ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី
រូបឯកសារ៖ ទង់របស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ដាក់បង្ហាញនៅក្នុងសាលប្រជុំមួយ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២១។

កម្ពុជា-អាស៊ាន៖ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន

បន្ទាប់ពី​មាន​ភាព​ចម្រូង​ចម្រាស​លើ​វិបត្តិ​នយោបាយនៅ​មីយ៉ាន់​ម៉ា​ ដែល​នឹង​ជា​ចំណុច​ក្តៅ​មួយ និង​បញ្ហា​ប្រឈម​នានា​ក្នុង​តំបន់​និង​សកលលោក​នា​អំឡុង​វិបត្តិ​កូវីដ១៩ កម្ពុជា​ដែល​ជា​ប្រធាន​អាស៊ាន​ប្តូរវេន រៀបចំ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន ចាប់ពី​ថ្ងៃទី ១៥ ដល់ ថ្ងៃទី ១៧ ខែ​កុម្ភៈ​នេះ។

20:35 17.2.2022

រដ្ឋ​មន្ត្រី​ការបរទេស​ម៉ាឡេស៊ី​ជំរុញ​ឲ្យ​បេសកជន​ពិសេស​អាស៊ាន​ជួប​ជាមួយ​ភាគី​ពាក់ព័ន្ធ​នានា ក្នុង​ទស្សនកិច្ច​នៅ​មីយ៉ាន់ម៉ា​ក្នុង​ខែ​មីនា

នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ រដ្ឋមន្ត្រី​ការបរទេស​ម៉ាឡេស៊ី លោក Saifuddin Abdullah បាន​ជំរុញ​ឲ្យ​លោក ប្រាក់ សុខុន ដែល​ត្រូវបាន​តែងតាំង​ជា​បេសកជន​ពិសេស​អាស៊ាន​ប្រចាំ​មីយ៉ាន់ម៉ា ជួប​ជាមួយ​នឹង​តំណាង​នៃរដ្ឋាភិបាល​រួប​រួម​ជាតិ​មីយ៉ាន់ម៉ា​(NUG) និងភាគីពាក់ព័ន្ធផ្សេងៗទៀតដែលប្រឆាំងនឹងរបបយោធាដឹកនាំដោយលោក Min Aung Hlaing នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​គ្រោង​ទុក​របស់​លោក​ ទៅ​កាន់​មីយ៉ាន់ម៉ា នា​ពេល​ខាង​មុខ។​

នៅ​លើ​គណនី​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន លោក Saifuddin Abdullah បានបង្ហាញ​ការ​គាំទ្រ​របស់​លោក​លើ​តួនាទី​របស់​លោក ប្រាក់ សុខុន ក្នុង​នាម​ជា​បេសកជន​ពិសេស​អាស៊ាន​ប្រចាំ​មីយ៉ាន់ម៉ា ហើយ​បានស្វាគមន៍​សេចក្តី​ប្រកាស​របស់​លោក ប្រាក់ សុខុន ស្តី​ពី​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​មីយ៉ាន់ម៉ា នៅ​ខែ​មីនា​ខាង​មុខ​នេះ។ រដ្ឋមន្ត្រី​ការបរទេស​ម៉ាឡេស៊ី​រូបនេះ ក៏​បាន​លើក​ទឹកចិត្ត​ឲ្យលោក ប្រាក់ សុខុន និង​គណៈប្រតិភូ​របស់​លោក ជួប​ជាមួយ​ភាគី​ពាក់ព័ន្ធ​ជា​ច្រើន​ទៀត​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា៕

19:11 17.2.2022

រដ្ឋមន្រ្តី​ការបរទេស​អាស៊ាន​ពិភាក្សា​ការ​ពង្រឹង​មជ្ឈភាព​អាស៊ាន​ក្នុង​ពេល​មាន​ការ​ប្រកួតប្រជែង​ភូមិសាស្រ្ត​នយោបាយ​

រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស​កម្ពុជា​ដែល​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ច​ប្រជុំ​រដ្ឋមន្រ្តី​ការ​បរទេស​អាស៊ាន​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​បាន​ថ្លែង​ថា​ សមាជិក​បាន​ពិភាក្សា​គ្នា​ដោយ​ស្ថាបនា​និង​ផ្លែផ្កា​លើ​ផែនការ​ការងារ​មួយ​ឆ្នាំ​របស់​អាស៊ាន​ហើយ​ក៏​មាន​ការ​ពិភាក្សា​អំពី​ការ​ពង្រឹង​មជ្ឈភាព​របស់​សមាគម​នេះ​ក្នុង​ពេល​មាន​ការ​ប្រកួត​ប្រជែង​ភូមិ​សាស្រ្ត​នយោបាយ។​

