ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អាជ្ញាធរ​ឲ្យ​អ្នក​រស់​នៅ​ក្នុង​អគារ​ប៊ូឌីង​ស​ចាក​ចេញ​ដើម្បី​សុវត្ថិភាព


(ពី​ឆ្វេង​ទៅ​ស្តាំ) អ្នក​រស់​នៅ​ក្នុង​អគារ​ប៊ូលឌីង លី​ ស៊ូ, សំ សុខន, ពេញ​ សារិន ដែល​រស់​នៅ​ជាន់​ទី​៤​នៃ​អគារ​តាំង​ពី​ឆ្នាំ​១៩៧៩ បាន​និយាយ​ថា​ ពួក​គាត់​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​​ពី​អាជ្ញាធរ​មូលដ្ឋាន​នៅ​ឡើយ​ទេ​អំពី​គម្រោង​នៃ​ការ​វាយ​កម្ទេច​អគារ​ចាស់​មួយ​នេះ។ (នូវ ពៅលក្ខិណា/VOA)

អាជ្ញាធរ​ក្នុង​ខណ្ឌ​ចំការមន​ចេញ​សេចក្តី​ជូន​ដំណឹង​ឲ្យ​ប្រជា​ពលរដ្ឋ​រស់​នៅ​ក្នុង​អគារ​ប៊ូឌីង ​ឬ​ហៅ​ថា ​អគារ​ប៊ូឌីង​ស​ស្ថិត​ក្នុង​សង្កាត់​ទន្លេ​បាសាក់ ​ចាក​ចេញ​ពី​អគារ​នេះ​ជា​បណ្តោះ​អាសន្ន​ ដោយ​ផ្តល់​ហេតុផល​ថា​ អគារ​នេះ​ចាស់​ទ្រុឌទ្រោម​អាច​បាក់​ស្រុត​រលំ​ជាយថាហេតុ​ ខណៈ​ពលរដ្ឋ​រស់​នៅ​ក្នុង​អគារ​ប្រវត្តិ​សាស្រ្ត​មួយ​នេះ​បដិសេធ​មិន​ព្រម​រើ​ចេញ​នោះ​ទេ។​

អាជ្ញាធរ​សង្កាត់​ទន្លេបាសាក់​ ក្នុង​ខណ្ឌ​ចំការ​មន​បាន​ចេញ​សេចក្តី​ជូន​ដំណឹង​លើកដំបូងមួយ​ ដោយ​ស្នើឲ្យ​ប្រជា​ពលរដ្ឋ​រស់​នៅ​ក្នុង​អគារ​ស​ ឬ​អតីត​អគារ​ប៊ូឌីង​ស​នេះ​ ចាក​ចេញ​ពី​អគារ​នេះ ដោយ​សារ​តែ​ភាព​ចាស់​ទ្រុឌ​ទ្រោម​របស់​អគារ​ប្រវត្តិ​សាស្រ្ត​មួយ​នេះ។​ នេះ​បើយោង​តាម​សេចក្តី​ជូន​ដំណឹង​របស់​លោក​ខាត់ ណារិទ្ធ​ ចៅ​សង្កាត់​ទន្លេ​បាសាក់​ដែល​ចេញ​ផ្សាយ​នៅ​ដើម​ខែ​កក្កដា​នេះ និង​ប្រជា​ពលរដ្ឋ​ដែល​រស់​នៅ​ក្នុង​អគារ​ស​ដែល​សង់​ក្នុង​ទសវត្ស​១៩៦០។​

នៅ​ក្នុង​សេចក្តី​ជូន​ដំណឹង​នោះ​ លោក​ខាត់​ ណារិទ្ធ​បាន​សរសេរ​ថា៖​ «សាលា​សង្កាត់​ទន្លេបាសាក់​មាន​កិត្តិយស​ សូម​ជម្រាប​ជូន​ដំណឹង​ដល់​បង​ប្អូន​ប្រជា​ពលរដ្ឋ​ដែល​រស់​នៅ​អគារ​ទ្រុឌ​ទ្រោម​ (អតីត​ប៊ូឌីង​ស)​ទាំង​អស់​ឲ្យ​បាន​ជ្រាប​ថា៖ ​តាម​ការ​ចុះ​ពិនិត្យ​ជាក់​ស្តែង​របស់​ការិយាល័យ​រៀប​ចំ​ដែន​ដី​នគរូប​នីយកម្ម​ សំណង់​ និង​ភូមិបាល​ខណ្ឌ​ចំការមន​នៃ​ទីតាំង​របស់​អគារ​ទ្រុឌ​ទ្រោម​បច្ចុប្បន្ន​នេះ​គឺ​ជា​សំណង់​ចាស់​ស្នាក់​នៅ​ច្រើន​គ្រួសារ​ ហើយ​គ្រួសារ​នីមួយៗ​បាន​ជួស​ជុល​ និង​សាង​សង់​បន្ថែម​ទម្ងន់លើ​បន្ទុក​អគារ​ចាស់​ដែល​ខ្លួន​រស់​នៅ​ ដោយ​គ្មាន​លិខិត​អនុញ្ញាត​ និង​គ្មាន​ការ​ថែទាំ​ឲ្យ​បាន​ល្អ​ផង​នោះ​ សព្វ​ថ្ងៃ​អគារ​នេះ​មាន​សភាព​ទ្រុឌ​ទ្រោម​គួរ​ឲ្យ​ព្រួយ​បារម្មណ៍»។​

