ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ Biden ស្នើ​ឲ្យ​មាន​ភាព​អត់ធ្មត់​ ស្របពេល​រដ្ឋាភិបាល​បង្កើន​ការចាក់​វ៉ាក់សាំង​


ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ថ្លែងនៅក្នុងអំឡុងពេលធ្វើទស្សនកិច្ចនៅវិទ្យាស្ថានសុខាភិបាលជាតិ ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃព្រហស្បតិ៍ ទី១១ ខែកុម្ភៈ ឆ្នាំ២០២១។

ថ្លែង​នៅ​វិទ្យាស្ថាន​សុខាភិបាល​ជាតិ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក Joe Biden បាន​រិះ​គន់​កម្មវិធី​វ៉ាក់សំាង​របស់​រដ្ឋបាល​មុន និង​ជំរុញ​ឲ្យ​ពលរដ្ឋ​អាមេរិកាំង​អត់ធ្មត់ ខណ: ដែល​លោក​កំពុង​កែ​ខៃ​កម្មវិធី​ផ្ដល់​វ៉ាក់សាំង​នេះ។

លោក Biden បាន​និយាយ​ថា៖ «ខ្ញុំ​និយាយ​ដោយ​ស្មោះ​ត្រង់​ទៅ​ចុះ អ្នក​កាន់​តំណែង​មុនមិន​បាន​បំពេញ​កិច្ច​ការ​របស់​លោក​ ដើម្បី​ប្រុងប្រៀបសម្រាប់​បញ្ហា​ប្រឈម​ដ៏​ធំ​នៃ​ការ​ចាក់​វ៉ាក់សំាង​ឲ្យ​មនុស្ស​រាប់រយ​លាន​នាក់​នោះ​ទេ»។

លោក​បន្ថែម​ថា៖ «យើង​មិនអាច​ដោះ​ស្រាយ​រឿងគ្រប់​យ៉ាងក្នុង​ពេល​នេះ​នោះ​ទេ ប៉ុន្តែ​យើង​នឹង​ដោះ ស្រោយ​វា»។

លោក Biden ក៏​បានប្រកាស​ថា សហរដ្ឋ​អាមេរិក​ទទួល​បាន​វ៉ាក់សាំង​គ្រប់​គ្រាន់ ​សម្រាប់​ចាក់​ជូន​ប្រជាពលរដ្ឋ​ចំនួន ៣០០ ​លាន​នាក់ ​ក្នុង​ចំណោម​ពលរដ្ឋ​អាមេរិកាំង​សរុប ៣២៨ លាន​នាក់ ត្រឹម​ចុង​ខែ​កក្កដា។

សហរដ្ឋ​អាមេរិក​កំពុង​ស្ថិត​លើ​មាគ៌ា​មួយ​ដែល​លើស​ពី​គោលដៅ​របស់​លោក Biden នៃ​ការ​ចាក់​វាក់ សំាង​ឲ្យ​ពលរដ្ឋ​អាមេរិកាំង​ចំនួន ១០០​ លាន​នាក់ ​ក្នុង​រយ:ពេល ​១០០ ​ថ្ងៃ​ដំបូង​នៃ​ការកាន់​តំណែង​ជា ប្រធានាធិបតី​របស់​លោក។

មជ្ឈមណ្ឌល​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង (CDC) របស់​សហរដ្ឋ​អាមេរិក បាន​បញ្ជាក់​ថា វ៉ាក់សំាង​ជាង ៤៦ លាន​ដូស ​ត្រូវ​បាន​ចាក់​ជូន​ពលរដ្ឋ​រួចហើយ។

កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ លោក​វេជ្ជបណ្ឌិត Anthony Fauci អ្នកជំនាញ​កំពូល​ផ្នែក​ជំងឺ​ឆ្លង​របស់​សហរដ្ឋអាមេរិក ​បាន​និយាយ​ថា ត្រឹម​ខែ​មេសា​ ពលរដ្ឋ​ដែល​រស់​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ដែល​ចង់​បាន​វ៉ាក់សំាង​កូវីដ១៩ អាច​ទទួល​បាន​ការចាក់​វ៉ាក់សាំង​នេះ។

សហរដ្ឋ​អាមេរិក បាន​កត់ត្រាការឆ្លង​ជាង ២៧ លាន​ករណី ​និង​ចំនួន​ស្លាប់​ជាង ៤ សែន ៧ ម៉ឺនករណី​ ដោយ​សារ​ជំងឺ​កូវីដ១៩​ ដែល​ច្រើន​ជាង​ប្រទេស​ណា​ៗទំាងអស់​ក្នុង​ពិភព​លោក។ នេះ​បើយោង​តាម​ទិន្នន័យ​របស់​សាកលវិទ្យាល័យ Johns Hopkins៕

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-២០២០

XS
SM
MD
LG