លោក ​ប្រាក់ សុខុន​ រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស​កម្ពុជា​បាន​ថ្លែង​បែប​នេះ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ដែល​ធ្វើ​ឡើង​កាល​ពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍​ក្រោយ​បញ្ចប់​កិច្ច​ប្រជុំ​ចង្អៀត​រដ្ឋមន្រ្តី​ការ​បរទេស​អាស៊ាន​នៅ​សណ្ឋាគារ​ Sofitel Phnom Penh Phokeethra នៅ​រាជធានី​ភ្នំពេញ។​

លោក​ថ្លែង​ថា​រដ្ឋមន្រ្តី​ការបរទេស​បាន​ពិភាក្សា​ពី​មធ្យោបាយ​នានា​ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​នូវ​ការ​ខិតខំ​ប្រឹង​ប្រែង​ដើម្បី​កសាង​សហគមន៍​អាស៊ាន​ការ​កសាង​សមត្ថភាព​ការ​ពង្រឹង​មជ្ឈភាព​អាស៊ាន​ការ​រួបរួម​ការ​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​ប្រទេស​ខាង​ក្រៅ​ការ​ស្តារ​ស្ថានភាព​ក្រោយ​ជំងឺ​កូវីដ១៩​បញ្ហា​ទំនាក់ទំនង​សេដ្ឋកិច្ច​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​និង​បញ្ហា​ប្រទេស​មីយ៉ាន់ម៉ា​ជា​ដើម។

នៅ​ក្នុង​បញ្ហា​ការ​ប្រកួត​ប្រជែង​ភូមិសាស្រ្ត​នយោបាយ​លោក​ ប្រាក់ សុខុន​ បាន​បញ្ជាក់​ថា៖​ «អ៊ីចឹង​យើង​បាន​ពិភាក្សា​គ្នា​ថា​ តើ​ធ្វើ​ម៉េច ​ដឹកនាំ​អាស៊ាន​ដឹកនាំ​ការ​កសាង​សហគមន៍​អាស៊ាន​នេះ​ក្នុង​កម្រិត​ណា​ដែល​មិន​ត្រូវ​ទទួល​ផល​ប៉ះពាល់​ជា​អវិជ្ជមាន​ពី​ការ​ប្រកួត​ប្រជែង​នោះ។​ នេះ​ជា​រឿង​សំខាន់។​ អ៊ីចឹង​ហើយ​បាន​ជា​រដ្ឋមន្រ្តី​ការ​បរទេស​នានា​បាន​លើក​ឡើង​អំពី​ការ​ពង្រឹង​មជ្ឈភាព​របស់​អាស៊ាន»។​

អានអត្ថបទទាំងស្រុង

10:12 17.2.2022

រដ្ឋមន្ត្រីការបរទេសអាស៊ានចាប់ផ្តើមកិច្ចប្រជុំជាផ្លូវការ ដោយគ្មានវត្តមានមីយ៉ាន់ម៉ា

រដ្ឋមន្ត្រីការបរទេសនៃប្រទេសជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន ចំនួន ៩ កំពុងពិភាក្សាគ្នាដោយផ្ទាល់និងតាមអនឡាញ អំពីបញ្ហាប្រឈមចម្បងៗក្នុងតំបន់ ដោយគ្មានវត្តមានតំណាងប្រទេសមីយ៉ាន់ម៉ា ដែលវិបត្តិនយោបាយក្នុងប្រទេសនេះគឺជាចំណុចក្តៅមួយសម្រាប់​កិច្ច​ប្រជុំ​ចង្អៀត​ថ្នាក់​រដ្ឋ​មន្ត្រី​អាស៊ាននេះផងដែរ។

កិច្ច​ប្រជុំ​ចង្អៀត​ថ្នាក់​រដ្ឋ​មន្ត្រី​ការបរទេសអាស៊ានកំពុងធ្វើឡើងនៅរាជធានីភ្នំពេញ ប្រទេសកម្ពុជាដែលជាប្រធានប្តូរវេនរបស់សមាគមអាស៊ាន។

កិច្ច​ប្រជុំ​ចង្អៀត​រដ្ឋមន្រ្តី​ការបរទេស​អាស៊ាន​គឺ​ជា​កិច្ច​ប្រជុំ​សំខាន់​ដើម្បីកំណត់​របៀប​វារៈសម្រាប់​កិច្ច​ប្រជុំ​ផ្សេង​ទៀត​របស់​សមាគម​អាស៊ាន៕

