ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ប្រយុទ្ធ​រវាង​រុស្ស៊ី​និង​អ៊ុយក្រែន​ដើម្បី​កាន់កាប់​ទីក្រុង Bakhmut មាន​សភាព​កាន់តែ​ខ្លាំងក្លា​ឡើង


រូបឯកសារ៖ ទាហាន​អ៊ុយក្រែន​បាញ់​កាំភ្លើង​ធំ​ប្រភេទ M119 នៅ​ក្នុង​សមរភូមិ​ប្រយុទ្ធ​ក្បែរ​ក្រុង​ Bakhmut ប្រទេស​អ៊ុយក្រែន ក្នុងអំឡុងពេល​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន ថ្ងៃទី ១០ ខែមីនា ឆ្នាំ២០២៣។
រូបឯកសារ៖ ទាហាន​អ៊ុយក្រែន​បាញ់​កាំភ្លើង​ធំ​ប្រភេទ M119 នៅ​ក្នុង​សមរភូមិ​ប្រយុទ្ធ​ក្បែរ​ក្រុង​ Bakhmut ប្រទេស​អ៊ុយក្រែន ក្នុងអំឡុងពេល​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន ថ្ងៃទី ១០ ខែមីនា ឆ្នាំ២០២៣។

ការ​ប្រយុទ្ធ​អស់​រយៈពេល​រាប់​ខែ​កន្លង​មក​នេះ​រវាង​កងទ័ព​រុស្ស៊ី​និង​កងទ័ព​អ៊ុយក្រែន​ដើម្បី​គ្រប់គ្រង​ទីក្រុង Bakhmut នៅ​ភាគ​ខាង​កើត​ប្រទេស​អ៊ុយក្រែន មាន​សភាព​កាន់តែ​ខ្លាំងក្លា​ឡើង​នៅ​ថ្ងៃ​ចន្ទ​នេះ។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​ភាគី​ទាំង​ពីរ។

យោធា​អ៊ុយក្រែន​បាន​លើកឡើង​ថា ខ្លួន​បាន​ប្រើ​កាំភ្លើង​ធំ រថក្រោះ និង​សព្វាវុធ​ផ្សេង​ទៀត​ដើម្បី​វាយ​រុញច្រាន​ការ​ប៉ុនប៉ង​របស់​រុស្ស៊ី​នៅ​ក្នុង​ការ​ដណ្ដើម​កាន់កាប់​ទីក្រុង Bakhmut។

ក្រសួង​ការពារ​ជាតិ​ចក្រភព​អង់គ្លេស​បាន​ធ្វើ​ការ​វាយតម្លៃ​ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ​ថា ក្រុម​ទាហាន​ស៊ីឈ្នួល​ Wagner ​របស់​រុស្ស៊ី​បាន​ត្រួតត្រា​ផ្នែក​ភាគ​ច្រើន​នៃ​តំបន់​ភាគ​ខាង​កើត​នៃ​ទីក្រុង Bakhmut ចំណែក​ឯ​កងទ័ព​អ៊ុយក្រែន​វិញ​ត្រួតត្រា​នៅ​ភាគ​ខាង​លិច។

ស្ថាបនិក​ក្រុម​ទាហាន​ Wagner របស់​រុស្ស៊ី​លោក Yevgeny Prigozhin បាន​រៀបរាប់​ស្ថានការណ៍​នេះ​កាលពី​ថ្ងៃ​អាទិត្យ​ថា​មាន​សភាព «តានតឹង​ខ្លាំង» ដោយ​ការ​ប្រយុទ្ធ​គឺ​កាន់តែ​លំបាក​ទៅៗ​នៅ​ពេល​ដែល​កងកម្លាំង​របស់​លោក​ចូល​កាន់តែ​កៀក​ទៅ​ចំណុច​កណ្ដាល​នៃ​ទីក្រុង Bakhmut។

រុស្ស៊ី​បាន​ដៅ​គោលដៅ​វាយ​ប្រហារ​លើ​ទីក្រុង Bakhmut ថា​ជា​ផ្នែក​សំខាន់​មួយ​នៃ​គោល​បំណង​ដ៏​ធំ​របស់​ខ្លួន​នៅ​ក្នុង​ការ​ដណ្ដើម​កាន់កាប់​តំបន់ Donbas។

ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy បាន​សន្យា​ការពារ​ទីក្រុង Bakhmut។ ចំណែក​ឯ​សម្ព័ន្ធមិត្ត​មួយ​ចំនួន ដែល​ក្នុង​នោះ​រួម​មាន​ទាំង​រដ្ឋមន្ត្រី​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក​លោក Lloyd Austin និង​អគ្គលេខាធិការ​អង្គការ​អូតង់ (NATO) លោក Jens Stoltenberg ផង​ដែរ​បាន​រំឭក​ថា ការ​បរាជ័យ​របស់​អ៊ុយក្រែន​មួយ​មិន​មែន​ជា​ចំណុច​របត់​ណា​មួយ​នៅ​ក្នុង​សង្គ្រាម​នេះ​ទេ៕

ព័ត៌មាន​ខ្លះ​សម្រាប់​សេចក្ដី​រាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន AFP និង​Reuters

XS
SM
MD
LG