ប្រទេសចិនបានប្តេជ្ញាបញ្ឈប់ការនាំចេញគ្រាប់មីនប្រឆាំងមនុស្សនៅថ្ងៃអង្គារនេះ បើទោះបីជាប្រទេសនេះមិនបានចូលរួមនៅក្នុងអនុសញ្ញាហាមប្រាមការប្រើប្រាស់គ្រាប់មីនប្រឆាំងមនុស្សក៏ដោយ។
លោក កាំង យ៉ុង (Kang Yong ) ប្រធានគណៈប្រតិភូអ្នកសង្កេតការណ៍ចិន បានថ្លែងប្រាប់កិច្ចប្រជុំរដ្ឋជាភាគីអនុសញ្ញាអូតាវ៉ា (Ottawa) លើកទី១១ នៅក្នុងទីក្រុងភ្នំពេញថា ប្រទេសចិននឹងបន្តគោរពតាមការប្តេជ្ញារបស់ខ្លួនចំពោះការមិននាំចេញគ្រាប់មីនប្រឆាំងមនុស្ស។
លោក យ៉ុង បានបញ្ជាក់ថា រដ្ឋាភិបាលចិនតែងតែបានចងភ្ជាប់សារៈសំខាន់ដ៏ធំធេងចំពោះការខ្វល់ខ្វាយផ្នែកមនុស្សធម៌ ដែលបានបណ្តាលមកពីគ្រាប់មីនប្រឆាំងនឹងមនុស្ស ហើយគាំទ្រដល់កិច្ចខំប្រឹងប្រែងនានារបស់សហគមន៍អន្តរជាតិដើម្បីដោះស្រាយទុក្ខកង្វល់ទាំងនេះ។
ទោះបីចិនមិនទាន់ចូលរួមនៅក្នុងអនុសញ្ញា Ottawa នេះក៏ដោយ ក៏លោក យ៉ុងថ្លែងថា ចិនគាំទ្រគោលបំណង និងគោលដៅនៃអនុសញ្ញានេះ ហើយតាំងពីឆ្នាំ១៩៩៨ រដ្ឋាភិបាលចិនផ្តល់ជំនួយបោសសម្អាតមីនជាង៦០លាន RMB ដល់ប្រទេសកំពុងអភិវឌ្ឍន៍ជិត៤០។ ចិនត្រូវបានគេរាយការណ៍ថា ជាប្រទេសផលិត និងនាំចេញគ្រាប់មីនប្រឆាំងមនុស្សច្រើនជាងគេ នៅក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។
លោក ហេង រតនា អគ្គនាយកនៃសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) បានបញ្ជាក់ថា កម្ពុជាបានរកឃើញមីនប្រឆាំងមនុស្សជិតមួយលានគ្រាប់ និងបានកម្ទេចចោល។ លោកបញ្ជាក់ថា គ្រាប់មីនទាំងនេះត្រូវបានផលិតនៅចិន និងអតីតសហភាពសូវៀត។
«ខ្ញុំ ក្នុងនាមជាប្រតិបត្តិករដែលធ្វើការបោសសម្អាតមីនរាល់ថ្ងៃនៅកម្ពុជានេះ សូមថ្លែងអំណរគុណ និងអបអរសាទរចំពោះសេចក្តីថ្លែងការណ៍នេះ និងផលប្រយោជន៍ទៅនិងសហគមន៍ប្រឆាំងគ្រាប់មីន ដែលកំពុងធ្វើការបោសសម្អាតគ្រប់គ្នាទូទាំងពិភពលោក»។
លោក អ៊ិន ប៉ោយ ជនពិការដោយសារគ្រាប់ដោះមីនពីខេត្តឧត្តរមានជ័យ ដែលបានចូលរួមនៅកិច្ចប្រជុំនេះ បាននិយាយថា លោកស្វាគមន៍ដល់ការប្តេជ្ញាចិត្តរបស់ចិនបញ្ឈប់ការនាំចេញគ្រាប់មីនប្រឆាំងមនុស្សសម្រាប់ហេតុផលមនុស្សធម៌។
«ពេលខ្ញុំពិការខ្ញុំមានការអន់ចិត្តខ្លាំងបំផុត ពីព្រោះពេលខ្ញុំឃើញ គេអ្នកដទៃមានសម្បទាមាំមួន ហើយគេរីករាយ។ ពេលយើងជាជនរងគ្រោះវិញ ពេលដើរទៅណាមកណា គេម៉ាក់ងាយខ្លះដែរ ហើយធ្វើឲ្យអារម្មណ៍របស់ខ្ញុំមិនសូវសប្បាយចិត្ត។ ខ្ញុំសំណូមពរបើអត់មានការផលិតអាវុធ និងគ្រាប់ វាជាការល្អបំផុតសម្រាប់ប្រជាពលរដ្ឋទូទាំងពិភពលោក ដើម្បីកុំឱ្យការពិការ ឬ គ្រោះថ្នាក់ដោយសារគ្រាប់មីន»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងកាលពីយប់ថ្ងៃអាទិត្យថា គ្រាប់មីនបានបណ្តាលឱ្យប្រជាពលរដ្ឋខ្មែររងគ្រោះចំនួន៤.៣២០នាក់នៅឆ្នាំ១៩៩៦ ប៉ុន្តែចំនួននេះ បានធ្លាក់មកនៅត្រឹមក្រោម៣០០នាក់ក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ៕