09:40 17.2.2022

រដ្ឋមន្ត្រី​ការ​បរទេស​វៀតណាម​តេស្ដ​វិជ្ជមាន​កូវីដ១៩​ ពេល​មក​ដល់​កម្ពុជា

លោក​រដ្ឋ​មន្ត្រី​ការ​បរទេស​វៀតណាម Bui Thanh Son បាន​តេស្ដ​វិជ្ជមាន​កូវីដ១៩ ​ពេល​មក​ដល់​អាកាស​យាន​ដ្ឋាន​អន្តរ​ជាតិ​ភ្នំពេញ​ នៅរសៀល​ថ្ងៃ​ពុធ ដើម្បីត្រៀម​ចូល​រួម​កិច្ច​ប្រជុំ​ចង្អៀត​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​ ដែល​កម្ពុជា​ធ្វើ​ជា​ប្រធាន​ដឹក​នាំ​នៅ​សប្ដាហ៍​នេះ។

លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការ​បរទេស​កម្ពុជា​បាន​ប្រកាស​អំពី​ដំណឹង​ខាង​លើ ​អំឡុង​ពេល​រៀប​ចំ​ពិធី​ជបលៀង​ពិសា​ភោជនាហារ​ទទួល​សម​ភាគី​អាស៊ាន និង​មន្ត្រី​តូច​ធំ​នានា ​នា​ព្រលប់​ថ្ងៃ​ពុធ នៅ​សណ្ឋាគារ​សូហ្វីតែល​ភូគីត្រា រាជធានី​ភ្នំពេញ។

«ជា​អកុសល​សម្រាប់​ឆ្នាំ​នេះ ដែល​វីរុសកូវីដ​បម្លែង​ខ្លួន​ថ្មី​អូមីក្រុង​មិន​បាន​ធ្វើ​ឱ្យ​អ្វីៗ​ប្រសើរ​ឡើង​នោះ​ទេ ​សម្រាប់​ការ​ធ្វើ​ជា​ប្រធាន​អាស៊ាន​របស់​កម្ពុជា។ ហើយ​ខ្ញុំ​ក៏​សូម​ជូន​ពរ ឱ្យ​បាន​សះ​ជា​ឆាប់​រហ័ស​ទៅ​ដល់​សហ​ការី​របស់​យើង Bui Thanh Son ដែល​បាន​ទទួល​តេស្ដ​វិជ្ជមាន​ពេល​មក​ដល់»។

ភ្លាមៗ​នេះ​ គេ​មិន​ច្បាស់​ឡើយ​អំពី​ការ​ចូលរួម​របស់​វៀតណាម និង​លោក Bui Thanh Son ​ក្នុង​កិច្ច​ប្រជុំ​ប្រមុខ​ការ​ទូត​អាស៊ាននៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។ ការណ៍​នេះ​នាំ​ឱ្យ​សមាសភាព​ចូលរួម​ផ្ទាល់​នៅ​បន្ទប់​ប្រជុំ​បន្ថយ​មក​ត្រឹម​ចំនួន ​៦ ​ប្រទេស​រួមមាន​ កម្ពុជា ឡាវ ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ហ្វីលីពីន និង​សិង្ហបុរី ខណៈព្រុយណេនិង​ថៃ​ ចូលរួម​តាម​វីដេអូ ហើយ​ភូមា​ពហិការ។

ក្នុង​រូប​ថត​ពី​ទី​ភ្នាក់​ងារ​សារ​ព័ត៌មាន​កម្ពុជា AKP ដែល​គ្រប់​គ្រង​ដោយ​រដ្ឋ លោក Bui Thanh Son ដែល​ពាក់​ម៉ាស់​ជាប់​មុខ ត្រូវ​បាន​គេ​ឃើញ​ដើរ​ចូល​ស្ថានីយ៍​រង់​ចាំ​ពិសេស នៅ​អាកាស​យាន​ដ្ឋាន​អន្តរ​ជាតិ​ភ្នំពេញ​ កាល​ពី​រសៀល​ថ្ងៃ​ពុធ។

លោក Bui Thanh Son ចូល​កាន់​ដំណែង​ជា​ប្រមុខ​ការ​ទូត​វៀតណាម​ កាល​ពី​ខែ​មេសា ឆ្នាំ ២០២១ អំឡុង​ការ​រុះ​រើ​ក្បាល​ម៉ាស៊ីន​ដឹកនាំ​រដ្ឋ​និង​បក្ស​តាម​កាល​កំណត់​នៃបក្ស​កុម្មុយ​និស្ដ​វៀតណាម។ លោក​ស្នង​ដំណែង​ពី​លោក​ឧប​នាយក​រដ្ឋមន្ត្រី​វៀតណាម Pham Binh Minh កូន​ប្រុស​លោក Nguyen Co Thach អតីត​បក្ខជន​ជាប្រមុខ​ការ​ទូត​វៀតណាម​ក្នុង​ទសវត្សរ៍​ឆ្នាំ​ ១៩៨០៕

ព័ត៌មាន​​​​​​ផ្សេង​​​ទៀត

XS
SM
MD
LG