ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពិធី​បុណ្យ​ខួប​៦០​ឆ្នាំ​ទំនាក់​ទំនង​ការ​ទូត​កម្ពុជា-អាមេរិក


ក្រុម​តន្ត្រី​ដ៏​ល្បី​ឈ្មោះ​របស់​អាមេរិក​មួយ​ដែល​ដឹក​នាំ​ដោយ​អ្នក​ចម្រៀង​ខ្មែរ​ម្នាក់​បាន​ប្រគុំ​តន្រ្តី​កម្សាន្ត​ ដោយ​ឥត​គិត​ថ្លៃ​ជូន​ពល​រដ្ឋ​ខ្មែរ​នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ ​ដើម្បី​ជា​ការ​ចាប់​ផ្តើម​នៃ​ការ​អប​អរ​សាទរ​ខួប​លើក​ទី​៦០​នៃ​ទំនាក់​ទំនង​ការ​ទូត​រវាង​ប្រទេស​កម្ពុជា​និង​សហ​រដ្ឋ​អាមេរិក។ លោក​ ពេជ្រ​ សំណាង ​រាយការណ៍​ពិស្តារ​អំពី​រឿង​នេះ​ជូន​ដូច​ត​ទៅ៖

ក្រុម​តន្ត្រី ​Dengue ​Fever​ ដែល​គេ​ស្គាល់​ច្រើន​នៅ​ទី​ក្រុង​ Los ​Angeles ​សហ​រដ្ឋ​អាមេរិក​ដែល​ដឹក​នាំ​ដោយ​អ្នក​ចម្រៀង​ខ្មែរ​ល្បី​ឈ្មោះ​ម្នាក់​គឺ​កញ្ញា​ ឆោម​ និមល ​រួម​សហ​ការ​ជា​មួយ​អ្នក​ចម្រៀង​ហ៊ីបហប់​ ដ៏​ល្បី​ឈ្មោះ​របស់​ខ្មែរ​គឺ​លោក​ ពូ ឃ្លាំង ​បាន​ប្រគុំ​តន្រ្តី​ជា​សាធារណៈ​នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ​កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍។

ការ​ប្រគុំ​តន្រ្តី​នេះ​ត្រូវ​បាន​រៀប​ចំ​ឡើង​ដោយ​ស្ថាន​ទូត​សហ​រដ្ឋ​អាមេរិក​ក្នុង​ទី​ក្រុង​ភ្នំពេញ​ដើម្បី​ជា​ការ​ចាប់​ផ្តើម​អប​អរ​សាទរ​ខួប​លើក​ទី​៦០​ឆ្នាំ​នៃ​ការ​ចង​សម្ព័ន្ធ​ភាព​ការ​ទូត​រវាង​ប្រទេស​កម្ពុជា​និង​សហ​រដ្ឋ​អាមេរិក។

ការ​ប្រារព្ធ​ខួប​លើក​ទី​៦០​នៃ​ទំនាក់​ទំនង​ការ​ទូត​រវាង​ប្រទេស​ទាំង​ពីរ​នេះ​នឹង​ត្រូវ​ធ្វើ​ក្នុង​ទ្រង់​ទ្រាយ​ធំ​ក្នុង​ទី​ក្រុង​ភ្នំពេញ​ចាប់​ពី​ថ្ងៃ​ទី​១១​ខែ​កក្កដា​ខាង​មុខ។​ នៅ​ពេល​នោះនឹង​មាន​ក្រុម​តន្រ្តី​ករ​និង​សិល្បករ​អាមេរិកាំង​និង​ខ្មែរ​មក​ពី​សហ​រដ្ឋ​អាមេរិក​ប្រគុំ​តន្រ្តី​ជូន​ទស្សនា​កម្សាន្ត​ជា​បន្ត​បន្ទាប់​នៅ​សាល​មហោស្រព​ចតុមុខ​និង​រម្មណីយ​ដ្ឋាន​វត្ត​ភ្នំ​ជា​ដើម។

ការ​ប្រគុំ​តន្រ្តី​កាល​ពី​រាត្រី​ថ្ងៃ​ព្រហស្បតិ៍​នោះ ​មាន​បទ​ចម្រៀង​រៀប​រាប់​អំពី​ទំនាក់​ទំនង​រវាង​សហ​រដ្ឋ​ អាមេរិក​និង​ប្រទេស​កម្ពុជា​ ហើយ​ក៏​មាន​បញ្ចូល​បទ​ចម្រៀង​ចាស់ៗ​ដែល​ជា​ស្នា​ដៃ​របស់​សិល្ប​ករ​និង​សិល្ប​ការិនី​ល្បីៗ​របស់​ខ្មែរ​នៅ​ក្នុង​អំឡុង​ទស​វត្ស១៩៦០​នោះ​ផង​ដែរ។