លិខិត​នេះ​បន្តថា៖​«ដើម្បី​ជៀស​វាង​នូវ​គ្រោះ​ថ្នាក់​ជាយថាហេតុ​ដែល​អាច​កើត​មាន​ដោយសារ​ការ​បាក់​ស្រុត​រលំ​នៃ​អគារនេះ​ សូម​បងប្អូន​ប្រជា​ពលរដ្ឋ​ដែល​កំពុង​ស្នាក់​នៅ​លើ​អគារ​ខាង​លើនេះ​ មេត្តា​ប្រុង​ប្រយ័ត្ន​ខ្ពស់​ក្នុង​ការ​រស់​នៅ​របស់​ខ្លួន​ ​ឬចាក​ចេញ​ពី​ទីតាំង​នេះ​ជា​បណ្តោះ​អាសន្ន​សិន»។​

ការ​ចេញ​សេចក្តី​ជូន​ដំណឹង​នេះ​បាន​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​រស់​នៅ​អគារ​ស​មាន​ការ​ព្រួយ​បារម្ភ​ ពីព្រោះ​ពួក​គេ​លើក​ឡើង​ថា​ អាជ្ញាធរ​គ្រាន់​តែ​ជូន​ដំណឹង​ពី​ភាព​ចាស់​ទ្រុឌ​ទ្រោម​របស់​អគារ​នេះ​តែ​ប៉ុណ្ណោះ​ តែ​មិន​ធ្លាប់​ត្រូវ​បាន​ស្នើឲ្យ​រើ​ចាក​ចេញ​នោះ​ទេ។​

អ្នកស្រី​លុយ សាមៀន​ ពល​រដ្ឋ​រស់​នៅ​ក្នុង​អគារប៊ូឌីង​តាំង​ពី​ឆ្នាំ​១៩៧៩​បាន​ត្អូញត្អែរ​ថា៖​

«ហ៊ឺ​...ចាក​ចេញ​ពី​ទីតាំងនេះ​ជា​បណ្តោះ​អាសន្ន​សិន។ នេះ​ខ្លឹម​សារ​គេ​អ្ហាស់ ​គេ​មើល​មក។​ អញ្ចឹងហើយ ​យើង​គ្រាន់​តែ​ពិចារណាជា​មួយ​គ្នា​យើង​គ្រប់​គ្នា។ ​ បើ​ឧបមា​គេ​ឲ្យ​ចេញ​ទៅ​ ទៅ​នៅ​ត្រង់​ណា?​ ​វា​ជាការ​ព្រួយ​បារម្ភ​របស់​យើង​ទាំង​អស់​គ្នា»។​

អ្នកស្រី​ឲ្យ​ដឹង​ថា​ អគារប៊ូឌីង​នេះ​មើលពីក្រៅ​មក​ចាស់​មែន​ ប៉ុន្តែ​គ្រោង​ឆ្អឹង​និង​សំណង់​អគារ​នៅ​ខាង​ផ្នែក​ខាង​ក្នុង​គឺ​នៅ​រឹងមំា​នៅ​ឡើយ​ទេ​ ពីព្រោះ​អគារ​នេះ​ត្រូវ​បាន​សង់​តាម​ក្បួន​ខ្នាត​បច្ចេកទេស​សំណង់​ត្រឹម​ត្រូវ​ ហើយ​អ្នក​ស្រី​បញ្ជាក់​ថា ​អ្នកស្រី​ និង​ពលរដ្ឋរស់​នៅ​ក្នុង​អគារ​នេះ​មិន​យល់​ស្រប​តាម​ការ​ជូន​ដំណឹង​របស់​អាជ្ញាធរ​សង្កាត់​ទន្លេ​បាសាក់​នោះ​ទេ ​ដោយ​ពលរដ្ឋ​ត្រូវ​ការ​ស្ទង់​មតិ​គ្នា​ជា​មុន​សិន។​

