ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Biden ថ្លែងថា​លោក​«ប្រគល់​ឲ្យ​អ្នកបន្ត​វេន»​ដើម្បី​បង្រួបបង្រួម​ជាតិ


ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Joe Biden ​ថ្លែង​សុន្ទរកថា​ទៅកាន់​ប្រជាជាតិ​អំពី​ការ​សម្រេច​ចិត្ត​របស់​លោក​ក្នុង​ការ​មិន​ស្វែង​រក​ការ​បោះ​ឆ្នោត​ឡើង​វិញ​ឭ នៅ​សេតវិមាន​ក្នុង​រដ្ឋធានី​វ៉ស៊ីនតោន ​ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤។
ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Joe Biden ​ថ្លែង​សុន្ទរកថា​ទៅកាន់​ប្រជាជាតិ​អំពី​ការ​សម្រេច​ចិត្ត​របស់​លោក​ក្នុង​ការ​មិន​ស្វែង​រក​ការ​បោះ​ឆ្នោត​ឡើង​វិញ​ឭ នៅ​សេតវិមាន​ក្នុង​រដ្ឋធានី​វ៉ស៊ីនតោន ​ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤។

លោក​ប្រធានាធិបតី​ Joe Biden ​បាន​និយាយ​កាលពី​ថ្ងៃពុធ​ថា ​លោក​«កំពុង​ប្រគល់​ឲ្យ​អ្នក​បន្ត​វេន​ជំនាន់​ថ្មី»​ ខណៈដែល​លោក​ពន្យល់​ពី​ការចាកចេញ​ភ្លាមៗ​របស់​លោក​ពី​ការ​ឈរ​ឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី​ឆ្នាំ​២០២៤​ ដល់​ពលរដ្ឋ​អាមេរិកាំង​ជាលើក​ដំបូង​នៅយប់​ថ្ងៃពុធ​ ពី​ការិយាល័យ​សេតវិមាន។ នេះ​ជា​ការបញ្ចប់​ជីវិត​នយោបាយ​ជាង​៥០​ឆ្នាំរបស់​លោក​ផងដែរ។

លោក ​Biden ​បាន​ថ្លែង​ថា៖​ «ខ្ញុំ​គោរព​ការិយាល័យ​នេះ។ ​ប៉ុន្តែ​ខ្ញុំ​ស្រឡាញ់​ប្រទេស​របស់ខ្ញុំ​ច្រើន​ជាង​»។

លោក ​Biden ​ដែល​មាន​វ័យ​៨១​ ឆ្នាំ​បាន​ច្រាន​ចោល​សម្ពាធ​ជាច្រើន​សប្តាហ៍​ពី​គណបក្ស​ប្រជាធិបតេយ្យ​ឱ្យ​ដើរ​ចេញ​បន្ទាប់ពី​ការជជែក​ដេញដោល​ដ៏​មហន្តរាយ​នៅ​ថ្ងៃទី២៧​ ខែមិថុនា​ដោយមាន​ពេល​មួយ​នោះ​លោក​បាន​និយាយថា​មានតែ «ព្រះ​អម្ចាស់​ដ៏​មាន​មហិទ្ធិឫទ្ធិ»​ ប៉ុណ្ណោះ​ដែល​អាច​បញ្ចុះ​បញ្ចូល​លោក​ឲ្យ​ចាក​ចេញ​បាន។​

លោក​Biden ​បាន​ថ្លែង​ថា៖ «ខ្ញុំ​បាន​សម្រេច​ចិត្ត​ថា ​មធ្យោបាយ​ដ៏​ល្អ​បំផុត​ឆ្ពោះ​ទៅមុខ​ គឺ​ការ​ប្រគល់​ឲ្យ​អ្នក​បន្ត​វេន​ជំនាន់​ថ្មី។ នោះ​ជា​មធ្យោបាយ​ដ៏​ល្អ​បំផុត​ក្នុង​ការ​បង្រួបបង្រួម​ប្រទេស​ជាតិ​របស់​យើង»។

លោក Biden ​បាន​ធ្វើការ​សម្រេចចិត្ត​បន្ទាប់ពីការពិចារណា​យ៉ាងលំបាកអស់ពេល​ជាច្រើន​ថ្ងៃ​ និង​ការឈឺចាប់​ចំពោះ​ការស្ទង់​មតិ​ផ្ទៃក្នុង​ដែល​ព្យាករណ៍​ថា​លោក​អាច​ចាញ់​លោក Donald Trump​ មកពី​គណបក្ស​សាធារណរដ្ឋ​នៅក្នុង​ខែវិច្ឆិកា​ ហើយ​ទាញ​សមាជិក​បក្ស​ប្រជាធិបតេយ្យ​ឲ្យ​ធ្លាក់​ទៅ​ជាមួយ។