លោក ​John ​Johnson​ អ្នក​នាំ​ពាក្យ​ស្ថាន​ទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​ មាន​ប្រសាសន៍​ក្នុង​បទ​សម្ភាសន៍​មួយ​នៅ​ឯ​វេទិកា​ប្រគុំ​តន្រ្តី​នោះ​ថា​ ការ​នាំ​ក្រុម​តន្រ្តី​របស់​អាមេរិក​ដែល​ដឹក​នាំ​ដោយ​អ្នក​ចម្រៀង​ខ្មែរ​មក​សម្តែង​ជូន​សាធារណ​ជន​ទស្សនា​នេះ​គឺ​ជា​និមិត្ត​រូប​មួយ​នៃ​សហ​ប្រតិ​បត្តិ​ការ​ដ៏​ល្អ​រវាង​សហ​រដ្ឋ​អាមេរិក​និង​ព្រះ​រាជាណា​ចក្រ​កម្ពុជា។

“មូល​ហេតុ​មួយ​ដែល​យើង​ចង់​ប្រារព្ធ​ខួប​លើក​ទី​៦០​ឆ្នាំ​នេះ​គឺ​ថា​ វា​ផ្តល់​ឱកាស​ឱ្យ​យើង​ក្រឡេក​មើលទៅ​ក្រោយ​វិញ​នូវ​ប្រវត្តិសាស្រ្តរួម​របស់​ប្រទេស​យើង​ទាំង​ពីរ​និង​ដើម្បី​មើល​ថា​ យើង​មាន​ប្រវត្តិ​សាស្រ្ត​ដ៏​យូរ​អង្វែង​ដែល​មាន​ទាំង​ភាព​សប្បាយ​រីក​រាយ​និង​ភាព​ជូរ​ចត់ ​ប៉ុន្តែ​វា​ក៏​ផ្តល់​ឱកាស​ឱ្យ​យើង​ក្រឡេក​ មើល​ទៅ​អនាគត​ផង​ដែរ។​ ខ្ញុំ​គិត​ថា ​ទំនាក់​ទំនង​របស់​យើង​គឺ​ពិត​ជា​កាន់​តែ​ប្រសើរ​ឡើង​នៅ​ក្នុង​ រយៈ​ពេល​១០​ឬ​១៥​ឆ្នាំ​ចុង​ក្រោយ​នេះ​ ចាប់​តាំង​ពី​មាន​កិច្ច​ព្រម​ព្រៀង​ទី​ក្រុង​ប៉ារីស​មក”។

លោក ​សំរាំង​ កំសាន្ត ​រដ្ឋ​លេខាធិ​ការ​នៃ​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ ​បាន​ថ្លែង​នៅ​ក្នុង​វិធី​ប្រគុំ​តន្រ្តីនោះ​ថា ​ការ​ប្រគុំ​តន្រ្តី​នេះ​គឺ​ជា​តឹក​តាង​បង្ហាញ​យ៉ាង​ច្បាស់​អំពី​ទំនាក់​ទំនង​យ៉ាង​ជិត​ស្និត​ផ្នែក​វប្បធម៌​រវាង​ប្រជា​ជន​និង​ប្រជា​ជាតិ​ទាំង​ពីរ ​កម្ពុជា-អាមេរិក។

“សហ​ប្រតិ​បត្តិ​ការ​ដ៏​ជិត​ស្និទ្ធ​លើ​វិស័យ​វប្បធម៌​កម្ពុជា​និង​សហ​រដ្ឋ​អាមេរិក​ត្រូវ​បាន​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​ ជាក់​ស្តែង​តាម​រយៈ​ការ​សម្តែង​សិល្បៈ​ តន្រ្តី​ និង​ចម្រៀង​ខ្មែរ​ ដោយ​ក្រុម​តន្រ្តី​ Dengue ​Fever​ ដើម្បី​បម្រើ​ សាធារណ​ជន​កម្ពុជា​នា​រាត្រី​កាល​ដ៏​សប្បាយ​រីក​រាយ​នេះ។​ សកម្ម​ភាព​នេះ​នឹង​មាន​ជា​បន្ត​បន្ទាប់​តាមរយៈ​ការ​ពង្រឹង​និង​ពង្រីក​ឥត​ឈប់​ឈរ​នូវ​ទំនាក់​ទំនង​វប្បធម៌​នៃ​ប្រជាជាតិនិង​ប្រជា​ជន​យើង​ទាំង​ពីរ”។

អ្នក​នាង ​សួង ​ចាន់​លីណា ​បុគ្គ​លិក​នៃ​អង្គការ​ក្រៅ​រដ្ឋា​ភិបាល​មួយ​ក្នុង​ទី​ក្រុង​ភ្នំពេញ​ដែល​កំពុង​ឈរមើល​និង​ស្តាប់​ការ​ប្រគុំ​តន្ត្រី​យ៉ាង​ជក់​ចិត្ត​នោះ​ មាន​ប្រសាសន៍​ថា ​ក្នុង​ការ​ប្រគុំ​តន្រ្តី​របស់​អាមេរិក​ដែល​ដឹក​នាំ​ដោយ​អ្នក​ចម្រៀង​ខ្មែរ​នេះ​គឺ​សហ​រដ្ឋ​អាមេរិក​មាន​គោល​បំណង​ចង់​បង្ហាញ​សាធារណ​ជន​ខ្មែរ​និង​អន្តរ​ជាតិ​ថា ​ខ្លួន​មាន​ចំណង​ការ​ទូត​កាន់​តែ​ល្អ​ប្រសើរ​ជា​មួយ​កម្ពុជា។

