ក្រុមយុវជន និងអ្នកការពារសិទ្ធិមនុស្សលើកឡើងថា ការបញ្ឈប់សកម្មភាពជួបជុំរបស់ក្រុមយុវជននៅភោជនីយដ្ឋានមួយក្នុងក្រុងបាត់ដំបង កាលពីថ្ងៃអាទិត្យ បានរំលោភសិទ្ធិសេរីភាពនៃការជួបជុំ និងគំរាមកំហែងដល់ការចូលរួមកិច្ចការងារសង្គមរបស់យុវជន។
កាលពីថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២៤ ក្រុមយុវជនមួយឈ្មោះថា «ស្នាមញញឹមយុវជន»បានរៀបចំសិក្ខាសាលាមួយ ក្រោមប្រធានបទ «ការលើកកម្ពស់ស្រ្តីក្នុងការចូលរួមកិច្ចការងារសង្គម» ក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយមានការចូលរួមពីយុវជន និងព្រះសង្ឈប្រមាណជាង ៦០ អង្គ/នាក់។
លោក លឹម ប៊ុនថាត អាយុ ២៦ ឆ្នាំ ជាយុវជនដែលបានចូលរួមក្នុងសិក្ខាសាលានេះ ប្រាប់វីអូអេនៅថ្ងៃចន្ទនេះថា អាជ្ញាធរក្រុងបាត់ដំបងបានចុះមកបញ្ឈប់កម្មវិធីជួបជុំភ្លាមៗ ដោយលើកហេតុផលថា អ្នករៀបចំមិនបានសុំការអនុញ្ញាតពីអាជ្ញាធរក្នុងតំបន់។ លោកបន្ថែមថា អាជ្ញាធរក៏បានបញ្ជាឱ្យខាងភោជនីយដ្ឋានដែលពួកគេបានជួលសម្រាប់ការជួបជុំនោះផ្តាច់ចរន្តអគ្គិសនីមិនឱ្យពួកគេបន្តសកម្មភាពឡើយ។
លោកថ្លែងថា៖ «យើងបានពន្យល់ពួកគាត់ដែរទាក់ទងជាមួយនឹងសិទ្ធិរបស់ប្រជាពលរដ្ឋរស់នៅក្នុងសង្គមប្រជាធិបតេយ្យ ដែលមានសិទ្ធិសេរីភាពនៅក្នុងការជួបជុំ សេរីភាពនៅក្នុងការបញ្ចេញមតិជាដើម ហើយសេរីភាពនៅក្នុងការចែករំលែកជាមួយនឹងចំណេះដឹង ឬក៏ការអប់រំដល់ប្រជាពលរដ្ឋ ប៉ុន្តែពួកគាត់អត់បានស្តាប់ហេតុផលទាំងអស់ហ្នឹងទេ។ ពួកគាត់ដាច់អហង្ការ ត្រូវតែរំសាយសកម្មភាពហ្នឹង»។
យុវជនរូបនោះស្នើសុំអាជ្ញាធរឱ្យត្រួតពិនិត្យសកម្មភាពរបស់យុវជនថា ពួកគេធ្វើសិក្ខាសាលានេះក្នុងគោលបំណងអ្វី។ លោកបន្តថា ក្រុមយុវជនគ្រាន់តែចង់ជួបគ្នា ដើម្បីផ្លាស់ប្តូរគំនិត និងចំណេះដឹងរវាងគ្នានិងគ្នា ដែលជាប្រយោជន៍សម្រាប់ពួកគេក្នុងការចូលរួមអភិវឌ្ឍប្រទេសជាតិតែប៉ុណ្ណោះ។
វីអូអេបានទាក់ទង កញ្ញា ឆឹង ស្រីទូច អ្នកសម្របសម្រួលម្នាក់នៃកម្មវិធីជួបជុំនោះ ប៉ុន្តែកញ្ញាបានបដិសេធមិនអត្ថាធិប្បាយ ដោយថាចង់ឱ្យស្ថានភាពស្ងប់ស្ងាត់។
វីអូអេបានទាក់ទងទៅភោជនីយដ្ឋានដែលមានឈ្មោះថា «ជ.ឃ» ដែលក្រុមយុវជនបានជួលទីតាំងសម្រាប់កម្មវិធី ដោយបុគ្គលិកភោជនីយដ្ឋាននោះសុំមិនបញ្ចេញឈ្មោះបានបញ្ជាក់ថាកាលពីថ្ងៃអាទិត្យ វេលាម៉ោងប្រហែល ២ រសៀល អាជ្ញាធរក្រុងបាត់ដំបងបានចុះទៅដល់ទីតាំងហាងរបស់ខ្លួន និងបញ្ឈប់សកម្មភាពរបស់ក្រុមយុវជនភ្លាមៗ ដោយអះអាងថា ពួកគេមិនបានសុំការអនុញ្ញាតពីអាជ្ញាធរក្នុងតំបន់ និងគ្មានលិខិតស្នាមត្រឹមត្រូវឡើយ។
