រដ្ឋមន្ត្រីការបរទេសសិង្ហបុរីជួបសំណេះសំណាលជាមួយលោក ប្រាក់ សុខុន មុនកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានដំណើរការជាផ្លូវការនៅព្រឹកថ្ងៃពុធ
លោក Vivian Balakrishnan រដ្ឋមន្ត្រីការបរទេសសិង្ហបុរី បានបង្ហាញភាពរីករាយរបស់លោក នៅក្នុងជំនួបសំណេះសំណាលមួយជាមួយរដ្ឋមន្ត្រីការបរទេសកម្ពុជាលោក ប្រាក់ សុខុន នាល្ងាចថ្ងៃអង្គារនេះ ដោយលើកឡើងថា «សិង្ហបុរីគាំទ្រតួនាទីរបស់កម្ពុជាជាប្រធានអាស៊ានប្តូរវេន និងតំណែងរបស់លោក ប្រាក់ សុខុន ក្នុងនាមជាបេសកជនពិសេសតំណាងឲ្យអាស៊ានប្រចាំមីយ៉ាន់ម៉ា»។ លោក Balakrishnan បានថ្លែងដូច្នេះ នៅក្នុងសារមួយបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក។
ពាក់ព័ន្ធនឹងវិបត្តិនយោបាយនៅមីយ៉ាន់ម៉ា ដែលកំពុងស្ថិតក្រោមការដឹកនាំរបស់របបយោធា លោក Vivian Balakrishnan រដ្ឋមន្ត្រីការបរទេសសិង្ហបុរី បានលើកឡើងថា៖ «ភាគីសិង្ហបុរីនិងកម្ពុជាបន្តជំរុញឲ្យយោធាមីយ៉ាន់ម៉ាអនុវត្តភ្លាមៗនិងឲ្យបានពេញលេញទៅតាមចំណុចព្រមព្រៀងដោយឯកច្ឆ័ន្ទទាំង ៥ (របស់អាស៊ាន) ដែលក្នុងនោះរួមបញ្ចូលទាំងការសម្រួលឲ្យមានដំណើរទស្សនកិច្ចរបស់បេសកជនពិសេសរបស់អាស៊ានទៅកាន់ប្រទេសមីយ៉ាន់មឡា ដើម្បីជួបពិភាក្សាជាមួយភាគីពាក់ព័ន្ធទាំងអស់ (ក្នុងវិបត្តិនយោបាយមីយ៉ាន់ម៉ា)»៕