ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អាមេរិក​នៅ​មិនទាន់​លើកលែង​ការ​ហាមឃាត់​លើ​ការ​សុំ​កូនខ្មែរ


កម្ពុជា​បាន​អនុម័ត​ច្បាប់​ស្មុំកូន​អន្តរប្រទេស​​នៅ​ឆ្នាំ ២០០៩ ក្នុង​បំណង​​ធ្វើ​ឲ្យ​​​ដំណើរ​ការ​ស្មុំ​កូន​ចិញ្ចឹម​ឈាន​ដល់​​​​កម្រិត​បទដ្ឋាន​​អន្តរជាតិ​ដែល​ត្រូវ​បាន​កំណត់​ដោយ​អនុសញ្ញា​ក្រុង​ឡាអេ។

សហរដ្ឋ​អាមេរិក​បាន​ដាក់​បម្រាម​ស្មុំកូន​កម្ពុជា​កាល​ពី​ខែ​ធ្នូ​ឆ្នាំ​២០០១។ ចាប់​តាំង​ពី​ឆ្នាំ ២០០៩ ​កម្ពុជា​ព្យាយាម​ធ្វើ​ឲ្យដំណើរ​ការ​ស្មុំកូន​ឈាន​ទៅ​ដល់​បទដ្ឋាន​អន្តរជាតិ។​ ប៉ុន្តែ មន្ត្រី​សហរដ្ឋអាមេរិក និង​ក្រុម​ការពារ​សិទ្ធិកុមារ​ឲ្យ​ដឹង​ថា គោល​នយោបាយ​ស្មុំកូន​របស់​កម្ពុជា​មិន​ទាន់​ល្អគ្រប់​គ្រាន់​នៅ​ឡើយ។

ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ ស៊ូសាន​ ដ្យេខបស៍ (Susan Jacobs) ទទួល​បន្ទុក​កិច្ចការ​ការ​ពារ​កុមារ​ បាន​មក​ទស្សនកិច្ច​ប្រទេស​កម្ពុជា​នា​ពេល​ថ្មីៗ​នេះ​ ដើម្បី​ស្វែង​យល់​អំពី​ថា​ តើ​គោលនយោបាយ​របស់​កម្ពុជា​ក្នុង​ការ​ការពារ​កុមារ​ល្អ​ល្មម​គ្រប់​គ្រាន់​ដើម្បី​ឲ្យ​សហរដ្ឋ​អាមេរិក​បើក​ដំណើរ​ការ​ស្មុំ​កូន​កម្ពុជា​ឡើង​វិញ​បាន​ហើយ​ឬនៅ។

ក្នុង​ដំណើរ​ទស្សនកិច្ច​នោះ លោក​ស្រី​បាន​ជួប​ជា​មួយនឹង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ ស្ថានទូត ​និង​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា។ ប៉ុន្តែ​នៅ​ក្នុង​បទសម្ភាស​មួយ​ជាមួយ​វីអូអេ​ខ្មែរ លោកស្រី​ឯកអគ្គរដ្ឋទូត​ ស៊ូសាន ដ្យេខបស៍ មាន​ប្រសាសន៍​ថា សហរដ្ឋ​អាមេរិក​មិនទាន់​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​របស់​ខ្លួន​ចូល​មក​សុំកូន​កម្ពុជា​បាន​ទេ។ លោក​ស្រី​បន្ត​ថា​ រដ្ឋាភិបាល​នៅ​មាន​ការងារ​ជាច្រើន​ទៀត​ដែល​ត្រូវ​ធ្វើ។

«គេ​ពិត​ជា​កំពុង​ធ្វើ​ការ​តាម​គន្លង​ត្រឹមត្រូវ​ហើយ។ ពួក​គេ​ធ្វើ​កិច្ចការ​នេះ​ដោយ​យកចិត្ត​ទុកដាក់ ​និង​ពិត​ជា​ចង់​ធ្វើកិច្ច​ការ​ត្រឹម​ត្រូវ។ កិច្ច​ខិតខំប្រឹង​ប្រែង​នោះនឹងអាច​សម្រេច​បាន​ផលល្អ»។

ស្មុំកូន​អន្តរជាតិ​អាច​មាន​រឿង​ចម្រូង​ចម្រាស​ច្រើន​។ ការ​សុំ​កូនចិញ្ចឹមដោយ​ឪពុកម្តាយ​នៅ​ប្រទេស​អ្នក​មាន​អាចបង្កឲ្យ​មាន​ការ​ជួញដូរ​កុមារ​ដោយ​ឪពុកម្តាយ​ដែល​ប្រកប​ដោយ​បញ្ហានៅ​ប្រទេស​ក្រី​ក្រ។ មុន​ឆ្នាំ​២០០១​ កុមារ​កម្ពុជា​រាប់​ពាន់​នាក់​ត្រូវ​បាន​សុំចិញ្ចឹម​ដោយ​ឪពុកម្តាយ​នៅ​អាមេរិក​ ប៉ុន្តែ​សហរដ្ឋ​អាមេរិក​បាន​ដាក់​ការ​ហាម​ប្រាម​បន្ទាប់​ពី​មាន​ការ​ព្រួយ​បារម្ភ​ថា កុមារ​ត្រូវបាន​ជួញដូរ​ និង​ចាប់​ពង្រាត់​ ហើយ​ដំណើរ​ការ​ស្មុំកូន​ចិញ្ចឹម​នៅ​កម្ពុជា​មិន​មាន​ភាព​ត្រឹមត្រូវ។

