ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អតីត​កម្មាភិបាល​ខ្មែរ​ក្រហម​ថា​មិន​ខ្លាច​តុលាការ​និង​យមបាល​


តា អាន ឬ ​អោម អាន​អាយុ​៧៨ឆ្នាំ​ជា​អតីត​អនុប្រធាន​តំបន់​មជ្ឈិម​ ឬ​ខេត្ត​កំពង់ចាម​ក្នុង​សម័យ​ខ្មែរ​ក្រហម បាន​ផ្តល់​បទ​សម្ភាសន៍​ពិសេស​ដល់​វីអូអេ​ខ្មែរ​កាល​ពី​ថ្ងៃ​ទី​២៧​ខែ​កក្កដា​ឆ្នាំ​២០១១​នៅ​ឯ​ផ្ទះ​របស់​លោក​ក្នុង​ស្រុក​កំរៀង​ខេត្ត​បាត់ដំបង។ តា អាន​ ស្ថិត​ន
តា អាន ឬ ​អោម អាន​អាយុ​៧៨ឆ្នាំ​ជា​អតីត​អនុប្រធាន​តំបន់​មជ្ឈិម​ ឬ​ខេត្ត​កំពង់ចាម​ក្នុង​សម័យ​ខ្មែរ​ក្រហម បាន​ផ្តល់​បទ​សម្ភាសន៍​ពិសេស​ដល់​វីអូអេ​ខ្មែរ​កាល​ពី​ថ្ងៃ​ទី​២៧​ខែ​កក្កដា​ឆ្នាំ​២០១១​នៅ​ឯ​ផ្ទះ​របស់​លោក​ក្នុង​ស្រុក​កំរៀង​ខេត្ត​បាត់ដំបង។ តា អាន​ ស្ថិត​ន

អតីត​កម្មាភិបាល​ខ្មែរក្រហម​មួយរូប​ដែល​ជា​ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​ជនសង្ស័យ​ចំនួន​ប្រាំ​នាក់​នៃ​សំណុំ​រឿង​បន្ថែម ​បដិសេធ​ចំពោះ​ការ​ចោទ​ប្រកាន់​ពីបទ​ជាប់​ទាក់ទិន​នឹង​អំពើ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍​និង​ឧក្រិដ្ឋកម្ម​នានា​ក្នុង​សម័យ​ខ្មែរក្រហម​ ដោយ​បាន​អះអាង​ថា​ខ្លួន​ជា​ជន​គ្មាន​កំហុស។

តា អាន ឬ ​អោម អាន​អាយុ​៧៨ឆ្នាំ​ជា​អតីត​អនុប្រធាន​តំបន់​មជ្ឈិម​ ឬ​ខេត្ត​កំពង់ចាម​ដែល​មាន​មនុស្ស​ជាង​១៥០.០០០​នាក់​ស្លាប់​ក្នុង​របប​ខ្មែរក្រហម។ ជិត​ពាក់​កណ្តាល​នៃ​ចំនួន​នេះ​ជា​ជនជាតិ​ចាម។ សហ​ព្រះរាជ​អាជ្ញា​អន្តរជាតិ​នៃ​សាលាក្តី​ខ្មែរ​ក្រហម​ប៉ុន​ប៉ង​នាំខ្លួន​ជន​សង្ស័យ​មួយ​ចំនួន​ផ្សេង​ទៀត​ទៅ​ជំនុំ​ជម្រះ​ទោស​ពី​បទ​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​ ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​ និង​បទឧក្រិដ្ឋ​មួយ​ចំនួន​ទៀត​ក្នុង​សំណុំរឿង​០០៣​ និង​០០៤។ នេះ​បើ​យោងតាម​ដីកា​សន្និដ្នាន​ជា​សម្ងាត់​របស់​សហព្រះរាជ​អាជ្ញា​បរទេស​ដែល​វីអូអេ​ខ្មែរ​ទទួល​បាន​ពី​ប្រភព​ស្និទ្ធ​នឹង​តុលាការ​ខ្មែរក្រហម។

