កងទ័ពថៃនឹងកងទ័ពកម្ពុជា បានប៉ះទង្គិចគ្នាមួយឈុតខ្លី នៅថ្ងៃនេះ នៅតាមបណ្ដោយព្រំដែន ខេត្តឧត្តរមានជ័យ។ មូលហេតុជាផ្លូវការ គឺដោយសារការយល់ច្រឡំនឹងគ្នា។
លោក គង់ សុឋានរិទ្ធ រាយការណ៍ជូនពីទីក្រុង ភ្នំពេញ ដូចតទៅ៖
កងទ័ពកម្ពុជានឹងកងទ័ពនៃប្រទេសថៃ ដែលកំពុងប្រឈមមុខដាក់គ្នាដោយជម្លោះព្រំដែន បានពើបប្រយុទ្ធគ្នា មួយឈុតនៅព្រឹកថ្ងៃអង្គារនេះ នៅចំណុចព្រំដែន តាមជួរភ្នំដងរែក ដែលជាព្រំដែនរួមរវាងខេត្តឧត្តរមានជ័យ នឹងខេត្តស៊ីសាកេត របស់ប្រទេសថៃ។ ការប៉ះទង្គិច បានកើតឡើង ចម្ងាយប្រមាណជា ៤០ គម ខាងលិចប្រាសាទព្រះវិហារ។ ក៏ប៉ុន្ដែពុំមានពលទាហានណាម្នាក់រងគ្រោះថ្នាក់នោះទេ។
លោកឧត្ដមសេនីយឯក ឈុំ សុជាតិ អនុរដ្ឋលេខាធិការ នឹងជាអ្នកនាំពាក្យក្រសួងការពារជាតិ មានប្រសាសន៍ថា ការប្រយុទ្ធគ្នាបានកើតឡើងនៅពេលដែលកងទ័ព នៃប្រទេសទាំងពីរបានដើរល្បាតប៉ះគ្នាហើយមានការយល់ច្រឡំ ដោយខាងភាគីថៃ នឹកស្មានថា កងទ័ពកម្ពុជាជាក្រុមអ្នកកាប់ឈើព្រៃខុសច្បាប់ លើតំបន់ខ្នងភ្នំដងរែកនេះ។ នៅតាមជួរភ្នំនេះ ដែលជារឿយៗប្រជាពលរដ្ឋកម្ពុជាបានទទួលរងការវាយប្រហារ។
“ពីព្រឹកមិញ នៅវេលាម៉ោង ៩ម៉ ៤០ នាទី នៅចំណុចគេហៅថា ព្រះលានដូនពោធិ៏ ភូមិអូស្វាយ ក្នុងស្រុកត្រពាំងប្រាសាទ មានការផ្ទុះអាវុធរយៈពេលប្រហែលជា ៥ នាទី។ គឺកម្លាំងល្បាតរបស់ផ្នែកសឹករង ស្រុកត្រពាំងប្រាសាទ បានជួបប្រយុទ្ធជាមួយទាហានថៃ ដែលគេល្បាតដែរហ្នឹង មានការភ័ន្ដច្រឡំគ្នា ដោយអាកាសធាតុមិនអំណោយផលផង ហើយដំបូងយើងស្មានពួកកាប់ព្រៃ កាប់ឈើ" ។
លោក ថានី ថងផាក់ឌី អគ្គនាយករងនៃនាយកដ្ឋានពត៌មានរបស់ក្រសួងការបរទេសថៃ មានប្រសាសន៍តាមទូរស័ព្ទពីទីក្រុង បាងកក មកថា លោកនៅមិនទាន់បានដឹងពត៌មាននេះនៅឡើយទេ។ ហើយលោកនឹងតាមផ្ទៀងផ្ទាត់ពត៌មាននេះជាបន្ថែមទៀត។
យ៉ាងណាក៏ដោយ លោកឧត្តមសេនីយ ឈុំ សុជាតិ បញ្ជាក់ថា មេបញ្ជាការកងទ័ពទាំងសងខាង បានជជែកសម្រុះសម្រួលគ្នា ហើយបានយោគយល់គ្នាឡើងវិញហើយ មកទល់នឹងរសៀលថ្ងៃនេះ។
ទំនាក់ទំនងរវាងប្រទេសកម្ពុជានឹងប្រទេសថៃ បានប្រែទៅជាល្អក់កករចាប់តាំងពីខែកក្កដា ឆ្នាំ ២០០៨ មកម្លេះ បន្ទាប់ពីប្រាសាទព្រះវិហារចំណាស់៩០០ ឆ្នាំ របស់ខ្មែរត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌ័ពិភពលោក ដែលក្រុង បាងកក បានជំទាស់យ៉ាងខ្លាំង។
ការប្រឈមមុខដោយយោធា បានកើតឡើងហើយមានការប្រយុទ្ធគ្នាជាច្រើនលើកកើតឡើង នៅតំបន់ក្បែរប្រាសាទព្រះវិហារ ដែលធ្វើឲ្យមានការស្លាប់នឹងរបួស ក្នុងចំណោមកងទ័ពទាំងសងខាង។
ការប្រយុទ្ធគ្នារវាងកងទ័ពប្រទេសកម្ពុជានឹងកងទ័ពប្រទេសថៃ ជាចុងក្រោយបានកើតឡើង កាលពីពាក់កណ្ដាលខែមេសា ក្នុងរយៈពេលខ្លីចំនួនពីរលើកជាប់ៗគ្នា នៅព្រំដែនរួម ក្បែរឃុំអូរស្មាច់ ខេត្តឧត្តរមានជ័យ៕