ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden គ្រោងនឹងចេញបទបញ្ជានីតិប្រតិបត្តិពាក់ព័ន្ធនឹងការថែទាំសុខភាពនៅថ្ងៃព្រហស្បតិ៍ម៉ោងក្នុងសហរដ្ឋអាមេរិក ដែលរួមមានទាំងការបង្កើតរយៈពេលចុះឈ្មោះពិសេសសម្រាប់ការធានារ៉ាប់រងសុខភាព ដែលអាចជួយដល់អ្នកដែលបានបាត់បង់ការធារារ៉ាប់រងសុខភាពក្នុងអំឡុងពេលនៃការរាតត្បាតជាសាកលនៃជំងឺកូវីដ១៩ផងដែរ។
ការទទួលបានការធានារ៉ាប់រងសុខភាពតាមរយៈកន្លែងធ្វើការគឺជាមធ្យោបាយជាទូទៅមួយសម្រាប់ពលរដ្ឋអាមេរិកក្នុងការទទួលបានការថែទាំសុខភាព ប៉ុន្តែដោយសារតែការរាតត្បាតជាសាកលនៃ ជំងឺកូវីដ១៩ ធ្វើឲ្យពលរដ្ឋជាច្រើនបាត់បង់ការងារដូច្នេះហើយធ្វើឲ្យតួលេខអ្នកគ្មានការធារារ៉ាប់រងសុខភាពកើនឡើង។
បទបញ្ជានីតិប្រតិបត្តិរបស់លោកប្រធានាធិបតីBidenនឹងអនុញ្ញាតឲ្យមានរយៈពេលពិសេសបីខែសម្រាប់ចុះឈ្មោះទទួលការធានារ៉ាប់រងសុខភាពដែលបង្កើតឡើងក្រោមច្បាប់ថែទាំសុខភាពក្នុងតម្លៃសមរម្យAffordable Care Act ដែលគេស្គាល់ជាទូទៅថា Obamacare។ ច្បាប់នេះត្រូវបានបង្កើតឡើងកាលពីឆ្នាំ ២០១០ នៅពេលដែលលោក Biden នៅជាអនុប្រធានាធិបតីនៅឡើយ។
ជាទូទៅកម្មវិធីនេះដាក់ឲ្យពលរដ្ឋចុះឈ្មោះត្រឹមតែរយៈពេល ៦សប្ដាហ៍ប៉ុណ្ណោះក្នុងមួយឆ្នាំ។
សេតវិមានបានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយនៅមុនការចុះហត្ថលេខាលើបទបញ្ជានេះថា៖ «ខណៈដែលយើងបន្ដប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ វារឹតតែសំខាន់ដែលពលរដ្ឋអាមេរិកទទួលបានការធានារ៉ាប់រងសុខភាពដែលមានតម្លៃសមរម្យ»។
បទបញ្ជានីតិប្រតិបត្តិនេះក៏នឹងណែនាំដល់ទីភ្នាក់ងារសហព័ន្ធដើម្បីពិនិត្យមើលឡើងវិញលើគោលនយោបាយរបស់ខ្លួនដែលធ្វើឲ្យប៉ះពាល់ដល់ការការពារកម្មវិធីនេះសម្រាប់អ្នកដែលមានជំងឺជាប់ខ្លួនស្រាប់ដោយរួមទាំងផលប៉ះពាល់បណ្ដាលមកពីជំងឺកូវីដ១៩ផងដែរ៕