កម្ពុជានិងថៃមិនទាន់បញ្ចប់កិច្ចការរៀបចំទទួលយកក្រុមអ្នកសង្កេតការណ៍មកកាន់តំបន់ជម្លោះនៅឡើយទេបន្ទាប់ពីប្រទេសទាំងពីរបានផ្តល់សញ្ញាយល់ព្រមទទួលយកមួយសប្តាហ៍មកហើយ។
ប្រទេសទាំងពីរអះអាងស្រដៀងគ្នាថាខ្លួនកំពុងពិភាក្សាជាមួយប្រទេសឥណ្ឌូនេស៊ីដែលជាប្រធានអាស៊ានប្តូរវេនសម្រាប់ឆ្នាំនេះនៅឡើយក្នុងការទទួល យកក្រុមអ្នកសង្កេតការណ៍អាស៊ានប្រមាណ៤០នាក់មកកាន់តំបន់ជម្លោះ។
កិច្ចពិភាក្សាពេលនេះគឺទាក់ទងនឹងកិច្ចការបច្ចេកទេសដែលត្រូវរៀបចំពីរចនាសម្ព័ននានាគោលបំណងនិងរបៀបរបបធ្វើកិច្ចការរវាងដៃគូពាក់ព័ន្ធក្នុងប្រទេសថៃនិងប្រទេសកម្ពុជា។
លោក កុយ គួង អ្នកនាំពាក្យនៃក្រសួងការបរទេសកម្ពុជានិងជាអនុរដ្ឋលេខា ធិការបានអះអាងថា៖កម្ពុជាបានជជែកនិងផ្លាស់ប្តូរសារលិខិតទៅវិញទៅមកហើយនឹងជួបប្រជុំជាមួយនឹងមន្ត្រីស្ថានទូតឥណ្ឌូនេស៊ីក្នុងទីក្រុងភ្នំពេញផងដែររួចហើយប៉ុន្មានថ្ងៃចុងក្រោយនេះ។
«យើងកំពុងតែពិភាក្សាគ្នាអំពីបែបបទនៃការងារនេះ។ ហើយភាគីឥណ្ឌូនេស៊ីបានលើកជាសំណើមក ហើយខាងកម្ពុជាយើងបានឯកភាពទាំងស្រុងហើយ»។
លោក គួងបានថ្លែងថាកម្ពុជាបានយល់ព្រមទៅនឹងសំណើទាំងអស់របស់ឥណ្ឌូនេស៊ីរួមនឹងការស្នើសុំឲ្យឥណ្ឌូនេស៊ីបញ្ជូនក្រុមអ្នកសង្កេតការណ៍ឲ្យបានឆាប់ដើម្បីត្រួតពិនិត្យកិច្ចឈប់បាញ់គ្នានៅតំបន់ទាំងពីរ។
«យើងយល់ថាវត្តមានរបស់អ្នកសង្កេតការណ៍នេះជាវត្តមានដ៏ចាំបាច់ដ៏មាន សារៈសំខាន់ណាស់ក្នុងការរក្សាសន្តិសុខនិងសន្តិភាពនៅតាមព្រំដែនដើម្បី បញ្ចៀសអំពីការឆ្លើយដាក់គ្នាថាអ្នកណាបង្ករឿងមុនអ្នកណាឈ្លានពានគេមុនអ្នកណាបាញ់ទៅគេមុននោះបាទ។ ហ្នឹងជាសាក្សីដ៏សំខាន់ណាស់ ហើយតំបន់ នោះអាចមាន ភាពស្ងប់ស្ងាត់ មានសន្តិសុខល្អ ទាំងសងខាង មិនមែនតែប្រទេសកម្ពុជា ប្រជាជនកម្ពុជាដែលរស់នៅតំបន់នោះទេ»។
កងទ័ពប្រទេសកម្ពុជានិងប្រទេសថៃបានវាយប្រយុទ្ធគ្នាជាលក្ខណៈទ្រង់ទ្រាយធំម្តងទៀតកាលពីថ្ងៃទី៤ដល់ថ្ងៃទី៧ ខែកុម្ភៈដោយសារការចោទប្រកាន់រឿងការរំលោភបំពានបូរណភាពទឹកដី។ ការវាយប្រយុទ្ធគ្នានោះបានធ្វើឲ្យមានរបួសនិងស្លាប់ទាំងសងខាង ប៉ៈពាល់ដល់ប្រជាពលរដ្ឋទាំងពីរប្រទេសនិងធ្វើឲ្យខូចខាតប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោកដែលច្បាប់អន្តរជាតិហាមដាច់ខាតមិនឲ្យប៉ះពាល់ពេលសង្គ្រាម។
