ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋសភា​អាមេរិក​សាទរ​មរណភាព​របស់​ប៊ិន​ឡាដិន


ប្រធាន​រដ្ឋសភា​អាមេរិក លោក ចន បូណ័រ (John Boehner) នៃ​រដ្ឋ​អូហៃអូ (Ohio) អម​ដោយ​សមាជិក​សភា​សំខាន់ៗ​​​​មក​ពី​គណបក្ស​សាធារណរដ្ឋ​ដទៃ​ទៀត ធ្វើ​សេចក្តី​ថ្លែងការណ៍​​​អំពី​ប្រតិបត្តិការ​សម្លាប់​អូសាម៉ា​ប៊ិន​ឡាដិន នៅ​វិមាន​សភា (Capitol Hill) ក្នុង​រដ្ឋធានី​វ៉ាស៊ី
ប្រធាន​រដ្ឋសភា​អាមេរិក លោក ចន បូណ័រ (John Boehner) នៃ​រដ្ឋ​អូហៃអូ (Ohio) អម​ដោយ​សមាជិក​សភា​សំខាន់ៗ​​​​មក​ពី​គណបក្ស​សាធារណរដ្ឋ​ដទៃ​ទៀត ធ្វើ​សេចក្តី​ថ្លែងការណ៍​​​អំពី​ប្រតិបត្តិការ​សម្លាប់​អូសាម៉ា​ប៊ិន​ឡាដិន នៅ​វិមាន​សភា (Capitol Hill) ក្នុង​រដ្ឋធានី​វ៉ាស៊ី

សមាជិក​សភា​សហរដ្ឋ​អាមេរិក​ស្វាគមន៍​មរណភាព​ប៊ីន​ឡាដិន​ ប៉ុន្តែ​ក្រើន​រំឭក​ថាការ​តស៊ូ​ប្រឆាំង​ភេរវ​កម្ម​នៅ​វែង​ឆ្ងាយ​ទៀត។

លោក ហារី រ៉េដ (Harry Reid)មេ​ដឹកនាំ​សមាជិក​ព្រឹទ្ធ​សភា​សំឡេង​ភាគ​តិច​ និយាយ​ថា​ លោក​បាន​ទទួល​ទូរស័ព្ទ​ពី​លោក​ប្រធានាធិបតី​បារ៉ាក់​អូបាម៉ា​ មិន​យូរ​ប៉ុន្មាន​មុន​ពេល​លោក​ប្រធានាធិបតី​ប្រកាស​ថា​ អូសាម៉ា​ប៊ីនឡាឌីន​ត្រូវ​បាន​កង​កម្លាំង​ពិសេស​របស់​អាមេរិក​សម្លាប់។ នៅ​ឯវិមាន​សភា​ សភាជិក​ព្រឹទ្ធ​សភា​មក​ពី​រដ្ឋ​ណេវ៉ាដា​រូប​នេះ​បាន​បញ្ចេញ​ប្រតិកម្ម​របស់​លោក​តាម​របៀប​ស្ងប់ស្ងាត់​ និង​ស្រងូត​ស្រងាត់។ លោកថ្លែង​ថា៖

«ថ្ងៃ​នេះ​ប្រជាពលរដ្ឋ​អាមេរិកាំង​ទូទាំង​ប្រទេស​ស្វាគមន៍​ចំពោះ​ព័ត៌មាន​ថា​ បុរស​កំណាចដែល​តំណាង​ឲ្យ​បិសាច​ ត្រូវ​បាន​កាត់ទោស​ដោយ​កង​កម្លាំង​អាមេរិក។​ មរណភាព​របស់​ជន​នេះ​គឺ​ជា​ជោគជ័យ​សំខាន់​បំផុត​ក្នុង​ការ​ប្រយុទ្ធ​របស់​យើង​ប្រឆាំង​ភេរវកម្ម​អាល់កៃដា​ និង​ជា​ការ​បញ្ជូន​សារ​យ៉ាង​ច្បាស់​មួយ​ព្រមាន​ភេរវករ​ទូទាំង​ពិភព​លោក»។

លោក​រ៉េដ​បាន​សម្តែង​ការ​សរសើរ​ដល់​កង​កម្លាំង​អាមេរិក​និង​មន្ត្រី​ស៊ើប​ការណ៍​សម្ងាត់​ចំពោះ​បេសកកម្មដ៏​ជោគ​ជ័យ​របស់​គេ។ ​លោក​បាន​និយាយ​ថា​ ការ​សម្រេច​ចិត្ត​របស់​លោក​ប្រធានាធិបតី​អូបាម៉ា​ ក្នុង​ការ​ផ្តោត​ការ​យក​ចិត្តទុក​ដាក់​លើ​ប្រទេស​អាហ្វហ្កានិស្ថាន​ និង​ប៉ាគិស្ថាន​បង្ហាញ​ពី​សារៈ​សំខាន់​ក្នុង​ការ​កំណត់​ទីតាំង​លាក់​ខ្លួន​ និង​ក្នុង​ការ​សម្លាប់​មេ​ដឹកនាំ​ភេរវករ​នេះ។