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានបង្ហោះសារនៅលើហ្វេសប៊ុករបស់ខ្លួនថាអាជ្ញាធរក្រុង និងអាជ្ញាធរមូលដ្ឋានខេត្តជាង ១០ នាក់ ស្លៀកពាក់ឯកសណ្ឋានស៊ីវិលបានមកបញ្ឈប់ការជួបជុំរបស់ក្រុមយុវជនប្រមាណ ៦០ នាក់ ដែលបានមកជួបជុំគ្នានៅកន្លែងឯកជនមួយ ដើម្បីពិភាក្សាលើប្រធានបទ «ការលើកកម្ពស់ស្រ្តីក្នុងការចូលរួមកិច្ចការងារសង្គម»។ អាជ្ញាធរលើកហេតុផលថា អ្នករៀបចំកម្មវិធីមិនបានសុំការអនុញ្ញតពីអាជ្ញាធរជាមុន។
អ្នកសម្របសម្រួលគម្រោងការលើកកម្ពស់ និងការពារសេរីភាពខាងការបញ្ចេញមតិ និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាលោក ហួន ផន លើកឡើងថាកា របញ្ឈប់សកម្មភាពនៃការជួបជុំរបស់ក្រុមយុវជននៅភោជនីយដ្ឋានធ្វើឱ្យប៉ះពាល់លំហសេរីភាពក្នុងការជួបជុំ និងសេរីភាពក្នុងការបញ្ចេញមតិរបស់ប្រជាពលរដ្ឋ។
លោកថ្លែងថា៖ «ចំណុចទាំងអស់នេះយើងឃើញថាជាចំណុចមួយនៃការដើរថយក្រោយនៃសេរីភាពនៃការបញ្ចេញមតិ សេរីភាពក្នុងការជួបជុំរបស់យុវជនក៏ដូចជាប្រជាពលរដ្ឋទូទៅផងដែរ»។
លោកបន្ថែមថា អាជ្ញាធរគួរតែស្វែងយល់បន្ថែមទៀតពីតម្រូវការរបស់យុវជន ជាជាងបង្អាក់សកម្មភាពកិច្ចការងារសង្គមរបស់ពួកគេ ហើយងាកមកចូលរួមជាមួយយុវជនទាំងនោះ ដើម្បីរួមគ្នាពិភាក្សាដោះស្រាយបញ្ហានានាវិញជាដើម។
អភិបាលរង និងជាអ្នកនាំពាក្យខេត្តបាត់ដំបងលោក សឿម ប៊ុនរិទ្ធ ប្រាប់វីអូអេថាម្ចាស់ទីតាំងបានសួរនាំក្រុមយុវជនពីលិខិតអនុញ្ញាតច្បាប់ពីអាជ្ញាធរ ហើយក្រុមយុវជននោះមិនទាន់បានចុះបញ្ជីសមាគមខ្លួនជាមួយក្រសួងមហាផ្ទៃផងដែរ។
លោកបញ្ជាក់ថា៖ «គាត់ថាគាត់អត់មានអីទាំងអស់ គាត់មកធ្វើគឺអត់មានសុំច្បាប់សុំអីទាំងអស់ សូម្បីតែឯកសារទទួលស្គាល់ចុះបញ្ជីក្រសួងមហាផ្ទៃជាអង្គការសមាគមក៏អត់មាន ហើយសុំច្បាប់អាជ្ញាធរមូលដ្ឋាន ដើម្បីធ្វើសិក្ខាសាលាក៏អត់មាន។ អ៊ីចឹងម្ចាស់ទីតាំងថាបើអត់មានគេសុំបញ្ឈប់ ហ្នឹងខ្ញុំទទួលបានរបាយការណ៍អ៊ីចឹង»។
គួរបញ្ជាក់ថា សេរីភាពនៃការជួបជុំត្រូវបានអង្គការសិទ្ធិមនុស្សក្នុងស្រុកអះអាងថាកំពុងរងការរឹតត្បិតយ៉ាងខ្លាំង។ កាលពីឆ្នាំ ២០២៣ សមាគមសិទ្ធិមនុស្សអាដហុកបានលើកឡើងថាករណីនៃការគំរាមកំហែងសកម្មភាពនយោបាយ និងការរឹតត្បឹតសេរីភាពនៃការជួបជុំ កើនឡើងក្នុងឆ្នាំ ២០២២។ ក្នុងឆ្នាំ ២០២២ សមាគមអាដហុកបានធ្វើសកម្មភាពអង្កេតនិងអន្តរាគមន៍ចំនួន ៩២១ ករណី រួមមានផ្នែកសិទ្ធិមនុស្សចំនួន ៥៩៤ ករណី និងសិទ្ធិដីធ្លីចំនួន ៨៤ ករណី និងផ្នែកស្រ្តី និងកុមារចំនួន ២៨៨ ករណី។ សមាគមបញ្ជាក់ថាករណីរំលោភសិទ្ធិមនុស្ស «កាន់តែមានសភាពធ្ងន់ធ្ងរឡើង»៕
វេទិកាបញ្ចេញមតិ