ក្រុមអ្នកតាក់តែងច្បាប់អូស្ត្រាលីកំពុងទាមទារឲ្យមានការត្រួតពិនិត្យមើលទៅលើច្បាប់វិនិយោគទុនបរទេស ដើម្បីបញ្ឈប់ក្រុមហ៊ុនរុករករ៉ែបរទេស ដោយរាប់បញ្ចូលទាំងក្រុមហ៊ុនមកពីប្រទេសចិន មិនឲ្យទិញដីធ្វើកសិកម្មសំខាន់ៗ។ សមាជិករដ្ឋសភាព្រួយបារម្ភអំពីសនិ្តសុខស្បៀង ដោយសារតែសាជីវកម្មចិនទិញយកដីធ្វើកសិកម្មដែលសម្បូរធ្យូងថ្មមួយភាគធំនៅរដ្ឋ ញូវ សៅធ៍ វេលស៍ (New South Wales)។
ក្រុមអ្នកតាក់តែងច្បាប់អភិរក្សនិយមនៃគណបក្សប្រឆាំងបានចូលរួមជាមួយគណបក្សហ្គ្រីនស៍ (Greens Party) និងសមាជិករដ្ឋសភាឯករាជ្យ ដើម្បីទាមទារថា ដីធ្វើកសិកម្មដ៏មានតម្លៃត្រូវតែការពារ ដោយមិនត្រូវផ្តល់កម្មសិទ្ធិដល់ជនបរទេសទេ។
ពួកគេនិយាយថា ពួកគេព្រួយបារម្ភអំពីសន្តិសុខស្បៀង ហើយចង់ឲ្យក្រុមប្រឹក្សាត្រួតពិនិត្យការវិនិយោគទុនបរទេស មានតួនាទីធំធេងជាងមុនក្នុងការការពារទ្រព្យសម្បត្តិជាតិសំខាន់ៗ។
ក្រុមប្រឹក្សានេះត្រូវពិនិត្យពិច្ច័យលើផែនការវិនិយោគទុនបរទេសនៅអូស្ត្រាលី ដែលមានតម្លៃជាង២៣០លានដុល្លារ ប៉ុន្តែក្រុមអ្នកតាក់តែងច្បាប់ជឿជាក់ថាក្រុមប្រឹក្សានេះគួរតែបន្ថយលក្ខខណ្ឌនោះ ដើម្បីបញ្ចូលគម្រោងផ្សេងៗទៀតដែលមានតម្លៃ៥លានដុល្លារ និងតម្លៃលើសពីនេះ។
ក្រុមហ៊ុនរុករករ៉ែគ្រប់គ្រងដោយរដ្ឋរបស់ចិន ឈ្មោះសេនហួរ វ៉ាត់ធឺម៉ាក ខូល (Shenhua Watermark Coal) បានទិញតំបន់ដីធ្វើកសិកម្មដ៏ធំមួយចំនួនដែលសម្បូរទៅដោយធ្យូងថ្មនៅ ញូវ សៅធ៍ វេលស៍ ដែលតាមសេចក្តីរាយការណ៍ថា ស្រទាប់រ៉ែអាចមានគ្រប់គ្រាន់ល្មមក្នុងការធានាបាននូវប្រតិបត្តិការរុករករ៉ែរយៈពេល៣០ឆ្នាំ។ កិច្ចព្រមព្រៀងនេះត្រូវបានអនុម័តដោយក្រុមប្រឹក្សាត្រួតពិនិត្យវិនិយោគទុនបរទេស ប៉ុន្តែក្រុមអ្នករិះគន់ជឿថា អូស្ត្រាលីមានកំហុសក្នុងការធ្វើឲ្យបាត់បង់ការគ្រប់គ្រងលើប្រភពធនធានដ៏មានសារៈសំខាន់បែបនេះ។ រដ្ឋាភិបាលទីក្រុងកង់បេរ៉ា (Canberra) និយាយថា ខ្លួនពេញចិត្តជាមួយបទបញ្ញតិនាពេលបច្ចុប្បន្ននេះ។
តំបន់កសិកម្មដទៃទៀតនៅប្រទេសអូស្ត្រាលីភាគខាងកើតក៏បានទាញការចាប់អារម្មណ៍របស់ក្រុមហ៊ុនបរទេស ដែលចង់ទាញយកប្រយោជន៍ពីធនធានបម្រុងនៃស្រទាប់ឧស្ម័នធ្យូងថ្មដែរ។
ព្រឹទ្ធសមាជិក បាណាប៊ី ជយស៍ (Barnaby Joyce) អ្នកតាក់តែងច្បាប់របស់គណបក្សប្រឆាំង ថ្លែងថា ផ្នែកខ្លះរបស់ប្រទេសនេះគួរតែដាក់កម្រិតមិនឲ្យជនបរទេសប៉ះពាល់ទេ។
«ខ្ញុំគិតថាដីធ្វើកសិកម្មសំខាន់ៗ ហើយយើងត្រូវចងចាំថាយើងនិយាយអំពីដីដែលល្អបំផុត គួរតែដាក់កម្រិតមិនឲ្យប៉ះពាល់ទេ ដោយសារតែដីធ្វើកសិកម្មសំខាន់ៗទាំងនោះមិនអាចរកអ្វីជំនួសបានទេ។ ប៉ុន្តែនៅពេលដែលដីធ្វើកសិកម្មសំខាន់ៗត្រូវបាត់បង់ទៅ នោះគឺចប់តែម្តង។ អ្នកមិនអាចយកដីនោះមកវិញទេ។ ព្រះអាទិទេពមិនបាននៅទីនេះក្នុងរយៈពេលពីរបីសប្តាហ៍កន្លងទៅនេះ។ ដូច្នេះ នៅពេលដែលដីត្រូវបាត់បង់ទៅ វានឹងបាត់ជារៀងរហូត»។
អូស្ត្រាលីជាប្រទេសទទួលការវិនិយោគទុនបរទេសរបស់ចិនធំជាងគេទីពីរបន្ទាប់ពីហុងកុង។ ការស្ទាបស្ទង់មតិកាលពីពេលថ្មីៗនេះ ដោយវិទ្យាស្ថានឯករាជ្យឡូវី (Lowy)ដែលមានមូលដ្ឋាននៅទីក្រុងស៊ីដនី បានរកឃើញថាក្រុមវិនិយោគិនជាតិចិនមានអារម្មណ៍ថាខ្លួនត្រូវបានទទួលការរើសអើងពីសំណាក់ក្រុមមន្ត្រីអូស្ត្រាលី ព្រមទាំងប្រព័ន្ធផ្សាយព័ត៌មានផងដែរ។
វិទ្យាស្ថានឡូវី ក៏បានឲ្យដឹងថា ជនជាតិអូស្ត្រាលីចំនួន៥៧ភាគរយបានគិតថា រដ្ឋាភិបាលទីក្រុងកង់បេរ៉ា អនុញ្ញាតឲ្យមានការវិនិយោគទុនច្រើនពេកពីប្រទេសចិន នៅក្នុងប្រទេសរបស់ពួកគេ។
ចិនជាដៃគូពាណិជ្ជកម្មដ៏ធំជាងគេបំផុតរបស់អូស្ត្រាលី ហើយតម្រូវការដ៏ច្រើនសន្ធឹកសន្ធាប់របស់ទីក្រុងប៉េកាំងខាងធនធានធម្មជាតិ ត្រូវបានចាត់ទុកថាបានជួយស្រោចស្រង់អូស្រ្តាលីពីការធ្លាក់ចុះសេដ្ឋកិច្ចសកលលោកដ៏ធ្ងន់ធ្ងរបំផុត និងជំរុញឲ្យមានការលូតលាស់ខាងវិស័យរុករករ៉ែ ដែលកើតមានតែម្តងនៅក្នុងមួយសតវត្សរ៍នេះ។
សមាជិកគណបក្សហ្គ្រីនស៍ជឿជាក់ថា អូស្ត្រាលីមិនបានទទួលប្រាក់ចំណេញគ្រប់គ្រាន់ល្មមពីពាណិជ្ជកម្មលើធនធានរ៉ែដែលកំពុងតែឡើងខ្ពស់នោះទេ ពោលគឺភាគច្រើនរ៉ែដែក។
គណបក្សនេះនិយាយថា ៨៣ភាគរយនៃឧស្សាហកម្មរ៉ែរបស់អូស្ត្រាលីត្រូវបរទេសគ្រប់គ្រង ហើយប្រាក់ចំណេញយ៉ាងច្រើនបានធ្លាក់ទៅក្នុងដៃបរទេស។ ការប៉ាន់ស្មានតាមផ្លូវការផ្សេងទៀត បាននិយាយថា ជនបរទេសគ្រប់គ្រងប្រហែល៥០ភាគរយនៃឧស្សាហកម្ម។ ប៉ុន្តែគណបក្សហ្គ្រីនស៍បានព្រមានថា ប្រសិនបើទ្រព្យសម្បតិ្តមកពីធនធានធម្មជាតិមិនបានគ្រប់គ្រងឲ្យបានត្រឹមត្រូវទេ វិបុលភាពរបស់អូស្ត្រាលី នឹងស្ថិតក្នុងភាពមានគ្រោះថ្នាក់ជាមិនខាន។
ផ្នែកធនធានរ៉ែបានទទូចថា ទឡ្ហីករណ៍របស់គណបក្សហ្គ្រីនមាន«កំហុសឆ្គង» ហើយនិយាយថា ឧស្សាហកម្មនេះមានប្រវត្តិល្អក្នុងការវិនិយោគឡើងវិញនូវប្រាក់ចំណូលភាគច្រើនរបស់ខ្លួននៅអូស្ត្រាលី៕
ប្រែសម្រួលដោយ លី សុខៀង