ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

និស្សិត​កម្ពុជា​ទទួល​រង្វាន់​ Trailblazer​ Award​ នៅ​សហ​រដ្ឋ​អាមេរិក


និស្សិត​​ហ៊ុយ ឃី​ ដែល​​ទទួល​​រង្វាន់​​និស្សិត​​ពិសេស។​
និស្សិត​​ហ៊ុយ ឃី​ ដែល​​ទទួល​​រង្វាន់​​និស្សិត​​ពិសេស។​

ហ៊ុយ ​ឃី ​គឺ​ជា​និស្សិត​កម្ពុជា​ដែល​ត្រូវ​បាន​ប្រគល់​រង្វាន់​ Trailblazer​ Award​ ដោយសាកល​វិទ្យាល័យ​ American​ University​ សហ​រដ្ឋ​អាមេរិក​ កាល​ពី​ថ្ងៃ​ទី​១៥​ ខែ​មេសា​ ឆ្នាំ​២០១០។​ រង្វាន់​ Trailblazer​ Award ​គឺ​ជា​រង្វាន់​ដែល​ត្រូវ​បាន​ប្រគល់​ឲ្យ​និស្សិត​ ដែល​មាន​លក្ខណៈ​ពិសេស​ខុស​ធម្មតា​ ដែល​អាច​ជា​គំរូ​សម្រាប់ជំរុញ​ទឹក​ចិត្ត​ក្នុង​ការ​តស៊ូ​ព្យាយាម​ដើម្បី​ជោគ​ជ័យ​ក្នុង​ការ​សិក្សា​ដើម្បី​ការ​រីក​ចម្រើន​របស់​ខ្លួន​ និងការ​ងារ​អាជីព។

និស្សិត​ហ៊ុយ​ ឃី​ មក​សិក្សា​បរិញ្ញា​ប័ត្រ​ជាន់​ខ្ពស់​ផ្នែក​ច្បាប់​នៅ​សាកល​វិទ្យា​ល័យ​ American​ University​ នា​រដ្ឋ​ធានី​វ៉ាស៊ីនតោន​ សហ​រដ្ឋ​អាមេរិក​តាម​រយៈ​អាហា​រូបករណ៍ហ្វ៊ុល​ប្រៃត៍ ​(Fulbright)​ ហើយ​ទទួល​អាហា​រូបករណ៍​មួយ​ទៀត​ឈ្មោះ​ Alumni ​Fund​ Scholarship​ ដែល​ហៅ​កាត់​ថា​ ILSP។ ​ទោះ​បី​ជា​មាន​បញ្ហា​ភ្នែក​មើល​មិន​សូវ​ឃើញ ​និស្សិត​ហ៊ុយ ​ឃី ​មាន​ការ​ប្រឹង​ប្រែង​ជំនះ​រាល់​ការ​លំបាក​តស៊ូ​សិក្សាមុខ​វិជ្ជា​ច្បាប់​ដ៏​លំបាក​រហូត​ទទួល​បាន​លទ្ធ​ផល​គួរ​ឲ្យ​កត់​សម្គាល់។