ដូច​មេ​ដឹកនាំ​ព្រឹទ្ធ​សភា​សំឡេង​ភាគ​ច្រើន​ដែរ​ លោក​ខាល ឡេវិន (Carl Levin)​នៃ​រដ្ឋ​ មីឈីហ្កិន (Michigan) ដែល​ជា​ប្រធាន​គណៈ​កម្មាធិការ​សេវា​កងទ័ព​និយាយ​ថា​ រឿង​ប្រឌិត​ចាស់​គំរិល​ដែល​ថា​ ប៊ីនឡាឌីន​ជា​អ្នក​ចម្បាំង​មិន​អាច​រងគ្រោះ​ ហើយ​ដែល​បង្ក​ការ​លំបាក​ធំធេង​សម្រាប់​បុព្វហេតុ​របស់​ជន​នេះ​ ត្រូវ​បាន​សាប​រលាប​ដោយ​មរណភាព​របស់​គាត់​នៅ​កន្លែង​លាក់​ខ្លួន​ដ៏​រឹងមាំ​ និង​ស្តុក​ស្តម្ភ។ លោក​ខាល​ថ្លែង​ថា៖

«នៅ​ពេល​គេ​គិត​ថា​ តួឯក​របស់​គេ​កំពុង​ជ្រក​ក្នុង​រូងភ្នំ​តាម​ព្រំដែន​រវាង​ប្រទេស​អាហ្វហ្កានិស្ថាន​ និង​ប៉ាគិស្ថាន​នេះ​ តាម​ពិត​ជន​នេះ​កំពុង​លាក់​ខ្លួន​នៅ​កន្លែង​សុខ​ស្រួល​ជាច្រើន​ឆ្នាំ​ ក្នុង​វិមាន​ដ៏​ធំ​ នៅ​ពេល​ដែល​តួឯក​ក្លែងក្លាយ​រូប​នេះ​បាន​បញ្ជូន​មនុស្ស​តូចតាច​ទៅ​សម្លាប់​ប្រជាជន​យ៉ាង​ព្រៃ​ផ្សៃ»។

សមាជិក​សភា​ខាង​គណបក្ស​ប្រជា​ធិបតេយ្យ​នេះ​បាន​ស្វាគមន៍​ចំពោះ​ប្រតិកម្ម​ជា​វិជ្ជមាន​របស់​រដ្ឋាភិបាល​ប៉ាគិស្ថាន​ទាក់ទង​នឹង​មរណភាព​របស់​ប៊ីន ឡាដិន។​ ដោយ​លោក​កត់​សម្គាល់​ថា​ ប៊ីន ឡាដិន​រស់​នៅ​ជិត​កន្លែង​បណ្តុះ​បណ្តាល​កងទ័ព​ លោក​ឡេវិន បាន​និយាយ​ដោយ​ប្រើ​ពាក្យ​សម្តី​ធ្ងន់ៗ​ទៅ​លើ​កង​កម្លាំង​ និង​ផ្នែក​ស៊ើប​ការណ៍​សម្ងាត់​របស់​ប៉ាគិស្ថាន។ លោក ឡេវិន មាន​ប្រសាសន៍​ថា៖

«គេ​ត្រូវ​មាន​ហេតុផល​ច្រើន​យក​មក​ពន្យល់»។

លោកស្រី​ ស៊ូសាន ខូល្លីនស៍ (Susan​ Collins) សមាជិក​ព្រឹទ្ធ​សភា​ខាង​គណបក្ស​សាធារណរដ្ឋ​នៃ​រដ្ឋ​ម៉េន (Maine) និយាយ​ថា​ ពេល​ប្រជាពល​រដ្ឋ​អាមេរិក​ប្រារព្ធ​ជ័យ​ជម្នះ​នេះ​ យើង​មិន​ត្រូវ​ប្រហែស​ក្នុង​ការ​យាមល្បាត​ទេ។ លោក​បន្ត​ទៀត​ថា៖

«យើង​មិន​ត្រូវ​សម្រាក​ទេ​ ពីព្រោះ​ការ​គំរាម​កំហែង​នៅ​តែ​មាន​ជា​បន្ត​មក​លើ​យើង​ ថ្វី​បើ​ផ្នែក​ស៊ើបការណ៍​សម្ងាត់​របស់​យើង​ទទួល​បាន​ជោគជ័យ​ធំធេង​យ៉ាង​នេះ​ក៏ដោយ»។

លោក​ស្រី ​ខូល្លីនស៍ និយាយ​ថា​ លោកស្រី​បារម្ភ​ថា​ ជនជ្រុល​និយម​អាច​នឹង​ធ្វើ​ការ​វាយ​ប្រហារ​សងសឹក​មក​លើ​សហរដ្ឋអាមេរិក​នៅ​ក្នុង​ប្រទេស​ ឬ​នៅ​បរទេស៕

ប្រែ​សម្រួល​ដោយ ​ពិន ស៊ីសុវណ្ណ

XS
SM
MD
LG