“ខ្ញុំ​ទើប​តែ​បាន​ដឹង​លើក​ទី​១​ទេ​ដែល​ថា​ ស្ថាន​ទូត​អាមេរិក​គាត់​រៀប​ចំ​ជា​តន្រ្តី​អញ្ចឹង​ហ្អា៎។ ខួប​លើក​ទី​៦០​ ពីព្រោះ​រាល់​ដង​មក​ខ្ញុំ​អត់​ដែល​ឮ​ទេ។​ ខ្ញុំ​គិត​ថា​ គាត់​ធ្វើ​នេះ​គឺ​បង្ហាញ​ថា​ កម្រិត​ការ​ទូត​របស់​គាត់​ជា​មួយ​កម្ពុជា​កាន់​តែ​ល្អ​ជាង​មុន”។

សហ​រដ្ឋ​អាមេរិក​និង​ប្រទេស​កម្ពុជា​បាន​ភ្ជាប់​ទំនាក់​ទំនង​ការ​ទូត​ជា​ផ្លូវ​ការ​ជា​លើក​ដំបូង​នៅ​ថ្ងៃ​ទី​១១​ ខែ​កក្កដា ​ឆ្នាំ​១៩៥០។ ​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ទំនាក់​ទំនង​នេះ​មាន​ភាព​ប្រសើរឡើង​ជា​ទូទៅ។

ប៉ុន្តែ​កាល​ពី​ពេល​ថ្មីៗ​នេះ​ ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ​បាន​ជួប​ប្រទះ​នូវ​ភាព​រកាំ​រកូស​នឹង​គ្នា​មួយ​រយៈក្រោយ​ពេល​ដែល​ឯកអគ្គ​រដ្ឋ​ទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​គឺ​លោក​ស្រី​ Carol ​A. ​Rodley​បាន​ថ្លែង​ជា​សាធារណៈ​ថា ​ប្រទេស​កម្ពុជា​បាន​បាត់​បង់​ប្រាក់​ជាង​៥០០​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំៗ​ដោយ​សារ​តែ​អំពើ​ពុក​រលួយ។​ ការ​ថ្លែង​នោះ​បាន​ធ្វើ​ឱ្យ​រដ្ឋា​ភិបាល​កម្ពុជា​ខឹង​សម្បារ​ ហើយ​ក៏ត​បត​វិញ​យ៉ាង​ចាស់​ដៃ​ដោយ​ចោទ​ថា​ ស្ថាន​ទូត​សហ​រដ្ឋ​អាមេរិក​បាន​រំលោភ​លើ​អាណត្តិ​របស់​ខ្លួន​ដោយ​បាន​ជ្រៀត​ជ្រែក​កិច្ច​ការ​ផ្ទៃ​ក្នុង​របស់​កម្ពុជា។

ហើយ​ថ្មីៗ​នេះ​ទៀត ​សហ​រដ្ឋ​អាមេរិក​ក៏​បាន​ផ្អាក​ដោយ​មិន​កំណត់​ពេល​ចំពោះ​ការ​ដឹក​ជញ្ជូន​ជំនួយ​រថ​យន្ត​យោធា​មក​ឱ្យ​កម្ពុជា​ បន្ទាប់​ពី​កម្ពុជា​បាន​បញ្ជូន​ជន​ជាតិ​ចិន​អួរគួរ​ចំនួន​២០​នាក់​ដែល​បាន​ស្នើ​សុំ​សិទ្ធិ​ជ្រក​កោន​នយោ​បាយ​នៅ​កម្ពុជា​ទៅ​ឱ្យ​រដ្ឋា​ភិបាល​ចិន​វិញ។

ប៉ុន្តែ​លោក​ John​ Johnson ​អ្នក​នាំ​ពាក្យ​ស្ថាន​ទូត​អាមេរិក​ប្រចាំ​ទី​ក្រុង​ភ្នំពេញ ​មាន​ប្រសាសន៍​ថា​ ទោះ​ជា​មាន​បញ្ហា​នេះ​ក៏​ដោយ ​ក៏​ទំនាក់​ទំនង​ការ​ទូត​រវាង​ប្រទេស​ទាំង​ពីរ​កម្ពុជា​និង​អាមេរិកជា​ទូទៅ​ មាន​ភាព​កាន់​តែ​ល្អ​ប្រសើរ​ដែរ។

XS
SM
MD
LG