ជាមួយនឹងការដោះលែងលោក Ilgar Mammadov ដែលជាប្រធានគណបក្ស Republican Alternative សកម្មជន និងរដ្ឋាភិបាលសហរដ្ឋអាមេរិកកំពុងអំពាវនាវបន្ថែមដល់រដ្ឋាភិបាលអាស៊ែបៃហ្សង់ឲ្យបញ្ចប់ការរឹតត្បិតដែលនៅសេសសល់នានាទៅលើអ្នកនយោបាយរូបនេះ។
សេចក្តីថ្លែងការណ៍ដែលចេញដោយអ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី Heather Nauert បានសរសេរថា «ការកាត់ទោស និងការដាក់ពន្ធនាគារលើលោក Mammadov អស់រយៈពេល៥ឆ្នាំនេះបង្កឲ្យមានក្តីបារម្ភយ៉ាងខ្លាំងអំពីនីតិរដ្ឋនៅក្នុងប្រទេសអាស៊ែបៃហ្សង់»។
សហរដ្ឋអាមេរិកបានជំរុញឲ្យរដ្ឋាភិបាលអាស៊ែបៃហ្សង់ទម្លាក់ការចោទប្រកាន់ទាំងអស់ប្រឆាំងលើលោក Mammadov «ដើម្បីគោរពតាមកាតព្វកិច្ចអន្តរជាតិរបស់ខ្លួន និងសេចក្តីសម្រេចរបស់តុលាការសិទ្ធិមនុស្សអឺរ៉ុប (European Court for Human Rights)»។
លោក Mammadov ត្រូវបានចាប់ខ្លួនកាលពីខែកុម្ភៈ ឆ្នាំ២០១៣ បន្ទាប់ពីលោកបានធ្វើដំណើរទៅកាន់ក្រុង Ismayilli ជាទីដែលពលរដ្ឋធ្វើបាតុកម្មប្រឆាំងនឹងការរំលោភបំពានរបស់ចៅហ្វាយក្រុង។ ក្រោយមក លោក Mammadov ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល៧ឆ្នាំ ដោយជាប់ចោទពីបទ «ញុះញង់ឲ្យមានអំពើហិង្សា»។
តុលាការថ្នាក់តំបន់មួយបានបន្ថយទោសទណ្ឌរបស់លោក Mammadov ដែលនៅសល់ពីរឆ្នាំ ឲ្យមកជាការព្យួរទោសវិញ និងដាក់ការរឹតត្បិតលើការដើរហើររបស់លោក។
លោក Mammadov បានប្រាប់ក្រុមអ្នកគាំទ្រលោកភ្លាមៗបន្ទាប់ពីការដោះលែងនេះថា «នេះជាជ័យជម្នះមួយផ្នែក ហើយមិនមែនជាជ័យជម្នះទាំងស្រុងនោះទេ»។
លោក Giorgi Gogia អនុប្រធានអង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) នៅអឺរ៉ុប និងអាស៊ីកណ្តាលបាននិយាយប្រាប់ VOA អំពីការដោះលែង និងលក្ខខណ្ឌនៃការដោះលែងលោក Mammadov ថា «ច្បាស់ណាស់ នេះជាការដោះលែងមានលក្ខខណ្ឌ ដែលដាក់កំហិតលើសិទ្ធិសេរីភាពរបស់លោក ហើយការណ៍នេះមិនស្របតាមបទដ្ឋានអន្តរជាតិនោះទេ»។
លោក Gogia បានអះអាងថា លោក Mammadov ត្រូវបានដោះលែងដោយសារតែសម្ពាធអន្តរជាតិតែប៉ុណ្ណោះ។ លោកបាននិយាយថា «មានការអំពាវនាវយ៉ាងហោចណាស់ជាង១០ដង ដែលធ្វើឡើងដោយគណៈកម្មាធិការរដ្ឋមន្ត្រីនៃក្រុមប្រឹក្សាអឺរ៉ុបដោយទាមទារឲ្យមានការដោះលែងលោកភ្លាមៗ» ហើយលោកបានបន្ថែមថា គណៈកម្មាធិការនេះបានសម្រេចចិត្តចាត់វិធានការផ្លូវច្បាប់ដែលមិនធ្លាប់មានពីមុនមកប្រឆាំងនឹងប្រទេសអាស៊ែបៃហ្សង់។
រដ្ឋាភិបាលក្រុងបាគូបាននិយាយថា គ្មានអ្នកណាម្នាក់ត្រូវរងទុក្ខបុកម្នេញនៅក្នុងប្រទេសអាស៊ែបៃហ្សង់ ដោយសារមូលហេតុនយោបាយនោះទេ ហើយថា សិទ្ធិជាមូលដ្ឋាន និងសេរីភាពរបស់ពលរដ្ឋខ្លួនត្រូវបានគោរព។ ប៉ុន្តែលោក Gogia បាននិយាយថា មនុស្សរាប់សិបនាក់ត្រូវបានចាប់ខ្លួននៅក្នុងការបង្ក្រាបដ៏ព្រៃផ្សៃរបស់រដ្ឋាភិបាលលោក Ilham Aliyev។
លោកបាននិយាយថា «មានមនុស្សរាប់សិបនាក់ដែលត្រូវបានចាប់ខ្លួននៅក្រោមការបង្ក្រាបដ៏សាហាវរបស់រដ្ឋាភិបាលប្រឆាំងលើអ្នករិះគន់នៅក្នុងប្រទេសអាស៊ែបៃហ្សង់។ អាជ្ញាធរបានចាប់អ្នកការពារសិទ្ធិមនុស្ស សកម្មជននយោបាយ និងអ្នកអ្នកកាសែតរាប់សិបនាក់ដាក់ពន្ធនាគារ»។
អ្នកការពារសិទ្ធិមនុស្សរូបនេះបានអំពាវនាវឲ្យរដ្ឋាភិបាលអាស៊ែបៃហ្សង់បញ្ឈប់ការបង្ក្រាបទៅលើក្រុម អ្នករិះគន់ និងគោរពនូវកាតព្វកិច្ចរបស់ខ្លួនក្នុងនាមជាប្រទេសដែលចង់មានភាពជាដៃគូជិតស្និទ្ធជាមួយនឹងក្រុមប្រឹក្សាអឺរ៉ុប។
អាស៊ែបៃហ្សង់ជាសមាជិកនៃក្រុមប្រឹក្សាអឺរ៉ុប ដែលជាអង្គភាពមួយត្រូវបានបង្កើតឡើងបន្ទាប់ពីសង្គ្រាមលោកលើកទី២ «ដើម្បីការពារសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ»។ អស់រយៈពេលជាច្រើនឆ្នាំមកហើយ រដ្ឋាភិបាលក្រុងបាគូបានព្រងើយកន្តើយលើការទាមទាររបស់ថ្នាកដឹកនាំនៃក្រុមប្រឹក្សានេះឲ្យដោះលែងលោក Mammadov៕
ប្រែសម្រួលដោយ ប៊ុន ប៉េងហ៊ុយ