ក្រុមប្រឹក្សាសន្តិសុខអ.ស.ប បានកោះប្រជុំជាបន្ទាន់ហើយជំរុញឲ្យប្រទេស កម្ពុជានិងថៃបញ្ឈប់ការវាយប្រយុទ្ធគ្នាហើយចរចាក្នុងក្របខណ្ឌអាស៊ានដើម្បី ដោះស្រាយជម្លោះប្រដាប់អាវុធនៃប្រទេសទាំងពីរ។ កម្ពុជានិងថៃបានព្រមព្រៀងគ្នាក្នុងកិច្ចប្រជុំអាស៊ានកាលពីសប្តាហ៍មុនថានឹងសុខចិត្តទទួលយកក្រុមអ្នកសង្កេតការណ៍ពាក់កណ្តាលម្នាក់មកត្រួតពិនិត្យមើលកិច្ចឈប់បាញ់គ្នានៅតាមតំបន់ជម្លោះនៃប្រទេសទាំងពីរជាពិសេសតំបន់ជិតប្រាសាទព្រះវិហារ។
លោក ថានី ថងភក្តី (Thani Thongphakdi) អ្នកនាំពាក្យក្រសួងការបរទេសថៃបានថ្លែងថា ប្រទេសថៃនិងឥណ្ឌូនេស៊ីកំពុងពិភាក្សាគ្នាអំពីបែបបទរឿងបញ្ជូនក្រុមអ្នកសង្កេតការណ៍មកកាន់ប្រទេសថៃដែរ។ ហើយរឿងនេះរំពឹងថាអាចនឹងលើកយកមកជជែកគ្នានៅក្នុងកិច្ចប្រជុំរវាងគណៈកម្មាធិការព្រំដែនចម្រុះនៃ ប្រទេសទាំងពីរ កម្ពុជានិងថៃ នៅពេលខាងមុខ ដោយសារថានេះជាកិច្ចការរបស់យោធាដែរ។
«ខ្ញុំគិតថាការបញ្ជូនក្រុមអ្នកសង្កេតការណ៍របស់ប្រទេសឥណ្ឌូនេស៊ីជាប្រធាន អាស៊ានបច្ចុប្បន្ននេះនឹងជួយកសាងទំនុកចិត្តក្នុងចំណោមប្រជាពលរដ្ឋដែល កំពុងរស់នៅតាមបណ្តោយព្រំដែន។ ក្នុងករណីប្រទេសថៃយើងស្វាគមន៍ក្រុមអ្នកសង្កេតការណ៍ទាំងនេះពីព្រោះយើងមានតម្លាភាពហើយយើងជឿជាក់ថាពលរដ្ឋរបស់យើងដែលកំពុងរស់នៅជាយដែននិងទទួលបាននូវភាពសុខស្រួលកាន់តែខ្លាំងដោយសារមានវត្តមានអ្នកសង្កេតការណ៍ពីប្រទេសទីបី»។
ប្រទេសកម្ពុជានិងថៃគ្មានកិច្ចព្រមព្រៀងដកកងទ័ពថយនោះទេនៅក្នុងកិច្ចប្រជុំ ក្រុមប្រឹក្សាសន្តិសុខអ.ស.ប និងកិច្ចប្រជុំអាស៊ាន។ កងទ័ពប្រទេសកម្ពុជានិងថៃ កំពុងតែមានភាពតានតឹងនៅឡើយជាពិសេសនៅតំបន់ជម្លោះជិតប្រាសាទព្រះវិហារ។ ក្រុមអ្នកសង្កេតការណ៍បាននិយាយថាបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ អាចដោះស្រាយបានតាមរយៈតុលាការយុត្តិធម៌អន្តរជាតិដែលបានកាត់ ប្រាសាទព្រះវិហារឲ្យមកកម្ពុជាកាលពីឆ្នាំ១៩៦២។ តែការដាក់ក្រុមអ្នកសង្កេតការណ៍គ្រាន់តែអាចជួយឲ្យមានស្ថេរភាពមួយរយៈពេលប៉ុណ្ណោះ ជាមួយគ្នានឹងក្តីបារម្ភខ្លាចថាជម្លោះនេះនឹងអាចធ្វើឲ្យអូសបន្លាយរាប់សិប ទសវត្សរ៍ដូចជាប្រទេសនៅតំបន់មជ្ឈិមបូព៌ាមួយចំនួន ទោះជាមានអ្នកសង្កេតការណ៍អ.ស.បចូលរួមក្តី៕