ថ្លែងប្រាប់​វីអូអេ​ខ្មែរ​កាលពី​ល្ងាចថ្ងៃ​២៧ ​ខែកក្កដា​ ឆ្នាំ២០១១​ ក្នុង​កិច្ច​សម្ភាស​ជា​ពិសេស​ដ៏កម្រ​មួយ​នៅ​ផ្ទះ​របស់​លោក​នៅ​ក្នុង​ភូមិ​មួយ​ជាប់​នឹង​ផ្លូវ​ធំ​មួយ នៃ​ស្រុក​កំរៀង​ ខេត្ត​បាត់ដំបង​ តា អាន ​បាន​ថ្លែង​ថា លោក​មិន​ព្រួយ​បារម្ភ​នឹង ​តុលាការ​ និងយមបាល ដែល​កាត់ទោស​មនុស្ស​មាន​បាប​ និង​ប្រព្រឹត្ត​អាក្រក់​បន្ទាប់​ពី​ស្លាប់​ទៅ​នោះ​ទេ។ តា អាន​ថ្លែង​ថា៖

«បច្ចុប្បន្ននេះ​ក៏​ខ្ញុំ​អត់ភ័យ​នឹងតុលាការ។ ទៅអនាគត​ទៀត ពេល​ខ្ញុំ​ស្លាប់ ក៏​ខ្ញុំ​អត់​ភ័យ​នឹង​យមបាល។​ អត់ភ័យទេ។​ បុណ្យ​ឥឡូវ​ខ្ញុំ​ធ្វើ។​ សីល​ខ្ញុំ​កាន់។​ ពី​មុន​មក ខ្ញុំ​អត់​មាន​កាប់​សម្លាប់។​ ខ្ញុំ​ខ្លាច​យមបាល?​ ខ្ញុំ​អត់​ខ្លាច​ទេ»។

តា អាន​ថ្លែង​ដូច្នេះ​ដោយ​យោង​ថា លោក​បាន​ផ្លាស់​ពី​ខេត្ត​កំពត​ទៅ​កាន់​កាប់​តំបន់​មជ្ឈិម​នៅ​កំពង់ចាម​ដែល​មាន​ស្រុក​ជា​ច្រើន​ ដែល​រួម​មាន ស្រុកព្រៃឈរ ពាមជីកង កំពង់​សៀម និង​បាធាយ កាល​ពី​ចុង​ឆ្នាំ​១៩៧៧។ តា អាន​និយាយ​ថា ពេលនោះ​ គាត់​ពុំ​ដឹង​ថា​គេ​ដក​ប្រជាពលរដ្ឋ​ ទៅ​ណា​អស់​នោះ​ទេ។ តា អាន​ បញ្ជាក់​ថា មុន​ពេល​គាត់​ដល់ តំបន់​នោះ​ស្ថិត​ក្រោម​ការគ្រប់​គ្រង​របស់​កែ ពក​ដែល​ជា​ប្រធាន​ភូមិភាគ។ តា អាន បាន​ថ្លែង​ប្រាប់​វីអូអេ​ខ្មែរ​ថា៖

«ខ្ញុំ បើ​មាន​សិទ្ធិ​តវ៉ា​ដូច​ខ្ញុំ​ថា​អញ្ចឹង​គឺ​ខ្ញុំអត់​មាន​បញ្ហា​អី​ទាក់​ទិន​នឹង​ឃាតកម្ម​អស់​ហ្នឹង​ទេ។​ អត់​មាន​ទេ​ដូច​ខ្ញុំ​ជម្រាប​ប្រសាសន៍​អញ្ចឹង​គឺ​ថា​ពេល​ដែល​ខ្ញុំ​ទៅ​គឺ​អស់​ហើយ​ពីក្រោម​រហូត​ដល់​លើ​នៅ​តែ​កែ ពក​មួយ​ទេ។​ រួច​ខ្ញុំ​ទៅ​រៀប​ចំ​ភូមិ​ ឃុំ​ថ្មី។ ខ្ញុំ​មាន​ការ​ទាក់​ទិន​រឿង​អី?​ អត់»។

នៅ​ពេល​សួរ​បញ្ជាក់​ជា​ថ្មីថា​តើ​ពេល​គេ​ផ្លាស់​គាត់​ឲ្យ​ទៅ​កាន់​កាប់​តំបន់​កំពង់ចាម​នោះ​ ប្រជាពលរដ្ឋ​ត្រូវ​គេ​សម្លាប់​អស់​ក្នុង​ពេល​ច្របូក​ច្របល់​នោះ​មែន​ឬ​យ៉ាង​ណា?​ តា អាន​បាន​បញ្ជាក់​ថា៖

