ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋបារ៉ែនតវ៉ាអំពីការវាយប្រហារដោយឧស្ម័នបង្ហូរទឹកភ្នែករបស់រដ្ឋាភិបាលទៅលើសង្កាត់ជាច្រើន


អតីត​មេ​ប៉ូលីស​សហរដ្ឋអាមេរិក ប្រកប​ដោយ​ភាព​ចម្រូង​ចម្រាស់ ដែល​ត្រូវបានជ្រើស​រើស​ឲ្យបម្រើ​ការ​ជា​ទីប្រឹក្សា ​ដើម្បី​កែទម្រង់កងកម្លាំងសន្តិសុខ​របស់ប្រទេស​បារ៉ែន (Bahrain) បាន​ការពារការ​ប្រើ​ប្រាស់​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក នៅ​ក្នុង​សង្កាត់​ដែលប្រជាពលរដ្ឋ​រស់​នៅ​ច្រើន​ កាល​ពី​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ ដើម្បីគ្រប់គ្រងភាព​ចលាចលដែល​ចេះ​តែ​កើន​ឡើង នៅ​ក្នុង​ពិធី​រំឮកខួប​លើក​ទី​មួយ​នៃការបះបោរគាំទ្រលទ្ធិ​ប្រជា​ធិបតេយ្យ​របស់​ប្រទេស​នេះ។

ការ​វាយ​ប្រហារ​ទៅ​លើ​ភូមិរបស់អ្នក​កាន់​សាសនា​ស៊ីអ៊ីត បាន​កើន​ឡើង​ខ្លាំង​ កាល​ពីពេលប៉ុន្មាន​ថ្ងៃថ្មី​ៗ​នេះ ដោយ​អ្នក​តាំងទី​លំនៅ តវ៉ាអំពីការ​វាយ​ប្រហារ​ដោយប្រើ​ឧស្ម័នបង្ហូរ​ទឹក​ភ្នែក ជា​រៀង​រាល់​យប់។ ឧស្ម័នបង្ហូរ​ទឹក​ភ្នែក ​ត្រូវ​បាន​បន្ទោសចំពោះ​ការ​ស្លាប់​មួយ​ចំនួន កាល​ពីពេល​ថ្មី​ៗនេះ។

ក្រុមអ្នក​កាន់​សាសនាមូស្លីម​និកាយ​ស៊ីអ៊ីត (Shi’ite Muslims) ​មាន​ចំនួន​ភាគ​ច្រើន​នៅ​ក្នុង​ក្រុម​ប្រឆាំង​នៅ ​បារ៉ែន ហើយ​និយាយ​ថា ​ពួក​គេ ​ទទួល​រងការ​ធ្វើ​បាបពីសំណាក់​ក្រុមមេដឹកនាំនិកាយ​សាន់នី​ (Sunni) របស់ប្រទេស​នេះ។ ពួក​គេ ​បាន​អំពាវ​នាវ​ដល់រដ្ឋាភិបាល ឲ្យបញ្ឈប់​ការ​វាយ​ប្រហារ​ដោយ​ប្រើ​ឧស្ម័នបង្ហូរ​ទឹក​ភ្នែក ​នៅក្នុង​សង្កាត់​របស់ពួក​គេ។

ប៉ុន្តែ លោក ចនន៍ ធីមូនី (John Timoney) ​ជា​អតីត​មេ​ប៉ូលីស​នៃ​រដ្ឋ​ហ្វីឡាឌែលហ្វៀ​ (Philadelphia) និងមីអាមី​ (Miami) ហើយបច្ចុប្បន្នផ្តល់​ប្រឹក្សាយោបល់​ដល់អាជ្ញាធរ បារ៉េន ​ផ្នែក​បច្ចេកទេសសន្តិសុខ។ លោក​ ​មាន​ប្រសាសន៍​ថា ការ​កើន​ឡើង​យ៉ាង​ខ្លាំងនូវ​ការវាយ​ប្រហារ​ដ៏ហិង្សា​ ពី​សំណាក់ក្រុមសកម្មជន កំពុង​បង្ខំ​ឲ្យ​ ក្រុមអាជ្ញាធរ ​តបតវិញ។

«ក្រុម​ប៉ូលីស ​បាន​ប្រើ​ប្រាស់ឧស្ម័នបង្ហូរទឹក​ភ្នែក ​ដើម្បី​ធ្វើឲ្យមាន​គម្លាត​គ្នារវាង​ក្រុមអាជ្ញាធរនិងក្រុមកុបករ ដែល​បានកើន​ឡើង​ជា​ប្រចាំ​ ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ដោយ​វាយ​ប្រហារ​មន្ត្រី​ប៉ូលីស​ ដោយ​ប្រើ​ដបស្រា​ខកថេល​មូឡូទូវ (Molotov cocktails) ​ដុំ​ឥដ្ឋ ដែក​គោល​ និង​វត្ថុ​ផ្សេងៗ​ទៀត។»

បើ​យោងតាមរដ្ឋាភិបាល ក្រុមសកម្មជន ​បាន​ធ្វើ​ឲ្យមន្រ្តី​ប៉ូលីសជាង​៤០នាក់ ​រង​របួស​មុនពេលប្រារព្ធ​ខួប​អនុស្សាវរីយ៍​គាំទ្រលទ្ធិ​ប្រជាធិបតេយ្យ នៅ​ថ្ងៃ​ទី​១៤​ខែ​កុម្ភៈ។ ប៉ូលីស​ជា​ច្រើននាក់​ ​ត្រូវបញ្ជូន​ទៅកាន់មន្ទីរពេទ្យ។ លោក ធីមូនី មាន​ប្រសាសន៍​ថា ក្រុមប៉ូលីស ​បាន​ព្យាយាម​តបត​តាម​មធ្យោបាយ ដែលមិន​បង្ក​គ្រោះ​ថ្នាក់ដល់ជីវិត​ទេ។

«ជាអកុសល ខណៈដែល​ឧស្ម័ន​បង្ហូរទឹក​ភ្នែក ពិត​ជាមាន​ផល​ប៉ះ​ពាល់​ដល់​អ្នកដែលមិនបានចូល​រួម វាជា​អាវុធដ៏សាកសម​ជាង​ការ​ប្រើ​បា្រស់​កាំភ្លើង​ពិតដើម្បី​ការពារ​ខ្លួន​ឯង។»

លោក ​ធីមូនី ដែលមាន​ឈ្មោះល្បីល្បាញ​ខាងការ​បង្រ្កាប​ការ​តវ៉ានៅ​សហរដ្ឋអាមេរិក បាន​ច្រាន​ចោលការ​អះអាង​របស់ក្រុមសកម្មជន​ដែល​ថា អាជ្ញាធរ​នៅក្នុង​រាជា​ណាចក្រ​ឈូង​សមុទ្រពៀក (Persian Gulf Kingdom)​មួយ​នេះ បាន​ចាប់​ផ្តើម​ប្រើ​បា្រស់​ឧស្ម័ន​ពុលទៅលើប្រជាពលរដ្ឋ។

«​យើង​ដាក់មន្ត្រី​ប៉ូលីស​រាប់​ពាន់​នាក់​នៅ​ទី​នោះ​ ជា​រៀងរាល់​ថ្ងៃ។ ពួក​គេ​ ធំ​ក្លិន​ និង​ប៉ះពាល់​ឧស្ម័ន​ដោយ​ខ្លួន​ឯង​ដែរ។ ​យើងមិនឲ្យ​នរណាម្នាក់​ចូល​មកដោយ​មាន​ថ្នាំ​ពុល រឺ​បង្ក​បញ្ហា​ផ្លូវដង្ហើមឡើយ។»

លោក ​ធីមូនី និងលោក ចនន៍ យ៉ាត់ (John Yates) អតីត​ជំនួយ​ការ​ស្នងការ​នៃ​ប៉ូលីលប្រចំា​ទីក្រុង​របស់​ប្រទេសអង់គ្លេស ត្រូវ​បាន​ជ្រើសរើស​ឲ្យចូល​បម្រើការ​ដើម្បី​ជួយ​អនុវត្តអនុសាសន៍របស់​របាយការណ៍ នៃ​គណៈកម្មាធិការ​ស៊ើប​អង្កេត​ឯករាជ្យ​របស់បារ៉ែន (Bahrain Independent Commission of Inquiry) ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ខែវិច្ឆការមុន​ ទាក់ទង​ទៅ​នឹង​កង​កម្លាំងសន្តិសុខ​របស់​ប្រទេស។ របាយការណ៍​នោះ​ បាន​បញ្ជាក់ថា អាជ្ញាធរ​បារ៉ែន បានប្រើ​កម្លាំងនិង​ទារុណកម្ម​ជ្រុលហួស​ហេតុ ក្នុងអំឡុងប៉ុន្មាន​ខែ​ដំបូង​នៃ​ការ​បះបោរ​គំាទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​ កាល​ពី​ឆ្នាំ​មុន។

ក្រុមអ្នកតវ៉ាភាគច្រើននិកាយ​ស៊ីអ៊ីតរបស់​ប្រទេស​ បារ៉ែន បានចេញមកតាមដង​ផ្លូវ​ កាលពីឆ្នាំមុន ដើម្បី​ទាមទារ​សិទ្ធិ និងរដ្ឋាភិបាលតំណាង​ឲ្យ​បាន​ច្រើន​ជាងមុន។

ទោះ​ជា​យ៉ាងណា​ ការ​អំពាវ​នាវ​របស់​ពួក​គេ ​ត្រូវ​បាន​បំបិទសម្លេង​ មួយ​ខែបន្ទាប់ពីកង​ទ័ព​មក​ពី ​អារ៉ាប៊ីសាអូឌីត (Saudi Arabia) និង​អារ៉ាប់រួម (United Arab Emirates) ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​ក្នុង​ប្រទេស ហើយស្ថានភាពគ្រាអាសន្ន​រយៈពេល​៣ខែ ត្រូវបាន​ដាក់​ចេញ។

លោក ចាម៉ល ហ្វាក់រ៉ូ (Jamal Fakhro) សមាជិក​ជាន់ខ្ពស់​នៃ​រដ្ឋ​សភា​បារ៉ែន ថ្លែងថា ទីប្រឹក្សាប៉ូលីសអន្តរជាតិ​២​រូប​នេះ កំពុង​ជួយ​ធ្វើ​កំណែ​ទម្រង់​សន្តិសុខ។

«ពួក​គេ​ ​កំពុងផ្លាស់ប្តូរជា​ច្រើនផ្នែក​វប្បធម៌​នៅ​ក្នុង​ក្រសួង​មហាផ្ទៃ និងអង្គភាព​ប៉ូលីស។ ពួក​គេ​ ​ពាំនាំ​មក​នូវ​ការ​អនុវត្តដ៏​ល្អ​បំផុត ហើយពួក​គេ ​កំពុង​ដាក់​ចេញ​នូវការ​ទទួល​ខុស​ត្រូវ។»

ប៉ុន្តែ​ អ្នក​ផ្សេង​ទៀត​ មាន​ដូច​ជា ​លោក រ៉ាត់ហ៊ី ម៉ូហសេន អាល​ម៉ូសាវី (Radhi Mohsen al-Mosawi) អគ្គលេខាធិការរង​ទទួល​បន្ទុក​កិច្ច​ការ​នយោបាយ​របស់​គណបក្សប្រឆាំង វ៉ាអាឌ (Wa’ad) ​មាន​ប្រសាសន៍​ថា ការ​តែងតាំង​មន្ត្រី​លោក​ខាង​លិច ​ជា​ការ​ទាក់ទាញ​ផ្នែកទំនាក់ទំនង​សាធារណៈ​ តែប៉ុណ្ណោះ។

លោក អាល ម៉ូសាវី បញ្ជាក់ថា ខ្សែវីដេអូយូធ្យូប (Youtube) កាល​ពី​ពេលថ្មីៗ​នេះ​ ដែល​បាន​បង្ហាញក្រុម​មន្ត្រីប៉ូលីស ​វាយ​ប្រជាពលរដ្ឋ​ ហើយបោះ​វត្ថុកំពុងឆេះទៅលើ​ផ្ទះ​សម្បែង ស្តែង​ឲ្យ​ឃើញថា មន្ត្រី​ប៉ូលីស ​បន្តអនុវត្តអំពើ​ខុស​ច្បាប់។

លោក ​មានប្រសាសន៍ថា យោង​តាម​ក្រុមសិទ្ធិ​មនុស្ស​ ​ប្រជាពល​រដ្ឋ​ជាង​៣០​នាក់ ត្រូវ​បាន​សម្លាប់ ​បន្ទាប់ពីរបាយការណ៍​ស៊ើបអង្កេត​របស់គណៈកម្មាធិការ​ស៊ើប​អង្កេត​ឯករាជ្យរបស់បារ៉ែន (BICI) ត្រូវ​បានចេញ​ផ្សាយ។

«អ្នក​ជំនាញ ​គួរ​យល់ថា ប្រជាពលរដ្ឋបារ៉ែន​មិន​មែន​ល្ងង់​ រហូត​ដល់​ជឿលើ​អ្វី​ដែល​ពួក​គេ​និយាយនោះ​ទេ។»

លោក អាល ម៉ូសាវី និយាយ​ថា មេដឹកនាំរបស់​ប្រទេស​បារ៉ែន គួរ​តែ​ផ្តោតការ​យក​ចិត្ត​ទុកដាក់ឲ្យបានកាន់​តែខ្លាំងទៅ​លើ​អនុសាសន៍​ផ្សេងៗរបស់​គណៈកម្មាធិការ​ស៊ើប​អង្កេត​ឯករាជ្យ​ មាន​ដូចជា ការ​បង្កើតលក្ខខណ្ឌ​ត្រឹម​ត្រូវសម្រាប់​កិច្ច​ចរចា​ថ្នាក់​ជាតិ ជា​ដើម។

ប្រែ​សម្រួល​ដោយ សៀក អេង

XS
SM
MD
LG