ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការវាយ​ប្រហារ​ទៅ​លើ​ប៊ីនឡាដិនធ្វើឲ្យ​​​មាន​​ការ​​សង្ស័យ​ទៅ​លើ​ប៉ាគីស្ថាន


ផ្ទះរបស់អូសាម៉ា​ ប៊ីនឡាដិន នៅប្រទេស​ប៉ាគីស្ថាន។
ផ្ទះរបស់អូសាម៉ា​ ប៊ីនឡាដិន នៅប្រទេស​ប៉ាគីស្ថាន។

មាន​ការសន្មត់​ជា​យូរ​ណាស់​មក​ហើយ នៅ​ក្នុង​មជ្ឈដ្ឋាន​ជា​ច្រើន​ថា​ អូសាម៉ា ប៊ីនឡាដិន (Osama bin Laden) បាន​លាក់​ខ្លួន​នៅ​តាម​ផ្នែកដាច់ស្រយាល​មួយ​ចំនួននៃ​តំបន់​កុលសម្ព័ន្ធ​ នៅ​ប្រទេស​ប៉ាគីស្ថាន ​ដែល​ប្រហែល​ជា​នៅ​តាម​ភូមិ​តូចៗ ​ឬ​រូង​ភ្នំ​ដាច់​ឆ្ងាយ​ពី​គេ។ ប៉ុន្តែ គាត់​មិនមែនត្រូវបានរក​ឃើញនៅ​ក្នុង​រូង​ភ្នំ​ទេ ប៉ុន្តែបែរជានៅ​ក្នុងផ្ទះ​ ដែល​មាន​ការការពារយ៉ាង​រឹងមាំ​ និង​របង​ដ៏​ខ្ពស់ នៅ​អាប់ប៊ុត​តាបាដ (Abbottabad) ជា​ទីក្រុង​មួយ​របស់​ប៉ាគីស្ថាន ដែល​ជា​ទីតាំង​នៃ​មូលដ្ឋាន​យោធា​សំខាន់ៗ​ជា​ច្រើន​ទៅ​វិញ ​ដោយ​រាប់​បញ្ចូល​ទាំង​បណ្ឌិត​សភា​យោធា​របស់​នាយទាហាន​ផងដែរ។

ការ​រកឃើញ​ អូសាម៉ា​ ប៊ីនឡាដិន​ នៅ​ទីក្រុង​អាប់ប៊ូតតាបាដ ​បាន​ចោទ​ជា​សំណួរធ្ងន់ៗ​ ដែល​សំណួរ​សំខាន់​នោះគឺ ​ថាតើ​គាត់​បាន​លាក់​ខ្លួន ឬ​គាត់​ត្រូវ​បាន​លាក់​ដោយ​ក្រុម​អ្នកផ្សំ​គំនិត នៅ​ក្នុង​ជួរ​សេវាកម្ម​ស៊ើបការណ៍​សម្ងាត់ ឬ​យោធា​របស់​ប៉ាគីស្ថាន​ឬទេ? លោក ក្លែរ ម៉ាក់ខាស្គីល (Claire McCaskill) ​សមាជិក​ព្រឹទ្ធសភា​មក​ពី​គណបក្ស​ប្រជាធិប​តេយ្យ នៃ​រដ្ឋ​មីសស៊ូរី (Missouri) មាន​ប្រសាសន៍​ថា សំណួរ​នោះ នៅ​តែបើកចំហរ​នៅ​ឡើយ។

«ពួក​គេបាន​ដឹង ឬ​ក៏​ពួក​គេអសមត្ថភាព។ ហើយ​ខ្ញុំ​គិត​ថា យើង​មិន​ទាន់​ច្បាស់​ថាតើ​វា​ជា​ចម្លើយ​មួយ​ណានៅ​ឡើយទេ»។

លោក ស្ស៊ូន គ្រេហ្គ័ររី (Shaun Gregory) នាយក​ផ្នែកស្រាវជ្រាវ​សន្តិសុខ​ប៉ាគីស្ថាន នៃ​សាកល​វិទ្យាល័យប្រ៊ែដ​ហ្វដ (University of Bradford) ​របស់​ប្រទេស​អង់គ្លេស ​ថ្លែង​ថា វា​ពិបាក​ជឿ​ណាស់ ​ការណ៍​ដែល​ថា ​នាយកដ្ឋាន​អន្តរ​សេវាកម្មស៊ើបការណ៍​សម្ងាត់​របស់​ប៉ាគីស្ថាន​ ឬ​ហៅ​កាត់​ថា ISI មិន​បាន​ដឹង​ថា អូសាម៉ា ប៊ីនឡាដិន នៅ​ទីនោះ។

