កាលពីថ្ងៃពុធបណ្តារដ្ឋមន្ត្រីសេដ្ឋកិច្ចមកពីតំបន់អាស៊ីបូព៌ា បានជួបប្រជុំគ្នានៅប្រទេសឥណ្ឌូនេស៊ី ដើម្បីពិភាក្សាអំពីផលប៉ះពាល់នៃដំណើរយឺតយ៉ាវសេដ្ឋកិច្ចដែលអាចកើតមានឡើងនៅក្នុងសហរដ្ឋអាមេរិក សហគមន៍អឺរ៉ុប និងប្រទេសជប៉ុន។ ពួកគេជួបប្រជុំគ្នានៅឯសន្និសីទប្រចាំឆ្នាំស្តីពីពាណិជ្ជកម្ម ជំនួញ និងការវិនិយោគ ដែលរៀបចំដោយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍។ លោកអគ្គលេខាធិការអាស៊ាន សុរិន ពិតសុវណ្ណ(Surin Pitsuwan) មានប្រសាសន៍ថា វិបត្តិសេដ្ឋកិច្ចនៅតាមតំបន់ផ្សេងៗក្នុងពិភពលោកនឹងលើកទឹកចិត្តឲ្យមានការធ្វើសមាហរណកម្មតំបន់អាស៊ានបន្ថែមទៀត។
លោកអគ្គលេខាធិការ Surin មានប្រសាសន៍ថា គាត់រំពឹងថាការជួបប្រជុំទាំងឡាយនឹងផ្តោតលើការធ្លាក់ចុះនៃអត្រាឥណទានសហរដ្ឋអាមេរិក ដែលជាការប្រែប្រួលយ៉ាងរហ័សនៅក្នុងទីផ្សារភាគហ៊ុនជុំវិញពិភពលោក និង ក្តីបារម្ភអំពីថាតើសញ្ញានៃភាពទ្រឹងសេដ្ឋកិច្ចនៅតាមតំបន់ផ្សេងៗក្នុងពិភពលោកអាចប៉ះពាល់ដល់ទ្វីបអាស៊ីដែរឬយ៉ាងណា។
«វិបត្តិសេដ្ឋកិច្ចនេះបណ្តាលឲ្យមានផលប៉ះពាល់ផ្នែកចិត្តសាស្រ្ត។ ហើយក៏បណ្តាលឲ្យមានផលប៉ះពាល់ផ្ទាល់ទៅលើបែបផែននៃការវិនិយោគទៅលើភាពអាចរកបាននៃធនធាន និង ការប្រើប្រាស់។ ជំនឿទុកចិត្តរបស់អ្នកប្រើប្រាស់នៅក្នុងសហរដ្ឋអាមេរិក នឹងមានផលប៉ះពាល់មកលើយើង យ៉ាងហោចណាស់នៅក្នុងរយៈពេលមធ្យម និង រយៈពេលវែង។ យើងអាចគ្រប់គ្រងបានចំពោះផលប៉ះពាល់រយៈពេលខ្លី ប៉ុន្តែចំពោះផលប៉ះពាល់រយៈពេលវែង យើងនៅត្រូវការសេដ្ឋកិច្ចដ៏ខ្លាំងបំផុតរបស់ពិភពលោកឲ្យមានដំណើរការល្អ»។
បណ្តាប្រទេសអាស៊ីអាគ្នេយ៍បានកើនឡើងនូវការវិនិយោគបរទេសច្រើនជាង ១០០ ភាគរយ ពី ៣៧.០០០លាន ដុល្លារ ក្នុងឆ្នាំ ២០០៩ ដល់ ៧៥.០០០លាន ដុល្លារ ក្នុងឆ្នាំ ២០១០។ លោក សុរិន មានប្រសាសន៍ថា ទោះបីជាភាពយឺតយ៉ាវផ្នែកសេដ្ឋកិច្ចនៅប្រទេសជប៉ុន និង បស្ចិមប្រទេស អាចនឹងប៉ះពាល់ដល់ការរីកលូតលាស់នៅអាស៊ីក៏ដោយ ក៏ការវិនិយោគពីបណ្តាប្រទេសនៅក្នុងតំបន់ចូលមកក្នុងប្រទេសអាស៊ានមានការកើនឡើងច្រើនជាង ១២.០០០លាន ដុល្លារ នៅក្នុងឆ្នាំ២០១០។ លោក សុរិន មានប្រសាសន៍ថា គាត់រំពឹងថារដ្ឋមន្រ្តីសេដ្ឋកិច្ចនៅក្នុងតំបន់់នឹងផ្តោតលើការបង្កើននូវការវិនិយោគអន្តរអាស៊ាន ការកាត់បន្ថយឧបសគ្គការធ្វើជំនួញនៅអាស៊ី និងការមិនសូវពឹងពាក់ទៅលើការនាំចេញទៅកាន់ប្រទេសជប៉ុននិងបស្ចិមប្រទេស។
