក្រុម​តាលីបាន របស់​ប្រទេស​អាហ្វហ្កា​នីស្ថាន»។

ក្រុម​អ្នក​វិភាគ​ ថ្លែង​ថា តាម​ពិត​ ការវាយ​តម្លៃ​កាន់​តែ​ហ្មត់​ចត់​ទៅ​លើ​សម្ភារៈ​ទាំង​នោះ ដែល​បាន​ឃើញ​កន្លង​មក ​បញ្ជាក់​ទៅ​លើ​ទស្សនៈដែល​មាន​ជា​យូរ​មក​ហើយ ដែល​ថា តាម​ពិត​ ប៊ិនឡាដិន មិន​មែន​ជា​មេ​ដឹក​នាំ​ប្រតិបត្តិការ​ផ្ទាល់នោះទេ។ លោក ផូល ភីឡា (Paul Pillar) មន្រ្តី​ជើង​ចាស់​របស់ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់ជា​យូរ​មក​ហើយ និង​អតីត​មន្ត្រី​ស៊ើប​ការណ៍​សម្ងាត់​ជាតិ ប្រចាំ​នៅ​តំបន់ដើមបូព៌ា ​និង​អាស៊ី​ខាង​ត្បូង ថ្លែង​ថា ប៊ិនឡាដិន មាន​គំនិត​ជា​ច្រើន ប៉ុន្តែ​មិនអាច​ឈាន​ដល់​ដំណាក់​កាល​រៀប​ចំ​ផែនការ​ទេ។

«ប្រសិន​បើអ្នក​ពិត​ជា​បាន​ពិនិត្យ​មើល​ឲ្យ​បាន​ដិត​ដល់​ទៅ​លើ​អ្វីដែល​ស្តែង​ចេញ​កន្លង​មក ខ្ញុំមិន​គិត​ថា វាបានផ្លាស់​ប្តូរទស្សនៈ​ទាំង​ស្រុងស្តី​ពី​តួ​នាទី ដែល ប៊ិនឡាដិន ធ្លាប់​មាន​កាលពី​ប៉ុន្មានឆ្នាំកន្លង​ទៅ ដែល​ជាទស្សនៈដែល​បាន​ចែក​រំលែក​គ្នា​ដោយ​អ្នក​ជំនាញ​ភាគ​ច្រើន ដែល​យល់ថា​គាត់មិនបានចាកចេញ​ពី​កិច្ចការ​ប្រតិបត្តិ​ការ​ទាំង​ស្រុង​នោះ​ទេ ទោះ​ក្នុង​មធ្យោបាយ​ណា​មួយ​ក៏​ដោយ ប៉ុន្តែតួរនាទី​សំខាន់​របស់​គាត់ គឺ​ជា​អ្នក​ឃោសនា​ អ្នក​ចេញ​មនោគម​វិជ្ជា ប្រភព​មនោគម​វិជ្ជា និង​ជា​និមិត្ត​រូប»។

ក្រុមអ្នកវិភាគ ​ថ្លែង​ថា ប្រតិបត្តិការប្រឆាំង​ភេរវកម្ម បាន​គាប​សង្កត់​ទៅ​លើ​ក្រុម​អាល់កៃដា ដោយបាន​ចាប់​ខ្លួន ឬ​សម្លាប់មេដឹក​នាំ​ថ្នាក់​កណ្តាល ​និង​ត្រួត​ពិនិត្យ​មើល​ទៅ​លើការទំនាក់​ទំនង​របស់​ពួកគេ។ ជាង​នេះ​ទៅ​ទៀត លោក ភីឡា បាន​គូស​បញ្ជាក់​ថា ឧបទ្ទវ​ហេតុ ឬ​ផែនការ​ភេរវ​កម្ម​ក្រោយ​ថ្ងៃទី​៩ ខែ​កញ្ញា ជា​ច្រើន ដូចជាអ្នកបំផ្ទុះ​គ្រាប់​បែក​នៅ​ទីលានTimes Square ឈ្មោះ​Faisal Shahzad និង អ្នកបាញ់​កាំភ្លើង​នៅ Fort Hood ឈ្មោះ វរៈសេនីយ៍ត្រី ​នីដាល ហាសាន (Nidal Hassan) ត្រូវ​បាន​រៀប​ផែនការ​នៅ​ខាង​ក្រៅ​អ្វី​ដែលក្រុម​មន្ត្រីស៊ើប​ការណ៍​សម្ងាត់ ​បាន​ហៅ​ថា​ជា​ «ទី​បញ្ជាកា​កណ្តាលរបស់​ក្រុម​អាល់កៃដា»។