តា អាន ឬ ​អោម អាន​អាយុ​៧៨ឆ្នាំ​ជា​អតីត​អនុប្រធាន​តំបន់​មជ្ឈិម​ ឬ​ខេត្ត​កំពង់ចាម​ដែល​មាន​មនុស្ស​ជាង​១៥០.០០០​នាក់​ស្លាប់​ក្នុង​របប​ខ្មែរក្រហម។
តា អាន ឬ ​អោម អាន​អាយុ​៧៨ឆ្នាំ​ជា​អតីត​អនុប្រធាន​តំបន់​មជ្ឈិម​ ឬ​ខេត្ត​កំពង់ចាម​ដែល​មាន​មនុស្ស​ជាង​១៥០.០០០​នាក់​ស្លាប់​ក្នុង​របប​ខ្មែរក្រហម។

«បាទ!​ គេ​ដោះស្រាយ (សម្លាប់) អស់​ហើយ​ រួច​បាន​ខ្ញុំ​ទៅ​ក្រោយ។ ទៅ​អស់​ហើយ។ ខ្ញុំ​រៀប​ចំ​ក្រោយ។ នៅ​តែ​ កែ ពក​មួយ។ ភូមិ ​ឃុំ ស្រុក ​តំបន់​ រួច​ខ្ញុំ​អត់​មាន​ទៅ​ប្រឡាក់​ប្រឡូស​អី​ទេ។​ អាហ្នឹង​ដែល​ខ្ញុំ​ចង់​តវ៉ា​អញ្ចឹង​ឯង​ តើ​ខ្ញុំ​មាន​បញ្ហា​អី​ទាក់​ទិន?​ ហើយ​មក​ដល់​ឆ្នាំ​១៩៧៧ ​ឆ្នាំ​១៩៧៨​ ហើយនឹង​ឆ្នាំ​១៩៧៩​អស់​ហើយ»។

ក៏​ប៉ុន្តែ​នៅ​ក្នុង​ដីកា​សន្និដ្ឋាន​លើក​ទី៣​ដែល​ជា​ឯកសារ​សម្ងាត់​របស់​សហ​ព្រះរាជ​អាជ្ញា​អន្តរជាតិ​ចំនួន​១១២​ទំព័រ​ជា​ភាសា​អង់គ្លេស​ដែល​វីអូអេ​ខ្មែរ​ទទួល​បាន​ពី​ប្រភព​ស្និទ្ធ​នឹង​តុលាការ​ ហើយ​សុំ​លាក់​អត្ត​សញ្ញាណ​ដោយសារ​តែ​នេះ​ជា​បញ្ហា​រសើប​នោះ​ សហ​ព្រះរាជ​អាជ្ញា​អន្តរជាតិ​បាន​ស្នើ​កាល​ពី​ថ្ងៃ​២០​ខែ​វិច្ឆិកា​ឆ្នាំ​២០០៨ ឲ្យ​សហ​ចៅក្រម​ស៊ើបអង្កេត​ធ្វើការ​ចោទ​ប្រកាន់​ និង​ស៊ើប​អង្កេត តា អាន ពី​បទ​ឧក្រិដ្ឋ​ជា​ច្រើន​រួមទាំង​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍​ ឧក្រិដ្ឋកម្ម​ប្រឆាំងនឹង​មនុស្សជាតិ​ ធ្វើ​ទារុណកម្ម​ និង​ការ​ធ្វើ​ទុក្ខបុកម្នេញ​ផ្នែក​សាសនា ជា​ពិសេស​ចំពោះ​ជន​ជាតិចាម​ជាដើម។ ឯកសារ​ដដែល​នោះ​បាន​រៀប​រាប់​ពី​ឧក្រិដ្ឋកម្ម​លម្អិត ​និង​ចំនួន​មនុស្ស​ស្លាប់​ក្នុង​មន្ទីរ​ឃុំ​ឃាំង​នីមួយៗ​ក្នុង​ខេត្ត ​កំពង់ចាម។​ មន្ទីរឃុំឃាំង​វត្ត​អូត្រកួន​ស្ថិត​នៅ​ក្នុង​ឃុំ​ពាមជីកង​ ស្រុក​កងមាស​ ខេត្ត​កំពង់ចាម​ មាន​ពលរដ្ឋ​ត្រូវ​គេ​សម្លាប់​ជាង​៣២.០០០​នាក់។​ ការ​សម្លាប់​នៅ​មន្ទីរ​ឃុំឃាំង​ផ្សេងៗ​ទៀត​ក្នុង​ខេត្ត​កំពង់ចាម​ដែល​មួយ​កន្លែងៗ​មាន​ចាប់​ពី​១.០០០នាក់​ ដល់​១០.០០០នាក់។

