ប្រធានាធិបតីសហរដ្ឋអាមេរិក លោកJoe Biden គ្រោងនឹងបង្ហាញសំណើថវិការបស់លោកសម្រាប់ឆ្នាំសារពើពន្ធ២០២៤ ក្នុងអំឡុងពេលទស្សនកិច្ចនៅថ្ងៃព្រហស្បតិ៍នេះទៅកាន់រដ្ឋ Pennsylvania ។
សេតវិមានបាននិយាយមុនព្រឹត្តិការណ៍នៅទីក្រុង Philadelphia ថា៖ «លោកប្រធានាធិបតីនឹងថ្លែងសុន្ទរកថាអំពីផែនការរបស់លោកក្នុងការវិនិយោគនៅអាមេរិក បន្តកាត់បន្ថយការចំណាយសម្រាប់គ្រួសារ ការពារ និងពង្រឹងសន្តិសុខសង្គម និង Medicare កាត់បន្ថយឱនភាព និងបញ្ហាជាច្រើនទៀត» ។
ផ្នែកមួយនៃសំណើរបស់លោក Biden គឺដំឡើងពន្ធលើអ្នកមាន ដើម្បីជួយចំណាយលើផែនការនេះ។
សេតវិមានបានប្រកាសរួចហើយថាផ្នែកនៃសំណើថវិការួមមានការដំឡើងពន្ធ Medicare សម្រាប់អ្នកមានប្រាក់ចំណូលលើសពី៤០០.០០០ដុល្លារ ក្នុងមួយឆ្នាំ និងអនុញ្ញាតឱ្យ Medicare ចរចាតម្លៃប្រសើរជាងមុនសម្រាប់ថ្នាំតាមវេជ្ជបញ្ជា ដើម្បីជំរុញកម្មវិធីធានារ៉ាប់រងសុខភាពសហព័ន្ធសម្រាប់ពលរដ្ឋអាមេរិកាំងវ័យចំណាស់ និងជនពិការមួយចំនួន។
គណបក្សសាធារណរដ្ឋនៅក្នុងសភាបានសម្តែងការប្រឆាំងទៅនឹងផែនការ Medicare របស់ប្រធានាធិបតី ដោយមេដឹកនាំសំឡេងភាគតិចព្រឹទ្ធសភាលោក Mitch McConnell បានព្យាករណ៍ថា វាមិនមានឱកាសអនុម័តនៅក្នុងសភាតំណាងរាស្រ្តដែលគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋនោះទេ៕
(ព័ត៌មានមួយចំនួនសម្រាប់របាយការណ៍នេះបានមកពី ទីភ្នាក់ងារសារព័ត៌មានThe Associated Press និង Reuters)