លោក​ស្រី​ខាធី ​ស្កិន​ឃ័រ ​(Cathy​ Schenker)​ ដែល​ជា​ទី​ប្រឹក្សា​ការ​សិក្សា​របស់​និស្សិតហ៊ុយ ​ឃី ​និង​ជាអ្នក​ឧទ្ទេស​នាម​និស្សិត​ហ៊ុយ ​ឃី ​ឲ្យ​ទទួល​រង្វាន់ ​Trailblazer​ Award ​មាន​ប្រសាសន៍​នៅ​ឯ​ពិធី​ប្រគល់​រង្វាន់​នោះ​ថា ​ ពេល​លោក​ស្រី​ជួប​និស្សិត​ហ៊ុយ​ ឃី​ ដំបូង ឃើញ​និស្សិត​ម្នាក់​នេះ​លើក​ក្រដាស់​អាន​ដោយ​ដាក់នៅ​ជាប់​នឹង​ច្រមុះ ​ជិត​ភ្នែក​ លោក​ស្រី​មាន​កង្វល់​ក្នុង​ចិត្តថា ​និស្សិត​ហ៊ុយ​ ឃី ​នឹងមាន​ការ​លំបាក​ក្នុង​ការសិក្សានៅ​សាលា​ច្បាប់​សហ​រដ្ឋ​អាមេរិក​ ដោយ​ត្រូវ​អាន​រាប់​រយ​រាប់​ពាន់​ទំព័រ​ជា​រៀង​រាល់​សប្តាហ៍។​ ប៉ុន្តែ​នៅ​ពេល​និស្សិត ​ហ៊ុយ​ ឃី​ ប្រគល់កិច្ច​ការសរ​សេរ​ទី​មួយ​របស់​គេ​ ទើប​លោក​ស្រី​ដឹង​យ៉ាង​ច្បាស់​ថា ​ លោក​ស្រី​គ្មានហេតុ​ផលណា​នឹង​ត្រូវ​ពិបាក​ចិត្ត​ដែល​ថា​ និស្សិត​ម្នាក់​នេះ​ សិក្សា​មិន​កើត​ទៀត​នោះ​ទេ។​ លោក​ស្រី​មាន​ប្រសាសន៍ថា៖

«ការ​សរ​សេរ​របស់​ឃី ​ប្រហែល​ជា​ល្អ​ជាង​និស្សិត​ផ្នែក​ច្បាប់​ភាគ​ច្រើន​នៅ​សាលា​ច្បាប់​ផង។​ ការ​សរសេរ​មាន​សំនួន​វោ​ហារ​ល្អ ​មាន​ការ​រៀប​ចំ​បាន​ល្អ​ និង​ប្រកប​ដោយការ​វិភាគ។​ ដូច្នេះ​យើង​គិត​ថា​ គាត់​នឹង​អាច​សិក្សា​បាន​ ហើយ​គាត់​ពិត​ជា​អាច​ធ្វើបាន។​ពិន្ទុ​របស់​គាត់​ខ្លាំង​នៅ​ក្នុង​កម្ម​វិធី​បរិញ្ញា​ប័ត្រ​ជាន់​ខ្ពស់​ច្បាប់​ ហើយ​គាត់​ពិត​ជា​ជំនះ​ខ្លួន​ឯង​ ដោយ​មិន​ត្រឹម​តែ​សិក្សា​ផ្នែក​សិទ្ធិ​មនុស្ស​ទេ​ គឺ​ទៅ​សិក្សា​នៅ​ថ្នាក់​ផ្សេងៗ​ដែល​សម្រាប់​តែ​និស្សិត​ច្បាប់​ប៉ុណ្ណោះ។​ គាត់​បាន​សិក្សា​សិទ្ធិ​ជន​ពិការ​សម្រាប់​គាត់​ត្រឡប់​ទៅ​ប្រទេស​កម្ពុជា​វិញ​ គាត់​អាច​ជួយ​ជន​ពិការ​នៅ​ទី​នោះ»។

ចេញ​ពី​ប្រភព​ជា​កូន​ពៅ​របស់​គ្រួសារ​ដែល​មាន​បង​ប្អូន​៣​នាក់​របស់​លោក​លិបតិ ​និងអ្នក​ស្រី​ហង្ស​ ហ្លួង​ អាជីវ​ករ​ ខេត្ត​កំពង់​ឆ្នាំង​ ប្រទេស​កម្ពុជា​ និង​មាន​បញ្ហា​ភ្នែក​ពី​កំណើត ​និស្សិត​ហ៊ុយ ​ឃី ​បាន​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ក្នុង​ចំណោម​បុគ្គលិក​សិក្សា និង​ជំរុញ​ទឹក​ចិត្ត​មិត្ត​រួម​ថ្នាក់​នៅ​សាលា​ច្បាប់​នៃ​សាកល​វិទ្យា​ល័យ​ American​ University។

នាង​ណា​ប៉ារ៉ាតា​ ក្រាន​រតនា​ស្វ៊ីត ​(Naparata​ Kranrattanasuit)​ និស្សិត​មក​ពី​ប្រទេស​ថៃ​ និង​ជា​មិត្ត​រួម​ថ្នាក់របស់​និស្សិត​ហ៊ុយ​ ឃី​ បាន​ប្រាប់​វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិក​ផ្នែក​ខេមរ​ភាសា​ នៅ​ឯ​ពិធីប្រគល់​រង្វាន់​ថា ​និស្សិត​ហ៊ុយ ​ឃី ​ពិត​ជា​សក្តិ​សម​នឹង​ទទួល​រង្វាន់ ​Trailblazer ​Award ​នេះ​ ហើយ​ការ​ខិត្ត​ខំ​ប្រឹង​ប្រែង​របស់​និស្សិត​ហ៊ុយ​ ឃី ​ពិត​ជា​កម្លាំង​ជំរុញ​ដ៏​ខ្លាំង​មួយ​សម្រាប់​រូប​នាង​ និង​និស្សិត​ដទៃ​ទៀត។​ នាង​ណា​ប៉ារ៉ាតា​ ថ្លែង​ថា៖

«ក្នុង​នាម​ជា​មិត្ត​ភក្តិ​ម្នាក់​ ខ្ញុំ​អាច​និយាយ​បាន​ថា​ ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់គាត់​ពិត​ជា​ជំរុញ​ទឹក​ចិត្ត​ខ្ញុំ។ ​គាត់ជំរុញ​ទឹក​ចិត្ត​ខ្ញុំ​ឲ្យ​ខិត​ខំ​ប្រឹង​ធ្វើ​កិច្ច​ការ​ឲ្យ​បាន​ល្អ​ជាង​នេះ។​ គាត់​ធ្វើ​ឲ្យ​ខ្ញុំ​គិត​ថា​ អ្វី​សុទ្ធ​តែ​អាច​ធ្វើ​ទៅ​បាន​ទាំង​អស់​គា្រន់​តែ​ត្រូវ​ការ​អំណត់​ និង​ដាក់​ខ្លួន ។ ​តាម​ពិត​ទៅ​គាត់​ពូកែ​ មិន​គួរ​ដាក់​ខ្លួន​ពេក​ទេ។​ ខ្ញុំ​មាន​មោទន​ភាព​ចំពោះ​គាត់​ ហើយ​ទន្ទឹង​រង់​ចាំ​មើល​ជោគ​ជ័យ​របស់​គាត់​នៅ​ក្នុង​ការ​ងារអាជីព​របស់​គាត់​ហើយ​ខ្ញុំ​ជឿ​ជាក់​ថា​ គាត់​នឹង​ធ្វើ​កិច្ច​ដ៏​អស្ចារ្យ​បាន​ច្រើន​សម្រាប់​កម្ពុជា»។

ចំណែក​លោក​ស្រី​គ្រិស្ទីន​ ហ្គែត​ធីងស៍ ​(Christine Gettings)​នាយិកា​ជំនួយ​នៃ​មជ្ឈ​មណ្ឌល​ជីវិត​ស្មារតី ​KAY​ (KAY​ Spiritual ​Life​ Center)​ និង​ជា​សមាជិក​គណៈ​កម្មការជ្រើស​រើស​រង្វាន់​មានប្រសាសន៍​ថា ​គណៈ​កម្មការ​មើល​ឃើញ​លក្ខណៈ​សម្បតិ្ត​ដ៏​ប្រពៃ​របស់​និស្សិត​ហ៊ុយ ​ឃី ​ទាំង​ការ​តាំង​ចិត្ត​ ការ​ខិត​ខំ​ប្រឹង​ប្រែង ​និង​លទ្ធ​ផល​នៃ​ការ​សិក្សា ។​ លោក​ស្រី​បន្ត​ទៀត​ថា៖

«យើង​មាន​ការ​ស្ញើច​សរសើរ​ចំពោះ​ឃី ​ពីព្រោះ​មក​ពី​ប្រទេស​កម្ពុជា ​ដែល​មាន​ធន​ធាន​តិច​តួច​សម្រាប់​ភាព​ពិការ​របស់​គាត់ ​ប៉ុន្តែ​គាត់​នៅ​តែ​អាច​រៀន​ច្បាប់​បាន​ពូកែ​ ហើយ​អាច​ចូល​រៀន​ក្នុង​កម្ម​វិធី​របស់​សាកល​វិទ្យាល័យ​ American​ University​ ប្រកប​ដោយ​ការ​ប្រកួតប្រជែង ហើយគាត់ធ្វើបានយ៉ាងល្អប្រសើរ ដែល​មិនគួរឲ្យ​ជឿ។ យើងពិតជាស្ញើចសសើរចំពោះការខិតខំប្រឹងប្រែងនេះ ។ យើងពិតជា​ស្ញើច​សសើរ​ចំពោះ​ការ​តាំង​ចិត្ត​របស់​គាត់​ក្នុង​ការ​វិល​ត្រឡប់​ទៅ​ប្រទេស​កម្ពុជា​វិញ ដើម្បីបង្រៀនអ្នកដទៃ និង​ធ្វើ​ឲ្យ​មនុស្សគ្រប់​គា្ន​យល់ដឹង​អំពី​សិទ្ធិរបស់​ជនពិការ​នៅក្នុងប្រទេសកម្ពុជា» ។

និស្សិត​ហ៊ុយ ឃីបានប្រាប់វីអូអេសំឡេងសហរដ្ឋអាមេរិកផ្នែកខេមរភាសាថា ខុស​ពីនិស្សិត​ដែលមាន​កាយសម្បទាធម្មតា ខ្លួនមាន​ការលំបាកបំផុតចំពោះការ​អាន​សៀវភៅ និង​ឯកសារផ្សេងៗ ។ តែទោះបីជាយ៉ាងណាក៏និស្សិត​ហ៊ុយ ​ឃីជំនះ​រាល់ការ​ប្រឈម​មុខនេះ ។ និស្សិតហ៊ុយ ឃី​ថ្លែងថា៖

“ចំពោះការអានសៀវភៅគឺមានការពិបាក ដោយសារថា ខ្ញុំទាល់តែដាក់សៀវ​ភៅ​ជិត​ទើបអាចមើលឃើញ​ ហើយ​សៀវ​ភៅ​ច្បាប់​ភាគ​ច្រើន​គឺមានពុម្ពអក្សរតូចៗ ។ អញ្ចឹងគឺជាការពិបាកមួយសម្រាប់ខ្ញុំ ។ ហើយជួនកាលខ្ញុំ​ប្រើ​កែវពង្រីក​ដាក់​នៅ​លើ​សៀវភៅ​ហ្នឹង​មើល ។ ដូច្នេះ គឺ​ជា​ការ​ពិបាក​មួយ​បើ​ប្រៀប​ធៀប​ជា​មួយ​ហ្នឹង​កូន​សិស្ស​ដទៃ​ដែល​គេ​មាន​លក្ខណៈ​ធម្មតា​គឺ​ថា ការ​អាន​របស់​គេ​គឺ​បាន​លឿន​ជាង​ខ្ញុំ​ច្រើន” ។

និស្សិត​ហ៊ុយ ឃី​បន្តទៀតថា រង្វាន់​នេះ គឺជាកម្លាំជំរុញ និងជាការលើកទឹកចិត្ត​មួយដ៏​សំខាន់​សម្រាប់កិច្ចខិតខំ​ប្រឹង​ប្រែង​បន្ត​ទៀត​នា​ពេល​អនាគត ហើយ​រីក​រាយ ការ​ដែលកិច្ចខិត​ខំប្រឹង​ប្រែងរបស់ខ្លួនទទួលបានផ្លែផ្កាបែបនេះ ។ និស្សិត​ហ៊ុយ ឃី​បន្ត​ទៀតថា៖

