ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

របាយការណ៍​អង្គការ​សហប្រជាជាតិ​ស្នើ​សុំ​ឲ្យ​អំពើ​ពេស្យាកម្ម​លែង​ជា​បទ​ឧក្រិដ្ឋ​នៅ​អាស៊ី


ទិដ្ឋភាព⁣ពេលរាត្រី⁣នៅប៉ាតាយ៉ា ខេត្តឆុនប៊ូរី ចម្ងាយ៧០គម ពី⁣ក្រុងបាងកក ប្រទេសថៃ។
ទិដ្ឋភាព⁣ពេលរាត្រី⁣នៅប៉ាតាយ៉ា ខេត្តឆុនប៊ូរី ចម្ងាយ៧០គម ពី⁣ក្រុងបាងកក ប្រទេសថៃ។
ដោយ Gabrielle Paluch ប្រែសម្រួល​ដោយ លី​ សុខ​ឃាង លទ្ធផល​នៃ​ការ​សិក្សា​ដំបូង​របស់​អង្គការ​សហប្រជា​ជាតិ​ ដែល​ពិនិត្យ​មើល​អំពី​ថាតើ​ការ​ធ្វើ​ឲ្យពេស្យាកម្មក្លាយ​ជាអំពើ​ឧក្រិដ្ឋ​កម្ម​បាន​ប៉ះពាល់ដល់​ជីវិត​របស់អ្នក​រកស៊ី​ផ្លូវ​ភេទ​ នៅទូ​ទាំង​ទ្វីប​អាស៊ី និង​បាន​ធ្វើ​ឲ្យការ​រាល​ដាល​នៃ​មេរោគអេដស៍កាន់​តែ​ធ្ងន់​ធ្ងរ​ឡើងយ៉ាង​ដូចម្តេច ត្រូវ​បាន​ផ្សព្វផ្សាយ។ អង្គការ​សហប្រជាជាតិ​ បាន​ស្ទាប​ស្ទង់​មតិ​អ្នក​រកស៊ី​ផ្លូវ​ភេទ​នៅ​ក្នុង​ប្រទេស​ចំនួន​៤៨​ នៅ​ទូទាំង​ទ្វីប​អាស៊ី ដើម្បី​កំណត់​ថាតើ​ច្បាប់​ពេស្យាកម្ម បានប៉ះពាល់​ដល់​សុវត្ថិភាព​និង​សុខភាព​របស់ស្ត្រី​រកស៊ី​ផ្លូវ​ភេទ និងក្រុម​គ្រួសារ​របស់​ពួកគេ​យ៉ាង​ដូចម្តេច។ លោកស្រី ណយ ចាន់តាវីប៉ា អាពីស៊ុក​ (Noi Chantawipa Apisuk) ​គ្រប់គ្រង​មូលនិធិមួយ​សម្រាប់​អ្នករកស៊ី​ផ្លូវ​ភេទនៅ​ប្រទេស​ថៃ​ ដែល​ត្រូវ​បាន​ស្គាល់ឈ្មោះ​ជាភាសាអង់គ្លេសថា​ EMPOWER។ លោកស្រី​ ថ្លែង​ថា​ ក្រុម​អ្នក​រកស៊ី​ផ្លូវ​ភេទនៅ​ប្រទេស​នេះ អាច​រក​ប្រាក់​គ្រប់​គ្រាន់ដើម្បីផ្គត់​ផ្គង់​គ្រួសាររបស់​ពួកគេ ប៉ុន្តែ​ពួកគេ​ខ្វះ​ការ​ការ​ពារ​ខាង​ផ្លូវ​ច្បាប់ ដែល​ត្រូវបាន​ផ្តល់​ដល់​កម្មករនៅ​ក្នុង​ឧស្សាហកម្ម​ដទៃ​ទៀត។ លោកស្រីបានកំពុង​បញ្ចុះ​បញ្ចូល​រដ្ឋាភិបាល​ថៃ​ឲ្យ​ធ្វើ​ការ​ផ្លាស់ប្តូរ​ជំហរ​បែបនោះ។ «ការ​ងារផ្លូវ​ភេទ ក៏​ជាការងារ​មួយដែរ ហើយកិច្ចការ​កំសាន្ត​គឺ​ជា​មុខ​របរមួយដែរ។​ បុគ្គលិក​ផ្នែក​កំសាន្ត​ ត្រូវ​បាន​ការពារនៅ​ក្រោម​ច្បាប់​ការងារ ដូចជា​កម្មករ​ក្នុង​វិស័យ​រោងចក្រ​ និង​កម្មករ​ផ្នែក​ខាង​កសិកម្ម​ជាដើម។ ដូច្នេះ ប្រសិន​បើ​យើង​ទទួល​ស្គាល់​ការងារ​នេះ ប្រសិន​បើ​ពួកគេ​មាន​បញ្ហា វា​អាច​ត្រូវ​បាន​ដោះស្រាយ​ដោយ​និយោជក និង​និយោជិកនៅក្នុង​តុលាការ​ការ​ងារ​ ជាជាង​បញ្ចួន​ទៅ​ឲ្យ​ប៉ូលីស»។ ក្រុមអ្នក​ស្រាវជ្រាវ​និយាយថា​ នៅទីកន្លែងដែល​អំពើ​ពេស្យាកម្ម ត្រូវ​បាន​ហាម​ឃាត់ អ្នក​រកស៊ី​ផ្លូវ​ភេទ​ ងាយ​ទទួល​រង​គ្រោះ​យ៉ាង​ខ្លាំង​ ដោយសារ​ការងារ​របស់​ពួកគេ​ ត្រូវបាន​ផ្តល់​នូវ​ស្លាក​ស្នាម​ទុយ៌ស និងមិន​ស្រប​ច្បាប់។ ពួកគេ​អះអាង​ថា ការ​ដក​ចេញ​នូវ​ការ​ដាក់​ទោស​តាម​ផ្លូវ​ច្បាប់​សម្រាប់​អំពើ​ពេស្យាកម្ម​ អនុញ្ញាតឲ្យ​មាន​ឳកាសប្រសើរជាងមុន​សម្រាប់​ការ​ពិនិត្យ​សុខភាព​ និង​កម្មវិធី​ព្យាបាលជាដើម។ បណ្ឌិត ម៉ានឌីប ថាលីវ៉ាល់ (Mandeep Dhaliwal) នាយកស្តីទី​នៃ​កម្មវិធី​សុខភាពអេជអាយវី និង​ការអនុវត្តន៍​នៃ​ការអភិវឌ្ឍន៍​របស់​អង្គការ​សហប្រជាជាតិ (UN HIV Health and Development Practice) ថ្លែង​ថា​ មាន​ភស្តុតាង​ ដែល​រដ្ឋាភិបាល​មួយចំនួន កំពុង​មាន​ភាព​ជឿន​លឿន​ទៅមុខ​ក្នុង​ការ​ផ្លាស់​ប្តូរ​ច្បាប់​ទម្លាប់ ដែល​កំពុង​រារាំង​ដល់​ការ​ទប់​ស្កាត់​មេរោគ​អេជអាយវី ប្រកប​ដោយ​ប្រសិទ្ធ​ភាព។​ លោកស្រី បាន​កោត​សរសើរ​ប្រទេស​វៀត​ណាម និង​ចិន ក្នុង​ការ​បញ្ឈប់កម្មវិធី ដែលបាន​ឃុំ​ខ្លួនអ្នករកស៊ី​ផ្លូវ​ភេទ និង​កូន​ៗរបស់​ពួកគេ។ នៅ​ក្នុង​ប្រទេស​កម្ពុជា​និង​ភូមា រដ្ឋាភិបាល​បាន​ស្នើសុំ​ឲ្យ​ក្រុម​ប៉ូលីស​បញ្ឈប់ការ​យាយី​ដល់​អ្នក​រកស៊ី​ផ្លូវ​ភេទ។ ប៉ុន្តែ​ លោកស្រី​ និយាយថា​ មានគោលនយោបាយ​ប្រទាំង​ប្រទើស​ជាច្រើន​ ដែល​ធ្វើ​ឲ្យ​គ្រោះ​ថ្នាក់​ដល់​សុខ​ភាព​សាធារណ។ «ម៉្យាងគឺថា​ អ្នក​ចំណាយ​ថវិការ​រាប់​លាន​ដុល្លារ​ ក្នុង​ការផ្តល់​ស្រោមអនាម័យ ដើម្បី​ទប់​ស្កាត់ការ​ចម្លង​មេរោគ​អេជអាយវី ហើយ​បន្ទាប់​មក ម៉្យាង​ទៀតគឺ​ថា អ្នកឃើញ​ក្រុម​ប៉ូលីស​រឹប​អូស​យក​ស្រោម​អនាម័យ ឬ​ប្រើ​ប្រាស់​ស្រោម​អនាម័យធ្វើជា​ភស្តុតាង​ ដើម្បី​ចាប់​ខ្លួន ឬ​យាយី​ដល់​អ្នក​រកស៊ីផ្លូវ​ភេទ។ វា​ជា​ភាព​ផ្ទុយ​គ្នា​ស្រឡះ ដែល​កំពុង​ធ្វើ​ឲ្យ​បាត់​បង់​ជីវិតមនុស្ស»។​ លោក ចន ហ្គដ​វីន (John Godwin) មេធាវី​សិទ្ធិមនុស្ស​និង​ជាអ្នក​សរសេរ​របាយ​ការណ៍នេះ​ មាន​ប្រសាសន៍ថា ប្រទេស​ដែលអនុវត្ត​វិធីសាស្ត្រ​ដាក់​ទោស​ទណ្ឌ​តិចតួច កាត់បន្ថយ​ជាអប្បរមា​នូវការ​រំលោភ​សិទ្ធិ​មនុស្ស​និង​គ្រោះ​ថ្នាក់​ចំពោះ​សុខ​ភាព​។​ លោក​ថ្លែង​ថា កិច្ច​ប្រឹង​ប្រែង​របស់​ប្រជាពលរដ្ឋ​មូលដ្ឋានដើម្បី​ធ្វើ​ការ​ជាមួយ​ក្រុម​ប៉ូលីស​ និង​អជ្ញាធរមូលដ្ឋាន កំពុង​រីកចម្រើនទៅមុខ​ក្នុងការបង្កើត​បរិស្ថាន​ការ​ងារ​ប្រកប​ដោយ​សុខភាព សម្រាប់​អ្នក​រកស៊ី​ផ្លូវ​ភេទ។ «គំនិតផ្តួច​ផ្តើម​ដែល​ដឹកនាំ​ដោយ​សហគមន៍ ដែលតាមពិត​កំពុង​រៀប​ចំខ្លួន​ដើម្បី​ធ្វើ​ការ​ចរចា​ជាមួយ​ក្រុម​ប៉ូលីស​និង​អជ្ញាធរមូលដ្ឋាន ដើម្បី​ធ្វើ​ឲ្យ​លក្ខខណ្ឌ​ការ​ងារ​មានភាពប្រសើរឡើង​។ ពួកគេមានការ​គាំទ្រ​ពិតប្រាកដ​ពី​អជ្ញាធរ ដើម្បី​ធ្វើការក្នុង​ស្ថានភាព​ប្រកប​ដោយ​សុខភាព​ល្អជាង និងធ្វើការ​ដោយ​គ្មាន​ការ​យាយី​ពី​ក្រុម​ប៉ូលីស។ ដូចដែលខ្ញុំ​បាននិយាយហើយ​ថា អ្នក​កំពុងមើល​ឃើញ​ពី​ភាព​ជោគជ័យ​នៅ​កាល់គូតា(Calcutta)»។ ​ក្រៅពី​ប្រទេស​ឥណ្ឌា ​របាយការណ៍នេះ​ ក៏​បាន​គូស​បញ្ជាក់​ពី​ប្រទេស​ប៉ាពួរ​ ញ៉ូ​ហ្គីណេ (Papua New Guinea) ម៉ុងហ្គោលី ​(Mongolia) ថៃ​(Thailand) ហ្វីជី (Fiji) ឡាវ ​(Laos) និង​ហ្វីលីពីន ​(Philippine) ចំពោះ​ភាព​ជឿនលឿន​ទៅមុខ​ផ្នែក​ច្បាប់​ ដែល​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​កិច្ច​ប្រឹង​ប្រែង​ ដើម្បី​ព្យាបាល​និងទប់ស្កាត់​មេរោគ​អេជ​អាយវី។ ខណៈដែល​ក្រុម​អ្នក​ស្រាវ​ជ្រាវ​ថ្លែង​ថា​ ការ​ធ្វើ​ឲ្យ​ពេស្សាកម្ម​លែង​ជា​អំពើ​ឧក្រិដ្ឋ​កម្ម​នៅ​ក្នុង​ប្រទេស​ទាំងនោះ នឹង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ដល់​ស្ថានភាព​សម្រាប់​អ្នក​រកស៊ី​ផ្លូវភេទ។ ស្ថានភាពនេះមាន​ភាព​ខុស​ប្លែក​គ្នា​នៅ​ប្រទេស ឥណ្ឌូនេស៊ី (Indonesia)។ បើទោះ​ជា​អំពើ​ពេស្យាកម្ម​នៅទីនោះ មិនមាន​ភាព​ស្រប​ច្បាប់ក៏​ដោយ​ អង្គការ​សហប្រជាជាតិ​និយាយថា​ ជាទម្លាប់ អ្នករកស៊ី​ផ្លូវ​ភេទត្រូវ​បាន​បំពារបំពានពី​សំណាក់​ទីភ្នាក់​ងារ​អនុវត្តច្បាប់ និង​ត្រូវ​បានរើស​អើង​ពី​សំណាក់សាធារណ និង​រដ្ឋាភិបាល៕​
XS
SM
MD
LG