ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Bidenនិង​លោកTrump ប៉ះសម្តី​គ្នា​​ពេលជជែក​ដេញដោល​លើក​ដំបូង​ក្នុង​ឆ្នាំ ២០២៤


លោកប្រធានាធិបតី​ Joe Biden(ឆ្វេង) និង​បេក្ខជន​ប្រធានាធិបតី​នៃបក្ស​សាធារណរដ្ឋ​លោក Donald Trump​ (ស្តាំ) ឈរ​អំឡុង​ពេលសម្រាកក្នុង​ការ​ជជែក​ដេញដោល​គ្នាមួយ​ដែល​រៀបចំ​ដោយ CNN កាលពីថ្ងៃព្រហស្បត្តិ៍​ទី​២៧ មិថុនា ឆ្នាំ២០២៤ ក្នុង​ទីក្រុង Atlanta។
លោកប្រធានាធិបតី​ Joe Biden(ឆ្វេង) និង​បេក្ខជន​ប្រធានាធិបតី​នៃបក្ស​សាធារណរដ្ឋ​លោក Donald Trump​ (ស្តាំ) ឈរ​អំឡុង​ពេលសម្រាកក្នុង​ការ​ជជែក​ដេញដោល​គ្នាមួយ​ដែល​រៀបចំ​ដោយ CNN កាលពីថ្ងៃព្រហស្បត្តិ៍​ទី​២៧ មិថុនា ឆ្នាំ២០២៤ ក្នុង​ទីក្រុង Atlanta។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោកJoe Bidenនិង​អតីត​ប្រធានាធិបតី​លោកDonald Trumpប៉ះ​សម្តី​គ្នា​តាំងពី​ចាប់ផ្តើម​ជជែក​ដេញដោល​គ្នា​នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍ ដោយ​តតាំង​គ្នា​យ៉ាង​ក្លៀវក្លា​អំពី​បញ្ហា​សេដ្ឋកិច្ច​អាមេរិក ការបរទេស​និងចំណាកស្រុក​ពី​ព្រំ ដែន​ម៉ិកស៊ិក​ចូល​ក្នុង​សហរដ្ឋ​អាមេរិក។

លោក Trumpបាន​ប្រាប់​ទស្សនិកជន​ដែល​មើល​តាម​ការ​ផ្សាយ​ទូទាំង​ប្រទេស​ចេញ​ពី​វេទិកា​ជជែក​ដេញដោល​គ្នា​នៅ​ទីស្នាក់ការ​ធំ​របស់​បណ្តាញ​ទូរទស្សន៍ CNNក្នុង​ក្រុង Atlantaថា«យើង​ដូច​ប្រទេស​ក្រីក្រ​អ៊ីចឹង។ នេះ​ជា​រឿង​គួរ​ឲ្យ​អាម៉ាស់»។

លោក Trump បាន​ថ្លែង​ដោយ​ស្តី​បន្ទោស​លោក Bidenថា«​គេ​លែង​គោរព​យើង​ទៀត​ហើយ។ គេ​គិត​ថា​យើង​ល្ងង់»។

លោកBidenបក​ទៅ​វិញ​ដោយ​សម្លឹង​មើល​លោកTrumpថា«នេះ​ជា​ប្រធានាធិបតី​អាក្រក់​ជាង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​អាមេរិក»ដោយ​លើក​អំណះអំណាង​តាម​ប្រវត្តិវិទូ​មួយ​ក្រុម​ដែល​កាល​ពី​ដើម​ឆ្នាំ​នេះ ​បាន​ដាក់​ចំណាត់ថ្នាក់​ឱ្យ​លោក Trumpនៅ​ចុង​គេ​ក្នុង​ចំណោម​ប្រធានាធិបតី​ទាំង​៤៦​រូប​របស់​អាមេរិក។លោកBidenថ្លែង​ថា​«ជន​នេះ គ្មាន​ដឹង​អី​អំពី​ប្រជាធិបតេយ្យ​អាមេរិកាំង​ទេ»។

លោកTrumpដែល​ជា​រឿយៗ ក្លៀវក្លា​ក្នុង​ការជជែក​ដេញដោល​គ្នា​ជាមួយ​លោក Biden ដែល​មាន​សំឡេង​ស្អក​និង​និយាយ​ទាក់ៗ បាន​តប​ទៅ​វិញ​ដោយ​និយាយ​ថា​លោក Bidenជា​ប្រធានាធិបតី​អន់​ជាង​គេ។ លោក​ទាំង​ពីរ ចោទ​គ្នា​ទៅវិញ​ទៅ​មក​ថា​និយាយ​កុហក។ការស្ទង់មតិរបស់ CNNភ្លាមៗ​ក្រោយ​ការជជែក​ដេញដោល​គ្នា​នោះ​បង្ហាញ​ថា​លោក Trumpឈ្នះ​ការជជែក​ដេញ​ដោល​នោះ​ដោយ​សំឡេង​៦៧​ទល់​នឹង​៣៣​ភាគរយ។ អ្នក​ប្រជាធិបតេយ្យ​ខ្លះ ក៏​បាន​សម្តែង​ការ​ភ្ញាក់ផ្អើល​ចំពោះ​លទ្ធផល​របស់​លោក Bidenដែរ។

លោកTrumpម្តងហើយម្តង​ទៀត​បាន​ភ្ជាប់​បញ្ហា​របស់​អាមេរិក​ទៅ​នឹង​ការហូរ​ចូល​ជន​ចំណាកស្រុក​តាម​ព្រំដែន​អាមេរិក​ប៉ែក​ខាង​ត្បូង​ជាប់​ម៉ិកស៊ិក ដោយ​និយាយ​ថា​ជន​ចំណាកស្រុក​ទាំង​នោះ ធ្វើ​ឲ្យ​ប៉ះពាល់​សេដ្ឋកិច្ច​អាមេរិក​ដែល​ធំជាង​គេ​ក្នុង​ពិភពលោក ហើយ​ដណ្តើម​ការងារ​ពី​ពលរដ្ឋ​អាមេរិកាំង។

លោកTrumpបាន​អួត​អំពី​អាណត្តិ​របស់​លោក​ឆ្នាំ​២០១៧​ដល់​២០២១​ថា​«យើង​មាន​ព្រំដែន​ដែល​មាន​សុវត្ថិភាព​ជាង​គេ​ក្នុង​ពិភពលោក»។ លោក​ថា​«ឥឡូវ​នេះ វា​ជា​កន្លែង​ដែល​មាន​គ្រោះ​ថ្នាក់​បំផុត​ក្នុង​ពិភពលោក»។

លោកBiden តប​វិញ​ថា​«លោក​Trump បំផ្លើស និង​និយាយ​កុហក» ដោយ​កត់​សម្គាល់​ថា​ឥឡូវ​ជន​ចំណាកស្រុក​ឆ្លង​ចូល​ព្រំដែន​មាន​ចំនួន​តិច​ជាង​មុន​៤០​ភាគរយ​ចាប់តាំង​ពី​លោក​បាន​ដាក់​កំហិត​យ៉ាង​តឹងរឹង​កាល​ពី​ពេល​ថ្មីៗ​នេះ៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG