ក្រុមអ្នកសង្កេតការណ៍បោះឆ្នោតអាស៊ីមួយបានអបអរសាទរទៅនឹងការបោះឆ្នោតជាតិថៃនៅពេលដែលលទ្ធផលចុងក្រោយត្រូវបានរាប់យ៉ាងស្ងប់ស្ងាត់ មានរបៀបរៀបរយនិងអាចអនុញ្ញាតឲ្យសាធារណជនបង្ហាញពីសំឡេងរបស់ពួកគេ។ ក៏ប៉ុន្តែបណ្តាញអាស៊ីសម្រាប់ការបោះឆ្នោតដោយសេរីបានធ្វើការដកស្រង់គុណវិបត្តិមួយចំនួននៅក្នុងការបោះឆ្នោត និងព្រមានពួកទាហានថៃកុំឲ្យលូកដៃក្នុងរឿងនយោបាយ។
បណ្តាញព័ត៌មានអាស៊ីសម្រាប់ការបោះឆ្នោតដោយសេរីបានកោតសរសើរប្រទេសថៃក្នុងការរៀបចំការបោះឆ្នោតប្រកបដោយសន្តិភាព និងមានរបៀបរៀបរយដោយមានអ្នកចូលរួមបោះឆ្នោតយ៉ាងច្រើនកុះករ។
គណៈកម្មការរៀបចំបោះឆ្នោតថៃប៉ាន់ប្រមាណថាអ្នកបោះឆ្នោតជាង៧០ភាគរយបានមកបោះឆ្នោតកាលពីថ្ងៃអាទិត្យកន្លងទៅនេះ។
លទ្ធផលជាផ្លូវការដែលគណៈកម្មការនេះចេញផ្សាយកាលពីថ្ងៃអង្គារបានបង្ហាញថាគណបក្សប្រឆាំង ភឿថៃ ទទួលបាន២៦៥អសនៈនៅក្នុងសភាជាតិដែលមាន៥០០អសនៈ។ គណបក្សប្រជាធិបតេយ្យកាន់អំណាចទទួលបានតែ១៥៩អសនៈប៉ុណ្ណោះ។
បណ្តាញព័ត៌មានអាស៊ីសម្រាប់ការបោះឆ្នោតដោយសេរីបានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារកត់សម្គាល់ថា មានគុណវិបត្តិខ្លះៗក្នុងការបោះឆ្នោតនេះ រួមទាំងករណីអំពើហិង្សា ការបំភិតបំភ័យ និងការទិញសន្លឹកឆ្នោតហើយបានអំពាវនាវឲ្យអាជ្ញាធរដោះស្រាយឲ្យបានសមស្រប។
ក៏ប៉ុន្តែ អង្គការនេះនិយាយថាគេមិនឃើញមានឧបទ្ទវហេតុជាដុំកំភួនដែលអាចឲ្យមានការចោទសួរពីលទ្ធផលនៃការបោះឆ្នោតទេ។
ក្រុមអ្នកសង្កេតការនិយាយថា បញ្ហាសំខាន់បំផុតនោះគឺគណៈកម្មការរៀបចំការបោះឆ្នោតបរាជ័យក្នុងការជូនដំណឹងឲ្យបានគ្រប់គ្រាន់ទៅដល់អ្នកបោះឆ្នោត ដែលត្រូវការចុះឈ្មោះបោះឆ្នោតឡើងវិញ។ ដោយយោងតាមបណ្តេញព័ត៌មានអាស៊ីសម្រាប់ការបោះឆ្នោតដោយសេរីបានឲ្យដឹងថា រឿងនេះបានរារាំងអ្នកបោះឆ្នោតប្រហែលជា៣ភាគរយដែលប្រហែលស្មើនឹងប្រជាពលរដ្ឋថៃចំនួន១លាននាក់ មិនអាចបោះឆ្នោត។
លោក Damaso Magbual ជាប្រធានបណ្តេញព័ត៌មានអាស៊ីសម្រាប់ការបោះឆ្នោតដោយសេរី។ លោកបានប្រាប់អ្នកកាសែតកាលពីថ្ងៃអង្គារថា ដោយយោងទៅតាមស្ថានភាពដ៏តឹងរឹងនៅប្រទេសថៃ ជាទូទៅគណៈកម្មការរៀបចំការបោះឆ្នោត បានរៀបចំដំណើរការនេះយ៉ាងល្អ ហើយលទ្ធផលនៃការបោះឆ្នោតឆ្លុះបញ្ជាំងពីទស្សនៈពលរដ្ឋថៃ។
«បន្ទាប់ពីភាពវឹកវរនយោបាយ និងអំពើហិង្សាអស់ជាច្រើនឆ្នាំដែលនាំឲ្យមានការបែងចែកប្រទេស ប្រជាពលរដ្ឋថៃបានទៅបោះឆ្នោត មិនថាពួកគេមានទស្សនៈនយោបាយយ៉ាងណាទេ តែពួកគេបានបង្ហាញពីទស្សនៈនយោបាយប្រកបដោយសន្តិភាពស្របតាមនីតិរដ្ឋ»។
ការបោះឆ្នោតត្រូវបានគេមើលឃើញថាជាការតទល់គ្នារវាងពួកបញ្ញវ័ន្តថៃភាពអំណត់អត់ធន់រវាងមេដឹកនាំជាន់ខ្ពស់ថៃ និងគណបក្សប្រជាធិបតេយ្យគាំទ្រដោយពួកយោធានិងប្អូនស្រីអតីតនាយករដ្ឋមន្រ្តីដែលបណ្តេញចេញពីតំណែង ឈ្មោះ យីងឡាក់ ស៊ីណាវ៉ាត្រ ដែលដឹកនាំគណបក្ស ភឿថៃឲ្យឈ្នះឆ្នោត។
នៅក្នុងឆ្នាំ២០០៦ ពួកយោធាថៃបានផ្តួលរំលំលោកថាក់ ស៊ីន។ អ្នកវិភាគនយោបាយជាច្រើនបាននិយាយថាសកម្មភាពនេះបានធ្វើឡើងដោយការភ័យខ្លាចថាលោក ថាក់ស៊ីន ដែលត្រូវបានគេបោះឆ្នោតជូនពីរដង និងអាចក្លាយជាអ្នកអំណាចខ្លាំងពេក។
តាំងពីពេលនោះមកប្រទេសថៃបានជាប់គាំងក្នុងការតស៊ូអំណាចរវាងកម្លាំងដែលគាំទ្រ និងប្រឆាំងនឹងលោក ថាក់ស៊ីន។ រដ្ឋាភិបាលពីរដែលជាខ្សែបណ្តេញរបស់គាត់បានត្រូវរំលាយចេញដោយសាលក្រមបង្គាប់របស់តុលាការក៏ដូចជាអ្នកតវ៉ានៅតាមផ្លូវ និង អំពើហិង្សា។ នៅក្នុងឆ្នាំ២០០៨ លោក ថាក់ស៊ីន បាននិរទេសខ្លួនដើម្បីគេចពីការជាប់គុកពីបទពួករលួយ។
កាលពីឆ្នាំមុន ក្រុមពួកអាវក្រហមដែលមានកាន់អាវុធក្នុងចំណោមអ្នកគាំទ្រលោក ថាក់ស៊ីន បានផ្ទុះអាវុធជាមួយនឹងទាហានដែលត្រូវបានគេបញ្ជូនមកបញ្ចប់ការតវ៉ាអស់រយៈកាលពីរខែទាមទារឲ្យមានការបោះឆ្នោតថ្មីមួយ និងការផ្តល់យុត្តិធម៌ដល់មេដឹកនាំរបស់ពួកគេ។
មានប្រជាពលរដ្ឋថៃជាង ៩០នាក់បានត្រូវគេសម្លាប់ និង២ពាន់នាក់ទៀតបានរងរបួសដែលពួកគេភាគច្រើនជាប្រជាជនស៊ីវីល។
អ្នកសង្កេតការជាច្រើនបានព្រួយបារម្ភថា ការឈ្នះរបស់គណបក្ស ភឿថៃអាច នាំឲ្យមានការអន្តរាគមន៍ម្តងទៀតពីពួកយោធាថៃទោះជាមានការសន្យា ម្តងហើយម្តងទៀតថានឹងគ្មានការធ្វើរដ្ឋប្រហារទៀតឡើយ។
លោក Magbual កត់សម្គាល់ថា មិនដូចការបោះឆ្នោតលើកមុនកាលពីឆ្នាំ២០០៧ នៅពេលនេះមានអ្នកគាំទ្រគណបក្សដែលគាំទ្រជាច្រើនដោយលោក ថាក់ស៊ីនជាច្រើន។ គាត់មានប្រសាសន៍ថាគេគួរផ្តល់ឳកាសឲ្យពួកយោធាគោរពសម្តីរបស់ខ្លួន ប៉ុន្តែគួរព្រមានពួកយោធាដែរ។
«គណបក្សមួយអាចទទួលបានសំឡេងភាគច្រើន។ ខ្ញុំគិតថា ពួកយោធាគួរគិតឲ្យបានម៉ត់ចត់មុនពេលពួកគេធ្វើអ្វីមួយដែលនាំឲ្យខូចខាតនោះ ដោយយកអ្វីដែលកើតនៅមជ្ឈិមបូព៌ាឬកន្លែងផ្សេងទៀតនៅលើពិភពលោកជាឧទាហរណ៍។ ពួកគេគួរតែគិតឲ្យបានម៉ត់ចត់មុនពេលដែលពួកគេធ្វើអ្វីមួយដែលខុស»។
ប្រទេសថៃមានរដ្ឋប្រហារ ឬការប៉ុនប៉ងធ្វើរដ្ឋប្រហារ១៨លើកចាប់តាំងពីឆ្នាំ១៩៣២។
គណៈកម្មការរៀបចំការបោះឆ្នោតកំពុងធ្វើការស៊ើបអង្កេតពីការចោទ ប្រកាន់នៃភាពមិនប្រក្រតីនៃការបោះឆ្នោតទាំងឡាយនិងប្រសិនបើការរំលោភធ្ងន់ធ្ងរត្រូវបានគេរកឃើញ គេអាចដកសិទ្ធិមន្រ្តីដែលត្រូវបានគេជ្រើសរើស។
បណ្តាញអាស៊ីសម្រាប់ការបោះឆ្នោតសេរីបានផ្តល់យោបល់ថា ប្រទេសថៃគួរតែបញ្ឈប់អ្នកនយោបាយដែលសង្ស័យពីបទកេងបន្លំសន្លឹកឆ្នោត និងបទឧក្រិដ្ឋទាក់ទិននឹងការបោះឆ្នោតផ្សេងទៀតមុនពេលបោះឆ្នោតជាជាងក្រោយការបោះឆ្នោតដើម្បីការពារកុំឲ្យមានភាពតានតឹងនានាកើតចេញពីមិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោត។
លោក Magbual មានប្រសាសន៍ថា ពួកគេគួរតែលុបបំបាត់ច្បាប់មួយចំនួនដែលអាចអនុញ្ញាតឲ្យមានការរំលាយគណបក្សនយោបាយទាំងមូលនៅពេលដែលបុគ្គលជាសមាជិករបស់គណបក្សនោះប្រព្រឹត្តខុសច្បាប់នោះ។
លោកមានប្រសាសន៍ផងដែរថា បុគ្គលនានាគួរតែទទួលខុសត្រូវលើសកម្មភាពដែលខ្លួនបានប្រព្រឹត្ត និងថាការដាក់ទោសដល់គណបក្សទាំងមូលធ្វើឲ្យមានការរំលោភបំពានខាងនយោបាយ។
បណ្តាញអាស៊ីសម្រាប់ការបោះឆ្នោតដោយសេរីនឹងបន្តសង្កេតមើលពីដំណើរការដោះស្រាយបណ្តឹងក្នុងអំឡុងពេលបោះឆ្នោតមុនពេលលទ្ធផលបោះឆ្នោតចុងក្រោយចេញ៕
ប្រែសម្រួលដោយ ហ៊ុយ សម្ផស្ស