“រង្វាន់​នេះ​មាន​សារសំខាន់​សម្រាប់​ខ្ញុំ គឺ​ជា​ការ​លើក​ទឹក​ចិត្ត​មួយ​សម្រាប់​រូប​ខ្ញុំ​ផ្ទាល់​ ។ ខ្ញុំ​គិត​ថា​ រង្វាន់​នេះ​គេ​ឲ្យ​ខ្ញុំ​គឺ​ដោយសារ​ លក្ខណៈទី​មួយ​គឺ​ថា​ ផ្តោត​ទៅ​លើការខិត​ខំ​ប្រឹង​ប្រែង​រៀនសូត្រ​របស់​ខ្ញុំ​ គឺបាន​ពិន្ទុរ​ល្អ ។ មួយ​ទៀតគឺ​គេឲ្យទៅ​លើនិស្សិតខិត​ខំ​ប្រឹង​ប្រែង​រៀន​សូត្រ គឺថា​ជា​គំរូ​ទៅ​ដល់​និស្សិត​ដទៃ ដោយសារ​ថា ទោះបី​ជា​និស្សិត​ហ្នឹង​មាន​ការ​លំបាក​ខាង​ផ្នែក​រាងកាយ​ដូច​ជា​មើល​មិន​សូវ​ឃើញ​មែន ប៉ុន្តែ​នៅ​តែ​ព្យា​យាមរៀន​សូត្រ​ឲ្យ​បាន​ល្អ​អញ្ចឹង” ។

និស្សិត​ហ៊ុយ ឃីក៏សូមផ្តាំផ្ញើដល់និស្សិកម្ពុជាដទៃទៀតថា ការតាំងចិត្ត និង​គោល​ដៅច្បាស់​ឺជាកត្តាគន្លឹះក្នុងការទទួលជោគជ័យ ។ និស្សិតហ៊ុយ ឃីផ្តាំថា៖

“ខ្ញុំសូម​ផ្តាំ​ផ្ញើ​ដល់​និស្សិត​ខ្មែរ​យើង​ទាំងអស់​គ្នានៅប្រទេស​កម្ពុជា​ថា ថ្វី​ត្បិត​តែ​ប្រទេស​កម្ពុជា​យើង​ជា​ប្រទេស​កំពុង​អភិវឌ្ឍ ហើយ​ប្រព័ន្ធ​អប់រំយើង​នៅ​មាន​កម្រិត​ខ្សោយ​ ហើយយើង​មិន​អាច​ប្រកួត​ជា​មួយបរទេស​នោះ។ ​កុំ​គិត​អញ្ចឹង​។ បញ្ហា​សំខាន់​គឺ​ថា​ ខ្លួន​យើង​ហ្នឹង​មាន​ការ​តាំង​ចិត្ត​ថា ​យើង​អាច​ធ្វើ​បាន។ ​អ្វី​ដែល​គេ​អាច​ធ្វើ​បាន​គឺ​យើង​អាច​ធ្វើ​បាន​ ហើយ​យើង​ត្រូវ​មាន​គោល​ដៅ​ខ្លួន​យើង​ច្បាស់​លាស់ ​មាន​ភាព​តស៊ូ​អត់​ធ្មត់​ គឺ​យើង​អាច​ទទួល​បាន​ជោគ​ជ័យ»។

និស្សិត​ហ៊ុយ ​ឃី​បាន​បញ្ចប់​បរិញ្ញា​ប័ត្រ​ច្បាប់​ពី​សាកល​វិទ្យា​ល័យ​ភូមិន្ទ​នីតិ​សាស្ត្រ​ និងវិទ្យា​សាស្ត្រ​សេដ្ឋ​កិច្ច​នៅ​ឆ្នាំ​២០០៣​ និង​បរិញ្ញា​ប័ត្រ​ភាសា​អង់គ្លេស ​ជំនាញ​ខាង​បក​ប្រែ​ពី​វិទ្យា​ស្ថាន​ភាសា​បរទេស​នៃ​សាកល​វិទ្យា​ល័យ​ភូមិន្ទ​ភ្នំពេញ​នៅ​ឆ្នាំ​២០០៧​ ហើយ​នៅ​ឆ្នាំ​២០០៩​ទទួល​បាន​អាហា​រូបករណ៍ ​Fulbright​ មក​រៀន​យក​បរិញ្ញា​ប័ត្រ​ជាន់​ខ្ពស់​ផ្នែក​ច្បាប់ ​ជំនាញ​ខាង​ច្បាប់​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ​ នៅ​សាកល​វិទ្យា​ល័យ ​American​ University​ នា​រដ្ឋ​ធានី​វ៉ាស៊ីនតោន​សហ​រដ្ឋ​អាមេរិក៕

XS
SM
MD
LG