ដោយ​ឡែក​នៅ​ក្នុង​មន្ទីរ​ឃុំឃាំង​ក្នុង​ខេត្ត​កំពង់ធំ​ដែល​ជា​ផ្នែក​មួយ​នៃ​តំបន់​មជ្ឈិម​ដែរ​នោះ មាន​ប្រជា​ពលរដ្ឋ​ចាប់ពី ១៥.០០០​នាក់ស្លាប់​ ២០.០០០នាក់​ និង​៤០.០០០​នាក់​ក៏មាន។​ នៅក្នុង​ដីកា​សន្និដ្នាន ​បឋម​របស់​សហ​ព្រះរាជអាជ្ញា​អន្តរជាតិ​ដដែល​ ដែលគេ​ដាក់ថា​ជាឯកសារ​សម្ងាត់​បានបញ្ជាក់​ថា​តា ​អាន​គ្រប់គ្រង​គុក​ចំនួន២៥​ក្នុងតំបន់​មជ្ឈិម។ ​ឯកសារ​ដដែល នោះបាន​បញ្ជាក់​ថា៖

«បន្ថែមទៅ​នឹងការ​កម្ចាត់ចោល​មន្ត្រីក្នុង​មុខតំណែង​ បន្ទាប់​ពីការ​មកដល់​ក្នុង តំបន់​មជ្ឈិម​របស់​តា អាន​និងក្រុម​មន្ត្រីមក​ពីទិស​និរតី​ មានកំណើន​យ៉ាងខ្លាំង ចំពោះ​ការ​ចាប់ខ្លួន​ ការសម្លាប់​ និងបំបាត់​ខ្លួន​និង​ការកើត​ឡើង​នូវ​ស្ថានភាព​រស់នៅ​ដ៏អាក្រក់​ផ្សេងៗ​ទៀត​ក្នុង​ចំណោម​ប្រជាពលរដ្ឋ។ គំរូដ៏​ជាក់លាក់​មួយ​ដែល​កើតមាន​នៅតំបន់​មជ្ឈិម​បន្ទាប់ពីការ​មកដល់​របស់​តា អាន និង​ក្រុមនិរតី​នោះ​ គឺ​តម្រូវ​ឲ្យ​ពលរដ្ឋ​ ធ្វើការ​ច្រើនថែម​ទៀត​ ផ្តល់ម្ហូប​អាហារ​កាន់តែ​តិច​ដល់​ពលរដ្ឋ​ ចំនួន​ច្រើន​ត្រូវ​ចាប់ខ្លួន​ ហើយមិន​ធ្លាប់ឃើញ​វិលមក​វិញទេ»។

