ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ​Biden បញ្ជាក់​ពី​ការចរចា​លើ​ថ្នាំញៀន​ហ្វេនតាណុល ​បញ្ញា​សិប្បនិម្មិត​ និង​ទំនាក់​ទំនង​យោធា​ក្រោយ​ពី​ប្រជុំ​នឹង​លោក ​Xi


ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden និងប្រធានាធិបតីចិនលោក Xi Jinping ដើរ​ជាមួយ​គ្នា​ក្រោយ​កិច្ចប្រជុំ​មួយ​ក្នុង​អំឡុង​កិច្ចប្រជុំកំពូល APEC នៅក្រុង Woodside ក្នុងរដ្ឋ California កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden និងប្រធានាធិបតីចិនលោក Xi Jinping ដើរ​ជាមួយ​គ្នា​ក្រោយ​កិច្ចប្រជុំ​មួយ​ក្នុង​អំឡុង​កិច្ចប្រជុំកំពូល APEC នៅក្រុង Woodside ក្នុងរដ្ឋ California កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​និយាយ​ថា​ លោក​បាន​ធ្វើ​ឱ្យ«មាន​ជំហាន​វិជ្ជមាន»​ ក្នុង​អំឡុង​នៃ​ជំនួប​ដ៏​តឹងតែងអស់​ជា​ច្រើន​ម៉ោង​ជាមួយ​ប្រធានាធិបតី​ចិន​លោក Xi Jinping កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ។ មេដឹកនាំ​ទាំង​ពីរ​បាន​ព្រមព្រៀង​បង្កើត​ទំនាក់​ទំនង​យោធា​ដែល​បាន​ជាប់គាំង​ឡើង​វិញ ​ធ្វើការ​ជាមួយ​គ្នា​ដើម្បី​វាយ​តម្លៃ​ការ​គំរាម​កំហែង​ដោយ​បញ្ញា​សិប្បនិម្មិត​និង​ធ្វើការ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ការ​រីករាល​ដាលនៃ​ថ្នាំ​ញៀន​ហ្វេនតាណុល។

ទោះ​ជា​យ៉ាង​ណាក៏ដោយ អត្ថាធិប្បាយ​ដោយ​គ្មាន​ការ​ព្រាង​ទុក​របស់​លោក Biden ថា ​លោក​នៅតែ​មើលឃើញ​មេដឹកនាំ​ចិន​ដ៏​មាន​អំណាច​ថា​ ជា«ជន​ផ្តាច់ការ»​ បាន​បង្ហាញ​ថា​ មេដឹកនាំ​ទាំង​ពីរ​នៅ​តែ​ស្ថិត​នៅ​ឆ្ងាយ​ពីគ្នា។

លោក Biden ​បាន​ថ្លែង​នៅ​ក្នុង​ការឆ្លើយតប​ដល់​សំណួរ​ដែល​បាន​ស្រែកសួរ​ដោយ​ក្រុម​អ្នក​កាសែត​នៅ​កន្លែង​ជំនួប​ដែល​បាន​គ្រោងទុក​នៅ​ក្នុង​ទីក្រុងSan Francisco ​ជា​ទីកន្លែង​ដែល​ប្រទេស​មាន​សេដ្ឋកិច្ច​ធំ​ចំនួន​ ២១ ​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ កំពុង​ជួប​ប្រជុំ​គ្នា​នៅ​សប្តាហ៍​នេះ​ថា៖ «លោក Xi ជា​ជនផ្តាច់ការ»។

លោក Biden​ បាន​ថ្លែង​បន្ត​ទៀត​ថា​៖ «លោក Xi ជា​ជន​ផ្តាច់ការ​ក្នុង​ស្ថានភាព​ដែល​លោក​ជា​អ្នក​ដឹកនាំ​ប្រទេស​មួយ​ដែល​ជា​ប្រទេស​កុម្មុយនីស្ត ​ដែល​មាន​ភាពខុស​គ្នា​ស្រឡះ​ពី​រដ្ឋាភិបាល​របស់​យើង»។

លោក Biden បាន​និយាយ​ទៀត​ថា​ លោកលើក​ឡើងដោយ «ឥតលាក់លាម» ​លើ​បញ្ហា​លំបាកៗ​ទាំង​នោះ​ដែល​បាន​ធ្វើ​ឱ្យប្រទេសទាំង​ពីរ​មាន​ការខ្វែង​គំនិត​គ្នា ដូចជាបាន​ឃើញ​នៅ​ក្នុង​ការទទួល​បដិសណ្ឋារកិច្ចដ៏​ចម្រុះ ​ដែល​ពលរដ្ឋ​នៅ​ក្នុង​ទីក្រុង​មាន​ជាតិ​សាសន៍​ចម្រុះ​បាន​ផ្តល់​ឱ្យ​មេដឹកនាំ​ចិន ​ដោយ​មាន​ទាំង​បាតុករ​ប្រឆាំង​កុម្មុយនីស្ត​និង​ក្រុម​អ្នក​ស្វាគមន៍​លោក Xi ដែល​បាន​តម្រង់​ជួរ​នៅ​តាម​ផ្លូវ​នានា។

កាលពី​ថ្ងៃ​ពុធ​ម្សិល​មិញ ក្រុម​បាតុករ​ទាំង​នោះ​នៅ​ក្នុង​ទីកន្លែង​យ៉ាង​ហោច​ណាស់​ក៏​ពីរ​ដែរ​បាន​វាយ​ប្រតប់​គ្នា​ដូច​ប្រមូល​ចងក្រង​នៅ​ក្នុង​វីដេអូ​ ដែល​បាន​ចុះផ្សាយ​នៅ​បណ្តាញ​ព័ត៌មាន​សង្គម។

នៅ​ក្នុង​កំណត់​សម្គាល់​ខ្លី​របស់​លោក ​មុនពេល​មេដឹកនាំ​ចាប់ផ្តើម​ជំនួប​របស់​អស់​លោក លោក Xi បាន​និយាយ​ថា​ ប្រទេស​ទាំង​ពីរ​មាន​ការជាប់​ទាក់ទិន​គ្នា​មិន​អាច​កាត់ផ្តាច់​បាន។

លោក​បាន​និយាយ​ទៀត​ថា៖ «សម្រាប់​ប្រទេស​ធំៗ​ទាំង​ពីរ​ដូចជា​ចិន​និង​សហរដ្ឋ​អាមេរិក​ដែល​បែរ​ខ្នង​ដាក់​គ្នា​មិន​មែន​ជា​ជម្រើស​ទេ»៕

XS
SM
MD
LG