ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Biden និង លោក Trump ឆ្ពោះទៅកាន់ការប្រកួតប្រជែងគ្នាម្តងទៀតបន្ទាប់ពីជ័យជម្នះ«Super Tuesday»


រូបផ្គុំ៖ ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Joe Biden ដែលជាបេក្ខជននាំមុខនៃគណបក្សប្រជាធិបតេយ្យ និងអតីតប្រធានាធិបតីលោ Donald Trump ដែលជាបេក្ខជននាំមុខនៃគណបក្សសាធារណរដ្ឋ។
រូបផ្គុំ៖ ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Joe Biden ដែលជាបេក្ខជននាំមុខនៃគណបក្សប្រជាធិបតេយ្យ និងអតីតប្រធានាធិបតីលោ Donald Trump ដែលជាបេក្ខជននាំមុខនៃគណបក្សសាធារណរដ្ឋ។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden និង​អតីត​ប្រធានាធិបតី​លោក Donald Trump បាន​ឈានខិត​កាន់តែ​ជិត​ទៅដល់ការប្រកួតប្រជែង​គ្នា​ម្តង​ទៀតនៃ​ការបោះឆ្នោត​ប្រធានាធិបតី​ដូច​ឆ្នាំ​ ២០២០ ​នៅ​ថ្ងៃ​អង្គារ​ម្សិលមិញ​ នៅពេល​ដែល​បេក្ខជន​និមួយៗ​បាន​ឈ្នះ​នៅ​ក្នុង​ការប្រកួត​ប្រជែង​ស្ទើរតែ​ទាំង​អស់​ ដើម្បី​ទទួល​បាន​ការតែងតាំងជាបេក្ខជន​ប្រធានាធិបតី​សម្រាប់​គណបក្ស​រៀងៗខ្លួន ដែល​បាន​ធ្វើ​ឡើង​នៅ​រដ្ឋ​មួយ​ចំនួន នៅ​ទូទាំង​សហរដ្ឋអាមេរិក។

លោក Biden បាន​ឈ្នះ​នៅ​ក្នុង​រដ្ឋ​ចំនួន ១៥ ​ដែល​គណបក្ស​ប្រជាធិបតេយ្យ​បាន​ធ្វើ​ការបោះឆ្នោត​បឋម រួមមាន​នៅ​ក្នុង​រដ្ឋ Virginia​ រដ្ឋ Texas រដ្ឋ ​Minnesota ​និង​រដ្ឋ Colorado។ លោក​បាន​ចាញ់​ការបោះឆ្នោត​បឋម​នៅ​ដែនដី American Samoa។

លោក Trump បាន​ទទួល​ជ័យ​ជម្នះ​នៅ​ក្នុង​រដ្ឋ​ចំនួន ១៤។

ដោយ​មាន​ការប្រឆាំង​តិចតួច​ដែល​លោក​ប្រឈម​នៅ​ក្នុង​ការប្រកួត​ប្រជែង​ខាង​បក្ស​ប្រជាធិបតេយ្យ ​ដែល​ជា​ការធម្មតា​សម្រាប់​ប្រធានាធិបតី​កំពុង​កាន់​តំណែង លោក Biden បាន​ឆ្ពោះ​ទៅកាន់​ការបោះឆ្នោត​ខែ​វិច្ឆិកា ​ហើយ​បាន​ព្រមាន​ថា ​ការជាប់​ឆ្នោត​មួយ​អាណត្តិ​ទៀត​សម្រាប់​លោក Trump មាន​ន័យ​ថា ជា​អាណត្តិ​ដែល​ត្រូវបាន​កំណត់​ដោយ«ភាព​ច្របូកច្របល់ ការបែកបាក់​ និង​ភាព​ខ្មៅងងឹត»។

លោក Trump ដែល​បាន​ថ្លែង​ទៅកាន់​ក្រុមអ្នក​គាំទ្រ​លោក​នៅ​រដ្ឋ Florida បាន​និយាយ​ថា ​សហរដ្ឋ​អាមេរិក​«បាន​រងគ្រោះ​យ៉ាង​ធ្ងន់ធ្ងរ» ក្នុង​រយៈពេល ៣ ឆ្នាំ​កន្លង​មក​នេះ ​នៅពេល​ដែល​លោក​បាន​ស្តី​បន្ទោស​ចំពោះ​ចំណាត់ការ​សេដ្ឋកិច្ច​និង​អន្តោប្រវេសន៍​របស់​លោក Biden។

ជ័យ​ជម្នះ​របស់​លោក Trump កាលពី​ថ្ងៃ​អង្គា រ​រួមមាន​ការប្រកួតប្រជែង​នៅ​ក្នុង​រដ្ឋCalifornia រដ្ឋ Colorado រដ្ឋ Maine រដ្ឋ Minnesota រដ្ឋ North Carolina និង​រដ្ឋ Texas។

អតីត​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំនៅ​អង្គការ​សហប្រជាជាតិ​ លោក​ស្រី Nikki Haley ដែល​ជា​គូប្រជែង​ដ៏​សំខាន់​ចុងក្រោយ​របស់​លោក Trump នៅ​ក្នុង​ការប្រកួត ប្រជែង​របស់​គណបក្ស​សាធារណរដ្ឋ​ បាន​ឈ្នះ​ការបោះឆ្នោត​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ នៅ​ក្នុង​រដ្ឋ Vermont។

ជ័យជម្នះ​របស់​លោក​ស្រី Haley ​គឺ​ជា​លើក​ទី ២ ​ក្នុង​អំឡុង​នៃ​ការតែងតាំង បន្ទាប់ពី​ទទួល​ជ័យ​ជម្នះ​នៅ​ក្នុង​ការបោះឆ្នោត​បឋម​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន ​កាលពី​ថ្ងៃ​អាទិត្យ។

លោកស្រី ​Nikki Haley ​នឹង​ផ្អាក​យុទ្ធនាការ​ប្រធានាធិបតី។ នេះ​បើ​យោង​តាម​មនុស្ស​បី​នាក់​ដែល​ដឹងដោយផ្ទាល់​ពី​ការ​សម្រេច​ចិត្ត​របស់​លោកស្រី។ ការសម្រេចចិត្ត​នៅ​ថ្ងៃពុធ​នេះ​របស់​អតីត​អភិបាល​រដ្ឋ South Carolina ​និង​ជា​អតីត​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​អង្គការ​សហប្រជាជាតិរូបនេះ នឹង​នាំឲ្យ​លោក Donald Trump​ ក្លាយ​ជា​បេក្ខជន​ដ៏​សំខាន់​ចុងក្រោយ​ដែល​នៅសល់​សម្រាប់​ការតែងតាំងបេក្ខជនប្រធានាធិបតីនៃគណបក្ស​សាធារណរដ្ឋ​សម្រាប់​ឆ្នាំ​ ២០២៤៕

ព័ត៌មាន​ខ្លះ​នៃ​សេចក្តី​រាយការណ៍​នេះ​ត្រូវបាន​ដកស្រង់​ពី​ទីភ្នាក់ងារ​សារព័ត៌មាន AP និង Reuters

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG