ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាជ្ញាធរ​ក្រុង​បាងកក​ប្រាប់​ឱ្យ​ពលរដ្ឋ​ធ្វើការ​ពីផ្ទះ​នៅពេល​មាន​ខ្យល់​កខ្វក់​ក្នុង​ក្រុង


ទិដ្ឋភាពទីក្រុងបាងកកស្ថិតនៅក្រោម​ឥទ្ធិពល​នៃ​ខ្យល់កង្វក់ ក្នុងប្រទេសថៃ កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤។
ទិដ្ឋភាពទីក្រុងបាងកកស្ថិតនៅក្រោម​ឥទ្ធិពល​នៃ​ខ្យល់កង្វក់ ក្នុងប្រទេសថៃ កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤។

ក្រុមអ្នកធ្វើការ​ក្នុង​ក្រុង​បាងកកត្រូវបាន​ប្រាប់ឱ្យ​ធ្វើ​ការពី​ផ្ទះ ដើម្បីចៀសវាងពី​ខ្យល់កខ្វក់ នៅពេល​មាន​អ័ព្ទពីលើ​រាជធានី​ប្រទេស​ថៃ​ កាល​ពីថ្ងៃ​ព្រហស្បតិ៍។ នេះបើ​តាម​របាយការណ៍​របស់ទីភ្នាក់ងារ​សារព័ត៌មាន​បារាំង​ AFP។​

អាជ្ញាធរ​ក្រុង​នេះបាន​សុំ​ឱ្យ​មាន​កិច្ច​សហប្រតិបត្តិការពីក្រុមនយោជកដើម្បី​ជួយអ្នក​ធ្វើការ​នៅក្នុង​ក្រុង​នេះ ដែល​មាន​ប្រជារាស្ត្រ​ ១១ ​លាននាក់ ចៀសវាង​ពី​ខ្យល់​កខ្វក់​ដែល​ត្រូវ​រំពឹង​ថានឹង​មាន​រហូត​ដល់​ថ្ងៃ​សុក្រ។

កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ គេហទំព័រ​ឃ្លាំ​មើលខ្យល់ IQAir បានចាត់​ទុក​ក្រុង​បាងកក​ថា​ ស្ថិត​ក្នុង​ចំណោម​ក្រុង ​១០ ​មានខ្យល់​កខ្វក់​បំផុត​ក្នុង​ពិភពលោក។

បើ​តាម​ IQAir កម្រិតនៃ​ចុណ្ណភាគ PM2.5 ដែលនាំ​ឱ្យ​មាន​គ្រោះថ្នាក់​បំផុត ដែល​តូច​ល្អិត​អាច​ចូល​ក្នុង​ឈាម​បាន មាន ​១៥​ ដងច្រើន​ជាង​ការណែនាំប្រចាំ​ឆ្នាំរបស់​អង្គការ​សុខភាព​ពិភពលោក។

អភិបាលក្រុង​បាងកកលោក Chadchart Sittipunt​ បាននិយាយ​កាលពី​យប់​ថ្ងៃ​ពុធ​ថា​ ក្រុម​បុគ្គលិក​ទាំងអស់​ក្នុង​ក្រុង​នេះអាច​ធ្វើ​ការ​ពី​ផ្ទះ ​នៅ​ថ្ងៃ​ព្រហស្បតិ៍​និង​ថ្ងៃ​សុក្របាន។

លោកបាន​និយាយ​នៅ​ក្នុងសេចក្តី​ថ្លែងការណ៍មួយ​ថា៖ ​«ខ្ញុំ​សុំ​ឱ្យ​មាន​ការសហការ​ពី​បណ្តាញ​ BMA នៃក្រុមហ៊ុន​និង​អង្គការប្រមាណ ​១៥១ ទាំង​ការិយាល័យ​រដ្ឋាភិបាល​និង​វិស័យឯកជន‍» ដោយ​លោក​បាន​បន្ថែម​ថា មនុស្ស​ជាង​៦ម៉ឺន​នាក់​រងផល​ប៉ះពាល់។

ពាក្យ​ BMA ជា​អក្សរ​កាត់​នៃ​ពាក្យ​ថា​ រដ្ឋបាលក្រុង​បាងកក។

លោក Chadchart​ បាន​ថ្លែង​ថា សង្កាត់យ៉ាងតិច​ណាស់​ ២០​ នៃ​សង្កាត់​ទាំង​អស់​ ៥០​ របស់ក្រុង​បាងកក ត្រូវ​រំពឹង​ថា​នឹង​មាន​កម្រិត​កម្ទេចចុណ្ណភាគ​ល្អិតៗ PM2.5 ​នាំ​ឱ្យ​ខូច​សុខភាពហើយ​ញ្ហានេះ​អាច​មាន​តទៅ​ទៀត​ដោយសារ​ធាតុអាកាស​ស្ងប់ស្ងៀម។

គុណភាព​ខ្យល់​នៅ​ប្រទេស​ថៃតែង​ធ្លាក់ចុះថយ​នៅខែ​ដំបូងៗ​នៃ​ឆ្នាំ ដោយសារមាន​ផ្សែងបណ្តាល​មក​ពី​កសិករ​ដុត​ជញ្ជ្រាំងក្នុង​វាលស្រែមាន​បន្ថែម​លើ​ការ​សាយភាយឧស្សាហកម្ម​និង​ផ្សែង​រថយន្តផង​ដែរ។

ក្រុង​បាងកក​និង​ក្រុង​ឈៀងម៉ៃ (Chiang Mai)​ នាផ្នែកខាង​ជើង​ប្រទេសស្ថិត​ក្នុង​ចំណោម​ក្រុង​មាន​ខ្យល់​កខ្វក់​បំផុតក្នុង​ពិភពលោក ក្នុង​ថ្ងៃ​មួយ​ចំនួន​កាលពី​ឆ្នាំ​ ២០២៣។

វិបត្តិ​សុខភាពសាធារណៈ​មួយបាន​និង​កំពុង​កើត​មានឡើង​ដោយ​សារ​បញ្ហានេះ ដោយ​មានប្រជារាស្ត្រ​តិចណាស់​ពីរ​លាន​នាក់​នៅក្នុង​ប្រទេស​ថៃ ​ត្រូវការការ​ព្យាបាលសុខភាពដោយសារ​ខ្យល់​កខ្វក់ក្នុង​ឆ្នាំ​ ២០២៣។

រដ្ឋាភិបាលរបស់​លោក​នាយករដ្ឋមន្ត្រី Srettha Thavisin​ ដែលឡើង​កាន់​អំណាច​កាលពី​ខែ​សីហា​ បាន​សន្យាថា ​នឹង​ដោះស្រាយបញ្ហា​ខ្យល់​កខ្វក់ជា​‍«របៀបវារៈ​ជាតិ‍»ហើយ​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​ខ្យល់​ស្អាតបាន​ទទួល​ការ​គាំទ្រ​ពី​គណៈរដ្ឋមន្ត្រី​កាលពី​ខែមុន។

តែ​បញ្ហា​នៅ​តែ​មាន​តទៅ​ទៀត ហើយ​កាលពី​ខែមុន តុលាការមួយ​នៅក្រុង​ឈៀងម៉ៃ (Chiang Mai) បានបញ្ជាដល់​រដ្ឋាភិបាល​ថៃ​ឱ្យមាន​ផែនការ​បន្ទាន់​មួយដើម្បី​ដោះស្រាយ​បញ្ហា​ខ្យល់​កខ្វក់ក្នុង​រយៈ​ពេល​៩០ថ្ងៃ៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG