រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Lloyd Austin បានធ្វើទស្សនកិច្ចទៅប្រទេសហ្វីជីកាលពីថ្ងៃសុក្រ ដោយធ្វើឱ្យលោកក្លាយជារដ្ឋមន្ត្រីការពារជាតិអាមេរិកដំបូងគេបង្អស់ដែលធ្វើទស្សនកិច្ចទៅកាន់ប្រទេសដីកោះប៉ាស៊ីហ្វិកនេះ។ ប្រទេសនេះបានក្លាយជាប្រទេសដែលកាន់តែមានសារៈសំខាន់នៅក្នុងការប្រជែងដើម្បីឥទ្ធិពលនៅក្នុងតំបន់រវាងចិននិងសហរដ្ឋអាមេរិក។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AFP។
លោក Austin ទទួលបានការស្វាគមន៍ផ្លូវការបន្ទាប់ពីបានធ្វើដំណើរទៅដល់ទីក្រុង Nadi នៅលើកោះចម្បងបំផុតរបស់ប្រទេសហ្វីជី។ លោកបាននិយាយថាទស្សនកិច្ចនេះផ្ដោតលើវិធីដើម្បី «ពង្រឹងសន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់»។
ប្រទេសចិនបានបង្កើនការចែចង់ប្រទេសដីកោះនេះក្នុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយបង្កក្ដីបារម្ភក្នុងចំណោមមហាអំណាចបស្ចិមប្រទេស ជាពិសេសសហរដ្ឋអាមេរិកនិងអូស្ត្រាលី ដែលជាប្រវត្តិសាស្ត្រមានឥទ្ធិពលធំធេងនៅក្នុងតំបន់នេះ។
នាយករដ្ឋមន្ត្រីហ្វីជីលោក Sitiveni Rabuka ដែលជាអតីតយុទ្ធជន ត្រូវបានគេមើលឃើញថាជាអ្នកគាំទ្របស្ចិមប្រទេសជាទូទៅ ប៉ុន្តែកាលពីពេលថ្មីៗនេះបានធ្វើទស្សនកិច្ចរយៈពេលយូរទៅកាន់ប្រទេសចិន។
ប្រទេសហ្វីជីនិងចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទ្វេភាគីជាច្រើនផ្នែកពាណិជ្ជកម្ម ជំនួយយោធា ហេដ្ឋារចនាសម្ព័ន្ធ និងការអប់រំភាសាចិនក្នុងអំឡុងទស្សនកិច្ចរបស់លោក Rabuka ទៅកាន់ប្រទេសចិន។ នេះបើយោងតាមសេចក្ដីថ្លែងការណ៍របស់រដ្ឋាភិបាលទាំងពីរ។
សហរដ្ឋអាមេរិកបានព្យាយាមទប់ទល់នឹងឥទ្ធិពលរបស់ចិននៅក្នុងប្រទេសហ្វីជី ជាពិសេសបង្ការចិនមិនឱ្យបង្កើតវត្តមានយោធានៅក្នុងប្រទេសនេះ។
លោក Austin កំពុងធ្វើទស្សនកិច្ចរយៈពេលពីរថ្ងៃទៅកាន់ប្រទេសនេះ ហើយគ្រោងនឹងជួបពិភាក្សាជាមួយនឹងលោក Rabuka នៅថ្ងៃសៅរ៍នេះ៕
វេទិកាបញ្ចេញមតិ