ព័ត៌មានអំពីការស្លាប់របស់អូសាម៉ាប៊ិនឡាដិនត្រូវបានទទួលស្វាគមន៍ជាទូទៅនៅទូទាំងមជ្ឈឹមបូព៌ា ក៏ប៉ុន្ដែនៅតែមានសេចក្ដីព្រួយបារម្ភថា ប្រព័ន្ធអាល់ខៃដារបស់គាត់នឹងមិនបញ្ចប់ភ្លាមៗនោះទេ។
នៅប្រទេសយេមែន ដែលនៅក្នុងប្រទេសនោះក្រុមសាខារបស់ពួកអាល់ខេដានៅក្នុងឧបទ្វីបអារ៉ាប់ចាក់ឬសគល់ ក្រុមមន្ដ្រីរដ្ឋាភិបាលអបអរសាទរចំពោះព័ត៌មានថាជាជោគជ័យសំខាន់មួយនៅក្នុងការប្រយុទ្ធប្រឆាំងភេរវកម្ម។ ជនជាតិយេមែនសាមញ្ញជាច្រើននាក់ក៏មានអារម្មណ៍ដូចគ្នាដែរ។
លោក Mortada Abed Al Qader អ្នកស្រុករស់នៅក្នុងទីក្រុងសាណា និយាយថា ប៊ិនឡាដិនជាប់ពាក់ព័ន្ធនឹងការប្រព្រឹត្ដខុសឆ្គងជាច្រើនប្រឆាំងនឹងអ៊ិស្លាម ហើយថាការស្លាប់របស់គាត់នេះ ជាការត្រឹមត្រូវហើយ។
ការសម្ដែងការធូរស្រាលនៅក្នុងចិត្ដដូចគ្នានេះត្រូវបានឮពីក្រុមមេដឹកនាំហើយនឹងពលរដ្ឋនៅជុំវិញតំបន់នេះ។
លោក Abdullah Gul ប្រធានាធិបតីនៃប្រទេសទួរគីមានប្រសាសន៍ថា សកម្មភាពនេះបង្ហាញឲ្យឃើញថាពួកភេរវជន នៅទីបញ្ចប់់នឹងត្រូវបានចាប់ទោះបីជាស្លាប់ឬរស់។
នៅក្នុងប្រទេសអ៊ីស្រាអែលដែលនៅទីនោះរដ្ឋាភិបាលជាកំណត់មុខសញ្ញារបស់កំហឹងរបស់ប៊ិនឡាដិន ក្រុមមេដឹកនាំសម្ដែងការរីករាយចំពោះព័ត៌មាននេះ។លោកនាយករដ្ឋមន្ដ្រី Benjamin Netanyahu ហៅការ សម្លាប់នេះថាជាជ័យជម្នះយ៉ាងខ្ទរខ្ទារសម្រាប់យុត្ដិធ៌ម។ ក៏ប៉ុន្ដែក្រុមប៉ាឡេស្ទីនអ៊ិស្លាមហាម៉ាសថ្កោលទោសចំពោះការសម្លាប់នេះ ដោយហៅ ប៊ិនឡាដិនថាជាអ្នកចម្បាំងអារ៉ាប់ពិសិដ្ឋ៕
ប្រែសម្រួលដោយ កង ស៊ីវន