ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ធនាគារ​នៅ​កម្ពុជា​ គ្រោង​បង្កើត​គោល​ការណ៍​ផ្ដល់​ប្រាក់​កម្ចី​ដែល​ជួយ​​ទប់ស្កាត់​ផល​ប៉ះពាល់​សង្គម


លោក ឆាលស៍ វ៉ាន់ (កណ្តាល) ប្រធាន​ស្ដីទី​សមាគមន៍​ធនាគារ​នៅ​កម្ពុជា ចុះ​ហត្ថលេខា​លើ​សេចក្តី​ថ្លែងការណ៍ ក្នុងការ​ចាប់ផ្តើម​បង្កើត​ឲ្យ​មាន​គោលការណ៍​ហិរញ្ញវត្ថុ​ដោយ​ចីរភាព ថ្ងៃទី១៩ ខែកញ្ញា ២០១៦។ (អ៊ិត សូធឿត/VOA)

បើ​តាម​​លោក ឆារស៍ វ៉ាន់ ការ​អនុវត្ត​គោលការណ៍​ហិរញ្ញ​វត្ថុ​ប្រកប​ដោយ​ចីរភាព​នេះ ​នឹង​ធ្វើ​ឡើង​ដោយ​ការ​ស្ម័គ្រចិត្ត ដោយ​លោក​ថា គោលការណ៍​នេះ​ មាន​សារៈសំខាន់​ក្នុង​ការ​ទប់ស្កាត់​ហានិភ័យ​នា​ពេល​អនាគត ក៏​ដូច​ជា​ទាក់ទាញ​ថវិកា​ពី​បរទេស​មក​ក្នុង​វិស័យ​ឥណទាន​នៅ​កម្ពុជា។

សមាគម​ធនាគារ​នៅ​កម្ពុជា (The Association of Banks in Cambodia) នឹង​បង្កើត​គោលការណ៍​ផ្ដល់​ប្រាក់​កម្ចី​របស់​ខ្លួន​ ដើម្បី​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​វិនិយោគ និង​ចូលរួម​ក្នុង​ការកាត់បន្ថយផល​ប៉ះពាល់​ទៅលើ​សង្គម និង​បរិស្ថាន។

ការ​ប្រកាស​នេះ​ ធ្វើ​ឡើង​កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ នៅ​ក្នុង​ពិធី​សម្ពោធ និង​ចុះ​ហត្ថលេខា​លើ​គំនិត​ផ្ដួច​ផ្ដើម​ហិរញ្ញវត្ថុ​ប្រកប​ដោយ​ចិរភាព​នៅ​កម្ពុជា ដែល​ជា​គម្រោង​គាំទ្រ​ដោយ​គម្រោង​ភាព​ជា​ដៃគូ​តំបន់​ទន្លេ​មេគង្គ​សម្រាប់​បរិស្ថាន និង​ផ្ដល់​ជំនួយ​ដោយ​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​កិច្ច​អភិវឌ្ឍ​អន្តរជាតិ (USAID)។

ថ្លែង​ទៅ​កាន់​ក្រុម​អ្នកសារព័ត៌មាន​បន្ទាប់​ពី​ពិធី​ចុះ​ហត្ថលេខា​ លោក ឆារស៍ វ៉ាន់ ប្រធាន​ស្តីទី​សមាគម​ធនាគារនៅ​កម្ពុជា​បាន​លើកឡើង​ថា ក្រោម​កិច្ច​ផ្ដួចផ្ដើម​នេះ ក្នុង​រយៈពេល​២​ឆ្នាំ​ សមាគម​និង​ដៃ​គូ​ពាក់ព័ន្ធ​នឹង​ធ្វើ​ការ​សិក្សា​ដើម្បី​ចងក្រងបង្កើត​គោលការណ៍​ហិរញ្ញវត្ថុ​ប្រកប​ដោយ​ចីរភាព។