«វា​មិន​គ្រាន់​តែ​ជា​ទ្រឹស្តី​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំងការណ៍ពិត​ដែលមាន​ការកើន​ឡើងកាល​ពី​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ដែល​ថា​ការផ្តួច​ផ្តើម​គំនិត​ភាគ​ច្រើន និង​ការដឹកនាំព្រម​ទាំងការរៀប​ចំ​ផែនការ ​និង​ហ្វឹកហ្វឺន ​បាន​កើតឡើងឆ្ងាយ​ពីបញ្ជាការ​កណ្តាល​របស់​ក្រុមអាល់កៃដា និង​នៅ​ខាង​ក្រៅ»។

បេក្ខជននាំមុខគេ​ដើម្បី​ជំនួស​ ប៊ិនឡាដិន គឺ​ជា​អនុ​ប្រធានរបស់គាត់ ឈ្មោះ អាយម៉ាន ​អាល់ហ្សាវ៉ារី (Ayman al-Zawahri)។ ប៉ុន្តែ ​ក្រុម​អ្នកវិភាគ ​ថ្លែង​ថា គាត់​ត្រូវ​បាន​រំពឹង​ថា​នឹង​ប្រឈម​មុខ​នឹង​ការជំទាស់។ ក្រុម​អាល់កៃដា ដោយ​មានសាខា​ដាច់ពីគ្នា​របស់ខ្លួន នៅ​ប្រទេសយ៉េម៉េន​ និង​កន្លែង​ផ្សេងៗ​ទៀត មិន​មែនជា​អង្គការ​តែ​មួយ​គត់​នោះ​ទេ។ លោក ជេរ៉េមី ប៊ីនី (Jeremy Binnie) អ្នកវិភាគ​ខាង​ភេរវកម្ម ​នៅ​ឯ​អង្គការ IHS Jane's ​និយាយ​ថា បើ​គ្មានប៊ិនឡាដិន​ទេ ក្រុមសាខារបស់អាល់កៃដា​ អាច​ផ្តោត​ខ្លាំងទៅ​លើ​គោលដៅ​ក្នុង​ស្រុក ជា​ជាងគោលដៅ​ជា​សកល ដែល​ធ្លាប់​បាន​ប្រកាន់​យក​ដោយមេដឹកនាំ​ដែល​បាន​ស្លាប់​ទៅ​នោះ។

«មាន​មនុស្ស​ទាំងអស់​នេះ ដែល​មាន​ទស្សនៈ​ខុសៗ​គ្នា​ស្តីពី​ក្រុម​អាល់កៃដា។ លោក ហ្សាវ៉ារី នឹង​ព្យាយាម​ចូល​អន្តរាគមន៍​នៅ​ទី​នោះ។ សមត្ថភាព​របស់​គាត់ក្នុង​ការចូល​ជំនួស​ ប៊ិនឡាដិន ក្នុង​នាម​ជា​ឥស្សរៈជន​មួយ​រូប ដែល​មនុស្ស​គ្រប់​រូប​ យល់ព្រម​ទទួល និង​ចាត់ទុក​ថា​ជាមេ​ដឹកនាំ​ដ៏​អស្ចារ្យ​ ហើយមាន​លក្ខណៈ​ជាមនុស្សហ្មត់ចត់ (ខ្ពង់​ខ្ពស់)។ ក្នុង​ន័យនេះ វា​ជា​ការលំបាក​ខ្លាំង​ណាស់ ដែលត្រូវចូលជំនួស ​ប៊ិនឡាដិន»។

ដូច​ដែលលោក ផូល ភីឡា បាន​គូស​បញ្ជាក់​ថា ការស្លាប់របស់​ប៊ិនឡាដិន ពិត​ជា​បាន​នាំមក​នូវ​អារម្មណ៍​ធូរ​ស្បើយ​សម្រាប់​ជនជាតិ​អាមេរិកាំង ​ចំពោះ​ការវាយ​ប្រហារ​នៅ​ថ្ងៃទី​១១​ ខែ​កញ្ញា ប៉ុន្តែ​វា​មិនមែន​ជា​ការសំពង​ឲ្យ​ស្លាប់​ជា​រៀង​រហូត ​ដល់​ក្រុមអាល់កៃដា ឬក្រុម​ជីហាដ​នោះ​ឡើយ៕

ប្រែសម្រួល​ដោយ លី សុខឃាង

XS
SM
MD
LG