លោក Biden ​បាន​បន្ថែម​ថា​៖ «រឿង​ដ៏​អស្ចារ្យ​របស់​អាមេរិក​គឺ​នៅ​ត្រង់​ថាស្តេច​ និង​ជនផ្តាច់ការ​មិន​អាច​ដឹកនាំបាន​ទេ។ ​ពលរដ្ឋ​ជា​អ្នកដឹកនាំ​។ ប្រវត្តិសាស្ត្រ​គឺ​នៅក្នុង​ដៃ​របស់​អ្នក។ អំណាច​គឺ​នៅក្នុង​ដៃ​របស់​អ្នក។ គំនិត​របស់​អាមេរិក​គឺ​ស្ថិត​នៅក្នុង​ដៃ​របស់​អ្នក»។

នេះជា​ការថ្លែង​សុន្ទរកថា​ជា​សាធារណៈ​លើក​ដំបូង​របស់​លោក Biden​ ចាប់តាំងពី​លោក​បាន​ប្រកាស​កាលពី​ថ្ងៃអាទិត្យ​តាម​រយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ថា​លោក​បាន​សម្រេចចិត្ត​មិន​ឈរឈ្មោះ​បោះឆ្នោត​ឡើង​វិញ​នៅ​ថ្ងៃ​ទី៥​ ខែវិច្ឆិកា។

លោក​ប្រធានាធិបតី Joe Biden ត្រូវ​បាន​គេ​មើល​ឃើញ​នៅ​លើអេក្រង់​ក្នុង​បន្ទប់​សន្និសីទ​សារព័ត៌មាន​នៃ​សេតវិមាន​ ខណៈ​លោកថ្លែង​សុន្ទរកថា​ទៅកាន់​ប្រជាជាតិ ​អំពី​ការ​សម្រេច​ចិត្ត​របស់​លោក​ក្នុង​ការ​មិន​ស្វែង​រក​ការ​បោះ​ឆ្នោត​ឡើង​វិញ​ នៅ​រដ្ឋធានី​វ៉ស៊ីនតោន ​ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤។
លោក​ប្រធានាធិបតី Joe Biden ត្រូវ​បាន​គេ​មើល​ឃើញ​នៅ​លើអេក្រង់​ក្នុង​បន្ទប់​សន្និសីទ​សារព័ត៌មាន​នៃ​សេតវិមាន​ ខណៈ​លោកថ្លែង​សុន្ទរកថា​ទៅកាន់​ប្រជាជាតិ ​អំពី​ការ​សម្រេច​ចិត្ត​របស់​លោក​ក្នុង​ការ​មិន​ស្វែង​រក​ការ​បោះ​ឆ្នោត​ឡើង​វិញ​ នៅ​រដ្ឋធានី​វ៉ស៊ីនតោន ​ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤។

លោក​Biden​ គឺជា​ប្រធានាធិបតី​ដែល​កំពុង​កាន់​អំណាច​ដំបូងគេ​ដែល​មិន​ឈរ​ឈ្មោះ​បោះឆ្នោត​ឡើងវិញ​ចាប់តាំង​ពី​ឆ្នាំ​១៩៦៨​មក​ នៅពេល​ដែល​លោក​ Lyndon Johnson​ ដែល​រង​ការរិះគន់​ចំពោះ​ការចាត់ចែង​សង្រ្គាម​វៀតណាម​បាន​ដកខ្លួន​ចេញពី​យុទ្ធនាការ​ភ្លាមៗ​នៅ​ថ្ងៃទី​៣១​ ខែមីនា។

លោក Biden ​ក៏​ចូលរួម​ជាមួយ​លោក James K. Polk ​លោក​James Buchanan លោក​Rutherford B. Hayes ​ លោក​Calvin Coolidge និង លោក​Harry Truman ដែល​ជា​ប្រធានាធិបតី​ ដែល​បាន​សម្រេចចិត្ត​មិន​ឈរ​ឈ្មោះ​សម្រាប់​អាណត្តិ​ទីពីរ។

លោក Biden​ បាន​ប្រឈមមុខ​នឹង​ការអំពាវនាវ​ឱ្យ​ចាកចេញ​បន្ទាប់ពី​ការជជែក​ដេញដោល​មិន​បាន​ល្អនឹង​លោក​ Trump ​ហើយ​បាន​នាំ​ឲ្យ​មាន​សំណួរ​ដ៏គួរ​ឱ្យ​ព្រួយ​បារម្ភ​អំពី​បញ្ហា​ស្មារតី​របស់​លោក។

ទោះបីជា​យ៉ាងណា​ក៏ដោយ ​ចាប់តាំងពី​លោក​បាន​ប្រកាស​ឈប់​ឈរ​ឈ្មោះ​មក​ គណបក្ស​ប្រជាធិបតេយ្យ​បាន​ប្រមូលផ្តុំគ្នា​ជុំវិញ​លោក ​ដោយ​គោរព​ចំពោះ​ចរិត​លក្ខណៈ​ និង​ស្នាដៃ​ការងារ​របស់​លោក​ជា​ប្រធានាធិបតី។

