ការប្រឹងប្រែងថ្មីៗរបស់ប្រទេសឥណ្ឌូនេស៊ី ដើម្បីធ្វើឲ្យសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន ប្រកាន់ខ្ជាប់តាមធម្មនុញ្ញរបស់ខ្លួន ក្នុងការផ្សះផ្សារដោយសន្តិវិធី ដើម្បីដោះស្រាយជម្លោះក្នុងតំបន់ និងគោរពសិទ្ធិមនុស្សនោះ បានឆ្លុះបញ្ចាំងពីព្រំដែនរបស់អង្គការក្នុងតំបន់នេះច្រើនជាងឆ្លុះបញ្ចាំងពីសមត្ថភាពរបស់ខ្លួន។
ការណ៍ដែលអាស៊ានអសមត្ថភាពដោះស្រាយជម្លោះរវាងប្រទេសកម្ពុជា និងប្រទេសថៃ និងការយល់ព្រមដ៏ចម្រូងចម្រាស់ទាក់ទងនឹងតួនាទីប្រទេសភូមាធ្វើជាប្រធានអាស៊ានក្នុងឆ្នាំ២០១៤ បានបណ្តាលឲ្យមានការរិះគន់ម្តងទៀតអំពីបំណងអាស៊ាន ដើម្បីឲ្យមានការចូលរួមជាវិជ្ជមាន។
ប្រទេសឥណ្ឌូនេស៊ីបានធ្វើជាប្រធានអាស៊ាននៅឆ្នាំនេះ ដោយមានក្តីសង្ឃឹមយ៉ាងខ្លាំងថា វានឹងធ្វើឲ្យអង្គការនេះជាកម្លាំងនយោបាយដ៏មានប្រសិទ្ធិភាពក្នុងកិច្ចការពិភពលោក។ ក៏ប៉ុន្តែរឿងដែលអាស៊ានអសមត្ថភាពក្នុងការរកសន្តិភាពរវាងប្រទេសកម្ពុជា និងថៃ ដែលជារដ្ឋសមាជិកអាស៊ាននោះ បានធ្វើឲ្យថ្នាក់ដឹកនាំរបស់អង្គការនេះខកចិត្ត។
ការព្យាយាមម្តងហើយម្តងទៀតរបស់លោកMarty Natalegawa ជាប្រធានអាស៊ាននិងជារដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី ក្នុងការសម្របសម្រួលរកដំណោះស្រាយ
ចំពោះការប៉ះទង្គិចផ្នែកយោធាដែលកំពុងកើតមានរវាងប្រទេសទាំងពីរនេះទាក់ទងនឹងជម្លោះព្រំដែននោះ មិនបានទទួលជោគជ័យទេ រហូតមកដល់ពេលនេះ។ ប៉ុន្តែខណៈដែលលោកប្រាកដជាខកចិត្តដោយសារដំណោះស្រាយនេះមានសភាពយឺតយ៉ាវនោះ លោក Natalegawaនិយាយថា លោកមិនទាន់ទទួលស្គាល់ថា អាស៊ានត្រូវពង្រឹងអំណាចឲ្យខ្លាំងឡើង ទើបអង្គការនេះអាចធ្វើការដោយមានប្រសិទ្ធិភាពនោះទេ។
«យើងកំពុងប្រឹងប្រែងអស់ពីសមត្ថភាពរបស់យើង។ កិច្ចការទូតមិនមែនគិតតែពីគាបសង្កត់ និងដាក់ទណ្ឌកម្មនោះទេ តែត្រូវមានការលើកទឹកចិត្តផងដែរ។ ចាំមើលទៅ មិនទាន់ដាច់ស្រេចទេ។ បន្តិចទៀត សូមមកជួបខ្ញុំវិញ ហើយយើងពិនិត្យមើលថា តើយើងធ្វើបានកម្រិតណា»។
លោក Pavin Chachavalpongpun គឺជាអ្នកស្រាវជ្រាវនៅវិទ្យាស្ថានសិក្សាអំពីអាស៊ីអាគ្នេយ៍ (Institute of Southeast Asian Studies)ដែលមានមូលដ្ឋាននៅប្រទេសសឹង្ហបុរី។
លោកនិយាយថា រឿងដែលអាស៊ានអសមត្ថភាពធ្វើការគាបសង្កត់ និងដាក់ទណ្ឌកម្មនោះ បានធ្វើឲ្យអាស៊ានជាអង្គការអសមត្ថភាពខាងនយោបាយ។ លោកនិយាយថា ការដើរថយក្រោយជាថ្មីទៀតនេះក្នុងដំណើរការចរចាសន្តិភាពរវាងប្រទេសថៃ និងប្រទេសកម្ពុជានោះបង្ហាញថា មធ្យោបាយអាស៊ានមានកម្រិត ព្រោះវាពឹងផ្អែកទាំងស្រុងលើអំណាចបញ្ចុះបញ្ចូល និងទំនាក់ទំនងការទូតស្ងាត់ៗ។
«សមាគមអាស៊ានមិនមានយន្តការដើម្បីដោះស្រាយវិបត្តិដែលពិបាកដោះស្រាយបែបនេះទេ។ យើងមានយន្តការដោះស្រាយជម្លោះ ប៉ុន្តែមិនមានវិធានការហ៊ុំព័ទ្ធសេដ្ឋកិច្ច និងដាក់ទណ្ឌកម្មទេ ហើយខ្ញុំបាននិយាយច្រើនដងហើយ។ សមាជិកអាស៊ានអាចធ្វើអ្វីក៏ដោយតាមបំណងរបស់គេ ដោយសារគេដឹងថា គេនឹងមិនទទួលទណ្ឌកម្មទេ»។
បើទោះជាប្រទេសភូមាមានប្រវត្តិសិទ្ធិមនុស្សមិនល្អក៏ដោយ ក៏អាស៊ានយល់ព្រមជាគោលការណ៍ឲ្យប្រទេសភូមាដឹកនាំអង្គការតំបន់នេះក្នុងឆ្នាំ២០១៤។ ការយល់ព្រមនេះធ្វើឲ្យគេមានចម្ងល់អំពីការតាំងចិត្តរបស់អាស៊ានក្នុងការពង្រឹងលទ្ធិប្រជាធិបតេយ្យក្នុងតំបន់។
បញ្ហាមួយដែលអាស៊ានត្រូវប្រឈមមុខក្នុងការដោះស្រាយជាមួយសមាជិក ដែលរំលោភធម្មនុញ្ញរបស់អង្គការតំបន់នេះគឺជាការធ្វើផ្ទុយនឹងធម្មនុញ្ញជាមូលដ្ឋានរបស់ខ្លួនឯង។ ធម្មនុញ្ញនេះលើកកម្ពស់ឲ្យមានការទទួលខុសត្រូវជារួម ហើយមិនឲ្យមានការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់រដ្ឋជាសមាជិកទេ។
រដ្ឋជាសមាជិកអាស៊ានមានប្រព័ន្ធនយោបាយខុសគ្នាខ្លាំង ដែលធ្វើឲ្យអាស៊ានលំបាកក្នុងការពង្រឹងក្រឹត្យក្រមឯកភាពគ្នាតែមួយ។ ប្រទេសខ្លះ ដូចជាប្រទេសវៀតណាម និងប្រទេសលាវគ្រប់គ្រងទាំងស្រុងដោយគណបក្សតែមួយ។ ប្រទេសផ្សេងទៀត ដូចជាឥណ្ឌូនេស៊ី និងប្រទេសថៃមានការជឿនលឿនច្រើនខាងលទ្ធិប្រជាធិបតេយ្យ ក៏ប៉ុន្តែនៅមានលក្ខណៈផុយស្រួយនៅឡើយ។
លោក Carl Thayer គឺជាអ្នកវិភាគនយោបាយនៅសាកលវិទ្យាល័យ New South Wales នៅប្រទេសអូស្ត្រាលី។ លោកនិយាយថា រដ្ឋប្រហារដោយយោធានៅប្រទេសថៃក្នុងឆ្នាំ២០០៦ធ្វើឲ្យលោក និងសហគមន៍បញ្ញវ័ន្តភ្ញាក់ផ្អើល។
«ប្រទេសថៃកំពុងព្យាយាមស្តារពីការបាត់បង់លទ្ធិប្រជាធិបតេយ្យ និងដើរមករកមាគ៌ាដែលគេមើលឃើញថា ផ្នែកកងទ័ពគឺជាកម្លាំងឯករាជ្យ។ ខ្ញុំសូមលើកឡើងថា ពីឆ្នាំ១៩៩២ដល់ឆ្នាំ២០០៦ ពួកយើងដែលបង្រៀនអំពីនយោបាយប្រទេសថៃគិតថា ប្រទេសថៃបានដើរដល់ផ្លូវរបត់ មានប្រជាធិបតេយ្យ ហើយដាក់កងទ័ពឲ្យនៅក្រោមការគ្រប់គ្រង ហើយព្រឹត្តិការណ៍ទាំងនោះបង្ហាញថា យើងគិតខុស»។
លោកThayer សរសើរការប្រឹងប្រែងរបស់ឥណ្ឌូនេស៊ីក្នុងការធ្វើឲ្យអាស៊ានជាកម្លាំងនយោបាយមួយ បើទោះជាក្នុងរយៈពេលខ្លីក៏ដោយ វាហាក់ដូចជាឆ្លុះបញ្ចាំងអំពីការលំបាកដែលអាស៊ានត្រូវប្រឈមមុខ៕
ប្រែសម្រួលដោយ ពិន ស៊ីសុវណ្ណ