«វា​ពិត​ជា​គួរ​ឱ្យជឿ​បាន​ទេ​ថា បុរស​ដ៏​ល្បីល្បាញ​រូប​នេះ ដែល​មាន​កម្ពស់​ជិត​ពីរ​ម៉ែត្រ ធ្វើ​ដំណើរចុះ​ឡើង ហើយ​អាច​គេច​ផុត​ពី​សហរដ្ឋ​អាមេរិកនិង​ISI អស់​រយៈ​ពេល​១០​ឆ្នាំ ប្រសិន​បើ​យើងត្រូវ​ជឿ​ថា​ ពួក​គេ​ពិត​ជា​កំពុង​តាម​ប្រមាញ់​រូប​គាត់​នោះ? ខ្ញុំ​គិត​ថា ចម្លើយ​ចំពោះ​សំណួរ​នោះ គឺ​គ្មានទេ»។

ISI ត្រូវ​បាន​ចោទ​ប្រកាន់​ជា​រឿយៗ​ពី​បទ​ជួយ​ឧបត្ថម្ភ​គាំទ្រ​ដល់​ក្រុម​សកម្ម​ប្រយុទ្ធ​មួយ​ចំនួន ពោល​គឺ​ក្រុម​តាលីបាន​នៅ​ប្រទេស​អាហ្វហ្កានីស្ថាន និង​ក្រុម​បំបែក​ខ្លួន​នៅ​តំបន់​កាស្មៀ (Kashmir) មាន​ដូច​ជា ឡាស្កាអ៊ីតៃបា (Lashkar-i-Taiba)។ ប្រទេស​ប៉ាគីស្ថាន បាន​បដិសេធ​ជា​ញឹក​ញាប់ ចំពោះ​ការចោទ​ប្រកាន់​នោះ​ដែរ។

តែ​ទោះ​យ៉ាង​ណា លោក ប្រាយអិន ខ្លូវឡេ (Brian Cloughley) មន្ត្រី​កងទ័ព​អូស្ត្រាលី​ចូល​និវត្តន៍ ដែល​ធ្លាប់​បម្រើ​ការងារ​ជាអនុព័ន្ធ​យោធា នៅ​ទីក្រុង​អ៊ីស្លាម៉ាបាដ ហើយ​បន្ត​ទាក់​ទង​យ៉ាង​ជិត​ស្និទ្ធជា​មួយ​ក្រុម​យោធា​ប៉ាគីស្ថាន បាន​ថ្លែង​ថា ISI រក្សា​ទំនាក់​ទំនង​ជា​មួយ​ក្រុម​សកម្ម​ប្រយុទ្ធ ដើម្បី​បម្រើឲ្យ​គោល​បំណង​ស៊ើប​ការណ៍​សម្ងាត់។ លោក និយាយ​ថា​ លោកបាន​ទទួល​ព័ត៌មាន​នេះ ដែល​គ្មាន​មក​ពី​ប្រភព​ណាក្រៅ​ពី លោក​ឧត្តម​សេនីយ៍ អាសហ្វាក កាយ៉ានី (Asfaq Kayani) ប្រមុខ​កង​ទ័ព​ប៉ាគីស្ថាន ដែល​ការងារ​ពី​មុន​របស់​លោក គឺ​ជា​នាយក​ទីភ្នាក់ងារចារកម្ម​នោះ​ទេ។

«កិច្ច​ការ​ទាំង​នេះ ផុស​ចេញ​ពី​ការណ៍ពិត​ដែល​ថា ISI ពិត​ជា​បាន​និយាយ​ជា​មួយ​ក្រុម​មនុស្ស​អាក្រក់​ហើយ​ លោក កាយ៉ានី បាន​ប្រាប់​រឿង​នេះ​ដល់​រូប​ខ្ញុំ​ផ្ទាល់ នៅ​ពេលដែល​លោក ជា​អគ្គនាយក​របស់​ ISI។ ឥឡូវ​នេះ រឿង​នេះ​មិន​មែនល្ងង់ខ្លៅ​ពេក​ទេ​។ ​ដូច​លោក កាយ៉ានី បាន​និយាយ​ជាមួយ​ខ្ញុំ​ថា៖ ខ្ញុំពិត​ជា​បាន​ធ្វើ​មែន ដោយ​សារ​ខ្ញុំចង់​ដឹង​ថា​តើ​ពួក​គេ​នៅ​កន្លែង​ណា។ ប្រសិន​បើ​ខ្ញុំ​មិន​និយាយជាមួយ​ពួក​គេ​ទេ ពួក​គេ​នឹង​លាក់​ខ្លួន​បាត់ ហើយ​ខ្ញុំ​នឹង​មិន​ដឹង​ថា​តើ​ពួក​គេ​នៅ​កន្លែង​ណា​នោះ​ឡើយ»។

ប៉ុន្តែ បើ​ទោះ​ជា ISI បាន​ជួយ​ឧបត្ថម្ភ​គាំ​ទ្រ​ដល់​ក្រុម​មួយ​ចំនួន ក៏​មាន​ការសន្មត់​ជា​ទូទៅ​ថា ISI នឹង​មិន​ការ​ពារ​បុរស ដែល​កំពុង​តាម​រក​ចាប់​ខ្លួន​បំផុត​នៅ​ក្នុង​ពិភព​លោកទេ។ តែ​ទោះ​ជា​យ៉ាង​ណា លោក ស្ស៊ូន គ្រេហ្គ័ររី និយាយ​ថា អូសាម៉ា ប៊ីនឡាដិន ដែល​មាន​កំណើត​ជា​ជនជាតិ​អារ៉ាប់ប៊ី សាអូឌីត មាន​អ្នក​ជួយ​គាំ​ទ្រ​ដ៏​មាន​ឥទ្ធិពល នៅ​ក្នុង​ទឹក​ដី​កំណើត​របស់​គាត់។

«អ្នក​មិន​ត្រូវ​មើល​រំលង​ទៅ​លើ​ទំនាក់​ទំនង​រវាង​ជនជាតិ​អារ៉ាប់ប៊ី សាអូឌីត ដែល​មាន​ទ្រព្យ​សម្បត្តិ និង​ឥទ្ធិពល ជាមួយ​ក្រុម​អ្នក​មាន​ទ្រព្យ​សម្បត្តិ និង​ឥទ្ធិពល នៅ​ប៉ាគីស្ថាន ដោយ​រាប់​ទាំង​ក្នុង​ជួរ​យោធា​ផង​ដែរ។ មាន​ខ្សែ​បណ្តាញ និង​ទំនាក់​ទំនង​លួច​លាក់​នៅ​ទី​នេះ ដែល​យើង​មិន​អាច​មើល​ឃើញ​នៅ​តាម​បណ្តាញផ្សព្វ​ផ្សាយ​របស់​លោក​ខាង​លិច ដែល​ជន​ជាតិ​អារ៉ាប់ប៊ី សាអូឌីត បាន​ផ្តល់​ប្រាក់យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់ ទៅ​ឲ្យជនជាតិ​ប៉ាគីស្ថាន ដើម្បី​ធ្វើកិច្ច​ការមួយ​ចំនួន។ តាម​ការយល់​ឃើញ​របស់​ខ្ញុំ គឺ​ថា ឧទាហរណ៍ ដូចក្នុង​ករណី​លោក រ៉េម៉ុន ដេវីស (Raymond Davis) ប្រាក់​សងជម្ងឺចិត្តសម្រាប់​ការសម្លាប់មនុស្ស​ ដែល​ចេញទៅសង​គ្រួសារ​ជនរងគ្រោះ​ គឺបាន​មក​ពី​ជនជាតិអារ៉ាប់ប៊ី សាអូឌីត។ ខ្ញុំ​គិត​ថា មាន​ផល​ប្រយោជន៍យ៉ាងច្រើន​ នៅក្នុង​ប្រទេស​អារ៉ាប់ប៊ី សាអូឌីត ដែល​ចង់​ឲ្យ អូសាម៉ា ប៊ីនឡាដិន មាន​សុវត្ថិភាព»។

