ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋ​សភា​កម្ពុជា​ផ្តល់​សច្ចាប័ន​លើ​កិច្ច​ព្រម​ព្រៀង​វិនិយោគ​រវាង​អាស៊ាន-ចិន-កូរ៉េ


នៅ​ថ្ងៃ​ព្រហស្បតិ៍នេះ រដ្ឋ​សភា​កម្ពុជា​បាន​យល់​ព្រម​លើ​កិច្ច​ព្រម​ព្រៀង​វិនិយោគ​ដ៏​ទូលំ​ទូលាយ ​រវាង​អាស៊ាន-ចិន និង​អាស៊ាន-កូរ៉េខាងត្បូង សំ​ដៅ​ជំរុញ​ និង​ការពារ​វិនិយោគ​ និង​ការ​ធ្វើ​ពាណិជ្ជកម្ម​ប្រកប​ដោយ​យុត្តិធម៌​ តម្លាភាព​ និង​សេរី សម្រាប់​ភាគី​ទាំង​ពីរ​នៅ​ក្នុង​កិច្ច​ព្រមព្រៀង។

កិច្ច​ព្រមព្រៀង​នេះ មាន​គោល​បំណង​ដើម្បី​បង្កើន​របប​វិនិយោគ​មួយ​ដែល​មាន​លក្ខណៈ​សេរី​ មានកិច្ច​សម្រួល​ មាន​តម្លាភាព និង​មាន​ការ​ប្រកួត​ប្រជែង​ សំដៅ​ឆ្ពោះ​ទៅ​សម្រេច​ឱ្យ​បាន​នូវ​បរិស្ថាន ​ធុរៈកិច្ច​មួយ​ប្រកប​ដោយ​មិត្តភាព និង​ផ្តល់​កិច្ច​ការពារ​ដល់​អ្នក​វិនិយោគ​នៃ​ភាគី​ទាំង​អស់ រួម​ទាំង​ជួយ​បង្កើន​លំហូរ​ទុន​វិនិយោគ​ពី​ផ្នែក​ឯក​ជន និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​នៃ​បណ្តាល​ប្រទេស​អាស៊ាន-ចិន និង​អាស៊ាន-កូរ៉េ ដើម្បី​បង្កើន​ការ​ផលិត​ការ​នាំចេញ​ និងទំហំ​ពាណិជ្ជកម្ម​របស់​ភាគី​នៅ​ក្នុង​កិច្ច​ព្រម​ព្រៀង។

លោក ​គឹមសួរ ភិរិទ្ធ សមាជិក​សភា​គណបក្ស​សម រង្សី បាន​បញ្ជាក់​ថា ការ​អនុម័ត​ច្បាប់​នេះ នឹង​ជួយ​ទាក់​ទាញ​អ្នក​វិនិយោគ​បរទេស​សំខាន់ៗ​មក​កាន់​ប្រទេស​កម្ពុជា ដើម្បី​បង្កើន​ការ​ងារ​សម្រាប់​ប្រជា​ពលរដ្ឋ​ខ្មែរ និង​ជំរុញ​កំណើន​សេដ្ឋកិច្ច និង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ។

លោក ​ជាម ច័ន្ទនី សមាជិក​សភា​គណបក្ស​សម រង្សី បាន​បញ្ជាក់​ថា រាជ​រដ្ឋាភិបាល​កម្ពុជា ត្រូវ​តែ​ពង្រឹង​តម្លាភាព​ និង​ប្រសិទ្ធ​ភាព​នៃ​ការអនុវត្ត​ច្បាប់​បន្ថែម​ទៀត ដើម្បី​ទាក់​ទាញ​ការ​វិនិយោគ​មក​កាន់​ប្រទេស​កម្ពុជា។ លោក​ថ្លែង​ថា៖

«យើង​សូម​គាំទ្រ​ចំពោះ​ច្បាប់​នេះ ប៉ុន្តែ​យើង​ត្រូវ​ពង្រឹង​ប្រព័ន្ធ​តុលាការ​ អភិ​បាលកិច្ច​ល្អ ​ការ​បំបាត់អំពើ​ពុក​រលួយ និង​ការិយា​ធិបតេយ្យ ដើម្បី​ពង្រីក​ទីផ្សារ ​និង​បង្កើន​ការ​វិនិយោគ»។

លោក ​គង់ វិបុល រដ្ឋ​លេខា​ធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ថ្លែង​ថា លំហូរ​ទុន​វិនិយោគ​របស់​ប្រទេស​ចិន​មក​កម្ពុជា​មាន​ប្រមាណ ៨.០០០​លា​នដុល្លារ​អាមេរិក និងប្រទេស​កូរ៉េ​ខាង​ត្បូង ប្រមាណ​២.៧០០ ​លាន​ដុល្លារ​អាមេរិក​ក្នុង​រយៈ​ពេល​៦ខែ ដើម​ឆ្នាំ២០១០​នេះ សម្រាប់​ការ​វិនិយោគ​លើ​វិស័យ​កសិឧស្សាហ​កម្ម ទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធ វារីអគ្គីសនី ឧស្សាហកម្ម និងកម្មន្តសាល។ លោកគង់ វិបុល​ថ្លែងថា៖

«ប្រទេសកម្ពុជា​មិន​ទាន់​មាន​ការ​វិនិយោគ​នៅ​ប្រទេស​ចិន។ ដូច្នេះ យើង​ឃើញ​ថា លំហូរ​ទុន​វិនិយោគ​ពី​ចិន​មក​កម្ពុជា​៨០០០​លាន​ដុល្លា​អាមេរិក​នេះ បាន​បង្កើត​ការងារ​យ៉ាង​ច្រើន​ជូន​ប្រជា​ពល​រដ្ឋ​ខ្មែរ​ ដើម្បី​កាត់​បន្ថយ​ភាព​ក្រីក្រ​បាន​ច្រើន»។

លោក ​គង់ វិបុល បាន​បញ្ជាក់​ថា​ ប្រទេស​ចិន​បាន​ផ្តល់​ភាព​អនុគ្រោះ​ចំនួន ​៤១៨​ មុខ​ទំនិញ​ និង​ប្រទេស​កូរ៉េ​បាន​ផ្តល់​ភាព​អនុគ្រោះ​ចំនួន​៩០​ភាគរយ​នៃ​ទំនិញ ដើម្បី​ផ្តល់​លទ្ធភាព​ឱ្យ​កម្ពុជា​នាំ​ទំនិញ​ទៅ​លក់​នៅ​ប្រទេស​ចិន​ និង​កូរ៉េ។

លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ថ្លែង​ហេតុ​ថា តាម​រយៈ​កិច្ច​ព្រម​ព្រៀង​នេះ កម្ពុជា​ពិត​ជា​បាន​បោះ​ជំហ៊ាន​ថ្មី​មួយ​ទៀត​ក្នុង​ការ​ទាក់​ទាញ​ការ​ វិនិយោគ​ពី​ប្រទេស​ជា​មិត្តនៅ​ក្នុង​តំបន់ និង​នៅ​លើ​ពិភព​លោក ហើយ​ក៏​រួម​ចំណែក​ដល់​ការ​បង្កើន​ជំនឿ​ទុក​ចិត្ត​ជា​បន្ថែម​ទៀត​ពី​សំណាក់​ អ្នក​វិនិយោគ​បរទេស ជា​ពិសេស​អ្នក​វិនិយោគ​ចិន និង​កូរ៉េ។

លោក ​គង់ វិបុល បាន​បន្ត​ថា បន្ទាប់​ពីការ​អនុម័ត​កិច្ច​ព្រមព្រៀង​នេះ រាជ​រដ្ឋា​ភិបាល​ នឹងបន្ត​នីតិ​វិធី​ដើម្បី​ជូន​ដំណឹង​ទៅ​បណ្តា​ប្រទេស​អាស៊ាន ចិន និង​កូរ៉េ។

XS
SM
MD
LG