ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កូន​សិស្ស​​យ៉ាង​ហោចណាស់ ​១០ នាក់​បាន​ស្លាប់​ក្នុង​ឧប្បតិ្តហេតុ​លិច​ទូក​ដ​នៅ​ខេត្តកណ្តាល

ម្តាយ​នៃ​ជនរងគ្រោះ​ម្នាក់​នៅ​ក្នុង​ឧប្បតិ្តហេតុ​លិច​ទូក​ដ​នៅ​ខេត្តកណ្តាល​កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍ យំ​ក្នុង​អំឡុង​បុណ្យ​សព​នៅ​ភូមិ​កោះចំរើន​ ​ឃុំ​កំពង់​ភ្នំ ស្រុក​លើក​ដែក ខេត្ត​កណ្តាល កាល​ពី​ថ្ងៃ​សុក្រ​ទី​១៤ ខែ​តុលា ឆ្នាំ​២០២២។

អាជ្ញាធរ​មានសមត្ថកិច្ចនៅ​ក្នុង​ខេត្ត​កណ្តាលបា​ន​ឱ្យដឹង​នៅថ្ងៃ​សុក្រ​នេះ​ថា ឧប្បតិ្តហេតុ​លិច​ទូក​ដ​ ក្នុង​ស្រុក​លើកដែក កាល​ពី​ម្សិល​មិញ បាន​សម្លាប់​សិស្ស​សាលា​យ៉ាង​ហោចណាស់ ១០ ​នាក់​ ហើយ​សិស្ស​ម្នាក់​ទៀត​កំពុង​បាត់​ខ្លួន។

​អធិការ​នគរបាល​ស្រុក​លើកដែក លោក​ អាំ ធូ ​ប្រាប់​វីអូអេថា ករណី​លិច​ទូកដនេះ បាន​កើត​ឡើងក្នុង​ចន្លោះ​ភូមិ​អំពិលទឹក​ និង​ភូមិ​កោះចំរើន​ នៅ​ឃុំ​កំពង់​ភ្នំ ស្រុក​លើក​ដែក នៅ​វេលាម៉ោង​ប្រមាណ ៧ ​យប់​ នា​ថ្ងៃ​ទី ​១៣ ​ខែ​តុលា​កន្លង​ទៅ​។

បើតាម​អធិការ​នគរបាល​រូបនេះ ​ទូក​ដ​ដែល​ពលរដ្ឋ​រស់​នៅក្នុង​ឃុំកំពង់​ភ្នំ​ហៅ​ថា ទូក​ដ​ទទឹង​នោះ បាន​ដឹកមនុស្ស​ចំនួន ១៥ ​នាក់ ក្នុង​នោះ​មាន​កូន​សិស្ស​សាលា​ប្រុស​ស្រី​ចំនួន​ ១៣ នាក់​ ដែល​មាន​អាយុ​ចន្លោះ​ពី​ ១១ ​ឆ្នាំ​ ដល់ ​១៤​ ឆ្នាំ​ ដែល​ទើប​ចេញ​ពីរៀន​ និង​អ្នក​បើក​ទូក ​២ នាក់។ ការ​លិចលង់​ទូកដ​នោះ​បាន​កើត​ឡើង ​នៅ​ពេល​ទូកមាន​សភាព​ឃ្លីងឃ្លោង ​ពេល​បើកឆ្លង​កាត់​ផ្ទៃ​ទឹក​ទន្លេ​មេគង្គក្បែរ​ស្ពាន​អ្នក​លឿង។

លោក​ អាំ ធូ ​ថ្លែង​ថា៖ ​«ពេល​ដែល​ទូក​បើក​មក​ហ្នឹង ទឹក​វា​អាច​ជះ​ចូល​ទូក​ អ៊ីចឹង​ដោយ​សារ​ទូក​ហ្នឹង​ វា​មាន​បឹង​ខាង​មុខ​ បឹង​សម្រាប់​ឡើង​ចុះ​ទូក ហើយ​អ៊ីចឹ​ង​ទៅ​ ពេល​ដែល​ទឹក​ចូល​ហ្នឹង ឱ្យ​អ្នក​ជិះ​ដក​ខ្លួនទៅ​ខាង​ក្រោយ​វិញ​ ពេល​ដែល​ដក​ខ្លួន​នឹង​ទៅ ទូក​នឹង​វា​ឃ្លោង ដល់​ឃ្លោង​ធ្វើ​ឱ្យ​ទូកហ្នឹង​ក្រឡាប់»។

សព​នៃ​ជន​រងគ្រោះ​ម្នាក់​នៅ​ក្នុង​ឧប្បតិ្តហេតុ​លិច​ទូក​ដ​នៅ​ខេត្តកណ្តាល​កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍ ត្រូវ​បាន​ដឹក​តាម​ទូក​ក្នុង​អំឡុង​បុណ្យ​សព​នៅ​ភូមិ​កោះចំរើន​ ​ឃុំ​កំពង់​ភ្នំ ស្រុក​លើក​ដែក ខេត្ត​កណ្តាល កាល​ពី​ថ្ងៃ​សុក្រ​ទី​១៤ ខែ​តុលា ឆ្នាំ​២០២២។

រូបថតនៃ​ជន​រងគ្រោះ​ម្នាក់​នៅ​ក្នុង​ឧប្បតិ្តហេតុ​លិច​ទូក​ដ​នៅ​ខេត្តកណ្តាល​កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍ ត្រូវ​បាន​សាច់ញាតិ​កាន់ក្នុង​អំឡុង​បុណ្យ​សព​នៅ​ភូមិ​កោះចំរើន​ ​ឃុំ​កំពង់​ភ្នំ ស្រុក​លើក​ដែក ខេត្ត​កណ្តាល កាល​ពី​ថ្ងៃ​សុក្រ​ទី​១៤ ខែ​តុលា ឆ្នាំ​២០២២។

គិត​ត្រឹមរសៀល​ ថ្ងៃទី ១៤ ​ខែ​តុលា​នេះ​ លោក​ អាំ ធូ បាន​ឱ្យដឹង​ថា​ ក្នុង​ចំណោម​មនុស្ស​ចំនួន​ ១៥ ​នាក់​នោះ ​មនុស្ស​ ៤ ​នាក់ ​នៅ​មាន​ជីវិត ​ក្នុង​នោះ​ ២​ នាក់​សិស្ស​សាលា និង ២ នាក់ទៀត​ជា​អ្នក​បើក​ទូក​ដ ហើយ​សមត្ថ​កិច្ចកំពុង​បន្តស្វែង​រក​សិស្ស​សាលា​ដែល​បាត់​ខ្លួន​នោះ។

ស្នងការ​នគរ​បាល​ខេត្ត​កណ្តាល​ បានប្រកាស​ឱ្យដឹង​ជា​សាធារណៈ​កាល​ពីយប់​ថ្ងៃទី​១៣ ខែតុលា​ ថា​ ករ​ណីលិច​ទូកដ​នេះ​ គឺ​បណ្ដាល​មក​ពី​ម្ចាស់​ទូក​ដាក់​លើស​ចំណុះ​ ធ្វេស​ប្រហែស និង​មិន​ប្រុង​ប្រយ័ត្ន​ ហើយ​គ្មានអាវ​ពោង​សម្រាប់​ការពារ។​

​ដោយ​ឡែក​ នៅ​ថ្ងៃ​សុក្រ​នេះ ​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន ​សែន ​បាន​បង្ហោះ​សារ​រំលែក​ទុក្ខ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការរបស់​លោក ចំពោះ​ករណី​នេះ​លិច​ទូកដ​ ដែល​បណ្តាល​ឱ្យកូន​សិស្ស​ជាច្រើន​នាក់​នោះ​បាត់​បង់​ជិវិត។

លោក​ក៏​បាន​អំពាវនាវ​ឱ្យ​សមត្ថកិច្ច​និង​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់​ចូល​រួម​បន្ត​ស្វែង​រក​អ្នក​រង​គ្រោះ និង​ចូលរួម​ដោះស្រាយ​ជួយ​ដល់ក្រុមគ្រួសា​រនៃ​សព​និង​ជន​រង​គ្រោះ​ឱ្យ​បានទាន់​ពេល​វេលា​ដ៏លំបាក​បំផុតនេះ៕

XS
SM
MD
LG