កម្ពុជា​បាន​អនុម័ត​ច្បាប់​ស្មុំកូន​អន្តរប្រទេសនៅ​ឆ្នាំ ២០០៩។ ច្បាប់​មាន​ទិសដៅ​បង្កើត​ដំណើរ​ការ​ស្មុំ​កូន​ចិញ្ចឹម ឲ្យ​ត្រូវ​នឹង​បទដ្ឋាន​ដែល​ត្រូវ​បាន​កំណត់​ដោយ​អនុសញ្ញា​ក្រុង​ឡាអេ ហើយ​ធានាថា ការសុំកូន​ចិញ្ចឹម​ត្រូវបាន​ទទួល​ស្គាល់​ស្រប​ច្បាប់។ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​ ការ​អនុវត្ត​ច្បាប់​នៅ​ខ្វះខាត់​នៅ​ឡើយ។

លោក​ លឹម អែល ឌ្យូរ៉ាដូ អ្នក​នាំពាក្យ​ក្រសួង​សង្គមកិច្ច​ អតីតយុទ្ធជន​ និង​យុវនីតិ​សម្បទា​ បាន​ឲ្យ​ដឹង​ថា ក្រសួង​កំពុង​ធ្វើ​សេចក្តី​ព្រាង​ប្រកាស និង​អនុក្រឹត្យមួយ​ចំនួន​ដើម្បី​ធ្វើ​ឲ្យ​ដំណើរ​ការ​ស្មុំ​កូន​ប្រកប​ដោយ​សុវត្ថិភាព។ ប៉ុន្តែ​រដ្ឋាភិបាល​កម្ពុជា​ត្រូវ​ការ​ជំនួយ​ពី​អន្តរជាតិ​ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា​ សេចក្តី​ព្រាង​ប្រកាស​ និង​អនុក្រឹត្យ​ទាំង​នោះ​ត្រូវ​បាន​សរសេរ​ត្រឹម​ត្រូវ។

ប៉ុន្តែ​លោក​ស្រីឯក​អគ្គរដ្ឋទូត​ដ្យេខបស៍​ មាន​ប្រសាសន៍​ថា​ ច្បាប់​នោះ​គ្រាន់​តែ​ជា​ការ​ចាប់​ផ្តើម​ប៉ុណ្ណោះ។ មាន​កិច្ចការ​ជាច្រើន​ទៀត​ដែល​ត្រូវ​ធ្វើ​ដើម្បី​ធានា​នូវ​ភាព​ស្របច្បាប់​នៃ​ដំណើរ​ការ​ស្មុំកូន​ចិញ្ចឹម​នេះ។ ជាអាទិ៍​ វាជា​ការលំបាក​ក្នុង​ការ​ចែក​ឲ្យ​ដាច់​រវាង ក្មេង​កំព្រា​ពិត​ប្រាកដ និង​ក្មេង​ដែល​មាន​ឪពុកម្តាយ​នៅរស់។ លោក​ស្រី​បន្ត​ថា៖

«ដូច្នេះ គេ​ត្រូវ​មាន​ប្រព័ន្ធទិន្នន័យមួយ ដែល​មាន​ព័ត៌មាន​អំពី​រឿងនោះ។ ពេល​នេះ បើតាម​ការ​យល់​របស់​ខ្ញុំ​គឺថា នៅ​ក្នុង​ប្រទេស​កម្ពុជា គ្មានប្រព័ន្ធផ្ទុក​ព័ត៌មាន​អំពី​ការ​បំបរបង់​ក្មេង​ផ្លួវការ​ទេ ហើយ​នោះ​គឺ​ជា​អ្វី​ដែល​ត្រូវ​បញ្ចូល​ទៅ​ក្នុង​ច្បាប់ថ្មី»។

លោក ម៉ាក វើរហ្ការ៉ា (Marc Vergara) អ្នក​នាំពាក្យ​អង្គការ​យូនីសេហ្វ (UNICEF) និយាយ​ថា ​កម្ពុជា​មិនទាន់​រៀប​ចំខ្លួន​រួចរាល់​នៅ​ឡើយ​ទេ។

«យើង​ជឿថា ​យន្តការ​ត្រឹមត្រូវ​មិន​ទាន់​មាន​ ហើយ​ប្រព័ន្ធ​ដែល​មាន​ស្រាប់​មិន​ទាន់​គ្រប់គ្រាន់ ហើយ​ឧបករណ៍​ច្បាប់​ទាំង​នេះ​នៅ​ពេល​នេះ​មិន​ទាន់​ល្អ​គ្រប់គ្រាន់​ក្នុង​ការ​ដំណើរ​ការ​ឡើង​វិញ​នូវ​ការ​សុំកូន​ចិញ្ចឹម​ចិញ្ចឹម​នៅ​កម្ពុជា​ទេ»។

មន្ត្រី​កម្ពុជា​នៅ​តែ​ធ្វើ​ការ​កែលម្អ​ប្រព័ន្ធ​ដែល​មាន​ស្រាប់​ឡើង​វិញ។ ប៉ុន្តែ​សម្រាប់​ពេល​នេះ សហរដ្ឋ​អាមេរិក​ឲ្យ​ដឹង​ថា ខ្លួន​មិនទាន់​អនុញ្ញាត​ឲ្យ​មាន​ការ​សុំ​កូន​ចិញ្ចឹមពី​កម្ពុជា​ឡើង​វិញ​ទេ ​ហើយ​ឲ្យ​ដឹង​ទៀត​ថា មិន​ដឹង​ជា​ពេល​ណា​ទើប​ស្មុំ​កូន​នេះ​នឹង​ត្រូវ​បាន​អនុញ្ញាតឡើងវិញ​នោះ​ទេ៕

XS
SM
MD
LG