បុគ្គលិកមួយហ្វូងបាន​ដើរ​ចូល​ទៅ​ក្នុង​សេតវិមាន​នៅ​ល្ងាច​នោះ​ ដើម្បី​មើល​សុន្ទរកថា​ជាមួយ​គ្នា។ មន្ត្រី​ម្នាក់​បាន​និយាយ​ថា ពិធី​ជប់លៀង​ទទួល​ភ្ញៀវ និង​ទស្សនាត្រូវ​បាន​ប្រារព្ធ​ធ្វើ​នៅ​ទូទាំង​សេតវិមាន។

លោក Biden ​បាន​និយាយ​ថា​ លោក​នឹង​ផ្តោត​លើ​ការងារ​របស់​លោក​ជា​ប្រធានាធិបតី​ក្នុង​រយៈពេល​ប្រាំ​មួយ​ខែ​ដែល​នៅ​សេសសល់។ លោក​នឹង​ជួប​ជាមួយ​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក​ Benjamin Netanyahu​ នៅ​ថ្ងៃព្រហស្បតិ៍​អំពី​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​ចរចា​បទឈប់បាញ់​នៅ​តំបន់​ហ្កាហ្សា។

នេះជា​លើក​ទីបួន​ហើយ​ដែល​លោក Biden ​បាន​ប្រើប្រាស់​ការរៀបចំ​ជាផ្លូវការ​នៃ​ការិយាល័យ​សេតវិមាន​ ចាប់តាំងពី​ចូល​កាន់តំណែង​ក្នុង​ឆ្នាំ​២០២១។ សុន្ទរកថា​នា​ពេល​ថ្មីៗ​នេះរបស់​លោកនៅ​ការិយាល័យ​សេតវិមាន​ធ្វើ​ឡើង​កាលពី​ថ្ងៃទី​១៥​ ខែកក្កដា​ នៅពេលដែល​លោក​បាន​ជំរុញ​ឱ្យ​ពលរដ្ឋ​អាមេរិកាំង​បន្ថយ​វោហាសាស្ត្រ​នយោបាយ​បន្ទាប់ពី​ការប៉ុនប៉ង​ធ្វើឃាត​លោក Trump ។

អាជីព​នយោបាយ​របស់​លោក Biden​ បាន​ចាប់ផ្តើម​នៅពេល​ដែល​លោក​បាន​ជាប់ឆ្នោត​ជា​សមាជិក​ព្រឹទ្ធសភា​ក្នុង​ឆ្នាំ​១៩៧២​ នៅ​អាយុ២៩​ ឆ្នាំ ​ហើយ​បាន​ក្លាយជា​សមាជិក​ព្រឹទ្ធសភា​វ័យក្មេង​បំផុត​ទី​៦​ របស់​សហរដ្ឋ​អាមេរិក។ លោក​នឹង​បញ្ចប់​អាណត្តិ​សេតវិមាន​របស់​លោក​នៅ​ថ្ងៃទី​២០​ ខែមករា ​ឆ្នាំ២០២៥​ ក្នុង​នាមជា​ប្រធានាធិបតី​អាមេរិក​ដែល​មាន​វ័យចំណាស់​ជាងគេ​ ​ដែល​នៅពេល​នោះលោក​នឹង​មាន​អាយុ ​៨២​ ឆ្នាំ។

លោក Biden ​បាន​ថ្លែង​ថា៖ «ការការពារ​លទ្ធិ​ប្រជាធិបតេយ្យ​គឺ​សំខាន់​ជាង​តួនាទី​ណាទាំង​អស់។ ខ្ញុំ​ស្រូប​បាន​កម្លាំង​ និង​ស្វែងរក​ភាពរីករាយ​ក្នុង​ការធ្វើការ​បម្រើពលរដ្ឋ​អាមេរិកាំង។ ប៉ុន្តែ​កិច្ចការ​ដ៏​ពិសិដ្ឋ​នៃ​ការ​ធ្វើឲ្យ​សហព័ន្ធរបស់​យើង​មាន​ភាព​ល្អឥតខ្ចោះ​នេះ ​គឺ​មិន​មែន​ដើម្បីខ្ញុំ​ទេ។ វា​គឺ​ដើម្បី​អ្នកទាំង​អស់​គ្នា។ គ្រួសារ​របស់​អ្នក​ទាំង​អស់​គ្នា​។ អនាគត​របស់​អ្នក។ វា​ស្រប​តាម​ពាក្យ​ថា៖​«យើង​ជា​ប្រជា​ពលរដ្ឋ» ។

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG