រដ្ឋមន្ត្រីការបរទេសនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ហៅកាត់ថា អាស៊ាន ស្នើឲ្យមានការពិចារណាដកទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងប្រទេសភូមា ដោយហេតុថា កងទ័ពភូមាបានរៀបចំឲ្យមានការបោះឆ្នោតជាតិ ហើយបានដោះលែងលោកស្រីអ៊ុង សានស៊ូជី មេដឹកនាំប្រឆាំងពីការឃុំឃាំង ក៏ប៉ុន្តែក្រុមការពារសិទ្ធិមនុស្សនិយាយថា មិនទាន់ដល់ពេលត្រូវដកទណ្ឌកម្មនាពេលនេះទេ។
រដ្ឋមន្ត្រីការបរទេសអាស៊ាន ដែលជួបគ្នានៅប្រទេសឥណ្ឌូនេស៊ី បានអំពាវនាវឲ្យសរអា សហភាពអឺរ៉ុប កាណាដា និងអូស្ត្រាលី ពិនិត្យឡើងវិញនូវទណ្ឌកម្មលើប្រទេសភូមាក្នុងការគាបសង្កត់ឲ្យរដ្ឋាភិបាលយោធានិយមអនុវត្តកំណែទម្រង់សេដ្ឋកិច្ច និងនយោបាយនោះ។
រដ្ឋមន្ត្រីការបរទេសដែលដឹកនាំដោយថៃ និងឥណ្ឌូនេស៊ី ក៏ជំរុញឲ្យកងយោធាភូមាប្រឹងប្រែងបង្រួបបង្រួមជាមួយលោកស្រីអ៊ុង សានស៊ូជី មេដឹកនាំគាំទ្រលទ្ធិប្រជាធិបតេយ្យ និងក្រុមនយោបាយប្រឆាំងនៅភូមា។
ទណ្ឌកម្មអាមេរិករួមមានបម្រាមនាំចូល និងការរឹតបន្តឹងលើការផ្ទេរហិរញ្ញវត្ថុ និងវិនិយោគទុនបរទេសនៅភូមា។ សហភាពអឺរ៉ុបក៏មានទណ្ឌកម្មជាបន្តបន្ទាប់ច្រើនឆ្នាំមកហើយដែរ។
រដ្ឋមន្ត្រីនានានិយាយថា គេគួរពិចារណាដល់កត្តាការបោះឆ្នោត និងការដោះលែងលោកស្រីអ៊ុងសាស៊ូជីពីការឃុំឃាំងក្នុងផ្ទះនោះ។
លោក ឌូហ្ល្កាស ក្លាយតុន (Douglas Clayton) ពាណិជ្ជករអាមេរិកនៃក្រុមហ៊ុនដៃគូអភិវឌ្ឍន៍មូលនិធិវិនិយោគក្នុងតំបន់គឺ Leopard Capital និយាយថា ទណ្ឌកម្មនឹងបើកចំហជាថ្មីសម្រាប់ការវិនិយោគបរទេសក្នុងប្រទេសនេះ។ លោកថ្លែងថា៖
«យើងចង់ឃើញអាមេរិកដកទណ្ឌកម្មរបស់ខ្លួន ដែលជាកាតាលីករសម្រួលដល់ការវិនិយោគបរទេស ពីព្រោះនៅពេលនេះ វិនិយោគពហុសាសន៍មិនអាចធ្វើទៅបានទេនៅទីនោះ។ គេមានបញ្ហា បើគេធ្វើនៅទីនោះ»។
ការពិភាក្សាអំពីទណ្ឌកម្មមានការខ្វែងគំនិតគ្នា។ អ្នកវិភាគខ្លះនិយាយថា ទណ្ឌកម្មមិនបានសម្រេចក្នុងការបញ្ចប់ការក្តាប់អំណាចរបស់យោធាទេ ហើយបានបណ្តាលឲ្យមានមនុស្សអត់ការងារធ្វើជាច្រើន។
ក្នុងពេលជាមួយគ្នានេះដែរ ប្រទេសចិន ថៃ និងឥណ្ឌានៅតែជាប្រទេសវិនិយោគទុនសំខាន់ក្នុងប្រទេសភូមា។
លោកស្រី ដេប៊ី ស្លុថាដត៍ (Debbie Slothardt) ស្ត្រីអ្នកនាំពាក្យរបស់ក្រុមសិទ្ធិមនុស្សឈ្មោះ Alternative Asean Network និយាយថា ដកទណ្ឌកម្មពេលនេះវាឆាប់ពេកហើយ ជាពិសេសនៅពេលដែលកងទ័ពនៅតែឃុំឃាំងអ្នកទោសនយោបាយជាង២ពាន់នាក់នៅឡើយ។ លោកស្រីបន្តថា៖
«ជារឿងឆោតមិនគួរឲ្យជឿ និងមិនប្រាកដនិយម បើអាស៊ានអំពាវនាវឲ្យសហគមន៍អន្តរជាតិដកទណ្ឌកម្មលើប្រទេសភូមា។ ផ្ទុយទៅវិញ អាស៊ានគួរតែអំពាវនាវឲ្យអាជ្ញាធរយោធា និងអ្វីដែលគេហៅថា រដ្ឋសភាថ្មីរបស់ភូមានោះ សហការស៊ើបអង្កេតជាមួយអន្តរជាតិអំពីឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងឧក្រិដ្ឋកម្មធ្ងន់ធ្ងរនានាក្នុងប្រទេសភូមានោះវិញ»។
ក្រុមសិទ្ធិមនុស្សបានបង្ហាញការសង្ស័យអំពីភាពស្របច្បាប់នៃការបោះឆ្នោតទូទៅកាលពីខែវិច្ឆិកា ក្រោយពីមានការចោទប្រកាន់អំពីការលួចបន្លំ និងមានកង្វល់អំពីការរឹតបន្តឹងដល់ការចូលរួមរបស់គណបក្សនយោបាយប្រឆាំង។ ក្រុមអ្នកនយោបាយជិតស្និទ្ធនឹងកងទ័ពបានទទួលសម្លេងឆ្នោត និងអាសនៈជិត៨០%ក្នុងសភាជាតិ ដោយមានកូតាអាសនៈ២៥%រក្សាទុកសម្រាប់កងទ័ព។
រដ្ឋមន្ត្រីការបរទេសអាស៊ាននឹងបញ្ជូនគណៈប្រតិភូទៅប្រទេសភូមានៅចុងខែមករា ដើម្បីជួបជាមួយអ្នកតំណាងសភាថ្មី ហើយដើម្បីពិភាក្សាអំពីឋានៈរបស់គណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យរបស់លោកស្រីអ៊ុងសានស៊ូជី៕
ប្រែសម្រួលដោយ ពិន ស៊ីសុវណ្ណ