លោក John McGinley ដៃ​គូរ​គ្រប់គ្រង (Managing Parter) នៃ​ក្រុមហ៊ុន​ Mekong Strategic Partners ដែល​ជា​ក្រុមហ៊ុនដៃគូ​នៅ​ក្នុង​គម្រោង​ហិរញ្ញវត្ថុ​ប្រកបដោយ​ចិរភាព​មាន​ប្រសាសន៍​ថា ​គោលការណ៍​ទាំងឡាយដែល​កើត​ចេញ​ពី​គម្រោង​នេះ នឹង​នាំ​ឲ្យ​មាន​ជា​គោលនយោបាយ​សម្រាប់​ធនាគារ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក្នុង​ការ​ថែរក្សា​បរិស្ថាន និង​លើកកម្ពស់​ទំនួល​ខុសត្រូវ​សង្គម​នៅ​ក្នុង​ការ​សម្រេច​ចិត្ត​ផ្ដល់​ហិរញ្ញប្បទាន។

«ធនាគារ​នឹង​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​ក្នុង​ការ​យល់ ឬ​វាស់​ស្ទង់ និង​កាត់បន្ថយ​ផល​ប៉ះពាល់​បរិស្ថាន​សង្គម​ដែល​អាច​កើត​ចេញ​ពី​ហិរញ្ញប្បទាន​នោះ។ ដូច្នេះ​ វា​ជា​ការ​ផ្ដល់​ឱ្យធនាគារ​នូវ​ឧបករណ៍​សម្រាប់យល់ដឹង ដើម្បី​ធ្វើ​ការ​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង​ ថា​តើ​អ្វី​ជា​ការ​សម​រម្យ​សម្រាប់​ធនាគារ​ខ្លួន​ឯង និង​អតិថិជន»។

បើ​តាមលោក ឆារស៍ វ៉ាន់ ការ​អនុវត្ត​គោលការណ៍​ហិរញ្ញ​វត្ថុ​ប្រកប​ដោយ​ចីរភាព​នេះ ​នឹង​ធ្វើ​ឡើង​ដោយ​ការ​ស្ម័គ្រចិត្ត ដោយ​លោក​ថា គោលការណ៍​នេះ​ មាន​សារៈសំខាន់​ក្នុង​ការ​ទប់ស្កាត់​ហានិភ័យ​នា​ពេល​អនាគត ក៏​ដូច​ជា​ទាក់ទាញ​ថវិកា​ពី​បរទេស​មក​ក្នុង​វិស័យ​ឥណទាន​នៅ​កម្ពុជា។

«ជា​ការ​ស្ម័គ្រចិត្ត​។ ហ្នឹង​ហើយ​បើ​យើង​ស្ម័គ្រចិត្ត យើង​ចង់​ចូលរួម។ យើង​នឹង​អាច​ឈាន​ទៅ​ដល់​ការ​ការពារ​ហានិភ័យ​បាន ហើយ​យើង​ទាក់ទាញ​ដើម​ទុន​មក​ពី​ទីផ្សារ​អន្តរជាតិ​បាន។ តែ​បើ​សិន​ថាយើង​មិន​ចូលរួម​នៅ​ក្នុង​ហ្នឹង​ទេ អញ្ចឹង​ទីផ្សារ​ លុយ​ដែល​ថា​មក​ពី​អន្តរជាតិ​ហ្នឹង ​ក៏​យើង​មិន​អាច​ទាក់ទាញ​បាន»។

លោកស្រី ជា សេរី អគ្គនាយក​ធនាគារ​ជាតិ​នៃ​កម្ពុជា​ថ្លែង​ក្នុង​ពិធី​សម្ពោធ និង​ចុះ​ហត្ថលេខា​លើ​គំនិត​ផ្ដួចផ្ដើម​ហិរញ្ញវត្ថុ​ប្រកប​ដោយ​ចីរភាព​នៅ​កម្ពុជា នៅថ្ងៃ​ទី១៩ ខែកញ្ញា ២០១៦។ (អ៊ិត សូធឿត/VOA)
លោកស្រី ជា សេរី អគ្គនាយក​ធនាគារ​ជាតិ​នៃ​កម្ពុជា​ថ្លែង​ក្នុង​ពិធី​សម្ពោធ និង​ចុះ​ហត្ថលេខា​លើ​គំនិត​ផ្ដួចផ្ដើម​ហិរញ្ញវត្ថុ​ប្រកប​ដោយ​ចីរភាព​នៅ​កម្ពុជា នៅថ្ងៃ​ទី១៩ ខែកញ្ញា ២០១៦។ (អ៊ិត សូធឿត/VOA)