«យើងឃើញមានតួលេខដែលផ្តល់ការលើកទឹកចិត្តដល់យើង។ ដោយសារតែអ្វីដែលបានកើតឡើងនៅក្នុងប្រទេសជប៉ុន អ្វីដែលបានកើតឡើងនៅសហរដ្ឋអាមេរិក អ្វីដែលបានកើតឡើងនៅក្នុងតំបន់ប្រើប្រាស់ប្រាក់អឺរ៉ូ ការរិៈរកវិធីដើម្បីរក្សាតួលេខនេះគឺពិតជាបញ្ហាប្រឈមមួយ ប៉ុន្តែខ្ញុំគិតថាចម្លើយគឺទីផ្សារក្នុងតំបន់ សមាហរណកម្មក្នុងតំបន់ កិច្ចសហប្រតិបត្តិការក្នុងតំបន់»។
អាស៊ានបានក្រឡេកមើលទៅកាន់សហគមន៍សេដ្ឋកិច្ចសហគមន៍អឺរ៉ុប ទុកជាគំរូមួយសម្រាប់គម្រោងសមាហរណកម្មសេដ្ឋកិច្ចរបស់ខ្លួន។ ប៉ុន្តែលោក សុរិន មានប្រសាសន៍ថា ភាពផ្សេងគ្នានៃកម្រិតនៃការអភិវឌ្ឍនយោបាយ និង សេដ្ឋកិច្ច របស់សមាជិកផ្សេងៗដូចជា ប្រទេសភូមា និង ប្រទេសសិង្ហបូរី បានរារាំងគម្រោងនេះនៅក្នុងរយៈពេលខ្លី។
បន្ថែមពីនេះទៀត លោកមានប្រសាសន៍ថា បទពិសោធន៍ថ្មីៗនៅក្នុងសហគមន៍អឺរ៉ុប ដែលគេឃើញថា ប្រទេសសេដ្ឋកិច្ចរីកចម្រើនផ្សេងៗដូចជា អាល្លឺម៉ង់ ជាដើម កំពុងតែត្រូវបានគេស្នើឲ្យជួយផ្គត់ផ្គង់បណ្តាសមាជិកសេដ្ឋកិច្ចត្រដាបត្រដួសមួយចំនួនដូចជា ប្រទេសក្រិក ជាដើម អាចធ្វើឲ្យបណ្តាប្រទេសសមាជិកអាស៊ានទាំងឡាយខ្វាយខ្វល់អំពីការដាក់ចេញនូវយុទ្ធសាស្រ្តផ្សេងៗដូចជា យុទ្ធសាស្រ្តរូបិយប័ណ្ណតែមួយ ដែលអាចនឹងប៉ះពាល់ដល់ឯករាជ្យភាពសេដ្ឋកិច្ច។
«ប្រសិនបើការធ្វើសមាហរណកម្មនៅក្នុងតំបន់ប្រើប្រាស់ប្រាក់អឺរ៉ូប្រាប់យើងថា ការធ្វើសមាហរណកម្មអាចជះលទ្ធផលអវិជ្ជមាន នោះយើងនឹងពើបប្រទះនឹងបញ្ហារបស់សមាជិកនីមួយៗ ដែលបញ្ហារបស់ប្រទេសមួយអាចទាញសមាជិកផ្សេងៗទៀតធ្លាក់ទៅក្នុងរណ្តៅដូចគ្នា។ ដូច្នេះ បើសិនជាអ្នកចង់ធ្វើសមាហរណកម្ម អ្នកត្រូវតែប្រុងប្រយ័ត្នឲ្យបានខ្លាំងបំផុតដោយអ្នកត្រូវមានយុទ្ធសាស្រ្តដែលអាចគ្រប់គ្រងនូវផលអាក្រក់ដែលកើតឡើងមកពីការធ្វើសមាហរណកម្ម»។
សន្និសីទសេដ្ឋកិច្ចនៅប្រទេសឥណ្ឌូនេស៊ីដែលដឹកនាំដោយអាស៊ានរួមបញ្ចូលនូវកិច្ចប្រជុំតំបន់ពាណិជ្ជកម្មសេរីអាស៊ានប្រចាំឆ្នាំលើកទី ២៥ ក្រុមប្រឹក្សាតំបន់វិនិយោគអាស៊ានប្រចាំឆ្នាំលើកទី ១៤ និង ក្រុមផ្សេងៗទៀតដែលគាំទ្រសមាហរណកម្មសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ ៦០០ លាន នាក់ រស់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍៕
ប្រែសម្រួលដោយ ភី សុភាដា