ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Biden នឹង​អាន​វិយោគថា​ជីវប្រវត្តិ​​របស់​លោកស្រី Madeleine Albright នៅ​ក្នុង​បុណ្យ​បញ្ចុះ​សព​លោកស្រី


រូប​ឯកសារ៖ អតីត​​រដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋ​អាមេរិក​លោកស្រី Madeleine Albright ថ្លែង​សុន្ទរកថា​ទៅ​កាន់​ហ្វូង​អ្នក​ចូលរួម​​ក្នុង​រូបថត​មិន​មាន​កាល​បរិច្ឆេទ​មួយ។ លោកស្រី​បាន​ទទួល​មរណភាព​កាល​​ពី​ថ្ងៃ​ទី​២៣ ខែ​មីនា ឆ្នាំ​២០២២។ (AP)
រូប​ឯកសារ៖ អតីត​​រដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋ​អាមេរិក​លោកស្រី Madeleine Albright ថ្លែង​សុន្ទរកថា​ទៅ​កាន់​ហ្វូង​អ្នក​ចូលរួម​​ក្នុង​រូបថត​មិន​មាន​កាល​បរិច្ឆេទ​មួយ។ លោកស្រី​បាន​ទទួល​មរណភាព​កាល​​ពី​ថ្ងៃ​ទី​២៣ ខែ​មីនា ឆ្នាំ​២០២២។ (AP)

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក​ Joe Biden នឹង​អាន​វិយោគថាអំពី​ជីវប្រវត្តិ​របស់អតីត​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក​ស្រី Madeleine Albright នៅ​ក្នុង​ពិធី​បុណ្យបញ្ចុះ​សព​របស់​លោកស្រី​នៅ​ថ្ងៃពុធ​នេះ​នៅ​ព្រះវិហារ Washington National Cathedral ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។

ពិធី​បុណ្យ​បញ្ចុះ​សព​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​សម្រាប់​អ្នក​ដែល​មាន​ការអញ្ជើញ​តែប៉ុណ្ណោះ​ ហើយ​ក៏​មាន​ការផ្សាយ​បន្ត​ផ្ទាល់​ផង​ដែរ នៅ​ម៉ោង១១ព្រឹក​ម៉ោង​នៅ​ក្នុងរដ្ឋធានី​វ៉ាស៊ីនតោន។

លោក Biden បាន​សរសេរ​នៅក្នុង​សេចក្តី​ថ្លែងការណ៍​មួយបន្ទាប់​ពី​លោកស្រី Albright បាន​ទទួល​មរណភាព​កាល​ពី​ខែ​មុន​ថា៖ «នៅ​ពេល​ដែល​ខ្ញុំ​គិត​ទៅ​ដល់​លោកស្រី Madeleine ខ្ញុំ​តែងតែ​ចងចាំ​ភក្តីភាព​ដ៏​ក្លៀវក្លា​របស់​លោកស្រី​ដែល​ថា សហរដ្ឋ​អាមេរិក​ជា​ប្រជាជាតិ​មួយ​ដែល​មាន​សារៈសំខាន់​បំផុត»។

អតីត​ប្រធានាធិបតី​អាមេរិក​លោក Bill Clinton និង​អតីត​រដ្ឋមន្ត្រី​ការបរទេស​លោកស្រី Hillary Clinton និង​កូន​ស្រី​ទាំង​បីនាក់​របស់​លោកស្រី Albright ក៏​នឹង​ថ្លែង​សុន្ទករថាផង​ដែរ​នៅ​ក្នុងពិធី​បុណ្យ​បញ្ចុះសព​នោះ។

លោក​ស្រី Albright បាន​ទទួល​មរណភាព​ក្នុង​អាយុ​៨៤ឆ្នាំ។ លោក​ស្រី​ត្រូវ​បាន​តែងតាំង​ដោយ​ប្រធានាធិបតី​អាមេរិកលោក Bill Clinton ក្នុង​ឆ្នាំ១៩៩៧ ជារដ្ឋមន្ត្រី​ការបរទេស​ទី៦៤​របស់​អាមេរិកនិង​បាន​ក្លាយ​ជា​ស្ត្រី​អាមេរិក​លើក​ដំបូង​ដែល​បាន​កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ការបរទេស​នោះ។ មុន​ឡើង​ជា​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក លោក​ស្រី​ធ្លាប់​ធ្វើ​ជា​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅអង្គការ​សហប្រជាជាតិ។

លោក​ស្រី​ជា​ជន​ចំណាក​ស្រុក​មកពី​ក្រុង​ប្រាក​ប្រទេស​ឆេកូស្លូវ៉ាគី។ លោក​ស្រី​បាន​ជួយ​កាច់ចង្កូត​គោលនយោបាយ​ការបរទេស​របស់​ប្រទេស​លោក​ខាង​លិច​នៅ​ក្រោយ​សម័យសង្គ្រាម​ត្រជាក់​ក៏​ដូច​ជា​ការជួយ​លើកស្ទួយ​សិទ្ធិមនុស្ស​និង​លិទ្ធិប្រជាធិបតេយ្យ​នៅ​ជុំវិញ​ពិភពលោក​ផង​ដែរ។

ក្នុង​អំឡុង​នៃ​កិច្ចសម្ភាសន៍​ជាមួយ​កម្មវិធី ​«PBS NewsHour» ​កាល​ពី​ខែ​មុន អតីត​ប្រធានាធិបតី​លោក Clinton បាន​និយាយ​ថា លោក​ស្រី Albright «តំណាង​ឱ្យ​អនាគត​ដ៏​ត្រចះត្រចង់​របស់​ប្រទេស​អាមេរិក»។

លោក Clinton បាន​បញ្ជាក់​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា ការស្លាប់​របស់​លោក​ស្រី​ជា​ «ការបាត់បង់​ដ៏​ធំ​សម្បើម​របស់​ពិភពលោក​នៅពេល​ដែល​យើង​ត្រូវការ​មេរៀន​អំពី​ជីវិត​ដ៏​ខ្លាំង​របស់​លោកស្រី»៕

XS
SM
MD
LG