មន្ត្រីជាន់ខ្ពស់គណបក្ស សម រង្សីចំនួន១០នាក់ប្រចាំខេត្តកំពង់ចាម នៅថ្ងៃអង្គារនេះ បានប្រកាសផ្តាច់ខ្លួនចេញពីគណបក្ស សម រង្សី មកចូលរូមគណបក្សសិទ្ធិមនុស្ស។
មន្ត្រីទាំង១០នាក់រូបរួមមានលោក វ៉ាន់ ស៊ីវឿន អនុប្រធានក្រុមប្រឹក្សាគណបក្សខេត្ត លោក ប្រាក់ វណ្ណឌី ប្រធានផ្នែកទំនាក់ទំនងសាធារណៈគណបក្សខេត្ត លោក ហុក លីហក់ ប្រធានក្រុមប្រឹក្សាគណបក្សស្រុកត្បូងឃ្មុំ និងអ្នកដទៃទៀតមានតួនាទីជាប្រធានក្រុមប្រឹក្សាស្រុកតំបែរ ស្រុកកងមាស ស្រុកស្រីសន្ធរ ស្រុកព្រៃឈរ។
លោក ហុក លីហក់ ប្រធានក្រុមប្រឹក្សាគណបក្សស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម បាននិយាយថា លោកមិនក្បត់គណបក្ស សម រង្សីទេ ប៉ុន្តែគណបក្ស សម រង្សី បានធ្វើឲ្យលោកឈឺចាប់។
«ខ្ញុំស្រឡាញ់ណាស់គណបក្ស សម រង្សី ប៉ុន្តែវាជារឿងបុគ្គលវិញ មិនមែនជារឿងជាតិ មិនមែនជារឿងលទ្ធិប្រជាធិបតេយ្យ បក្ខពួកនិយម និងអយុត្តិធម៌។ ខ្ញុំត្រូវតែមករួបរួមជាមួយគណបក្សសិទ្ធិមនុស្ស ដើម្បីប្រមូលផ្តុំកម្លាំងអ្នកប្រជាធិបតេយ្យ ដើម្បីយកជ័យជម្នះជូនប្រជាពលរដ្ឋ និងប្រទេសជាតិ នៅពេលបោះឆ្នោតខាងមុខនេះ»។
លោក ប្រាក់ វណ្ណឌី ប្រធានផ្នែកទំនាក់ទំនងសាធារណៈគណបក្សប្រចាំខេត្តកំពង់ចាមបានបញ្ជាក់ថា លោកជាមនុស្សញៀននយោបាយ។ លោកមិនអាចបោះបង់ចោលអាជីពនយោបាយរបស់លោកទេ។
«យើងធ្វើនយោបាយចង់បានប្រជាធិបតេយ្យ បើឥឡូវ គណបក្សអត់ប្រជាធិបតេយ្យ យើងគិតយ៉ាងណាទៀត»។
លោក សម រង្សី មេដឹកនាំគណបក្ស សម រង្សី បានថ្លែងប្រាប់ វីអូអេខ្មែរពីប្រទេសបារាំងមកថា លោកមិនមានកង្វល់នឹងការចាកចេញរបស់សកម្មជនគណបក្ស សម រង្សីទាំងនេះទេ ពីព្រោះពួកគាត់ជាមនុស្សអសកម្ម។
«យើងអត់មានការភ្ញាក់ផ្អើលទេពីព្រោះយើងបានសម្គាល់នៅក្នុងជួរគណបក្សសម រង្សី ប៉ុន្មានខែប៉ុន្មានឆ្នាំកន្លងមកនេះ ឃើញថា មានមនុស្សមួយចំនួនតូចដែលជាថ្នាក់ដឹកនាំគណបក្សសម រង្សី ថ្នាក់មូលដ្ឋាន ថ្នាក់ខេត្តបួនដប់នាក់ ដែលអសកម្ម មិនធ្វើការ រវើរវាយ យកជើងរាទឹកដោយប្រការណាមួយ។ ដូច្នេះ យើងបានដកតួនាទីពីអ្នកទាំងអស់នោះ»។
លោក ឡាវ ម៉ុងហៃ អ្នកវិភាគឯករាជ្យ បានថ្លែងថា ការផ្លាស់ប្តូរពីគណបក្សនយោបាយមួយទៅ គណបក្សនយោបាយមួយមិនអាចទាក់ទាញការគាំទ្រពីអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាទេ ប៉ុន្តែបានធ្វើមានបែកសំឡេងអ្នកគាំទ្រក្នុងចំណោមគណបក្សប្រឆាំងទាំងពីរគឺគណបក្ស សម រង្សី និងគណបក្សសិទ្ធិមនុស្ស។
«ការផ្លាស់ប្តូរនេះនឹងធ្វើឲ្យគណបក្សដែលគេរត់ចេញ ចុះទន់ខ្សោយ ហើយមានការផ្តល់កម្លាំងទៅគណបក្សដែលទទួលយក។ នេះជាដំណើការលទ្ធិប្រជាធិបតេយ្យ។ មនុស្សម្នាក់ៗមានសិទ្ធិសេរីភាពក្នុងការជ្រើសរើសយកជំហរនយោបាយ និងគណបក្សនយោបាយ»។
លោក នី ចរិយា ប្រធានផ្នែកស៊ើបអង្កេតនៃសមាគមសិទ្ធិមនុស្សអាដហុក បានបញ្ជាក់យ៉ាងដូច្នេះថា៖
«បើសិនជាយើងនៅតែរត់ចេញរត់ចូល គណបក្សប្រឆាំងប្រាកដជាខ្សោយហើយ។ ប៉ុន្តែបើសិនជាគណបក្សទាំងពីរមានចូលរួមគ្នាវិញ ស្ថានភាពនយោបាយនឹងអាចមានការផ្លាស់ប្តូរធំដោយសារតែការយកចិត្តទុកដាក់របស់ប្រជាពលរដ្ឋទៅលើការចូលរួមនៃការបោះឆ្នោត ដោយលោកយល់ថាប្រហែលជាសំឡេងឆ្នោតរបស់លោកនៅពេលនេះមានតម្លៃ»។
លោក នី ចរិយា បានលើកឡើងថា ករណីគណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សសម រង្សី មានការរត់ចេញរត់ចូល ប៉ុន្តែទីបំផុត គណបក្សទាំងពីរនេះបានចុះទន់ខ្សោយ និងបរាជ័យទាំងពីរ ហើយអ្វីដែលបានកើតឡើងនៅពេលនេះវាបានកើតឡើងពីពេលមុនរួចមកហើយៗវាជាការបរាជ័យតាំងពីពេលមុនមកដែរ៕