ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ហ៊ុន សែន៖ ​សមាជិក​អាស៊ាន​មិន​គួរ​បិទ​ច្រក​ព្រំដែន ​ដោយ​ឯក​តោភាគី


រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងអំពីស្ថានភាពនៃការរីករាលដាលនៃមេរោគកូរ៉ូណាវីរុស ដែលផ្ទុះឡើងនៅប្រទេសចិន នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០។ លោក​បាន​ជំរុញ​ឲ្យ​ពលរដ្ឋ​កុំចលាចលអំពីការឆ្លងមេរោគនេះ ដែលនៅកម្ពុជាទើបតែមានមួយករណីប៉ុណ្ណោះ។

លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន​ នៅ​ថ្ងៃ​អង្គារ​នេះ​ បាន​ថ្លែង​ទៅ​កាន់​មេដឹកនាំ​ប្រទេស​ជា​សមាជិក​អាស៊ាន​ថា​ មិន​គួរ​មាន​ការ​បិទ​ច្រក​ព្រំដែន​ជា​ឯកតោ​ភាគី​នោះ​ទេ​ដែល​ទំនង​សំដៅ​លើ​ប្រទេស​វៀតណាម។​

លោក​ ហ៊ុន សែន​ បាន​ថ្លែង​បែប​នេះ​ក្នុង​កិច្ច​ប្រជុំ​អាស៊ាន​ពិសេស​ស្តី​ពី​ជំងឺ​កូវដី​១៩ ​នៅ​ថ្ងៃ​អង្គារ ទី​១៤​ខែមេសា ឆ្នាំ​២០២០ ​តាម​រយៈ​ការ​ភ្ជាប់​វីដេអូ​ខល (video conference) ​ដែល​វៀតណាម​ជា​ប្រធាន​នៃ​កិច្ច​ប្រជុំ​ពិសេស​នេះ។​

ក្នុង​សុន្ទរកថា​នោះលោក ​ហ៊ុន សែន​ បាន​ថ្លែង​ថា​ អាស៊ាន​គប្បី​ត្រូវ​លើក​កម្ពស់​ការ​សម្រប​សម្រួល​ និង​កិច្ច​សន្ទនា​ឲ្យ​កាន់​តែ​ជិត​ស្និទ្ធ​ចំពោះ​ការ​ដាក់​ចេញ​នូវ​វិធានការ​ផ្សេងៗ​ ដើម្បី​បញ្ចៀស​នូវ​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សេដ្ឋកិច្ច​សង្គម​នៅ​ក្នុង​តំបន់។​ ក្នុង​នោះ​លោក ​ហ៊ុន សែន​ បាន​លើក​ឡើង​អំពី​ការ​ចាត់​វិធាន​ការ​ជា​ឯកតោ​ភាគី ​ដែល​រួម​មាន​ការ​បិទ​ច្រក​ឆ្លង​កាត់​ព្រំដែន​ ដោយ​មិន​បាន​ជូន​ដំណឹង​ជា​មុន ដែល​អាច​ប៉ះពាល់​ដល់​ការ​ផ្គត់​ផ្គង់​ផលិតកម្ម​ លំហូរ​ពាណិជ្ជ​កម្ម​ និង​ការ​ប្រកប​មុខ​របរ​របស់​ប្រជា​ពលរដ្ឋ។​

លោក​ ហ៊ុន សែន​ មិន​បាន​ថ្លែង​ចំ​ឈ្មោះ​ប្រទេស​ណា​នោះ​ទេ ​តែ​កាល​ពី​ខែមីនា ​លោក​បាន​ប្រតិកម្ម​ទៅ​នឹង​ប្រទេសវៀតណាម​ ដែល​លោក​ថា បាន​បិទ​ច្រក​ព្រំដែន​ដោយ​មិនជូន​ដំណឹង​ជា​មុន ដែល​កាល​នោះ​ជា​វិធានការ​ទប់​ស្កាត់​ការ​រាត​ត្បាត​វីរុស​កូរ៉ូណា។ ជា​ការ​ឆ្លើយ​តប​ លោក ​ហ៊ុន សែន ​បាន​បញ្ជា​ឲ្យ​បិទ​ទាំង​ស្រុង​ការ​ធ្វើ​ដំណើរ​របស់​ជនជាតិ​វៀតណាម​ ចូល​មក​ប្រទេស​កម្ពុជា។​

VOA ​មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​ស្ថានទូត​វៀតណាម​ប្រចាំ​នៅ​កម្ពុជា​ តាម​សារ​អេឡិចត្រូនិក​បាន​នៅ​ឡើយ​ទេ។​

នៅ​ថ្ងៃ​អង្គារ​នេះ​លោក​ ហ៊ុន សែន ក៏​បាន​ប្រកាស​គាំទ្រ​ការ​បង្កើត​មូលនិធិ​អាស៊ាន​សម្រាប់​ឆ្លើយ​តប​ជំងឺ​កូវីដ​១៩​ផង​ដែរ​ ហើយ​លោក​ក៏​បានអំពាវនាវ​ឲ្យ​សមាជិក​អាស៊ាន​ទាំង​អស់​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​ការ​ចែក​រំលែក​បទ​ពិសោធន៍​ បច្ចេក​ទេស​ សម្ភារៈ និង​បរិក្ខារ​វេជ្ជសាស្រ្ត​ជាដើម៕

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-បច្ចុប្បន្ន

XS
SM
MD
LG