លោកស្រី ជា សិរី អគ្គនាយក​ធនាគារ​ជាតិ​នៃ​កម្ពុជា​ដែល​បាន​ចូលរួម​នៅ​ក្នុង​ពិធី​ចុះ​ហត្ថលេខា​នេះ​ បាន​មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​បាន​ដាក់​ចេញ​ជា​ផែនការយុទ្ធសាស្ត្រជាតិ​ស្តីពី​ការអភិវឌ្ឍ​បៃតង (Green Growth Policy) ហើយ​ធនាគារ​ជាតិ​កម្ពុជា​ កំពុង​ពិចារណា​ក្នុង​ការ​ដាក់​បញ្ចូល​ហិរញ្ញប្បទាន​បៃតង (Green Financing) ទៅ​ក្នុង​ផែនការ​យុទ្ធសាស្ត្រ​របស់​ខ្លួន​ផង​ដែរ។

លោក សៀ ភារម្យ នាយក​លេខាធិការ​ដ្ឋាន​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅដ្ឋាន​បាន​ប្រាប់​VOAថា កន្លង​មក​ គម្រោង​អភិវឌ្ឍ​មួយ​ចំនួន​ដែល​ទទួល​បាន​ប្រាក់កម្ចី​ពី​ធនាគារ បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ និង​មាន​ការ​តវ៉ា។

លោក​ស្វាគមន៍​គម្រោង​នៃ​ការ​រៀបចំ​បង្កើត​គោលការណ៍​ហិរញ្ញប្បទាន​ប្រកប​ដោយ​ចិរភាព​នេះ តែ​លោក​ថា ការ​អនុវត្ត​គោលការណ៍​នេះ​ប្រកប​ដោយ​ប្រសិទ្ធភាព​គឺ​ជា​កត្តា​សំខាន់។

«មាន​គោលការណ៍​វា​ជា​រឿង​សំខាន់ ជា​រឿង​ល្អ​ហើយ ហើយ​ការ​ត្រួត​ពិនិត្យ​ ឬ​ក៏​ការ​តាមដាន​ទៅ​លើ​ដៃគូ​ដែល​ខ្ចី​ហ្នឹង​ទៀត វា​ជា​ការ​ប្រសើរ។ បើ​មិន​ដូច្នោះ​ទេ វា​ដូច​បទ​ពិសោធ​កន្លង​មក​ហ្នឹង គឺ​មាន​គោលនយោបាយ​ល្អ មាន​អី​ល្អ​ចឹង ក៏​ប៉ុន្តែ​ការ​អនុវត្ត​វា​អត់​បាន​ទៅ​តាម​អ្វី​ដែល​បាន​ចែង​នៅ​ក្នុង​ក្រដាស​ស្នាម​ហ្នឹង»។

លោក សៀ ភារម្យ បន្ថែម​ថា ខណៈ​ដែល​អាស៊ាន​បាន​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច កម្ពុជា​ត្រូវ​ប្រឹងប្រែង​កសាង​មុខមាត់​របស់​ខ្លួន​បន្ថែម​ទៀត ដើម្បី​អាច​ប្រកួត​ប្រជែង​ជាមួយ​បណ្ដា​ប្រទេស​នៅ​ក្នុង​តំបន់ ក្នុង​ការ​ទាក់ទាញវិនិយោគិន​ពី​បរទេស៕

XS
SM
MD
LG