ទោះបី​ជា​វាសនា​ តា អាន​និង​ជនសង្ស័យ​៤នាក់ទៀត​ក្នុង​សំណុំរឿង​០០៣/០០៤​ ស្ថិត​ក្នុងដៃ​សហចៅក្រម​ស៊ើបអង្កេត​ក្តីតែ​ តា អាន​បាន​អះអាង​ថា​លោក​គ្រាន់ តែជា​អ្នកចូល​ទៅ​គ្រប់គ្រង​ថ្មី​ប៉ុណ្ណោះ។​ លោក​បាន​ថ្លែងថា​តុលាការ​មិន​អាច​នាំ​ខ្លួន​លោក​ទៅ​កាត់ទោស​ បានទេ​ ដោយ​ចាត់​ទុកថា​ការ​ចោទ​ប្រកាន់​រូបលោក ពាក់ព័ន្ធ​ទៅនឹង​ឧក្រិដ្ឋកម្ម​នានា​ក្នុង​សម័យ​ខ្មែរក្រហម​គឺ​ជា​ការ​ភ័ន្តច្រឡំ។ ​លោក ថ្លែង​ដូច្នេះ​ដោយ​យោង​ថា​សូម្បី​តែ​ កែ ពក​ បញ្ជារ​ឲ្យ​បោសសម្អាត​ឬ​សម្លាប់​ប្រជា ជន១៧​មេសា​ ក៏លោក​ពុំបាន​ធ្វើតាមផង​គឺមានតែ​លាក់​សង្គ្រោះ​ក្នុង​ការដ្ឋាន។ «សង្គ្រោះ​មាន​ប៉ុន្តែ​រីឯ​ការ​ប្រហារ​ពិឃាត​ខ្ញុំអត់​យល់ទេ។​ សង្គ្រោះ​ច្រើន​ណាស់។ បើគេ​ចាប់​បញ្ជូនមក​ ខាង​ភូមិភាគ​គេយក​បញ្ជូនមក​ គេឲ្យកម្ចេច​ កែ ពក​គេសួរ ទៀត​ទៅណា​កម្លាំង?​ កម្ចេច(ហើយ)​តែ​(តាមពិត)​នៅការដ្ឋាន​ឯណោះ។ តើឲ្យខ្ញុំ និយាយ​ថាម៉េច​ទៅអញ្ចឹង?​បើខំលាក់​ប៉ុណ្ណឹង​ហើយ​ធ្វើម៉េច​ទៅទៀត?​ (សើច) អញ្ចឹង​ដែលអត់​ខ្លាចទេ​ អត់ខ្លាច​ទេ»។

កែ ពក​ប្រធាន​ភូមិភាគ​មជ្ឈិម​បានស្លាប់​កាលពី​ខែកុម្ភៈ​ឆ្នាំ២០០២​នៅមុន​ពេល ដែល​ តុលាការ​ខ្មែរក្រហម​ រៀបចំ​បង្កើត​ច្បាប់​កាត់ទោស​អតីត​មេដឹកនាំ​ខ្មែរ ក្រហម​ជាន់ខ្ពស់​ដែលត្រូវ​គេចោទ​ប្រកាន់​ពីការ​ទទួល​ខុសត្រូវ​ចំពោះការ​ស្លាប់ បាត់បង់​ជីវិត​ពលរដ្ឋ​ខ្មែរជាង​១,៧​លាន​នាក់​នៅ​ចន្លោះ​ឆ្នាំ​១៩៧៥​ដល់​ឆ្នាំ​១៩៧៩។

ចៅក្រម​កម្ពុជា​ក្នុង​តុលាការ​កាត់ទោស​ខ្មែក្រហម​ប្រកាន់​ជំហរ​ដូច​រដ្ឋាភិបាល​ កម្ពុជា​ គឺ​ជំទាស់​នឹងការ​ប៉ុនប៉ង​នាំខ្លួន​ជនសង្ស័យ​៥នាក់​បន្ថែមទៀត​នៃសំណុំ​រឿង​០០៣/០០៤​មកកាត់ទោស​ ដោយ​បារម្ភ​ខ្លាច​ប៉ះពាល់​ដល់​សន្តិភាព​ដែល​ទើប​កើត​មាន​ក្នុង​ប្រទេស​កម្ពុជា។​ តែរដ្ឋាភិបាល​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​ត្រូវ​ទទួលរង​ការចោទ​ប្រកាន់ថា​ជ្រៀតជ្រែក​ផ្នែក​នយោបាយ​ក្នុង​ដំណើការ​ស្វែងរក​យុត្តិធម៌​របស់​តុលាការ។

សំណុំរឿង​០០៣/០០៤​ មាន​លោក​ស៊ូ ម៉េត​ លោក​មាស មុត​ អ្នកស្រី​ អ៊ឹម ចែម តាទិត​និងតា អាន។​ ឈ្មោះ​ទាំង៥នាក់​នេះ​ត្រូវបញ្ចេញ​ជា​សាធារណៈ​ដោយ បណ្តាញ​ព័ត៌មាន​ The Scoop​ នៃប្រទេស​នូវែលសេឡង់ (New Zealand) ​និង​ The Christian Science ​Monitor​ នៅពេល​ថ្មីៗនេះ​ដែរ។

ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​៥នាក់​គឺ​តា អាន​ បច្ចុប្បន្ន​ជា​ប្រជាកសិករ​សាមញ្ញ​ម្នាក់​រស់នៅ​ជាមួយ​ភរិយា​និង​កូនស្រី​ម្នាក់។ ​លោកដាំ​ពោត ​សណ្តែក​ ដំឡូង​និង ដំណាំ​កសិកម្ម​ផ្សេងទៀត​ដើម្បី​ចិញ្ចឹម​ជីវភាព។

តា អាន​ជាអតីត​ព្រះសង្ឃ​មាន​ស្រុក​កំណើត​នៅខេត្ត​កំពង់ឆ្នាំង​ បានថ្លែង​ថា​ដោយសារ​ស្រឡាញ់​ស្តេច​តាំងពី​ជីតាមក​ លោកបាន​ចូលរួម​ក្នុង​ចលនា​តស៊ូ ជាមួយ​សម្តេច​ឪ​ព្រះនរោត្តម​សីហនុ​ដើម្បី​ដណ្តើម​ជ័យជម្នះ​ថ្វាយ​សម្តេច​ឪ​វិញ នៅ​ពេល​លោក​សេនាប្រមុខ​លន់ ណុល​ធ្វើរដ្ឋប្រហារ​ទំលាក់​សម្តេចឪ​កាលពី​ថ្ងៃ ១៨​មិនា​ឆ្នាំ​១៩៧០។

«សរុបមក​ការឈ្នះនៅ​ឆ្នាំ១៩៧៥ ​ហើយ​ ទាំងអស់គ្នា​វាភ្ញាក់​ទាំងអស់​តែគ្នា​ទេ។ វាទៅជា​លើកទង់​សង្គម​និយម​ កុំម្មុយនីស្ត​ស្អីអីណា​ វាភ្ញាក់ខ្លួន​ទាំងអស់​តែគ្នា ហ្នឹងទេ។​ ទាំងអស់គ្នា​កន្លង​មក​ ការរួបរួម​ជាតិ​កម្ពុជា​ហ្នឹងក្រោម​ទង់រណសិរ្ស​ដែល​មានសម្តេច​ឪ​ជា​ប្រធាន។​អាហ្នឹង​ខ្ញុំសូម​ជម្រាប​ប៉ុណ្ណឹង​ អាហ្នឹងខ្លួន​ខ្ញុំផ្ទាល់​ទេ ណា»។

សម្តេចឪ​ដែលធ្លាប់​មានព្រះរាជ​បន្ទូលថា​មាន​សមាជិក​រាជ្យវង្សា​នុវង្ស​ប្រមាណ ១៩អង្គ​ត្រូវពួក​ខ្មែរក្រហម​សម្លាប់​ក៏បាន​លាឈប់​ពី​ប្រធាន​ចលនា​តស៊ូ​ឬ​ រណសិរ្ស​រួបរួមជាតិ​កាលពី​ឆ្នាំ​១៩៧៦។​ ថ្ងៃ១៧​មេសាឆ្នាំ​១៩៧៥​ជាថ្ងៃ​ជោគជ័យ ដែល​ខ្មែរក្រហម​បាន​កាន់កាប់​អំណាច​នឹងចាប់ផ្តើម​កើតមាន​ការកាប់​សម្លាប់។

តុលាការ​គ្រោង​នឹង​បើក​សវនាការ​សំណុំរឿង​០០២ឬ​សំណុំរឿង​មេដឹកនាំ​កំពូលៗ​ ដែលមាន​វ័យចំណាស់ៗ​៤នាក់​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​មាន​ នួន ជា​បងធំ ទី២​ ខៀវ សំផន​ ប្រមុខរដ្ឋ​ អៀង សារី ​រដ្ឋមន្ត្រី​ការបរទេស​ និង​ អៀង ធីរិទ្ធ​រដ្ឋមន្ត្រី ក្រសួង​សង្គមកិច្ច​នៅ​ខែកញ្ញ​ខាងមុខ។​ តុលាការ​បាន​កាត់ទោស​សំណុំរឿង​០០១ គឺ​កាំង ហ្កេកអ៊ាវ​ហៅឌុច​អតីត​ប្រធាន​គុក​ទួលស្លែង​ស ២១​របស់​ខ្មែរក្រហម​ដែល ទទួល​ខុសត្រូវ​ចំពោះ​ការ​កាប់​សម្លាប់​ពលរដ្ឋ​ស្លូតត្រង់​ជាង​១២.០០០នាក់៕

XS
SM
MD
LG