កាលពីឆ្នាំមុន ចិនបានទទួលឋានៈជាប្រទេសមានសេដ្ឋកិច្ចជឿនលឿនបំផុតលំដាប់ទី២ក្នុងពិភពលោកដែលខ្ពស់ជាងជប៉ុន។ ការសិក្សាកាលពីពេលថ្មីៗនេះ ដោយក្រុមអ្នកស្រាវជ្រាវនៅអូស្ត្រាលី ពិនិត្យមើលឥទ្ធិពលសេដ្ឋកិច្ចរបស់ចិនដែលកំពុងកើនឡើងនៅក្នុងតំបន់ និងចោទសួរថាតើឥទ្ធិពលសេដ្ឋកិច្ចរបស់ទីក្រុងប៉េកាំង នឹងនាំទៅរកឥទ្ធិពលនយោបាយ និងយោធាដ៏សម្បើមនៅទ្វីបអាស៊ីដែរឬទេ។
ចិនបានក្លាយជាដៃគូពាណិជ្ជកម្មធំជាងគេបំផុតរបស់អូស្ត្រាលីចាប់តាំងពីឆ្នាំ២០០៧មក ហើយការទិញធ្យូងថ្ម ដែក និងទំនិញដទៃទៀតរបស់ចិនបានផ្តល់កម្លាំងជំរុញដ៏ចម្បងសម្រាប់សេដ្ឋកិច្ចរបស់អូស្រ្តាលី។ ពាណិជ្ជកម្មនេះមានលក្ខណៈដូចគ្នានៅទូទាំងអាស៊ី ដែលពាណិជ្ជកម្មចិនបានជួយជំរុញសេដ្ឋកិច្ចរបស់ប្រទេសមួយចំនួនដូចជា ជប៉ុន កូរ៉េខាងត្បូង និងឥណ្ឌាជាដើម។
ប៉ុន្តែបើទោះជាមានទំនាក់ទំនងសេដ្ឋកិច្ចទាំងនេះក៏ដោយ ក៏វានៅមិនទាន់ច្បាស់ថាតើអំណាចសេដ្ឋកិច្ចរបស់ទីក្រុងប៉េកាំងនឹងនាំទៅរកឥទ្ធិពលនយោបាយ និងយោធាក្នុងតំបន់កាន់តែធំធេងជាងមុន។
លោក ចន លី (John Lee) ជាអ្នកវិភាគនៅវិទ្យាស្ថានឡូវី (Lowy Institute) ដែលជាក្រុមពិនិត្យមើលគោលនយោបាយឯករាជ្យដែលមានមូលដ្ឋាននៅទីក្រុងស៊ីដនី និងជាអ្នកនិពន្ធនៃការសិក្សាកាលពីពេលថ្មីៗនេះស្តីពីទំនាក់ទំនងសេដ្ឋកិច្ច និងនយោបាយក្នុងតំបន់របស់ចិន។ លោកថ្លែងថា ដោយសារតែតម្រូវការរបស់អតិថិជនចិនមានកម្រិតទាប ហើយការចូលទៅកាន់ទីផ្សារនៅទីនោះពីសំណាក់ក្រុមហ៊ុនបរទេសត្រូវបានរិតត្បិត ក្រុមប្រទេសជិតខាងរបស់ទីក្រុងប៉េកាំងនឹងបន្តពឹងផ្អែកលើពាណិជ្ជកម្មជាមួយគ្នាទៅវិញទៅមក និងជាមួយមហាអំណាចសេដ្ឋកិច្ចរបស់លោកខាងលិច ដូចជាសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបជាដើម។
«ចិនជាមហាអំណាចពិបាកទុកចិត្តយ៉ាងខ្លាំងនៅក្នុងតំបន់ ទោះជាប្រទេសនេះបានក្លាយជាដៃគូពាណិជ្ជកម្មដ៏លើសលប់របស់ប្រទេសជាច្រើននៅទ្វីបអាស៊ីដូចជាជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងសូម្បីតែឥណ្ឌាជាដើម នោះក៏ដោយ។ រាល់រដ្ឋធានីធំៗនៅអាស៊ីកាន់តែជិតស្និទ្ធិជាមួយទីក្រុងវ៉ាស៊ីនតោន ដើម្បីកម្រិតការងើបឡើងរបស់ចិន។ ដូច្នេះ ខាងផ្នែកប្រសិទ្ធិភាព និងជាយុទ្ធសាស្ត្រ អ្នកមានប្រទេសជាច្រើនរួបរួមគ្នាតទល់ជាមួយចិន ទោះបីជាចិនមានសេដ្ឋកិច្ចលូតលាស់ និងមានសារៈសំខាន់ក្នុងនាមជាដៃគូពាណិជ្ជកម្មជាមួយប្រទេសទាំងអស់នោះក៏ដោយ»។
នៅក្នុងរបាយការណ៍របស់ខ្លួន វិទ្យាស្ថានឡូវី ឲ្យដឹងថា ប្រទេសជិតខាងជាច្រើនរបស់ចិនក៏មានការខ្វាយខ្វល់ក្នុងចិត្តដែរចំពោះឥទ្ធិពលយោធាដែលចេះតែកើនឡើងរបស់ចិន ជាពិសេសទាក់ទងនឹងជម្លោះនៅតាមសមុទ្រ នៅក្នុងសមុទ្រលឿង និងសមុទ្រចិនភាគខាងត្បូង។
ចិនបានទទូចថា ខ្លួនជាដៃគូប្រកបដោយសន្តិភាពនៅអាស៊ី ហើយចង់ដោះស្រាយជម្លោះដែនទឹករបស់ខ្លួនតាមរយៈការចរចា។ ប៉ុន្តែការពង្រីកចំណាយផ្នែកកងទ័ពជើងទឹក និងយោធា របស់ខ្លួនបង្កឲ្យមានការសង្ស័យ។
ខណៈដែលរបាយការណ៍របស់វិទ្យាស្ថានឡូវីមើលឃើញពីមន្ទិលសង្ស័យទាំងនោះថា បានកម្រិតឥទ្ធិពលរបស់ចិន មានក្រុមអ្នកវិភាគជាតិអូស្រ្តាលីផ្សេងទៀតមិនយល់ស្រប។ លោក អាន់ឌ្រូ ដេវីស (Andrew Davies) ជាអ្នកវិភាគនៅឯវិទ្យាស្ថានគោលនយោបាយយុទ្ធសាស្ត្រអូស្ត្រាលី (Australian Strategic Policy Institute)។ លោក មានប្រសាសន៍ថា ភាពរីកលូតលាស់យ៉ាងខ្លាំងផ្នែកសេដ្ឋកិច្ច និងការចំណាយផ្នែកយោធាយ៉ាងច្រើនសន្ធឹកសន្ធាប់របស់ចិនអាចលប់លើឥទ្ធិពលរបស់សហរដ្ឋអាមេរិកនៅអាស៊ី។
«ខ្ញុំគិតថា បញ្ហាប្រឈមខាងយុទ្ធសាស្ត្រក្នុងរយៈពេល២០ឆ្នាំខាងមុខគឺការបន្តងើបឡើងរបស់ចិន និងការធ្លាក់ចុះរបស់សហរដ្ឋអាមេរិក និងថាតើកត្តានោះនឹងបាត់បង់នូវអ្វីដែលយើងពណ៌នាថា ជាភាពរួមគ្នាជាសកល។ ផ្នែកមួយនៃរឿងរ៉ាវនេះ រួមទាំងសហរដ្ឋអាមេរិកផង ដែលកំពុងពិនិត្យមើលកងកម្លាំងរបស់ខ្លួនដែលដាក់ពង្រាយនៅទូទាំងពិភពលោក ប៉ុន្តែជាពិសេស នៅមហាសមុទ្រប៉ាស៊ីហ្វិកភាគខាងលិច ហើយបញ្ហាមួយដែលស្តែងឲ្យឃើញកាន់តែច្បាស់កាលពីប៉ុន្មានឆ្នាំចុងក្រោយនេះ គឺថាមូលដ្ឋានរបស់សហរដ្ឋអាមេរិកនៅប្រទេសជប៉ុន និងហ្គួម (Guam) ងាយទទួលរងគ្រោះពីសមត្ថភាពរបស់ចិនដែលចេះតែកើនឡើង»។
ក្រុមអ្នកវិភាគនៅវិទ្យាស្ថានឡូវី និយាយថា សហរដ្ឋអាមេរិកបានកំពុងទាក់ទងអាស៊ីឡើងវិញកាលពីប៉ុន្មានឆ្នាំថ្មីៗនេះប្រកបដោយជោគជ័យ ដែលពង្រឹងសម្ព័ន្ធភាពដែលមាននៅទីនោះស្រាប់ជាមួយជប៉ុន និងអូស្រ្តាលី និងបង្កើតទំនាក់ទំនងថ្មីជាមួយឥណ្ឌា និងវៀតណាម។
កាលពីខែមិថុនា អូស្ត្រាលីបានចាប់ផ្តើមត្រួតពិនិត្យមើលសមត្ថភាពការពារប្រទេសរបស់ខ្លួន ដែលអាចនាំទៅដល់ការផ្តោតអារម្មណ៍សាជាថ្មីទៅលើការការពារតំបន់ឆ្នេរភាគពាយព្យដែលសម្បូរណ៍ទៅដោយធនធានរបស់ប្រទេសនេះ។ រដ្ឋាភិបាលថ្លែងថា ការវាយតម្លៃឡើងវិញកំពុងត្រូវបានធ្វើឡើងដើម្បីទប់ទល់នឹងឥទ្ធិពលយោធាដែលកំពុងងើបឡើងរបស់ចិនដោយទទូចឡើងថា ទីក្រុងកង់បេរ៉ា (Canberra) ជឿជាក់ថា ទីក្រុងប៉េកាំងនឹងងើបឡើងក្នុងនាមជា «តួឯក»ប្រកបដោយការទទួលខុសត្រូវនៅក្នុងកិច្ចការតំបន់៕
ប្រែសម្រួលដោយលី សុខឃាង