ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

គណៈ​កម្មការ​ទន្លេ​មេគង្គ​ប្តេជ្ញា​អភិវឌ្ឍ​អាង​ទន្លេ​មេគង្គ​ប្រកប​ដោយ​និរន្តរភាព


មន្ត្រី​ជាន់ខ្ពស់​នៃ​គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា​ បាន​ស្នើ​ដល់​សហគមន៍​ផ្តល់​ជំនួយ​ទាំងអស់​ឲ្យ​បន្ត​ជួយ​ផ្តល់ថវិកា​សម្រាប់​ទិសដៅ​ការងារ​គ្រប់គ្រង​និង​អភិវឌ្ឍ​អាង​ទន្លេ​មេគង្គ។

កិច្ច​ប្រជុំលើក​ទី១៨​នៃ​ក្រុម​ប្រឹក្សា​គណៈកម្មការ​ទន្លេ​មេគង្គ​ ដែល​បាន​ រៀបចំ​ធ្វើឡើង​រយៈពេល​ពីរ​ថ្ងៃ​នៅ​ក្នុង​ខេត្ត​សៀមរាប​បាន​បញ្ចប់​ហើយ​នៅ​ថ្ងៃ​សុក្រ​នេះ​ ជាមួយ​នឹង​ការ​តាំងចិត្ត​របស់​ប្រទេស​ជា​ សមាជិក​ទន្លេ​មេគង្គ​ទាំងអស់​ក្នុង​ការ​ការពារ​ និង​អភិវឌ្ឍន៍​អាង​ទន្លេ​មេគង្គ​ប្រកប​ដោយ​និរន្តរភាព។

មន្ត្រី​ជាន់ខ្ពស់​នៃ​គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា​ បានស្នើ​ដល់​សហគមន៍​ផ្តល់​ជំនួយ​ទាំងអស់​ឲ្យ​បន្ត​ជួយ​ផ្តល់ថវិកា​សម្រាប់​ទិសដៅ​ការងារ​គ្រប់គ្រង​និង​អភិវឌ្ឍ​អាង​ទន្លេ​មេគង្គ។

លោក​តែ ណាវុធ​ អគ្គ​លេខាធិការ​នៃ​គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ បាន​ថ្លែង​ក្រោយពី​ការ​បញ្ចប់​ការ​ប្រជុំ​រវាង​ក្រុមប្រឹក្សា​គណៈ​កម្មការ​ទន្លេ​មេគង្គ​ និង​សហគមន៍​ផ្តល់​ជំនួយ​របស់​គណៈ​កម្មការ​ទន្លេ​មេគង្គ​ នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ ថ្វី​ត្បិតតែ​ស្ថានភាព​ទន្លេ​មេគង្គ​ក្នុង​ពេល​នេះ​ស្ថិតនៅ​ក្នុង​កម្រិត​ល្អ​យ៉ាងណា​ក៏ដោយ​ ក៏​ត្រូវ​ទាមទារ​ឲ្យ​មានការ​ការពារ​ថែមទៀត​ដែរ​ពិសេស​លើ​ផ្នែក​បរិដ្ឋាន។

គួរ​បញ្ជាក់​ថា ​កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​នៃ​គណៈ​កម្មការ​ទន្លេ​មេគង្គ​ បាន​ចាប់ផ្តើម​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ​ដោយ​មាន​ការ​ចូល​រួម​ពីប្រទេស​ ជា​សមាជិក​ទន្លេ​មេគង្គ​ចំនួន​៤ ​ដែល​មាន​កម្ពុជា ​វៀតណាម ​ឡាវ​ ថៃ​ និង​ដៃគូ​អភិវឌ្ឍន៍​ជាច្រើន​ទៀត។​ ការ​ប្រជុំ​ប្រចាំ​ឆ្នាំ​នេះ​តាម​ការ​ឲ្យ​ដឹង​ គឺ​ដើម្បី​ពិនិត្យ​មើល​លើការ​អនុវត្ត​ការងារ​ការពារ​អាង​ទន្លេ​មេគង្គ​កាលពី​ឆ្នាំ​កន្លង​ទៅ ​ប៉ុន្តែ​ពិសេស​សម្រាប់​ឆ្នាំ​នេះ​គឺ​ការ​ ពិភាក្សា​ទៅ​លើ​គម្រោង​សំណង់​វារី​អគ្គិសនី​សាយ៉ាបូរី​របស់​ឡាវ​ ដែល​មាន​កង្វល់​ថា ​វា​នឹង​នាំ​ឲ្យ​មាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​បរិដ្ឋាន​ទន្លេ​មេគង្គ។

លោក​តែ ​ណាវុធ​បាន​ឲ្យ​ដឹង​ថា ​មាន​ការងារ​ច្រើន​ណាស់​ ដែល​ត្រូវ​ធ្វើ​ដើម្បី​គ្រប់គ្រង​និង​អភិវឌ្ឍ​អាង​ទន្លេ​មេគង្គ ​ហើយ​ដែល​យ៉ាងហោចណាស់​ក្នុង​មួយ​ឆ្នាំៗ គឺមាន​តម្រូវការ​ថវិកា​ពី១២​លាន​ទៅ​១៥លាន​ដុល្លារ​ឯណោះ។

លោក​តែ ​ណាវុធ​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា៖

«យើងមាន​កម្មវិធី​ ដូច​ជា​កម្ម​វិធី​ជលផល​ កម្មវិធី​នាវាចរណ៍​ កម្មវិធី​ទឹក​ជំនន់​ គ្រោះ​រាំងស្ងួត ​កម្មវិធី​បរិស្ថាន​ កម្មវិធី​និរន្តរភាព​នៃ​វារី​អគ្គិសនី​ ការ​បណ្តុះ​បណ្តាល​សមត្ថភាព​មន្ត្រី​ជំនាញ ​ធារាសាស្ត្រ​និងកសិកម្ម។ល។»។

លោក​តែ ​ណាវុធ​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ដែរ​ថា ​ជា​ ធម្មតា​គណៈ​កម្មការ​ទន្លេ​មេគង្គ​មាន​កម្មវិធី​ប្រមាណ​ជា១៣​ដែល​ត្រូវ​អនវត្ត​ ហើយ​ក្នុង​ផែនការ​៥ឆ្នាំ​២០១១-២០១៥​របស់​ខ្លួន​នៅ​ពេលនេះ​ គឺ​នឹង​ត្រូវការ​ទឹកប្រាក់​ប្រមាណ​ពី៦០​លាន​ទៅ៦៥​លានដុល្លារ។

តាម​ការ​ឲ្យ​ដឹង​ជំនួយ​សម្រាប់​ការងារ​គ្រប់គ្រង​អាង​ទន្លេ​មេគង្គ​ភាគច្រើន​គឺបាន​មកពី​សហគមន៍​អឺរ៉ុប​ ដែល​មាន​ដូច​ជា​ប្រទេស​បារាំង​ អាល្លឺម៉ង់ ​ស៊ុយអែត​ អូស្ត្រាលី ​ហូឡង់ ​ដានណឺម៉ាក ​ស្វីស ​ហ្វាំងឡង់​និង​បណ្តា​ធនាគារ​មួយចំនួន​ ដូចជា​ធនាគារ​ពិភពលោក​ជាដើម៕

XS
SM
MD
LG