លោក ដេវីស គឺ​ជា​បុគ្គលិក​ជាប់​កិច្ចសន្យារបស់​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​សហព័ន្ធ​របស់​អាមេរិក​ហៅថា​CIA ដែល​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ប៉ាគីស្ថាន ពី​បទសម្លាប់​បុរស​ពីរ​នាក់ ដែល​លោកបាន​និយាយ​ថា បុរស​ទាំង​ពីរ​នេះ បាន​ប៉ុង​ប៉ង​ប្លន់​លោក។​ លោក​ត្រូវដោះ​លែង​វិញ​ បន្ទាប់​ពី​ក្រុម​គ្រួសារ​ជន​រង​គ្រោះ ត្រូវ​បាន​សង​សំណង​ក្នុង​ទឹក​ប្រាក់​ចំនួន ២,៤​លាន​ដុល្លារ ពី​ប្រភពសម្ងាត់ ប៉ុន្តែ​រឿង​ក្តី​នេះ​ បន្ត​ធ្វើ​ឲ្យ​ទំនាក់​ទំនង​រវាងសហរដ្ឋអាមេរិក និង​ប៉ាគីស្ថាន ដែល​មាន​ភាពល្អក់​កករ​រួច​ហើយកាន់​តែ​អាក្រក់​ឡើង។

មាន​ការយល់​ឃើញ​ដែល​អាច​ទទួល​យក​បាន ដែល​ថា ប៊ីនឡាដិន ស្ថិត​នៅ​តាម​ផ្នែក​ដាច់​ស្រយាល​ខ្លះ​ ក្នុង​តំបន់​កុលសម្ព័ន្ធ​ នៅ​ប៉ាគីស្ថាន។ លោក ឡារី ហ្គោដសាន់ (Larry Goodson) អ្នកវិភាគ​នៃ​មហា​វិទ្យា​ល័យសង្គ្រាម​នៃ​កងទ័ព​សហរដ្ឋ​អាមេរិក (U.S. Army War College)​ ថ្លែង​ថា លោក មិន​បាន​ដឹង​ទេ​ថា​តើ​ ប៊ីនឡាដិន បានលាក់​ខ្លួន ឬ​ត្រូវ​បានលាក់នៅ​ទីក្រុង​អាប់ប៊ូតតាបាដ​នោះ​ទេ។ ប៉ុន្តែ​លោក បាន​បន្ថែម​ថា បើ​ពិនិត្យ​មើល​ទៅ​លើ​ការណ៍​ពិត​ដែល​ថា យន្ត​ហោះ​គ្មាន​មនុស្ស​បើក​របស់​សហរដ្ឋ​អាមេរិក បាន​តាម​ស្វែង​រក​មេដឹកនាំ​អាល់​កៃដា​នៅ​តាមតំបន់​ខ្ពស់ និង​ទាប ការភៀសមក​នៅ​តំបន់ដែល​គាត់​ត្រូវ​បាន​រក​ឃើញ ហាក់​ដូច​ជា​សម​ហេតុ​ផល​ខ្លាំង​ណាស់។

«ខ្ញុំ​គ្រាន់តែ​ចង់​និយាយ​ថា តើ​គាត់​បាន​លាក់​ខ្លួន ឬ​ត្រូវ​បានលាក់ទុក​ ទីក្រុង​អាប់ប៊ុតតាបាដ​ជួយ​ឲ្យ​គាត់ស្ថិត​នៅ​ឆ្ងាយ​ពី​ព្រំដែន គេច​ចេញ​ពី​ការវាយ​ប្រហារ​យ៉ាង​ងាយ​ស្រួល​ពី​សំណាក់​យន្តហោះ​គ្មាន​មនុស្ស​បើក​ ហើយ​អ្នកណា​ក៏ដោយ​ បាន​ជាប់​ពាក់​ព័ន្ធ​នឹង​ការលាក់​ខ្លួន អាច​តាម​ដាន​មើល​រូប​គាត់យ៉ាងងាយ។ ដូច្នេះ​ហើយ ខ្ញុំ​គិត​ថា គាត់​ត្រូវ​ស្ថិត​នៅ​កន្លែង​ដែល​គាត់​រស់​នៅ​នោះ​ហើយ»។

លោកស្រី លីហ្សា ឃឺធីស (Lisa Curtis) អ្នកសិក្សា​ស្រាវជ្រាវ​ស្តីពី​តំបន់​អាស៊ី​ខាង​ត្បូង (South Asia Research Fellow) នៅ​ឯ​មូល​និធិ​បេតិកភ័ណ្ឌ បាន​និយាយ​ថា ការសាងសង់​ផ្ទះ​មាន​របង​យ៉ាង​រឹង​មាំ ដូច​ជា​ផ្ទះ​របស់​ប៊ីនឡាដិន គួរ​តែ​បានបង្ក​ឲ្យ​មាន​ការមន្ទិល​សង្ស័យ ឬ​យ៉ាង​ហោច​ណាស់ក៏​ ចង់​យល់​ដឹង​ដែរ នៅ​ក្នុង​តំបន់​នោះ ហើយ​គួរ​តែ​ទទួល​បាន​ការចាប់​អារម្មណ៍​ពី​សំណាក់​អាជ្ញា​ធរ។

