ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Biden ច្រាន​ចោល​ការ​អំពាវនាវ​ឱ្យ​លោក​ចាកចេញ​ពី​ការ​ប្រកួតកាន់តំណែង​មួយ​អាណត្តិ​ទៀត


ប្រធានាធិបតីសហរដ្ឋអាមេរិក​លោក Joe Biden ថ្លែងនៅក្នុង​សន្និសីទសារព័ត៌មាន​មួយ នៅ​រដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤។
ប្រធានាធិបតីសហរដ្ឋអាមេរិក​លោក Joe Biden ថ្លែងនៅក្នុង​សន្និសីទសារព័ត៌មាន​មួយ នៅ​រដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤។

នៅឯ​សន្និសីទ​សារព័ត៌មានជា​លើក​ទី ១ ​របស់​លោក​នៅ​ក្នុង​រយៈពេល​ ៨ ​ខែ ​ប្រធានា ធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden ​បាន​ចំណាយ​ពេល​ជិត​ ១ ​ម៉ោង ​ដើម្បី​ឆ្លើយតប​ទៅនឹង​សំណួរ​អំពី​ចលនា​កើនឡើង​នៅ​ក្នុង​គណបក្ស​ប្រជាធិបតេយ្យ​របស់​លោក​ផ្ទាល់ ដែលទាមទារឱ្យ​លោក​ចុះចេញពី​ការ​ប្រកួត​យក​តំណែង​ប្រធានាធិបតី​មួយ​អាណត្តិទៀត ​ពីព្រោះតែ​ការព្រួយបារម្ភ​ថា ​ការចងចាំរបស់​លោក​ធ្លាក់ចុះ។

លោក​ប្រធានាធិបតី ​Biden ​មាន​ប្រសាសន៍​ថា៖ ​«ខ្ញុំ​បាន​ធ្វើ​ការពិនិត្យ​ប្រសាទសាស្ត្រ​ ៣​ លើក ​ហើយ​កាលពី​ពេល​ចុងក្រោយ​នេះ​ គឺ​នៅ​ខែ​កុម្ភៈ។ ការពិនិត្យ​នេះ​ប្រាប់​ឱ្យ​ដឹង​ថា ខ្ញុំ​មាន​សុខភាព​ល្អ»។

លោក​ប្រធានាធិបតី​បន្ថែម​ទៀត​ថា ​ប្រសិនបើ​វេជ្ជបណ្ឌិត​ណា​មួយ ​«គិត​ថា​ខ្ញុំ​ត្រូវ​ពិនិត្យ​ប្រសាទសាស្ត្រ​ម្តងទៀត។ ខ្ញុំ​នឹង​ធ្វើ​ការពិនិត្យ​ម្តង​ទៀត»។

លោក Biden​ ដែល​មាន​អាយុ​ ៨១ ​ឆ្នាំ ​នៅ​តែ​បន្ត​និយាយ​ថា​ «អាយុ​កាន់តែ​ចាស់​កាន់តែ​ឆ្លាត»​ ហើយ​លោក​អាច​ដោះស្រាយ​ភាពតានតឹង​នៃ​ការងារ​សម្រាប់​មួយ​អាណត្តិ​ទៀត។

អ្នកសារព័ត៌មាន​បាន​សួរ​លោក​ប្រធានាធិបតី​អំពី​អ្វី​ដែល​កើត​មាន​ឡើង​ដល់​ការសន្យា​របស់​លោកក្នុង​យុទ្ធនាការ​បោះឆ្នោត​ឆ្នាំ ២០២០ ​ថា ​លោក​គឺ​ជា​បេក្ខជន​ចម្លង​ទៅ​ឱ្យ​អ្នកដឹកនាំ​វ័យក្មេង​របស់​គណបក្ស​ប្រជាធិបតេយ្យ​ ដែល​ត្រូវ​បាន​គេ​បកស្រាយ​នៅពេល​នោះ​ថា ​ជា​ការចង្អុល​បង្ហាញ​ថា​ លោក​នឹង​មិន​ឈរឈ្មោះ​ម្តង​ទៀត​នៅ​ឆ្នាំ ២០២៤ ​នេះ​ទេ។

លោក Biden ​បាន​ឆ្លើយ​ថា៖ ​«អ្វី​ដែល​បាន​ផ្លាស់ប្តូរ​នោះ​គឺ​ស្ថានភាព​ធ្ងន់ធ្ងរ​ដែល​ខ្ញុំ​បាន​ទទួល ​គឺ​សេដ្ឋកិច្ច ​គោលនយោបាយ​ការបរទេស​របស់​យើង ​និង​ការបែកបាក់​នៅ​ក្នុង​ប្រទេស»។

លោក​ក៏​បាន​មាន​ប្រសាសន៍​ដែរ​ថា ​ប្រសិនបើ​អតីត​ប្រធានាធិបតី​លោក​ Donald Trump ​វិលត្រឡប់​ទៅ​កាន់​សេតវិមាន​សម្រាប់​អាណត្តិ​ទី ២ ​នោះ​លទ្ធិ​ប្រជាធិបតេយ្យ​របស់​អាមេរិក​នឹង​ប្រឈមគ្រោះថ្នាក់។

នៅ​ក្នុង​ការឆ្លើយតប​ទៅនឹង​សំណួរ​មកពីក្រុមអ្នក​យកព័ត៌មាន​រាប់​សិប​នាក់ លោក Biden ​បាន​សរសើរ​ការសម្រេច​ជោគជ័យ​របស់​លោក​ នៅ​ក្នុង​ការដោះស្រាយ​វិបត្តិ​បរទេស​និង​សេដ្ឋកិច្ច។ ក៏ប៉ុន្តែ ​អ្វី​ដែល​នឹង​នៅតែ​មាន​បញ្ហា​នៅ​ក្នុង​ចំណង​ជើង​សារ ព័ត៌មាន​បន្ទាប់ពី​ការថ្លែងជា​សាធារណៈ​នៅពេល​ថ្មីៗ​បំផុត​របស់​លោក​នា​ពេល​នេះ​ គឺ​ការឆ្លើយតប​របស់​លោក​ចំពោះវិបត្តិ​ធំ​បំផុត​ដែល​លោក​ប្រឈម ដែល​ចេញ​មកពី​គណបក្ស​ផ្ទាល់​របស់​លោក។

នៅពេល​សួរ​ថា​តើ​លោក​នឹង​ស្ថិត​នៅ​ក្នុង​ការប្រកួតប្រជែង​នេះ​ឬទេ ប្រសិន​បើ​ក្រុម​របស់​លោក​បង្ហាញ​ទិន្ន័យដែល​ចង្អុល​បង្ហាញ​ថា​ អនុ​ប្រធានាធិបតី​លោក​ស្រី Kamala Harris មាន​ឱកាស​ប្រសើ​ជាងដើម្បី​ផ្តួល​លោក Trump ​នោះ ​លោក​ប្រធានាធិបតី​បាន​និយាយ​ថា ​លោក​នឹង​ប្រយុទ្ធ ​ប្រសិន​បើក្រុមអ្នក​ជំនួយការ​របស់​លោក​ប្រាប់​លោក​ថា «មិន​មាន​ផ្លូវ​ដែល​យើង​អាច​ឈ្នះ»។ បន្ទាប់មក ​លោក​បាន​និយាយ​ខ្សឹប​ដាក់​មេក្រូ​ថា ​«មិន​មាន​ការស្ទង់​មតិ​ណា​និយាយ​ដូច្នេះ​ទេ»៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG