ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ១៩ សីហា ២០១៩ ត្រូវបានបញ្ចប់ ក្រោយដំណើរការរយៈពេល២ថ្ងៃពេញ។ នៅក្នុងឆ្នាំ២០១៩នេះ សិស្សានុសិស្សប្រមាណ ១១៧ ០០០ នាក់បានចូលរួមប្រឡងបញ្ចប់ថ្នាក់វិទ្យាល័យ នៅតាមមណ្ឌលប្រឡងនានាទូទាំងរាជធានីខេត្តដែលមានចំនួន២០២មណ្ឌល។ ៦ឆ្នាំក្រោយកំណែទម្រង់ប្រព័ន្ធអប់រំ ដែលរាប់បញ្ចូលការរឹតបន្តឹងវិន័យក្នុងការប្រឡងបញ្ចប់វិទ្យាល័យថ្នាក់ទី១២ នៅឆ្នាំនេះ ពុំមានអ្នកអង្កេតការណ៍មកពីអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ចូលរួមក្នុងការត្រួតពិនិត្យទៀតទេ។ តែក្រសួងអប់រំ បានពង្រាយក្រុមអប្បមាទ ជាក្រុមយុវជន ស្ម័គ្រចិត្ត ត្រួតពិនិត្យ និងអង្កេតការណ៍នៅតាមមណ្ឌលប្រឡង និងបន្ទប់ប្រឡង ឲ្យធ្វើការងារនេះជំនួសក្រុមមកពីអង្គភាព ACU វិញ។ ការរឹតបន្ដឹងការប្រឡងបែបនេះ ក្រសួងអប់រំ រំពឹងថា ទទួលបានបេក្ខជនដែលមានសមត្ថភាព ពោលគឺ «អ្នកចេះ ទើបជាប់»។
កម្រងរូបភាព៖ ៦ឆ្នាំក្រោយការកែទម្រង់ វិន័យប្រលងបាក់ឌុបបន្តនៅបន្តរឹតបន្តឹង

១
បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិកំពុងត្រូវបានត្រួតពិនិត្យពីអ្នកអង្កេតការណ៍អប្បមាទ នៅមុខច្រកទ្វារខាងត្បូងនៃមណ្ឌលប្រឡងវិទ្យាល័យព្រះយុគន្ធរ នៅរាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩។ (ប៊ុន សុខា/VOA)

២
លោក ម៉ៅ សុភាព ដែលជាឪពុករបស់បេក្ខជនប្រឡង ម៉ៅ ម៉ាឡែន មកពីវិទ្យាល័យឫស្សីកែវ បង្ហាញការលើកទឹកចិត្តដល់កូនស្រីដែលត្រូវប្រឡង ដោយដាក់ច្បាប់ឈប់សម្រាកការងាររយៈពេលពីរថ្ងៃ ដើម្បីធ្វើម្ហូបអាហារយកឲ្យកូនស្រីរបស់លោក នៅមណ្ឌលប្រឡងវិទ្យាល័យព្រះស៊ីសុវត្ថិ នៅថ្ងៃទីពីរ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ កាលពីរសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩។ (ប៊ុន សុខា/VOA)

៣
បេក្ខជនប្រឡងម្នាក់កំពុងធ្វើដំណើរចូលក្នុងមណ្ឌលប្រឡងវិទ្យាល័យ ជាស៊ីម សន្ធរម៉ុក នៅថ្ងៃទីពីរ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៩ នេះ នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩។ (ប៊ុន សុខា/VOA)

៤
អ្នកស្រី ស្រ៊ឺ ឆាយឡេង អាយុ ៤៥ឆ្នាំ សម្រេចមកអង្គុយចាំកូនស្រីដែលកំពុងប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទាំងពីរថ្ងៃ នៅក្បែរមណ្ឌលប្រឡងវិទ្យាល័យឥន្ទ្រទេវី ដើម្បីមកលើកទឹកចិត្តកូនស្រីរបស់ខ្លួន កាលពីព្រឹកថ្ងៃទីពីរ ដែលជាថ្ងៃចុងក្រោយនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅរាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩។ (ប៊ុន សុខា/VOA)

៥
ទិដ្ឋភាពអ្នកអង្កេតការណ៍អប្បមាទកំពុងត្រួតពិនិត្យសំណៅឯកសារនៅច្រកទ្វារមណ្ឌលប្រឡង វិទ្យាល័យ ព្រះយុគន្ធរ ខណៈពេលឪពុកម្ដាយបេក្ខជនប្រឡងមួយចំនួនកំពុងឈរមើលកូនពីក្រៅរបងវិទ្យាល័យ នៅរាជធានីភ្នំពេញ នាពេលរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩។ (ប៊ុន សុខា/VOA)

៦
សកម្មភាពអ្នកអង្កេតការណ៍អប្បមាទកំពុងត្រួតពិនិត្យសំណៅឯកសារ នៅច្រកទ្វារមណ្ឌលប្រឡង វិទ្យាល័យ ជាស៊ីម សន្ធរម៉ុក នាពេលព្រឹកថ្ងៃចុងក្រោយនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា នៅរាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩។ (ប៊ុន សុខា/VOA)