«អ្ហេ​ ខ្ញុំ​ដូច​ជា​មិន​ទាន់យល់ស្រប​អីទេ​ ​ព្រោះ​ក្នុង​នោះ​យើង​មិន​អាច​យល់​ស្រប​បាន​ទេ។​ យើង​វាមិននៅ​តែ​ម្នាក់​ឯង។​ យើង​នៅ​គ្នា​ដល់​ម៉ាគំនរ ​យល់ស្រប​ឯណា​បាន​ ទាល់​តែ​មតិ​ទាំង​អស់​គ្នា​ណា៎ ​កូន​ណា៎»។​

លោក​ហែម សំអាត​ អាយុ​៥០​ឆ្នាំ ​ដែល​បាន​រស់​នៅ​ក្នុង​អគារ​ប៊ូឌីង​នេះ​តាំង​ពី​ឆ្នាំ​១៩៧៩​មក​ដែរ​នោះ ​សម្តែងក្តី​បារម្ភ​ដូច​គ្នា​នឹង​អ្នក​ស្រី​លុយ សាមៀន​ដែរ ហើយ​លោក​បាន​បន្ថែម​ថា​ ដំណោះ​ស្រាយ​សមរម្យ​មួយ​ត្រូវ​តែ​ផ្តល់​ជូន​ដល់​ប្រជា​ពល​រដ្ឋ​ បើ​សិន​ជា​ចង់​ឲ្យ​ពលរដ្ឋ​រើ​ចេញ​ពី​អគារ​សល់​ពី​សម័យ​សង្គម​រាស្រ្ត​និយម​មួយ​នេះ៖​

«បាទ​ម្តង​ពីរ​ម្តង​គឺ​វា​មិន​អាច​រើ​ចេញ​ទេ​ ទាល់​តែ​មាន​ការ​ដំណោះ​ស្រាយ»។​

លោក​ខាត់ ណារិទ្ធ​ចៅ​សង្កាត់​ទន្លេ​បាសាក់​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​អំពី​ផែន​ការ​ទៅ​ថ្ងៃ​ខាងមុខរបស់​អាជ្ញាធរ​ដែល​ស្នើឲ្យ​ប្រជា​ពលរដ្ឋ​ចាក​ចេញ​ពី​អគារ​នេះ ដោយពុំ​ទទួល​បាន​ការ​អនុញ្ញាត​ពី​លោកអភិបាលខណ្ឌ​ចំការ​មន​នោះ​ទេ។​

«បង​សួរ​ទៅ​ខណ្ឌ​សិន​ បាន​ខ្ញុំ​អាច​សម្ភាស​បាន។​ ទៅ​លោក​អភិបាល​ខណ្ឌ ​បាទ!​ ឲ្យ​លោក​អភិបាល​ខណ្ឌឲ្យសម្ភាស​ ​នោះ​ខ្ញុំ​សម្ភាសន។ ​ បើ​អត់​ទេ​ ខ្ញុំមិន​ហ៊ាន​សម្ភាស​ទេ»។​

វីអូអេ​មិន​អាច​ទំនាក់​ទំនង​លោក​ប៉ា សុជាតិវង្ស​ ចៅហ្វា​ក្រុង​ភ្នំពេញ​បាន​ទេ​ ដោយ​ទូរស័ព្ទ​របស់​លោក​ពុំអាច​ទំនាក់ទំនង​បាន។​ រីឯ​លោក​ឡុង ឌីម៉ង់​ អ្នក​នាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​ ពុំអាច​ផ្តល់​ការ​អត្ថាធិប្បាយ​បាន​ទេ​ ដោយ​លោក​ជាប់​ប្រជុំ។​

អ្នក​ជំនាញ​អង្គការ​យូណេស្កូ​ធ្លាប់​បាន​បញ្ជាក់​ថា​ អង្គការ​យូណេស្កូ​បាន​ធ្វើ​ការ​ជាមួយ​រដ្ឋាភិបាល​ក្នុង​ការ​រក្សា​ទុក្ខ​នូវ​អគារ​ដែល​មាន​លក្ខណៈ​ជា​ប្រវត្តិ​សាស្រ្ត​ដ៏មាន​សារៈ​សំខាន់​មួយ​នេះ។​

អង្គ​ការ​ពារ​សិទ្ធិ​លំនៅ​ដ្ឋាន​ក្នុង​ស្រុក​មួយ​ឈ្មោះ​សហគមន៍​ធាង​ត្នោត​ ក៏បាន​បើក​យុទ្ធនាការ​ដើម្បី​ជួសជុល​ និង​ថែ​ទាំ​អគារ​នេះ​ផង​ដែរ៕​

XS
SM
MD
LG