«រឿង​នោះ​ពិត​ជា​ផ្ទុយ​ពី​ការជឿ​ជាក់​ដែល​ថា ពួក​គេ​មិន​បាន​ដឹង​អ្វី​ច្រើន​អំពី​ថា​តើ​នរណា រស់​នៅ​ក្នុង​ទី​ធ្លា​មួយ​នោះ ហើយ​តើ​ពួកគេ​កំពុង​ធ្វើ​អ្វី​ខ្លះ។ វា​ហាក់​ដូច​ជា​ពិបាក​យល់​ខ្លាំង​ណាស់។ ហើយ​ខ្ញុំ​គិត​ថា អ្វី​ដែល​យើង​អាចនិយាយបាន​នោះ​គឺ​ថា អាជ្ញាធរ មិន​បាន​ផ្តល់​អាទិភាព​ដល់ការតាមប្រមាញ់ ប៊ីនឡាដិន ឬ​ប្រហែល មិន​អើពើ​តែ​ម្តង»។

ប៉ុន្តែ លោក ប្រាយអិន ខ្លូវឡេ បាន​បញ្ជាក់​ថា ទី​ធ្លា​ផ្ទះ​យ៉ាង​ធំ​និង​មាន​ការការ​ពារ​យ៉ាង​រឹងមាំ មិន​មែន​សុទ្ធ​តែ​ងាយ​ឱ្យ​គេ​ចាប់​អារម្មណ៍​ទេ។ តំបន់​នោះ ពោរពេញ​ទៅ​ដោយ​ក្រុមអ្នកមាន​ទ្រព្យ​សម្បត្តិ ដោយ​រាប់​បញ្ចូល​ទាំង​អតីត​ក្រុម​មន្ត្រី​យោធា ដែល​ចង់​បាន​ភាព​ជា​ឯកជន។

«ពួកគេ​មាន​ទីធ្លា​ផ្ទះ​យ៉ាង​ធំ។ ផ្ទះ​តូចៗ​ស្ថិត​នៅ​ខាង​ក្នុង​ទីធ្លា ដែល​មាន​របង​ដ៏​ខ្ពស់។ មនុស្ស​គ្រប់​គ្នា មាន​របង​ខ្ពស់ៗ។ គ្មាន​អ្វី​ពិសេស​ទេ ​ចំពោះ​រឿង​នេះ។​ ហើយ​ជា​ធម្មតា ក្រុមមនុស្ស​ដែល​រស់នៅ​ក្នុងកន្លែង ដូច​ជា ទី​ក្រុង​អាប់ប៊ុតតាបាដ ជា​ក្រុម​មនុស្ស​ដែល​ដក​ខ្លួន​ថយពី​សង្គម។ ពួក​គេ​ជា​ក្រុម​មនុស្ស ដែល​ចូល​និវត្តន៍។​ ពួក​គេ​មិន​ត្រូវ​ការ​ការមករំខាន។ ហើយ​ពួក​គេ​ក៏មិន​ចង់​ជ្រៀត​ជ្រែក​កិច្ចការ​អ្នកដទៃដែរ»។

សវនាការ​របស់​រដ្ឋសភា ​ត្រូវ​បាន​គ្រោង​ធ្វើឡើង​ដើម្បី​ពិនិត្យ​មើលថា​តើ ប៉ាគីស្ថានបាន​ដឹង​អ្វី​ខ្លះ​អំពី​កន្លែងលាក់​ខ្លួន​របស់ អូសាម៉ា ប៊ីនឡាដិន ​ហើយ​សមាជិក​ខ្លះ​នៃ​រដ្ឋសភា បាន​អំពាវនាវ​សុំឲ្យ​មានការវាយ​តម្លៃ​ឡើង​វិញ​ចំពោះ​ជំនួយ​របស់​សហរដ្ឋ​អាមេរិក ទៅ​ឲ្យ​ប្រទេស​ប៉ាគីស្ថាន៕

ប្រែសម្រួល​ដោយ លី សុខឃាង

XS
SM
MD
LG